រដ្ឋាភិបាល​ថ្មី​បញ្ឈប់​ ការ​ផ្តល់​ដី​សម្បទាន​ សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន

9/28/2013 0 Comments A+ a-

ភ្នំពេញៈ រាជ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ ទី៥ បាន​ប្រកាស​ថា ខ្លួន​លែង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទៀត​ហើយ ប៉ុន្តែ​នឹង​បង្កើន​ល្បឿន​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ទៅ​ដល់ ប្រជា​ពលរដ្ឋ​ដែល​គ្មាន​ដី​ពិត​ប្រាកដ​ជំនួស​វិញ។
មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្លា ជាច្រើន​ឆ្នាំ​មក​ហើយ ចំពោះ​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ដែល​បើ​តាម​អង្គការ អាដហុក នៅ​ក្នុង​ឆ្នាំ ២០១២ រដ្ឋាភិបាល បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មាន​ចំនួន​រហូត​ដល់​ជិត ៣ លាន​ហិកតា​នោះ បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ទាំង​ខាង​សង្គម និង​ធនធាន​ធម្មជាតិ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ជា​ប្រភព ដែល​ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​ដ៏​រីក​រាល​ដាល និង​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ដ៏​មហន្តរាយ ជា​ពិសេស​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក៏​ដោយ​សារ​តែ​ដី​សម្បទាន.សេដ្ឋកិច្ច​ខ្លះ​ត្រូវ​បាន​ផ្តល់​នៅ​ក្នុង តំបន់​ព្រៃ​ស្តុក ឬ​តំបន់​ព្រៃ​អភិរក្ស។
យោង​តាម​កម្មវិធី​នយោបាយ របស់​រាជ​រដ្ឋាភិបាល​នីតិកាល ទី ៥ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន ឯកជន។
ការ​គ្រប់​គ្រង​សម្បទាន​នឹង​ត្រូវ​ពង្រឹង​ឲ្យ​បាន​ត្រឹម​ត្រូវ តាម​ច្បាប់​លិខិត​បទដ្ឋាន និង​កិច្ច​សន្យា​ជា​ពិសេស​តាម​រយៈ​ការ​បង្កើន​យន្តការ​ចុះ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ជា​ប្រចាំ​នូវ​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​នានា​ដែល​បាន ចុះ​កិច្ច​សន្យា​ជាមួយ​រាជ​រដ្ឋាភិបាល​ដើម្បី​ធានា​ដល់​កិច្ច​ដំណើរការ នៃ​សកម្មភាព​វិនិយោគ​ផង និង​ការ​ទប់​ស្កាត់​នូវ​ភាព​អសកម្ម​ផ្សេងៗ​ដែល​អាច​កើត​មាន​ទាក់​ទង​នឹង​ដី​សម្បទាន។
កម្មវិធី​នយោបាយ​បាន​លើក​ឡើង​ទៀត​ថា៖ «បន្ត​ខិតខំ កាត់​បន្ថយ និង​ឈាន​ទៅ​លុប​បំបាត់​ឲ្យ​បាន​ភាព​អនាធិបតេយ្យ​រំលោភ​កាន់​កាប់​ដី​គ្រប់​ប្រភេទ​ដោយ​ខុស​ច្បាប់ ទប់​ស្កាត់​ការ​ប្រមូល​ដី​ទុក​មិន​ប្រើ​ប្រាស់ មិន​ធ្វើ​អាជីវកម្ម​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌»។ ជាង​នេះ​ទៅ​ទៀត ត្រូវ​បន្ត​បែង​ចែក​និង​ប្រើ​ប្រាស់​ដី​រដ្ឋ​សម្រាប់​គោល​បំណង​ឯកជន និង​សាធារណៈ ប្រកប​ដោយ​តម្លាភាព​និង​សមធម៌ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ដី​របស់​ប្រជាជន​ទូទៅ​ជា​ពិសេស​ប្រជាជន ក្រីក្រ យុទ្ធជន​ពិការ គ្រួសារ​យុទ្ធជន​ពលី អតីត​កង​កម្លាំង​ប្រដាប់​អាវុធ និង​គ្រួសារ​ដែល​គ្មាន​ដី ខ្វះ​ដី ហើយ​ត្រូវការ​ដី​ពិត​ប្រាកដ តាម​រយៈ​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច និង​ធ្វើ​ប្រទានកម្ម​ដោយ​ធានា​ឲ្យ​បាន​នូវ​សមធម៌ ស្ថិរភាព​សង្គម សន្តិសុខ​ស្បៀង និង​ការ​សម្រួល​ដល់​វិនិយោគ។
