កម្មកររោងចក្រ អែស.អិលយល់ព្រម ចូលធ្វើការវិញ
កម្មកររោងចក្រ អែស.អិល (SL) ប្រមាណ ៥.០០០នាក់ យល់ព្រមត្រឡប់ចូលធ្វើការវិញហើយ បន្ទាប់ពីរោងចក្របានសន្យាផ្តល់អត្ថប្រយោជន៍ការងារបន្ថែមដល់ពួកគេ។ ការត្រឡប់ចូលបម្រើការងាររបស់កម្មករ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីមានផ្ទុះអំពើហិង្សារវាងកម្មករ និងភាគីរោងចក្រកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថា ស៊ីខាវឌូ (CCAWDU) បានអោយដឹងថា កម្មកររោងចក្រ អែស.អិល បានត្រឡប់ចូលធ្វើការវិញហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីភាគីរោងចក្រសន្យាផ្តល់អត្ថប្រយោជន៍ការងារបន្ថែមដល់កម្មករ សម្រាប់ខែសីហា និងខែកញ្ញា និងយល់ព្រមដក លោក មាស សុត្ថា ចេញពីរោងចក្រ។
លោក អាត់ ធន់៖ «បានជជែកគ្នាហ្នឹងថា ទី១ គេយល់ព្រមដក មាស សុត្ថា ចេញពីក្រុមហ៊ុន ហើយទី២ គឺយើងបានជជែកគ្នាអារឿងលុយកាក់អោយកម្មករ គេបានឯកភាពអោយកម្មករក្នុងខែ៨ ៣០ដុល្លារម្នាក់ ហើយនៅខែ៩ នេះ គេអត់អោយទេ ប៉ុន្តែគេថាបើចូលធ្វើការពីថ្ងៃទី២១ នេះទៅ ១ថ្ងៃគេអោយស្មើ ២ថ្ងៃ អ៊ីចឹងបើយើងធ្វើ ១០ថ្ងៃ វាស្មើ ២០ថ្ងៃក្នុងកំឡុងខែហ្នឹង គេថាចង់ជួយប៉ះប៉ូវ»។
កម្មកររោងចក្រធ្លាប់បាននិយាយថា គឺបុគ្គល មាស សុត្ថា នេះហើយ ដែលជាដើមចមបង្កើតអោយមានបញ្ហាក្នុងរោងចក្រ។ គេមិនដឹងថា លោក មាស សុត្ថា ជាអ្នកណាអោយពិតប្រាកដនោះទេ តែអ្នកខ្លះថា គាត់ជាអគ្គនាយករោងចក្រ អែស.អិល ឯអ្នកខ្លះទៀតថា គាត់ជាមន្ត្រីរដ្ឋាភិបាលម្នាក់ដែលក្រុមហ៊ុនអោយមើលការខុសត្រូវក្នុងរោងចក្រ។
លោក អាត់ ធន់ និយាយថា បើទោះបីជាពេលនេះកម្មករត្រឡប់ចូលធ្វើការវិញក៏ដោយ ភាគីរោងចក្រ និងភាគីកម្មករ នឹងត្រូវពិភាក្សាគ្នាបន្ថែម ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនផ្សេងទៀត។ លោកថា ភាគីកម្មករចង់អោយរោងចក្រដកពាក្យបណ្ដឹងលើថ្នាក់ដឹកនាំសហជីពទាំងអស់ចេញពីតុលាការ ដែលរោងចក្របានប្ដឹងពីមុនមក រួមទាំងបណ្ដឹងដែលរោងចក្រអាចប្ដឹង បន្ទាប់ពីព្រឹត្តិការណ៍ហិង្សាកាលពីថ្ងៃទី២០ កញ្ញា។
លោក អាត់ ធន់៖ «ល្ងាចមិញវាមានប្ដឹងទៅវិញទៅមក មិនមែនប្ដឹងតែកម្មករមួយទេ ព្រោះកម្មករក៏ត្រូវបានគេវាយតប់ដូចគ្នា គ្រាន់តែថាបើសិនជាយើងចង់ត្រូវគ្នា មានន័យថា ក្រុមហ៊ុនដកពាក្យបណ្ដឹងទៅ កម្មករយើងក៏ដកពាក្យមិនប្ដឹងមិនផ្តល់ អាហ្នឹងវាចប់រឿងហើយ ប៉ុន្តែបើក្រុមហ៊ុនមិនចង់បានសន្តិភាព មានន័យថា វានៅបន្តដដែល វាមិនងាយចប់ទេ បើសិនជាភាគីទាំងពីរបានបញ្ចប់រឿងហើយ យល់ព្រមហើយ តើប្ដឹងបានប្រយោជន៍អី»។
