ឆក់​ទូរ​ស័ព្ទ​អាយ​ហ្វូន​បាន​ ហើយ​បើក​ម៉ូតូ​គេច​ទៅ​បុក​ គូទរថយន្ត​ដួល​ ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់​ ប្រគល់ឱ្យ​ប៉ូលិស​

9/30/2013 0 Comments A+ a-

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​២​នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ទំនប់​ទឹក​ កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៩ កញ្ញា ២០១៣ បន្ទាប់​ពី​យុវ​ជន​ទាំង​២​នាក់​ធ្វើ​សកម្ម​ភាព​​ឆក់​ទូរ​ស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូន​ពី​អ្នក​ដំណើរ​បាន​សម្រេច​ ហើយ​ជិះ​ម៉ូតូ​គេច​ទៅ​បុក​គូទ​រថ​យន្ត​ដួល ត្រូវ​ប្រជា​ពល​រដ្ឋ​ចាប់​ជាប់​តែម្តង។
យុវ​ជន​ទាំង​​២នាក់​ ម្នាក់​ឈ្មោះ​ហ៊ី សុធា អាយុ​២៤​ឆ្នាំ​ ស្នាក់​​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ និង​ម្នាក់​ទៀត​តុប មិនា ហៅ​ម៉ៅ អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​សំណង់​សូណី ភូមិ​ប្ញស្សី​ សង្កាត់​ស្ទឹ​ង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​។
មុន​ពេល​ឃាត់​ខ្លួន​ យុវ​ជន​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​ ពណ៌​លឿង​លាយ​ស​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូន​ពី​យុវជន​ម្នាក់​ឈ្មោះ​រស់ ចាន់​សុធា អាយុ​២៤​ឆ្នាំ​ ស្នាក់​​នៅ​ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ខណៈ​ម្ចាស់​ទូរ​ស័ព្ទ​កំពុង​និយាយ​ទូរ​ស័ព្ទ​បណ្តើរ​ជិះ​ម៉ូតូ​បណ្តើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨៣ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន បាន​សម្រេច​ហើយ​ ព្យាយាម​ជិះ​រត់​គេច​បាន​បន្តិច​ក៏​ត្រូវ​ម្ចាស់​ទូរ​ស័ព្ទ​ជិះ​ម៉ូតូ​បុក​ដួល​ស្រប​ពេល​នឹង​ជន​សង្ស័យ​ទាំង​២​នាក់​បម្រុង​បុក​គូទ​រថ​យន្ត​អ្នក​ដំណើរ​។
បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​២​នាក់​ត្រុវ​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទា​ទោស​តាម​ច្បាប់​ ចំណែក​ទូរ​ស័ព្ទ​ដៃ​ត្រូវ​បាន​ដក​ហូត​ប្រគល់​ឱ្យ​ម្ចាស់​វិញ​៕