សំណុំ​រឿង​​លោក​នេន​ស្លាប់​ តុលាការ​លើក​​ ពេល​សវនាការ​ អ្នក​​ស្លាប់​មិន​ ទាន់​​ទទួល​​យុត្តិធ​ម៌

9/21/2013 0 Comments A+ a-

ខេត្ត​កំពង់​ចាម​​ ៖ ​ថ្ងៃ​សវនាការ​​​​លើក​ទី​​២​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​​ទៅ​នា​ព្រឹក​ថ្ងៃទី​​​​​១៩ កញ្ញា ​​លើ​ករណី​​​​ដែលព្រះ​​ចៅអធិការ​​វត្ត​បើុស​​​ បាន​ប្រើ​​ហិង្សា​​​រហូត​បណ្ដាល​ឱ្យ​​​សាមណេរ​​មួយ​អង្គ​​ព្រះ​នាម ​ម៉ាន់ ​សុខហេង​​ អនិច្ច​​​ធម្ម​​​​​នា​ពេល​​​កន្លង​មក​ ​នោះ គេ​ឃើញ​មេធាវី​​​ការ​ពារ​​ឱ្យ​​ជន​រង​គ្រោះ​​ និងមេ​​ធា​វីការ​ជន​ចាប់ចោទ​​បាន​បង្ហាញ​​ខ្លួន​ដោយ​​​មានទាំង​​​មន្ត្រី​​អង្គ​ការ​សិទ្ធិ​​មនុស្ស​​​ និង​ជន​ជាប់ចោទចំនួន​​​​​​៤​នាក់​ ។
ដោយ​ឡែក​​​​​ចៅ​អធិការ​​​​វត្តមិន​មាន​​​វត្ដ​មាននៅ​ក្នុង​ពេល​​នោះ​​ទេ ហើយ​អ្វី​ដែល​​​គួរ​​ឱ្យ​សោក​​ស្ដាយ​នោះ​គឺ​​​​សវនាការ​​លើក​ទី​​​២នេះ​​ក៏​ត្រូវបាន​​លើក​ពេល​​ទៅ​ថ្ងៃ​ក្រោយ​វិញ​​​ ដោយ​​មិន​​បាន​​​​កំណត់​ពេលច្បាស់​លាស់​​​​ ដែល​ធ្វើ​ឱ្យ​​គ្រួសារ​​​​​សាម​ណេរ​(​​លោក​​​នេន​​​​)​រង​គ្រោះ​មិន​​​​រំ​ពឹង​ថា ​នឹង​ទទួល​​​បាន​យុត្តិធម៌​នោះ​​ឡើយ​ ។
លោក​មេធាវី​​ គា អ៊ាវ ​ការពារ​ឱ្យ​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ​​ក្នុងករណី​​​​ខាង​លើ​នេះ​​រូប​​​លោក​សូម​​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​​មេត្ដា​មាន​វិធាន​ការ​​ផ្សឹក​​ចៅអធិការ​​វត្តជាមុន​សិន​ ទើប​ងាយ​ស្រួល​ដល់​ការ​​​បើក​សវនាការ ​​​​ព្រោះ​កាល​ពី​​គម្រោង​សវនាការ​​​លើក​ទី​​១​​​នា​ពេល​​កន្លង​​ទៅ​កាល​​ពី​​ព្រឹក​ថ្ងៃទី​​៦ ​​​កញ្ញា មិនមាន​​​​វត្ត​មាន​ចៅ​អធិ​ការជា​ជន​​​​ជាប់ចោទ​​​​​​ដើម្បី​​សួរ​ដេញ​ដោល​​​​គ្នា​ទៅ​វិញ​ទៅ​មក​​​ និងមិន​ទទួល​បានលទ្ធ​ផល​​​ផ្លែ​ផ្កា​​​នោះទេ ។ កត្ដា​​​នេះ​ធ្វើ​ឱ្យ​ភាគី​ម្ដាយ​​​​ជន​រង​គ្រោះ​​មានការ​សោក​ស្ដាយ​​​​​ជា​ខ្លាំង​រ​ហូត​​​សម្រក់​ទឹក​ភ្នែក​​​ ។ ​​លោក​មេធា​វី​​​បាន​​ប្រាប់​បន្ត​ថា ជា​មួយ​នោះ​ដែរ​​​សម្ដេច​អគ្គមហាសង្ឃ​រាជ​ាធិបតី​ ​ទេព​ វង្ស​ ​ក៏​បាន​ចេញ​​​លិខិត​ក្រើន​រំលឹក​​​​​១ច្បាប់​​​ទៀត​ចុះ​​ថ្ងៃទី​​​១៧ ​កញ្ញា ​សូម​ឱ្យ​​​លោក​ប្រធាន​​សាលា​ដំបូង​​ខេត្ត​ជួយ​​ចាត់វិធាន​ការ​​ឱ្យ​ជន​ជាប់ចោទ​​​​លា​ចាក​​សិក្ខា​បទ(សឹកពី​​ព្រះ​សង្ឃ)​​ជាមុន​សិន ​​មុន​នឹង​​យកជន​​ជាប់ចោទ​​ទៅ​វិនិច្ឆ័យ​តាម​​ផ្លូវ​ច្បាប់​​​​រដ្ឋ ។
​​លោកស្រី​​សុភក្ត្រ​ ប្រធានមន្ទីរ​​​ធម្ម​ការ​ និង​សាសនា​ខេត្ត​​​បាន​​ឱ្យ​ដឹង​ថា ​ក្នុងករណីនេះ​​ត្រូវ​បាន​​​ភាគី​​​រង​គ្រោះ​ចោទ​ប្រកាន់​​មក​លើ​ចៅ​អធិការ​​​​​​វត្ត​​បើុស​ថា កាល​ពី​ថ្ងៃទី​​១៣ មេសា​ ​ឆ្នាំ​​២០១២ ​ចៅ​អធិការ​​អង្គ​នេះ​បានប្រើហិង្សាមក​​លើ​សាម​ណេរ​(​លោក​​នេន)ព្រះ​នាម ​​​ម៉ាន់​សុខ​ហេង​​  ។ ក្រោយ​​ពី​​មានបញ្ហា​នេះ​​កើត​ឡើង​​​​ក៏​​លេច​ឮថា​​​ គេ​បាន​ដឹក​​លោក​នេន​​​​ដែល​រង​របួស​ម​ក​​​កាន់​​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ហើយ​បាន​បណ្ដា​ល​​ឱ្យ​អនិច្ចធម្ម​​​​ រួច​ដឹក​​យក​ទៅ​​​បូជា​នៅ​​វត្ត​បឹងកុក​​ ក្រុង​​កំពង់ចាម ​​ដោយ​គ្មាន​​នរណា​​ដឹង​ទេ គឺ​លួច​បូជា​ស្ងាត់ៗ​​​ប​ំបាត់​​ភស្ដុតាង​​​​​​ ។ លុះ​​ពេល​មាន​ការ​សុើប​អង្កេត​​ក៏​​​ត្រូវ​បានខាង​មន្ទីរ​ពេទ្យ​​ខេត្ត​បដិ​សេធ​​ ។​
ចំណែក​​​​ខាង​គណ​ៈ​​កម្ម​ការ​វត្ត​បឹងកុក​​​ដែល​តាម​គាំ​ទ្រ​​ចៅអធិការ​​​វត្ត​ជាប់ចោទ​​​​​លើក​ហេតុ​ផល​​ថា​ រាល់ការ​បូជា​​​សព​នៅឈាបន​ដ្ឋាន​​​ដរាប​ណា​​មាន​លិខិត​​បញ្ជាក់ពីមន្ទីរ​ពេទ្យ​​​​​ខេត្ត​ច្បាស់​លាស់​ ។  រហូតមក​ដល់​ពេល​នេះ​ ​មិន​ទាន់​មាន​​ភាព​ច្បាស់​លាស់​​នៅ​​​​ឡើយ​ទេ ​​ហើយ​សព​​ក៏មិន​​​ដឹង​នៅទី​ណា​​ដែរ ខ្លះ​ថា​​អនិច្ច​ធម្ម​​​​ខណៈ​​ដឹក​​តាម​​ផ្លូវ​ ហើយ​ត្រូវបានដឹក​ទៅ​ធ្វើ​បុណ្យ​នៅ​ក្រូច​ឆ្មារ​វិញ​​​ ។ ​​