កម្មវិធី នយោបាយ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «បង្កើន​ល្បឿន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច នៅ​លើ​មូលដ្ឋាន​នៃ​សន្និធិ​រដ្ឋ​ក្នុង​ការ​អនុវត្ត នយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី»។ រាជ​រដ្ឋាភិបាល​នឹង​រក្សា​ផ្ទៃ​ដី​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃឈើ ដោយ​ត្រូវ​បង្កើន​ការ​ការពារ​ធនធាន​ព្រៃឈើ ពិសេស ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ស្តីពី​ព្រៃឈើ ការ​ទប់ស្កាត់ បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ជំរុញ​ការ​ដាំ​ដើមឈើ​ឡើង​វិញ និង​បង្កើន​សមត្ថភាព សហគមន៍​ព្រៃ​ឈើ​នៅ​លើ​មូលដ្ឋាន​ធានា​ចីរភាព និង​ប្រសិទ្ធភាព​គ្រប់​គ្រង​។
រាជ​រដ្ឋាភិបាល នៅ​តែ​បន្ត​ការ​ចុះ​បញ្ជី និង​ផ្តល់​កម្មសិទ្ធិ​ដី ទាំង​ដី​រដ្ឋ និង​ដី​ឯកជន និង​ដី​សហគមន៍​ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការ​កាន់​កាប់​ដីធ្លី​ដោយ​ជំរុញ​ល្បឿន​នៃ​ការ​ចុះ​បញ្ជី​ដី សំដៅ​ឈាន​ទៅ​សម្រេច​ឲ្យ​បាន ១០០ ភាគរយ​នូវ​ការ​ចុះ​បញ្ជី​តាម​ផែនការ​នៃ​បទ​បញ្ជា​លេខ ០១ របស់​រាជ​រដ្ឋាភិបាល ជិត ២ លាន​ហិកតា នៅ​រវាង​ដើម​ឆ្នាំ ២០១៤ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អនុវត្ត​នយោបាយ​ចាស់ សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី។
កាល​ពី​ខែ ឧសភា ឆ្នាំ ២០១២ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា​លេខ ០១ ស្តីពី វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច ដោយ​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​គោល​បំណង​កាត់​បន្ថយ​វិវាទ​ដីធ្លី។ នៅ​ថ្ងៃ ទី១៤ មិថុនា លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ជា​សាធារណៈ​បញ្ជា​ឲ្យ​អាជ្ញាធរ​ទូទាំង​ប្រទេស​ធ្វើ​ការ​វាស់​វែង​បែង​ចែក​ដីធ្លី ឲ្យ​ប្រជា​ពលរដ្ឋ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដី​ព្រៃ​សម្បទាន​និង​ដី​សម្បទាន​សេដ្ឋកិច្ច។
បើ តាម​របាយ​ការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ កុម្ភៈ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១២ រដ្ឋាភិបាល បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ចំនួន ២ ៦៥៧ ៤៧០ ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដែល​ក្នុង​នោះ​ផ្ទៃ​ដី​ចំនួន ២/៣ បាន​កាត់​ចេញ​ពី​ដី​ការពារ​ដោយ​ព្រះ​រាជក្រឹត្យ។ នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​សមាគម អាដហុក បាន​ទទួល​បណ្តឹង​វិវាទ​ដីធ្លី​ចំនួន ៧០ ករណី​ដែល​ប៉ះពាល់​លើ​ផ្ទៃ​ដី ១០១ ៤០៨ ហិកតា និង​ប្រជា​ពលរដ្ឋ ១០ ៦៨៩ គ្រួសារ។
លោក អ៊ឹម ឈុនលឹម រដ្ឋ​មន្ត្រី​ក្រសួង ដែនដី​នគរូបនីយកម្ម និង​សំណង់ ពុំ​អាច​ទាក់​ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ។
130927_06a
បុរស​ម្នាក់​នេះ​ពិការ​ជើង​ដោយ​សារ​ការ​ពារ​ដី​ពី​ការ​រំលោភ​របស់​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​។ រូបថត ជីវ័ន
ដោយ​សារ​តែ​កន្លង​មក ការ​ដាក់​ចេញ​នូវ​វិធានការ​ផ្សេងៗ របស់​រដ្ឋាភិបាល មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ដូចជា​ការ​លុប​បំបាត់​កុងត្រូល​ជជុះ ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជាដើម​។ល។ មនុស្ស​ជាច្រើន​គិត​ថា កម្មវិធី​នយោបាយ​ថ្មី​នេះ​ក៏​នឹង​មិន​ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ។