អំពើហិង្សារវាងកម្មកររោងចក្រ អែស.អិល និងភាគីម្ចាស់រោងចក្រ កាលពីថ្ងៃទី២០ ខែកញ្ញា បានបណ្ដាលអោយកម្មករកម្មការិនីប្រមាណជា ៦នាក់រងរបួស និងកម្មករម្នាក់ទៀតឈ្មោះ សុន សេង អាយុ ៥៣ឆ្នាំ ត្រូវបានចាប់ខ្លួនដោយភាគីរោងចក្រ។ លោក សុន សេង នេះហើយ ដែលត្រូវបានរោងចក្រប្រើធ្វើជាថ្នូរដោះដូរ ដើម្បីអោយកម្មករប្រមាណជា ៤ពាន់នាក់ ដែលកំពុងរង់ចាំនៅខាងក្រៅបំបែកគ្នាត្រឡប់ទៅវិញ ប្រសិនបើរោងចក្រដោះលែងរូបគាត់។
បន្ទាប់ពីការចរចាប្រហែលមួយម៉ោងរវាងតំណាងភាគីរោងចក្រ តំណាងស៊ីខាវឌូ និងមានការចូលរួមពីអាជ្ញាធរដែនដីផងដែរនោះ ភាគីរោងចក្រសម្រេចដោះលែងកម្មករដែលត្រូវចាប់ខ្លួន តែតំណាងស៊ីខាវឌូ ត្រូវអោយកម្មករបំបែកគ្នាចេញពីរោងចក្រ។ នៅទីបំផុត ភាគីទាំងពីរបានយល់ព្រម ហើយ លោក សុន សេង ត្រូវបានដោះលែង។ លោក សុន សេង ត្រូវបានខាងស៊ីខាវឌូ យកទៅសម្រាកនៅមន្ទីរពេទ្យ ព្រោះលោកត្រូវបានគេវាយអោយមានរបួស។
កម្មកររោងចក្រ អែស.អិល បានចាប់ផ្ដើមធ្វើកូដកម្មតាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ តែរហូតមកដល់ពេលនេះ ពួកគេពុំទាន់ទទួលបានលទ្ធផលជាក់លាក់តាមការទាមទារឡើយ ទោះជាពួកគេបានដង្ហែក្បួនសុំអន្តរាគមន៍ពីក្រសួងសង្គមកិច្ច និងសាលារាជធានីភ្នំពេញ។ រហូតមកដល់ថ្ងៃទី១៣ ខែកញ្ញា កម្មករបានធ្វើកូដកម្មទាមទារសាជាថ្មី ដោយចូលគ្រប់គ្រងឡផលិតថាមពលដែលជាដង្ហើមរបស់រោងចក្រ។ ហើយនៅថ្ងៃទី២០ ខែកញ្ញា មនុស្សមួយក្រុមប្រមាណជា ២០០នាក់ ដែលកម្មករអះអាងថា ទទួលបញ្ជាពីរោងចក្រ បានទៅឡោមព័ទ្ធទីស្នាក់ការ ស៊ីខាវឌូ ដើម្បីស្នើ លោក អាត់ ធន់ ធ្វើអន្តរាគមន៍អោយកម្មករដកចេញពីឡថាមពល។ ពេលដែលក្រុមនេះត្រឡប់មកវិញ អំពើហិង្សាបានផ្ទុះឡើងតែម្តង។
កម្មករនិយាយថា អំពើហិង្សាផ្ទុះឡើងបន្ទាប់ពីកម្មការិនីម្នាក់ត្រូវបានមនុស្សរបស់រោងចក្រ ដែលត្រឡប់មកពីទីស្នាក់ការរបស់ ស៊ីខាវឌូ យកដំបងឆក់អោយសន្លប់ ក្រោយមកកម្មករក៏នាំគ្នាទៅជួយ រួចក៏ផ្ទុះអំពើហិង្សាតែម្តង ហើយភាគីរោងចក្របានប្រើកាំភ្លើងបាញ់ឡើងលើគំរាមកម្មករទៀតផង៕
ប្រភពពី វិទ្យុអាស៊ីសេរី