សមត្ថកិច្ចរារាំងក្បួន ទូកក្រុមយុវជន សន្តិភាពហែទៅ ទន្លេចតុមុខ
ក្រុមការងារយុវជនដើម្បីកសាងសន្តិភាពប្រមាណ ៤០០នាក់ ប្រារព្ធពិធីអបអរសាទរទិវាសន្តិភាពអន្តរជាតិលើកទី១១ និងបានយកទិវានេះស្នើដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់សកម្មភាពបញ្ជូនកម្លាំងសមត្ថកិច្ចប្រើអំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់គ្មានអាវុធបន្តទៀត។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារលិខិតសាទរទិវានេះដែរ និងបានប្ដេជ្ញាថែរក្សាសន្តិភាពសម្រាប់ពលរដ្ឋកម្ពុជា និងសកលលោកទាំងមូលឲ្យមានសន្តិភាព។
ព្រះសង្ឃខ្មែរជិត ១០០អង្គ និងក្រុមការងារដើម្បីសន្តិភាពជាង ៣០០នាក់ បានប្រមូលផ្តុំគ្នាប្រារព្ធទិវាសន្តិភាពអន្តរជាតិលើកទី១១ ដូចពលរដ្ឋលើសកលលោកប្រារព្ធដែរ នៅថ្ងៃទី២១ ខែកញ្ញា នាបរិវេណសួនច្បារមាត់ទន្លេខាងកើតរមណីយដ្ឋានវត្តភ្នំ។
អ្នកស្រី ប្រាក់ សុខានី ជាសមាជិកនៃក្រុមការងារដើម្បីសន្តិភាព និងជាអ្នកដឹកនាំប្រារព្ធទិវាសន្តិភាពពិភពលោក។ អ្នកស្រីឲ្យដឹងថា គោលបំណងជួបជុំមានសមាសភាពចម្រុះមកពីអង្គការ សមាគម និងអ្នកកាន់សាសនាផ្សេងៗគ្នាពេលនេះ ម្យ៉ាងដើម្បីអបអរទិវានេះ ហើយក៏ដើម្បីយកទិវានេះបួងសួងសុំសន្តិភាពសម្រាប់ប្រទេសកម្ពុជា។
អ្នកស្រី សុខានី បានយកទិវានេះស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរ ឲ្យបញ្ឈប់ប្រើកម្លាំងប្រដាប់អាវុធវាយបង្ក្រាបទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលគ្មានអាវុធ និងត្រូវដោះស្រាយបញ្ហាដែលកើតមានដោយសន្តិវិធី និងអហិង្សា៖ «ពីព្រោះយើងមិនចង់ឃើញទំនាស់ខ្វែងយោបល់គ្នានៃក្រុមអ្នកនយោបាយខ្មែរនៅពេលដែលមានទំនាស់ គឺយើងខ្លាចបំផុតនៅអ្នកដែលជាជនរងគ្រោះ ជាជនស្លូតត្រង់។ ហើយយើងសង្កេតឃើញថា នៅពេលដែលមានបញ្ហា គឺជនស្លូតត្រង់ ឬក៏ប្រជាពលរដ្ឋមួយចំនួន គឺគាត់ជាជនរងគ្រោះ។ យើងមិនចង់ឃើញនូវអំពើហិង្សាដែលកើតឡើងនៅពេលដែលមានបញ្ហានោះទេ»។
ដូចគ្នាដែរសម្រាប់ក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងទិវាសន្តិភាពអន្តរជាតិនេះ ក៏បានទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបន្តដឹកនាំប្រទេសឲ្យមានសន្តិភាព និងមិនត្រូវយកកម្លាំងសមត្ថកិច្ចឲ្យប្រើហិង្សាមកលើពលរដ្ឋខ្លួន ដូចធ្លាប់អនុវត្តកន្លងមកទេ៖ «សុំឲ្យមេដឹកនាំទាំងអស់ដាក់សន្តិភាពជាគោល ដាក់ប្រយោជន៍ប្រជាពលរដ្ឋជាគោល ហើយសុំមេត្តាអត់ធ្មត់ផ្នែកនយោបាយ ពីព្រោះមានតែការអត់ធ្មត់នេះទេ ដែលអាចធ្វើការដោះស្រាយបង្កើតបាននូវសន្តិភាពរយៈពេលវែង។ អត់ចង់ឲ្យមានអំពើហិង្សាអត់ចង់ឲ្យមានជម្លោះ ឬវិវាទអីនឹងគ្នាទៅវិញទៅមកទេ គឺចង់ឲ្យរួបរួមគ្នា ស្រឡាញ់គ្នា និងធ្វើការរួមគ្នា និងគិតពីប្រយោជន៍រួមវិញ។ យើងរស់នៅសព្វថ្ងៃ យើងត្រូវការសន្តិភាពចម្បង។ ខ្ញុំអត់ចង់ឃើញអំពើហិង្សាកើតឡើងប៉ុន្មានថ្ងៃមុនមកនេះទេ។ ខ្ញុំចង់ឲ្យអ្នកនយោបាយទាំងអស់គិតសម្របគ្នាឡើងវិញ។ ដើម្បីឲ្យប្រទេសមួយរីកចម្រើន គឺទាល់តែមានសន្តិភាព និងមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ»។
