យកសាំងចាក់ដុត ផ្ទះម្តាយចុង ព្រោះខឹងឪពុកស្រឡាញ់ ប្រពន្ធមិនស្មើ
ខេត្តស្វាយរៀង ៖ យុវជនម្នាក់ដោយសារតែខឹងឪពុកមានប្រពន្ធចុង មិនរវល់នឹងម្តាយរបស់ខ្លួន គេបានយកភ្លើងទៅដុតផ្ទះស្ត្រីជាប្រពន្ធចុងបណ្តាលឲ្យឆាបឆេះខ្ទេចគ្មានសល់ កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនចិត្តធំដែលហ៊ានយកភ្លើងទៅដុតផ្ទះប្រពន្ធចុងរបស់ឪពុកនោះមានឈ្មោះ សូ និត ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ។ ចំណែកស្ត្រីដែលជាម្ចាស់ផ្ទះមានឈ្មោះ សោម វណ្ណៈ អាយុ៣១ឆ្នាំ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មូលហេតុដែលធ្វើឲ្យយុវជនខាងលើនេះ យកភ្លើងទៅដុតផ្ទះប្រពន្ធចុង គឺដឹងសារតែរូបគេខឹងឪពុកលំអៀងស្រឡាញ់ប្រពន្ធមិនស្មើគ្នា គឺស្រឡាញ់តែប្រពន្ឋនិងកូនចុង ធ្វើបាបចិត្តម្តាយរបស់ខ្លួនជារៀងរាល់ថ្ងៃ ទើបគេបានយកសាំង២លីត្រទៅចាក់ដុតផ្ទះប្រពន្ធចុងដែលធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក បណ្តាលឲ្យឆេះខ្ទេចគ្មានសល់៕
______________________________________
ប្រភពពីវត្តភ្នំ