លោក គុជ វ៉េង តំណាង​ប្រជា​ពលរដ្ឋ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ភាពីម៉ិច គ្រុប ក្នុង​ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ ហើយ ដែល​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល ៣ ខែ ១៥ថ្ងៃ បាន​ថ្លែង​ថា លោក​ពុំ​មាន​ជំនឿ​លើ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​នេះ​ទេ ពីព្រោះ​កាល​ពី​ពេល​កន្លង​មក ការ​សន្យា​នានា​ទាក់ទង​នឹង​បញ្ហា​ដី​ធ្លី មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ។
លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ជឿ​ដាច់​ខាត ពីព្រោះ​លើក​មុន រឿង​ព្រៃឈើ គាត់​ហ៊ាន​សន្យា​ថា នឹង​កាត់​ក​ចោល ប្រសិន​បើ​គាត់​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​មិន​បាន​តែ​គាត់​មិន​បាន​កាត់​ក​ឯណា នៅ​ពេល​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​មាន។ គាត់​បាន​បង្កើត​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឈើ​និង​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស»។
លោក សុន ឆ័យ តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​រដ្ឋសភា​លើក​ដំបូង​បាន​ថ្លែង​ថា លោក​ស្វាគមន៍​ចំពោះ​គោល​នយោបាយ​ថ្មី​នោះ ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី​ដែល​មាន​មនុស្ស​ដដែល​នោះ នឹង​មិន​អាច​ធ្វើ​បាន​ដូច​ការ​ប្រកាស​របស់​ខ្លួន​នោះ​ទេ ដូចជា កាល​ពី​ពេល​កន្លង​មក​ក៏​មាន​ការ​ប្រកាស​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែរ តែ​នៅ​តែ​មាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ជា​បន្ត​បន្ទាប់​។
លោក​បាន​ថ្លែង​ថា៖ «បើ​ចង់​ទប់​ស្កាត់​ឲ្យ​បាន លុះ​ត្រា​តែ​មាន​យន្តការ​ចាប់​មន្ត្រី​ដែល​ខិលខូច​យក​មក​ផ្តន្ទាទោស។ ការ​ដែល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ៩៩ ឆ្នាំ​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ គឺ​ពុំ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ជាតិ​ទេ គឺ​មាន​តែ​ការ​បំផ្លាញ​ជាតិ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ»។
លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​ថ្លែង​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​បាន​ស្តាប់​ឮ អំពី​ការ​សន្យា​របស់​រដ្ឋាភិបាល​ថ្មី ថា​មិន​មាន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​អាណត្តិ​នេះ​ទៀត ពីព្រោះ​សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋ​បាន​ធ្វើ​ការ​ទាមទារ​ឲ្យ​ផ្អាក​នោះ​ជា​យូរ​មក​ហើយ។
លោក​បាន​ថ្លែង​ថា៖ «កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​គឺ​ច្រើន​ជ្រុល​ហើយ បើ​នៅ​តែ​ផ្តល់​ទៀត​នោះ តើ​មាន​ដី​ឬ​អត់​? ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​បាន​ទទួល​ដី​សម្បទាន​ថា តើ​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​យ៉ាង​ណា​នៅ​ពេល​ដែល​ក្រុមហ៊ុន​នោះ​ធ្វើ​ខុស​កិច្ច​សន្យា​នោះ?»៕