ការប្រារព្ធទិវាសន្តិភាពអន្តរជាតិរបស់ក្រុមការងារកសាងសន្តិភាព បានបញ្ចប់នៅម៉ោង ១០ព្រឹក ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា បន្ទាប់ពីបានធ្វើពិធីស្មិងស្មាធិ៍ និងបួងសួងសុំឲ្យមានសន្តិភាពក្នុងប្រទេសកម្ពុជា។ ក្រោយបញ្ចប់ពិធីបួងសួង ក្រុមយុវជនកសាងសន្តិភាព និងព្រះសង្ឃក៏បានឡើងគង់ និងជិះទូកមកកាន់ទន្លេចតុមុខ ប៉ុន្តែត្រូវសមត្ថកិច្ចរារាំងមិនឲ្យចេញទូក។ បន្ទាប់មក ព្រះសង្ឃ និងយុវជនកសាងសន្តិភាព ក៏បាននិមន្ត និងដើរក្បួនមកកាន់មុខព្រះបរមរាជវាំងបន្តទៀត តែត្រូវសមត្ថកិច្ចពង្រាយកម្លាំងរារាំង និងទប់ស្កាត់ជាថ្មីទៀត។
ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ គង់នៅវត្តលង្កា ដែលបាននិមន្តចូលរួមអបអរទិវាសន្តិភាពអន្តរជាតិ មានថេរដីកាបិណ្ឌបាតឲ្យអ្នកនយោបាយខ្មែរគ្រប់និន្នាការគណបក្សនយោបាយ ត្រូវប្រតិបត្តិធម៌អហិង្សា និងរក្សាចិត្តឲ្យជ្រះថ្លា ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ ឲ្យជៀសផុតពីគ្រោះភ័យ៖ «ទាំងអស់គ្នាត្រូវធ្វើចិត្តឲ្យស្ងប់ឲ្យនឹងធឹង សម្មាចិត្ត ហើយបណ្ដុះឲ្យមានប្រាជ្ញា ហើយវិបស្សនាបញ្ញាឲ្យមើលឃើញការពិតតាមពិត ឲ្យយល់ត្រូវ សម្មាទិដ្ឋិ។ សម្មាសង្កប្ប ដល់មានការយល់ត្រូវ ត្រិះរិះត្រូវ អ្វីក៏ត្រូវដែរ ធ្វើអីក៏ត្រូវ និយាយអីក៏ត្រូវដែរ។ ដូច្នេះ ការងារគ្រប់យ៉ាងនឹងបានសម្រេចផលល្អ។ ដើម្បីខ្លួន ដើម្បីសង្គមជាតិទាំងមូល ដើម្បីសុខចម្រើនសន្តិភាព យុត្តិធម៌ សាមគ្គី អភិវឌ្ឍន៍ពិតប្រាកដយូរអង្វែងចម្រើនពរ»។
ទាក់ទិនទិវាសន្តិភាពអន្តរជាតិនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារលិខិតអបអរសាទរជាមួយប្រជាពលរដ្ឋខ្មែរ និងប្រជាជាតិនៅទូទាំងពិភពលោក ឲ្យមានសន្តិភាព និងជៀសផុតពីសង្គ្រាម។ លិខិតចុះថ្ងៃទី២១ ខែកញ្ញា លោក ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីឆន្ទៈ និងបុព្វហេតុ ក្នុងការថែរក្សាសន្តិភាពសម្រាប់សុខដុមរមនានៃប្រជាជាតិកម្ពុជា ក៏ដូចជាប្រជាជាតិទាំងអស់នៅលើពិភពលោក។ សារលិខិតប្រមុខដឹកនាំ ក៏បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីពង្រឹងស្មារតី និងវប្បធម៌សន្តិភាព សម្រាប់ការអភិវឌ្ឍ និងវិបុលភាពជានិច្ចនិរន្តរ៍នៅកម្ពុជា ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពរបស់ប្រជាជននៅក្នុងពិភពលោកទាំងមូល៕
ប្រភពពី វិទ្យុអាស៊ីសេរី
Read more: http://www.cambodiapage.info/?p=16101#ixzz2faTzrmTM