ទស្សនៈ សង្គមស៊ីវិល ក្រោយ គ.ជ.ប ប្រកាស លទ្ធផលផ្លូវការ
ភ្នំពេញ៖ បន្ទាប់ពី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ការប្រកាស លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនៅព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ តាមរយៈទូរទស្សន៍ ជាតិកម្ពុជា និងវិទ្យុជាតិនោះ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការទាក់ទងទៅនឹង ការបោះឆ្នោតបានបញ្ចេញ ទស្សនៈជុំវិញការប្រកាសលទ្ធផលនេះ។
នៅព្រឹកថ្ងៃអាទិត្យនេះ គ.ជ.ប បានប្រកាសលទ្ធផល បោះឆ្នោតជាផ្លូវការ តាមការគ្រោងទុករបស់ខ្លួន បើទោះបី ជាមានការគំរាម និងស្នើសុំពីគណបក្សសង្រ្គោះជាតិ (CNRP) មិនឱ្យ គ.ជ.ប ប្រកាសលទ្ធផល ដរាបណាការបង្កើត គណៈកម្មការចម្រុះឯករាជ្យ មិនទាន់ត្រូវបានបង្កើតទេនោះ ក្នុងការនោះគណបក្ស ប្រជាជនកម្ពុជា បានទទួល ៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិ ៥៥អាសនៈ ដូចគ្នាទៅនឹងការប្រកាស លទ្ធផលបណ្តោះអាសន្ន។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការ និកហ្វិច បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ការប្រកាសលទ្ធផលរបស់ គ.ជ.បនេះពុំមានអ្វីប្រែប្រួលនោះទេ ទោះបីជាការប្រកាស ជាបណ្តោះអាសន្ន និងផ្លួវការ ក៏ដោយ ប៉ុន្តែលទ្ធផលនៅតែដូចគ្នាដដែល។
លោកបានបញ្ជាក់ថា “សម្រាប់ខ្ញុំ គ្មានអ្វីភ្ញាក់ផ្អើលនោះទេ ព្រោះទិន្នន័យដែលបូកនោះ គឺបានប្រមូលពីការិយាល័យ (ការិយាល័យបោះឆ្នោត នៅទូទាំងប្រទេស) ហើយទិន្នន័យដែលបាន ប្រមូលមកនេះ បើទោះបីជាមានការប្តឹង ក៏ដោយ ប៉ុន្តែការដោះស្រាយមិនសូវជាមាន ការពេញលេញនោះទេ ចឹងតួលេខប្រកាសនេះ គឺការប្រកាសពីដើម ទីហ្នឹងមកហើយ (បណ្តោះអាសន្ន)” ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ COMFREL បានឲ្យដឹងដែរថា លោកមានការសោកស្តាយ ចំពោះការ ប្រកាសលទ្ធផលនេះ ដោយសារទំនាស់ នៃការបោះឆ្នោតមិនទាន់បាន ដោះស្រាយឲ្យបានត្រឹមត្រូវ នៅឡើយ ពីព្រោះគណបក្សផ្សេងទៀត (សង្គ្រោះជាតិ) មិនទាន់ពេញចិត្តចំពោះការ ដោះស្រាយរបស់ គ.ជ.ប ក៏ដូចជាក្រុម ប្រឹក្សាធម្មនុញ្ញ។
លោកបានបន្តថា “គួរឲ្យសោកស្តាយ វាត្រូវមានការស៊ើបអង្កេតមួយ ក្រោយការបោះឆ្នោត ដែលមានភាពមិនប្រក្រតី ដើម្បីផ្ទៀងផ្ទាត់រកការពិត ដើម្បីឲ្យគេដឹង ពីភាពមិនប្រក្រតី ហើយលទ្ធផលខុសគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលដាក់បង្ហាញដោយ គ.ជ.ប តើវាមានការខុសប្លែកគ្នាយ៉ាងម៉េច ដើម្បីផ្ទៀងផ្ទាត់ ឲ្យអស់ចិត្ត”។
លោក គល់ បញ្ញា ក៏បានជម្រុញឲ្យមានការជួបគ្នា រវាងថ្នាក់ដឹកនាំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ហើយគណបក្សប្រជាជន គួរតែឆ្លើយវិជ្ជមាន ទៅគណបក្សសង្គ្រោះជាតិ ដែលគណបក្ស បានស្នើជួប កាលពីពេកកន្លងមក ដើម្បីដោះស្រាយទំនាស់ នៃការបោះឆ្នោតនេះ។
លោក ទេព នីថា បានថ្លែងនៅក្នុងសន្និសីទកាសែត នៅទីស្នាក់ការ គ.ជ.ប នាថ្ងៃសុក្រទី០៦ ខែកញ្ញា ឆ្នាំ២០១៣ ថា ទោះបីជាមានការគំរាម បែបណាក្តី គ.ជ.ប នៅតែបំពេញភារកិច្ចរបស់ខ្លួន ទៅតាមច្បាប់កំណត់ នៅក្នុងការប្រកាស លទ្ធផលផ្លូវ នៃការបោះឆ្នោត តាមកាលបរិចេ្ឆទ ដែលបានគ្រោងទុក។
នៅក្នុងពិធីមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៧ កញ្ញា លោក កឹម សុខា អនុប្រធាន សង្ក្រោះជាតិបានថ្លែងទៅកាន់អ្នកគាំទ្រ ដែលមានកាន់ផ្កា និងបដាទាមទារមួយចំនួនផងដែរ នោះថា “ប្រសិនបើ នៅមិនទាន់មានគណៈកម្មការ (ចម្រុះ) ឯករាជ្យ ត្រូវបានបង្កើតទេនោះ ហើយ គ.ជ.ប នៅតែរឹងទទឹងប្រកាស លទ្ធផលទៀតនោះ គណបក្សសង្រ្គោះជាតិ នឹងបន្តធ្វើមហាបាតុកម្មអហិង្សា ទ្រង់ទ្រាយធំតទៅទៀត”៕
__________________
ផ្តល់សិទ្ទដោយ DAP