លប​ចូល​ផ្ទះ​គេ​ត្រូវ​ម្ចាស់​ ដឹង​ទាន់​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ ខ្លួន​សារ​ភាព​ថា​ប៉ង​លួច​​អង្ករ​

9/30/2013 0 Comments A+ a-

ខេត្ត​កំពង់​​ឆ្នាំង​ ៖ នគរបាល​ព្រហ្ម​ទណ្ឌ​ក្រុង​កំពង់​ឆ្នាំង បានចាប់​​ឃាត់​ខ្លួន​​ជន​សង្ស័យ​ម្នាក់​​ កាល​ពី​វេលា​ម៉ោង​​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​​ទី​​២៩ កញ្ញា តាម​បណ្តឹង​របស់​ម្ចាស់​ផ្ទះ​ថាបាន​លប​ចូល​ក្នុង​ផ្ទះ​​បំណង​លួច​ទ្រព្យ​សម្បត្តិ​​​​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​​២៨ កញ្ញា នៅ​​ភូមិ​ត្រពាំង​ចិក្សា សង្កាត់​​កំពង់​​ឆ្នាំង ។​
​លោក ហ៊ុល វាសនា​ អធិការរង​​នគរបាល​ក្រុង​កំពង់​ឆ្នាំង បាន​​ឱ្យ​ដឹង​ថា ជន​សង្ស័យ​រូប​​នេះ​ឈ្មោះ ផាន់ ខេមរា ហៅ​ឆ្លូញ អាយុ​២០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​​​ខេត្ត​បាត់​ដំបង តែ​បាន​មក​ស្នាក់​នៅ​​​​ក្នុង​ភូមិ​​​ខាង​លើ ។ នៅ​យប់​ថ្ងៃ​កើត​​ហេតុ​​  ជន​នេះ​​បាន​លួច​​​ឆ្កឹះ​គន្លឹះ​ទ្វារ​​ផ្ទះ​​របស់​ឈ្មោះ ស៊ិន សំបាន ភេទ​ស្រី​ អាយុ​៤៩​ឆ្នាំ ​នៅ​ក្នុង​ភូមិ​ត្រពាំង​ចិក្សា ​ហើយ​​ចូល​ទៅ​ក្នុង​ផ្ទះ​បំណង​លួច​យក​ទ្រព្យ​សម្បត្តិ​ តែ​ពេល​នោះ​ម្ចាស់​ផ្ទះ​ដឹង​ទាន់​​​បើក​ភ្លើង​មើល​ ឃើញ​ឈ្មោះ​នេះ​​រត់​ចេញ​ទៅ​វិញ​ ក៏​ស្រែក​ឆោឡោ​ឡើង​ផ្អើល​​ដល់​អ្នក​ជិត​ខាង ។ លុះ​ព្រឹក​ឡើង​​​ម្ចាស់​ផ្ទះ​ក៏​បាន​មកប្តឹង​​នគរបាល​ ទើប​មាន​ការ​ចាប់​ឃាត់​ខ្លួន​​ជន​សង្ស័យ​ឈ្មោះ ផាន់ ខេមរា ហៅឆ្លូញ​ នេះ​តែ​ម្តង។
នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​នគរបាល ​ជន​សង្ស័យ​​សារភាព​ថា​ ខ្លួន​ពិត​ជាបាន​លប​ចូល​ផ្ទះ​គេ​មែន​ ​ប៉ុន្តែ​បំណង​គ្រាន់តែ​ចង់​លួច​អង្ករ​​ប៉ុណ្ណោះ ។ ទោះ​​ជា​យ៉ាង​ណា នគរបាល​ក្រុង​កំពង់​ឆ្នាំង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ខាង​លើ​ទៅ​​សាលា​ដំបូង​​តាម​នីតិ វិធី​ច្បាប់ ៕