ចាប់​ខ្លួន​ជន​ឆបោក​លក់ «ថ្ម​ស៊ីដែក»​ ក្នុង​តម្លៃ​5.000​ដុល្លារអាមេរិក​

9/30/2013 0 Comments A+ a-

ខេត្ត​ក្រចេះ​ ៖ សាលា​ដំបូងខេត្ត​ កាល​ពី​ល្ងាច​ថ្ងៃទី​២៩​ កញ្ញា បាន​សម្រេចឃុំ​ខ្លួន​បុរស​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​ពី​បទ​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​ និង​ឆបោក ។​ ការ​ឃុំ​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជន​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំបូរ​ចាប់​ឃាត់​ខ្លួន​នៅ​ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ​ រយៈ​ពេល​២ថ្ងៃ​រួច​មក​ ខណៈ​ជន​ម្នាក់​នេះ​ និង​បក្ស​ពួក​បាន​បង្កើត​ករណីឆបោក​ និង​ព្រួតគ្នា​វាយ​ជន​រងគ្រោះ ។
លោក​អនុ​សេនីយ៍​ទោ​ ឈិន​ សំបូរ អធិការ​រង​នគរបាល​ស្រុក​សំបូរ​ ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ​បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​រូប​នេះ​ឈ្មោះ​ ស្រី ដេត​ អាយុ​៤៧ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ឃុំ​ដារ​ ស្រុក​ចិត្រ​បុរី ។​ កាល​ពី​ថ្ងៃ​ទី​២៧​ កញ្ញា​ ជន​ម្នាក់​នេះ​និង​បក្ស​ពួក​បាន​យក​ថ្ម​ស៊ីដែក​ក្លែងក្លាយ ដែល​គេ​ចាត់​ទុក​ថា​ជា​របស់​ស័ក្តិ​សិទ្ធិ​តាម​អបិយ​ជំនឿ​ទៅ​លក់​ឱ្យ​ឈ្មោះ​ វ៉ាន់ ធី​ រស់​នៅ​ក្នុង​ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ ក្នុង​តម្លៃ​៥​ពាន់​ដុល្លារ​ តែ​ជន​រង​គ្រោះ​បាន​ប្រគល់​ប្រាក់​កក់​ឱ្យ​៣.៥០០​ដុល្លារ​មុន ។​ ក្រោយ​ពី​ទទួល​ប្រាក់​កក់​រួច​ ជន​នេះ​និង​បក្ស​ពួក​មួយ​ចំនួន​ទៀត​ក៏គេច​ខ្លួន​ ហើយ​ជន​រងគ្រោះ​ប្រទះ​ឃើញ​ក៏​ទារ​យក​ប្រាក់​វិញ​ តែ​ត្រូវ​ជន​នេះ​និង​បក្ស​ពួក​មួយចំនួន​ទៀត​ព្រួត​វាយ​បណ្តាល​​ឱ្យ​រង​របួស​យ៉ាងដំណំ ។​
លោក​អនុ​សេនីយ៍​ទោ​ ឈិន​ សំបូរ បាន​ឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​រាយ​ការណ៍​រួច​មក​កម្លាំង​នគរបាល​ស្រុក​ក៏​ចុះ​ចាប់​ឃាត់​ខ្លួន​ជន​ម្នាក់​នេះ​ ឯ​បក្ស​ពួក​មួ​យចំនួន​ទៀត​រត់​គេច​ខ្លួន​បាត់​ ។​ ​ទោះ​បី​ជា​យ៉ាងណា​ ​ក្រុម​ជន​ទាំង​នេះ​សមត្ថ​កិច្ច​បាន​កំណត់​អត្ត​សញ្ញាណ​អស់​ហើយ​ និង​កំពុង​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បន្ត​ទៀត​ ៕​