នារីៗ​ប្រយ័ត្ន​ គេ​ចាត់​ការ​បាន​​ សម្រេច​នៅ​ថ្ងៃ​ដំបូង

9/09/2013 0 Comments A+ a-

ស្រីៗ​ពេល​ត្រូវ​បុរស​ណា​ម្នាក់​ណាត់​ជួប​​លើក​ដំបូង​ក្នុង​ន័យ​ស្នេហា ​គឺ​ជា​ពេល​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​។ បើ​ហ៊ាន​តែ​ធ្វេស​ប្រហែស​​តែ​បន្តិច​ ពួក​គេ​អាច​នឹង​ត្រូវ​បុរសៗ​ស៊ី​ខ្សែ​លើ​ កេង​ចំណេញ​លើ​ខ្លួន​ប្រាណ អ្នក​ខ្លះ​អាច​នឹង​បាត់​បង់​ភាព​បរិសុទ្ធ​ ឬ​​ជួប​រឿង​អាក្រក់​ផ្សេងៗ​ទៀត​ផង។ តើ​មាន​វិធី​សាស្ត្រ​យ៉ាង​ណា​ដើម្បី​រួច​ពី​ការ​ដើរ​ខ្សែ​លើ​​របស់​មនុស្ស​ប្រុស? ខាង​ក្រោម​នេះ​គឺ​ជា​ការ​ចែក​រំលែក​គន្លឹះ​ការពារ​ខ្លួន​ផ្សេងៗ​គ្នា​របស់​នារី​៤​រូប។
គរុ​សិស្ស​ស្រី​ តុង​ សុធីតា​ បាន​លើក​ឡើង​ដោយ​មាន​ទំនុក​ចិត្ត​ថា ទោះ​ណាត់​ពេល​ថ្ងៃ​ក៏​ដោយ​ក៏​ត្រូវ​ប្រយ័ត្ន​ដែរ​ ព្រោះ​គេ​អាច​ដាក់​ថ្នាំ​ក្នុង​ចំណី​ឬ​ទឹក​។ សុធីតា​ បាន​និយាយ​ទាំង​ម៉ឹង​ម៉ាត់​ទៀត​ថា បើ​មនុស្ស​ទើប​ស្គាល់​គ្នា​ថ្មីៗ​ទៀត​ ត្រូវ​តែ​ប្រុង​​​ប្រយ័ត្ន​គុណ​នឹង​ពីរ​ យល់​ល្អ​ប្រាប់​មិត្ត​ភ័ក្តិ​ជិត​ស្និត​ពី​កន្លែង​ និង​ម៉ោង​ត្រូវ​ណាត់​ជួប​ឲ្យ​ពួក​គេ​បាន​ដឹង​ ឬ​ហៅ​មិត្ត​ភ័ក្តិ​ពីរ​បី​នាក់​ទៅ​ជា​មួយ​គ្រាន់​បាន​ជា​គ្នា​រឹត​តែ​ល្អ។
ដោយ​ឡែក​កញ្ញា​ សេង​ សោភ័ណ​ លើក​ឡើង​ដោយ​ប្រកាន់​គោល​ជំហរ​រឹង​មាំ​សម្រាប់​ការពារ​ខ្លួន​ថា៖ “​អង្គុយ​ទល់​មុខ​គ្នា កុំ​អង្គុយ​ក្បែរ​គ្នា​ និង​ផឹក​ស្រា ព្រោះ​អាច​ធ្វើ​ឲ្យ​ខាង​បុរស​គិត​ថា​ យើង​ជា​មនុស្ស​ស្រី​​ចិត្ត​ងាយ​។ ម្យ៉ាង​ទៀត​ ស្រីៗ​ត្រូវ​ចេះ​សង្កេត​ បើ​បុរស​នោះ​ចង់​បោក​ ដោយ​​រក​​លេ​ស​​បបួល​ទៅ​បន្ត​កន្លែង​នេះ​កន្លែង​នោះ​​ ពេល​ឃើញ​​អី​ចឹង​​ត្រូវ​ម៉ឹង​ម៉ាត់​ បដិសេធ​ដាច់​ខាត​ ហើយ​ឆាប់​មក​ផ្ទះ​ភ្លាម”។
យ៉ាង​ណា​មិញ​ ពីរ​ចំណុច​សម្រាប់​ការពារ​ខ្លួន​ កុំ​ឲ្យ​បុរស​ស៊ី​ខ្សែ​លើ​ស្រីៗ​ របស់​កញ្ញា រុន​ សុ​ចាន់​ណា គឺ​ហាម​ឲ្យ​គេ​ប៉ះ​ពាល់​រាង​កាយ និង​ ធ្វើ​ជា​មនុស្ស​ស្រី​ដែល​រឹង​ប៉ឺង។ ​
កញ្ញា​វ័យ​២៣​ឆ្នាំ​រូប​នេះ​​បាន​បញ្ជាក់​ថា​៖ “តាម​ឯកសារ​ខ្ញុំ​ធ្លាប់​អាន​ ស្រីៗ​នឹង​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​នៅ​ពេល​ណា​គេ​ប៉ះ​ពាល់​ខ្លួន។​ បើ​គេ​ធ្វើ​បែប​នោះ​មែន​ ត្រូវ​ដឹង​ខ្លួន​ថា ​គេ​មិន​ស្មោះ​​នឹង​យើង ​ឬ​ចង់​បោក​ស៊ី​ហើយ។ ​និយាយ​ទៅ​​ខាង​នារី​ក៏​អីចឹង​ដែរ​ មិន​ត្រូវ​ប្រើ​ភ្នែក​ ឬ​ពាក្យ​ផ្អែម​ល្ហែម​ពេក​ទេ ត្រូវ​មាន​គោល​ជំហរ​រឹង​មាំ បើ​ឃើញ​ថា​មិន​ស្រួល​ហើយ​ ត្រូវ​ប្រកែក​ឲ្យ​ដាច់​ណាត់​ ឬ​រក​វិធី​ដោះ​ស្រាយ​ដូច​ជា​call ទៅ​មិត្តភ័ក្ដិ​ឲ្យ​មក​ជួយ​”។
និយាយ​ដោយ​មិន​អាក់​មួយ​ម៉ាត់​ កញ្ញា​ អន​ ភារិន​ សិ​ក្សា​ជំនាញ​ផ្នែក​ច្បាប់​​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ ​”ត្រូវ​​រក​កន្លែង​ណាត់​ជួប​គ្នា​ណា​ភ្លឺ​ៗ​ហើយ​មាន​មនុស្ស​ច្រើន​ទើប​ជា​ការ​ប្រសើរ​ កុំ​ឲ្យ​គេ​មាន​ឱកាស​ចំណេញ​លើ​យើង​។ មួយ​ទៀត​ ត្រូវ​ប្រយ័ត្ន​ទឹក​ដែល​គេ​ឲ្យ​ផឹក​ វរៗ​​គេ​ដាក់​ថ្នាំ​ចាប់​យក​ទៅ​ណា​ទៅ​ណី​ ព្រោះ​​​ស្គាល់​មុខ​មិន​ស្គាល់​ចិត្ត​ទេ”៕
តើ​មិត្ត​នារីៗ​មាន​គន្លឹះ​អ្វី​ផ្សេង​ទៀត​ដែរ​ឬ​ទេ?