សង្ឃ ប៊ុត ប៊ុនតេញ ប្រព្រឹត្ដខុសវិន័យ សង្ឃឱ្យព្រះមហាក្សត្រ គង់កណ្ដាលនិងចោទ សម្ដេចសង្ឃរាជថា លំអៀង(មានវីដេអូឃ្លីប)
ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង ៤០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ លោកសង្ឃ ប៊ុត ប៊ុនតេញ បានដឹកនាំលោកសង្ឃប្រមាណពី៥០ ទៅ៦០អង្គក្នុងគោលបំណងទាមទារឱ្យព្រះមហាក្សត្រគង់នៅកណ្ដាល និងកុំឱ្យ មានការប្រជុំសភាថ្ងៃទី២៣ ខែកញ្ញានេះ ប៉ុន្ដែត្រូវបានរារាំងដោយសមត្ថកិច្ចនៅចំណុចមុខសាលចតុមុខដែលជាការ បង្កើតឱ្យមានបញ្ហាអសន្ដិសុខចលាចល នៅក្នុងសង្គម និងធ្វើឱ្យប្រាសចាកយ៉ាង ធ្ងន់ធ្ងរលើវិន័យសង្ឃ ។
លោកសង្ឃ ប៊ុត ប៊ុនតេញ បានទាមទារឱ្យព្រះមហាក្សត្រនៅកណ្ដាលក្នុងរឿង គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជា ជនកម្ពុជា កំពុងដំណើរការចរចាស្វែង រកដំណោះស្រាយដោយសន្ដិវិធី ដើម្បី ផលប្រយោជន៍ជាតិ ខណៈព្រះមហាក្សត្រ បានចេញព្រះរាជសារឱ្យអ្នកតំណាងរាស្ដ្រ ជាប់ឆ្នោតចូលប្រជុំសភាជាលើកដំបូង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខនេះ ។
កន្លងទៅ លោកសង្ឃ ប៊ុត ប៊ុនតេញ ធ្លាប់មានសង្ឃដីកាថា ព្រះអង្គមិនប្រឡូក ក្នុងរឿងនយោបាយនោះទេ ប៉ុន្ដែវត្ដមាន ដឹកនាំលោកសង្ឃនាពេលនេះ បានធ្វើឱ្យ ប៉ះពាល់ដល់វិន័យសង្ឃ ស្របពេលដែល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ជាថ្ងៃ ឧបោសថសីល ក៏ដូចជាព្រះសង្ឃនានា ចូលព្រះវស្សា ។ មិនតែប៉ុណ្ណោះព្រះ សង្ឃប៊ុត ប៊ុនតេញ ដែលមានសង្ឃដីកា ថា គង់នៅវត្ដដំណាក់ក្រុងសៀមរាប និង គង់បណ្ដោះអាសន្ននៅវត្ដសារាវ័ន្ដ បាន ចោទប្រកាន់យ៉ាងធ្ងន់ធ្ងរទៅលើសម្ដេចអគ្គមហាសង្ឃរាជថាបានលំអៀងបាន លាភសក្ការ “ពីរដ្ឋាភិបាល” និងទាមទារ ឱ្យព្រះមហាក្សត្រនៅកណ្ដាលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ដែលការពារដោយច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៧និងមាត្រា៨ ដែលបានចែងថា “អង្គព្រះមហាក្សត្រមិនអាចនរណា រំលោភបំពានបានឡើយ អង្គព្រះមហាក្ស ត្រទ្រង់គង់ជានិមិត្ដរូបនៃឯកភាពជាតិ និរន្ដរភាពជាអ្នកធានាឯកភាពជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងជា អ្នកធានានូវការគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋគ្រប់រូប ” ។