​ការផ្សឹក​​ព្រះសង្ឃ​​លុះ​ត្រា​​​ណា​​​តែ​​​រក​កំហុស​​​ឃើញ​​កំហុស​ ​​​ដូច្នេះ​មេត្ដា​​​សូម​ឱ្យ​បន្ត​​ធ្វើ​ការ​សើុប​អង្កេត​ បន្ថែម​ទៀត​​​លើ​ករណី​​​នេះ​ដើម្បី​​រក​យុត្តិធម៌​​​​ជូន​ជន​រង​គ្រោះ​​​​ ។ ចំណែក​ចៅ​អធិការ​​វត្ត​​​វិញ​ក៏មាន​ភស្ដុតាង​​មួយ​ចំនួន​ដែរ​គឺ​​កាល​ពី​ថ្ងៃទី​​​​២៩ មេសា​ ឆ្នាំ​​២០១២ ​​​លោក​នេន​ ​នាម​ ម៉ាន់ សុខ​​ហេង​ បាន​និមន្ត​ចេញ​​​ពី​វត្ត​ទៅសូត្រ​មន្ត​​ក្នុង​ពិធី​មង្គ​លកា​រ​​របស់​កូន​អ្នក​ស្រុកក្រូច​ឆ្មារ​​​​ ។​​ ចំពោះ​​ពេល​វេលា​ប្រព្រឹត្ត​​​ដែលចោទ​មក​លើ​ចៅ​អធិការ​​វត្ត​​គឺ​មានភាព​ផ្ទុយ​​គ្នា​ស្រឡះ ។ កត្ដា​​នេះ​សូម​ឱ្យ​ស្ថាប័ន​សាលា​ដំបូង​​ខេត្ត​ជួយ​រក​យុត្ត​ធម៌​​​ជូន​ចៅ​អធិការ​​វត្តនាម ​ស្រួយ គឹមហ៊ង ​ផង​ដែរ ​​​ប្រសិន​ណា​បើ​​រក​កំហុស​ឃើញមែន​​នោះ​ ត្រូវ​​ផ្សឹក​​យក​ទៅ​វិនិច័្ឆយ​​​ទោស​តាម​ច្បាប់​​​រដ្ឋ​ ។ ​
នៅ​ក្នុង​ពាក្យ​បណ្ដឹង​​​របស់លោក​​ខៃ​ ជឹម ​ត្រូវ​ជា​ញោម(ឪពុក​)​របស់​សាម​ណេរ​(លោក​នេន)​ ម៉ាន់ សុខហេង ​បាន​បញ្ជាក់​ថា​​ ហេតុ​អ្វី​បានជា​​នៅ​ពេល​កើត​ហេតុ​​រថយន្ត​របស់​មន្ទីរ​ពេទ្យ​បង្អែក​​​ស្រុក​ក្រូច​ឆ្មារ​​ដឹក​​​​លោកនេន​​ធ្លាក់​ពី​​លើ​​ព្រះវិហារ​​និគ្រោធារាម តាម​​​​ស្ត្រី​អ្នក​បម្រើ​លោក​ក្នុង​វត្ត​​ទូរស័ព្ទ​​ហៅ​កាល​ពី​វេលាម៉ោ​ង​​​៨​និង​​៣០នាទី​​​ព្រឹក​ថ្ងៃទី​​​១៣ មេសា ​២០១២  ។
ប៉ុន្តែ​​ចៅ​អធិ​ការ​​​វត្ត​ ស្រួយ ​គឹម​ហ៊ង ​​​បែរជា​​ទូរស័ព្ទ​ប្រាប់​​គាត់​ជា​​ឪពុក​​ថា កូន​ញោម​រត់​​​តាម​ស្រី​បាត់​​ទៅ​ហើយ​ ដែល​នេះ​ជាការ​លាក់​​បាំង​ការ​ពិត ។ ​​ចំពោះ​រូប​​ថត​ដែល​​​លោក​នេន ​​ម៉ាន់ សុខហេង​ និមន្ត​​​ទៅ​សូត្រ​មន្ត​​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​​នៅ​ក្នុង​ឃុំ​បើុស​​​ កាល​ពី​ថ្ងៃទី​​២៩ មេសា ​ឆ្នាំ​២០១២ ​នោះ​គឺ​ផ្ទុយ​ពី​ឯកសារ​​​របស់​មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក​ក្រូច​ឆ្មា​​រ​​កាល​ពី​​ថ្ងៃទី​​១៣ មេសា​​​២០១២ គឺ​ជា​​​​ករណី​​ផ្ទុយ​គ្នា​​ទាំង​ស្រុង​​ឬក៏​ជា​រឿង​បំភ្លៃ​ការ​ពិត​ ៕​ប្រភពពី កោះសន្តិភាព