លោក សុរិយា ស៊ូប៊ែឌី ទាមទារ​ឲ្យ​សភា​កម្ពុជា​ មាន​បក្ស​ធំ​ទាំង​ពីរ​ចូល​រួម

9/28/2013 0 Comments A+ a-

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ដែល​បាន​ធ្វើ​ការ​ឃ្លាំ​មើល​អំពី​សិទ្ធិ​មនុស្ស និង​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ អំពី​ស្ថានការណ៍​នានា​របស់​កម្ពុជា ក្រោយ​ពេល​បោះ​ឆ្នោត ពិសេស​ទៅ​ទៀត​នោះ ថា កម្ពុជា កំពុង​ឆ្លង​កាត់​របប​ប្រជាធិបតេយ្យ​អន្តរកាល។
អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ថា ប្រទេស​កម្ពុជា ត្រូវ​ធានា​ឲ្យ​សភា​មាន​បក្ស​ជាប់​ឆ្នោត​ទាំងអស់​ចូល​រួម។
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ជា​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ។ លោក​មាន​ប្រសាសន៍​នៅ​ខណៈ​លោក​បាន​ដាក់​របាយការណ៍​ទី៥ របស់​លោក​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី២៥ កញ្ញា ថា សភា​កម្ពុជា ត្រូវ​តែ​មាន​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ចូល​រួម ពីព្រោះ​ថា គណបក្ស​ទាំង​ពីរ​នេះ ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ជូន​មាន​សំឡេង​ប្រហាក់ប្រហែល​គ្នា។
លោក ស៊ូប៊ែឌី បាន​រិះគន់​ទៅ​លើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី ដែល​រដ្ឋាភិបាល​មិន​ព្រម​បើក​ឲ្យ​ទូលំទូលាយ​ក្នុង​ការ​ស៊ើប​អង្កេត ដោយ​ផ្អែក​លើ​ការ​ដោះស្រាយ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ផ្អែក​លើ​ការ​ដោះស្រាយ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​សាធារណជន​ដឹង​ថា ស្ថាប័ន​ទាំង​ពីរ​នេះ​មិន​ឯករាជ្យ​នោះ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ជាម យៀប បាន​ឲ្យ​ដឹង​ថា ទ្វារ​រដ្ឋសភា​នៅ​តែ​បើក​ចំហ ផ្ទុយ​ទៅ​វិញ គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ទៅ​វិញ​ទេ​ដែល​មិន​ព្រម​ចូល​សភា​នោះ។ លោក ជាម យៀប អះអាង​ថា ការ​ចូល​ប្រជុំ​សភា​ដំបូង​នោះ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជសារ​អញ្ជើញ​សមាជិក​សភា​ទាំង ១២៣​រូប ក្នុង​នោះ​មាន​គណបក្ស​សង្រ្គោះ​ជាតិ ៥៥​រូប ដូច្នេះ គណបក្ស​ប្រជាជន​កម្ពុជា គោរព​រដ្ឋធម្មនុញ្ញ ហើយ​ការ​លើក​ឡើង​របស់ លោក សុរិយា ស៊ូប៊ែឌី នេះ គ្មាន​អ្វី​គួរ​ឲ្យ​ខ្វល់ខ្វាយ​នោះ​ឡើយ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ថា សភា​បង្កើត​ថ្មី និង​រដ្ឋាភិបាល​នេះ ជា​រដ្ឋាភិបាល​ខុស​ច្បាប់។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូល​រួម​ប្រជុំ​សភា​នេះ គោរព​ទៅ​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ពីព្រោះ​ការ​បោះ​ឆ្នោត​មិន​មាន​យុត្តិធម៌។ លោក​បញ្ជាក់​ថា គន្លឹះ​ដ៏​សំខាន់​គណបក្ស។
លោក ស៊ូប៊ែឌី លើក​ឡើង​ថា ដើម្បី​អោយ​រដ្ឋសភា​ក្លាយ​ជា​តំណាង​ពិត​ប្រាកដ​របស់​ពលរដ្ឋ​កម្ពុជា ទំាង​មូល និង​ដើម្បី​អោយ​សិទ្ធិ​បោះ​ឆ្នោត ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា កន្លង​ទៅ​នោះ រដ្ឋសភា​ត្រូវ​តែ​មាន​តំណាង​គណបក្ស​ទាំង​ពីរ។
លោក ស៊ូបែឌី បាន​ជំរុញ​អោយ​មាន​ការ​បន្ត​ការ​ពិភាក្សា​ក្នុង​កម្រិត​មួយ​សមរម្យ ដោយ​ឈរ​លើ​ទស្សនៈ​ដោះស្រាយ​ការ​ជាប់​គាំង​ក្នុង​ពេល​បច្ចុប្បន្ន ដោយ​មិន​បង្អង់​ពេល​វេលា។ ហើយ​បើ​មាន​បាតុកម្ម​ទៀត លោក​ទទូច​សាជាថ្មី​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​អត់ធ្មត់។
បេសកជន​ពិសេស​បាន​កត់​សម្គាល់​ចំពោះ​ការ​អត់ធ្មត់​ជា​ទូទៅ​របស់​អាជ្ញាធរ​ក្នុង​ការ​មិន​ប្រើ​កម្លាំង កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ ប៉ុន្តែ លោក​នៅ​តែ​សម្ដែង​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ការ​ប្រើ​កម្លាំង​ហួស​ហេតុ និង​មិន​រើស​មុខ​ក្នុង​ព្រឹត្តិការណ៍​មួយ​ចំនួន នា​ពេល​កន្លង​មក ដូច​ជា​ការ​បង្ក្រាប​អ្នក​បឹងកក់ ដោយ​ជន​ស្លៀក​ស៊ីវិល ដោយ​ការ​ផ្ដាច់​ចរន្ត​អគ្គិសនី​នៅ​ពេល​យប់ និង​ករណី​ផ្សេងៗ​ទៀត។ លោក ស៊ូប៊ែឌី ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​សកម្មភាព​បង្ក្រាប​លើ​ហ្វូង​បាតុកម្ម នៅ​ថ្ងៃ​ខាង​មុខ និង​ដោយ​គ្មាន​ការ​រឹត​បន្តឹង។
លោក ស៊ូបែឌី បាន​បង្ហាញ​របាយការណ៍​ទី៥ របស់​គាត់​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិនៅ​ទីក្រុង​ហ្សឺណែវ ដែល​រួម​មាន​អនុសាសន៍​ទៅ​កាន់​រដ្ឋាភិបាល។ របាយការណ៍​នោះ លើក​ពី ការ​កំណែ​ទម្រង់​តុលាការ កំណែ​ទម្រង់​រដ្ឋសភា និង​កំណែ​ទម្រង់​បោះ​ឆ្នោត អាច​ប្រើ​ជា​មគ្គុទ្ទេសក៍​សម្រាប់​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ទាំង​ពីរ ក្នុង​ពេល​ដែល​កម្ពុជា កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពេញ​លេញ​បន្ថែម​ទៀត ប្រកប​ដោយ​និរន្តរភាព សន្តិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ប្រកប​ដោយ​សមធម៌៕
ប្រភពពី វិទ្យុអាស៊ីសេរី