មហាជនរិះគន់ផងដែរពេលដែល លោកសង្ឃ ប៊ុត ប៊ុនតេញ ដឹកនាំលោក សង្ឃទាមទារឱ្យព្រះមហាក្សត្រគង់ជា កណ្ដាលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុងដោះ ស្រាយបញ្ហាប្រទេសជាតិ ហើយបាន បញ្ចេញនូវអាការក្រេវក្រោធ ខឹងសម្បា ទៅនឹងអង្គភាពកាសែតនគរវត្ដ ក៏ស្ទុះ ទៅទាំងកំរោលឆក់កាតភ្នាក់ងារកាសែត ខាងលើនេះ ចោទប្រកាន់ថា ផ្សាយព័ត៌ មានមិនពិត ខ្វះវិជ្ជាជីវៈ ខណៈដែលបាន ចុះផ្សាយពាក់ព័ន្ធទៅនឹងមហាជនរិះគន់ ដល់លោកសង្ឃក្លែង សេក ឌីណា បង្កើត ជាឆាកល្ខោនចាក់សាំងប៉ងដុតសម្លាប់ ខ្លួន ដោយសារមិនពេញចិត្ដចំពោះការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសកម្មភាពនៃឈុតឆាកសម្ដែងនេះ ត្រូវបានមហាជនចាត់ទុកថា គឺជាឆាក សម្ដែងដើម្បីបម្រើផលប្រយោជន៍នយោ បាយ ប៉ុន្ដែបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ។
ភ្នាក់ងារកាសែតនគរវត្ដត្រូវបាន លោកសង្ឃ ប៊ុត ប៊ុនតេញ ចាប់ដកកាត និងគំរាមក្នុងចំណោមមហាជនថា ត្រូវ តែចាប់អ្នកកាសែតនគរវត្ដ ដើម្បីឱ្យមាន ការសុំទោស បង្ហាញពីការខឹងច្រឡោត បាត់បង់ភាពខន្ដី ប្រមាថមាក់ងាយ និង ចោទប្រកាន់ទៅលើអ្នកកាសែតដោយ ពុំមានមូលដ្ឋានច្បាស់លាស់ ពីព្រោះការ ចុះផ្សាយរបស់សារព័ត៌មាន គ្រាន់តែជា ការដកស្រង់សម្ដីមហាជន ក៏ដូចជា អាណាព្យាបាលរបស់សង្ឃក្លែង សេក ឌីណា តែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត នៅ ក្នុងវីដេអូឃ្លីប រាល់សកម្មភាពរបស់សង្ឃ ក្លែង សេក ឌីណា ក៏បង្ហាញពីឈុតឆាក ជាការរៀបចំឡើងដោយមិនអាចប្រកែក បាន ហើយអ្នកដែលបានបង្កើតឈុតឆាក អ្នកសមគំនិត បានដឹងជាស្រេចថាតើខ្លួន បានក្បត់ឧត្ដមគតិខ្លួនឯងឬមួយយ៉ាងណា ?
ពាក់ព័ន្ធនឹងលោកសង្ឃប្រមូលផ្ដុំ ទាមទារឱ្យព្រះមហាក្សត្រគង់ជាកណ្ដាល និងចោទប្រកាន់ព្រះសង្ឃរាជថា បាន លាភសក្ការ លំអៀង ហើយមិនបានគង់ ចាំព្រះវស្សា ប្រឡូកក្នុងនយោបាយបែប នេះ នគរវត្ដ មិនអាចទាក់ទងបានទេពី ព្រះសង្ឃរាជ នន្ទ ង៉ែត ក៏ដូចជាលោក ង៉ែត ច័ន្ទថាវី ប្រធានមន្ទីរធម្មការនិង សាសនា រាជធានីភ្នំពេញ ថាជារឿងខុស នឹងវិន័យសង្ឃឬបែបណា ដោយគ្មាន លេខទូរស័ព្ទទាក់ទង ៕
ខាងក្រោមជាវីដេអូឃ្លីបដែលព្រះសង្ឃព្រះនាម ប៊ុត ប៊ុនតេញ បញ្ចេញកំហឹងដាក់អ្នកកាសែត៖