មានការរិះគន់ លើការផ្ទេរប៉ុស្តិ៍មន្ត្រី តុលាការលោក អ៊ុំ សុភក្តិ ពីព្រះរាជអាជ្ញារង ខេត្តឧត្តរមានជ័យ មករាជធានីភ្នំពេញ
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានសម្រេចផ្ទេរប៉ុស្តិ៍ការងាររបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ឲ្យមកជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៣/៨៤៣ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ។
លោក អ៊ុំ សុភក្តិ ជាសិស្សចៅក្រមជំនាន់ទី៤ សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ហើយត្រូវបានតែងតាំងជាព្រះរាជអាជ្ញារងកម្មសិក្សាបម្រើការងារនៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១១/២៣៣ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១។
ក្រោយមក លោក អ៊ុំ សុភក្តិ ត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌចៅក្រម និងកាន់មុខតំណែងជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១២/៥៩១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២។
ព័ត៌មានជុំវិញការផ្ទេរប៉ុស្តិ៍បម្រើការងាររបស់លោក អ៊ុំ សុភក្តិ ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ មកជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនេះ ធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនអបអរសាទរផង និងមជ្ឈដ្ឋានមួយចំនួនទៀតរិះគន់ផង។
ប្រការដែលត្រូវអបអរសាទរនៅត្រង់ថា លោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តិ ទទួលបានការផ្ទេរប៉ុស្តិ៍ការងារពីទីតាំងខេត្តឆ្ងាយនៅឧត្តរមានជ័យ មកទីតាំងថ្មីនៅរាជធានីភ្នំពេញតែម្តង ដែលចៅក្រមឬព្រះរាជអាជ្ញារូបណាក៏ចង់ផ្ទេរមកដែរ ប៉ុន្តែមិនងាយនឹងមានឱកាសនោះឡើយ ពីព្រោះប៉ុស្តិ៍ការងារនៅរាជធានីភ្នំពេញជាកន្លែងរកលុយបាន «កន្លែងខ្លាញ់» ឲ្យតែចេះល្បិច និងមានបក្ខពួកត្រូវរ៉ូវគ្នាជាមួយឯកឧត្តមប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងម្យ៉ាងទៀតជាទីតាំងងាយស្រួលក្នុងការបំប៉នបន្ថែមនូវចំណេះដឹង។ ដូច្នេះលោក អ៊ុំ សុភក្តិ ទទួលបាននូវភ័ព្វសំណាងល្អណាស់គួរឲ្យអបអរសាទរ និងជប់លៀង។
រីឯប្រការដែលគេរិះគន់គឺនៅត្រង់ថា តាមគោលការណ៍របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រសិនបើមិនមានកំហុសឆ្គងត្រូវទទួលទណ្ឌកម្មវិន័យផ្សេងៗនោះទេគឺចៅក្រម-ព្រះរាជអាជ្ញាបម្រើការងារនៅតាមបណ្តាសាលាជម្រះក្តីនឹងត្រូវផ្លាស់ប្តូរវេនគ្នាក្នុងរយៈពេល៤ឆ្នាំម្តង។ ប៉ុន្តែចំពោះលោក អ៊ុំ សុភក្តិ ធ្វើកម្មសិក្សានៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ឆ្នាំ២០១១ និងតាំងស៊ប់ក្នុងក្របខ័ណ្ឌចៅក្រមនៅឆ្នាំ២០១២ ហើយក៏ទទួលបានការផ្ទេរប៉ុស្តិ៍បម្រើការងារពីខេត្តឧត្តរមានជ័យមករាជធានីភ្នំពេញវិញនៅឆ្នាំ២០១៣នេះតែម្តង។ មានន័យថា តើបតែបម្រើការងារនៅខេត្តឧត្តរមានជ័យបានចំនួនត្រឹម១ឆ្នាំឬ២ឆ្នាំប៉ុណ្ណោះ បែរជាលោក អ៊ុំ សុភក្តិ ត្រូវបានផ្ទេរពីខេត្តឧត្តរមានជ័យមករាជធានីភ្នំពេញក្នុងរយៈពេលយ៉ាងខ្លីបំផុត ដែលសឹងមិនធ្លាប់កើតមានទាល់តែសោះចំពោះចៅក្រម និងព្រះរាជអាជ្ញាផ្សេងៗទៀត។
មជ្ឈដ្ឋានអ្នករិះគន់បានលើកឡើងថា ការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបច្ចុប្បន្ននេះ គឺបានបង្ហាញឲ្យឃើញអំពីរូបភាពផ្លាស់ប្តូរប៉ុស្តិ៍លឿនដូចកាំជ្រួច «ករណីលោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តិ» និងរូបភាពយឺតដូចកៅស៊ូមិនខ្ចីផ្លាស់ប្តូរសោះ «ករណីឯកឧត្តម ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ចូលកាន់មុខតំណែងតាំងពីឆ្នាំ២០០៥ ទល់សព្វថ្ងៃមានរយៈពេល៨ឆ្នាំមិនខ្ចីដូរ និងករណីលោកសុខ រឿន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលបម្រើការងារជិត១០ឆ្នាំមកហើយក៏មិនខ្ចីដូរ»។
ក្រុមអ្នកច្បាប់ឯករាជ្យបានសំណូមពរចំពោះឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល ប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាសហប្រធានក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌មេត្តាជួយគិតគូរឡើងវិញនូវចំណាត់ការរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផង កុំឲ្យមានអំពើអយុត្តិធម៌ និងភាពរើសអើងខ្លាំងពេក ពីព្រោះស្ថាប័នតុលាការជាស្ថាប័នយុត្តាធិការរបស់ជាតិដ៏សំខាន់ណាស់មិនគួរធ្វើការរបៀបលេងសើច ឬច្របូកច្របល់នោះទេ៕ប្រភព ដើមត្នោត