ញត្តិ​តវ៉ា​របស់​អ្នក ​គាំទ្រ​គណបក្ស​ សង្គ្រោះជាតិ​ទៅ​ ដល់​ព្រះ​បរម​រាជវាំង

9/22/2013 0 Comments A+ a-

ទីបំផុត​ទៅ​ មន្ត្រី​ព្រះបរមរាជវាំង​បាន​ចេញ​មក​ទទួល​ញត្តិ​ទាមទារ​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។​ ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង​ ២០​ ម៉ឺន​នាក់​បាន​ស្នើ​សុំ​ឲ្យ​ព្រះមហាក្សត្រ​ពន្យារ​ពេល​កិច្ចប្រជុំ​សភា​ដំបូង​ដែល​គ្រោង​បើក​ធ្វើ​នៅ​ថ្ងៃទី​២៣​ កញ្ញា​ដើម​សប្តាហ៍​ក្រោយ​នេះ។ ​នៅ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​ពី​ព្រះរាជវាំង​នៅ​ឡើយ​ទេ​រហូតមក​ទល់​ល្ងាច​ថ្ងៃ​សៅរ៍​នេះ។
ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ដង្ហែ​ញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​នៅ​ឯ​មុខ​ព្រះបរមរាជវាំង។ ​បន្ទាប់ពី​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​អស់​ជាច្រើន​ម៉ោង ​ទីបំផុត ​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ​២០​ ម៉ឺន​នាក់ នោះ​ត្រូវ​បាន​មន្ត្រី​ព្រះ​បរមរាជវាំង​យក​រថយន្ត​មួយ​មក​ទទួល​ហើយ​ក៏​ដឹក​ញត្តិ​នោះ​ចូល​ទៅ​ក្នុង​ព្រះរាជវាំង។
ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ផ្តិត​មេដៃ​លើ​ញត្តិ​នោះ​ដើម្បី​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​ពន្យារ​ពេល​កោះប្រជុំ​សភា​ដំបូង ​និង​គាំទ្រ​ការមិន​ចូល​ប្រជុំ​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ។​ ញត្តិ​ទាមទារ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​មួយ​ដែរ​កាលពី​ថ្ងៃ​សុក្រ​២០​កញ្ញា។ ​លោក ​សម​ រង្ស៊ី​បាន​ទូលថ្វាយ​ព្រះមហាក្សត្រ​ថា​ ដរាប​ណា​នៅ​មិនទាន់​មាន​ការស្រុះស្រួល​គ្នា​រវាង​គណបក្ស​ទាំងពីរ​ទេ​ គណបក្ស​សង្គ្រោះជាតិ​នឹង​មិន​ចូល​ប្រជុំ​ឡើយ។ ​មេដឹកនាំ​បក្ស​ប្រឆាំង​ក៏បាន​រម្លឹក​ព្រឹត្តិការណ៍​ឆ្នាំ ​២០០៣​ ដែល​ព្រះករុណា​ព្រះបរមរតនៈកោដ្ឋ ​សម្តេច​ព្រះ​នរោត្តម ​សីហនុ ​មិន​ចូល​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ទេ​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ។
រហូត​មក​ទល់​ពេល​នេះ ​គេ​នៅ​មិនទាន់​ឃើញ​មាន​ព្រះរាជសារ​ឆ្លើយ​តប​របស់​ព្រះមហាក្សត្រ​ទៅ​កាន់​លោក ​សម រង្ស៊ី ​និង​ទៅ​កាន់​អ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ ព្រះអង្គ​ធ្លាប់​បាន​ឆ្លើយ​តប​ម្តង​ហើយ​ទៅ​កាន់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ថា ​ព្រះអង្គ​មិន​ពន្យារ​ពេល​កិច្ចប្រជុំ​នេះ​បាន​ទេ​ពីព្រោះ​តែ​ព្រះអង្គ​អនុវត្តតាម​រដ្ឋធម្មនុញ្ញ​តែ​ប៉ុណ្ណោះ។ ​រដ្ឋធម្មនុញ្ញ​មាត្រា ​៨២​ថ្មី​ដែល​ចែង​ថា ​កិច្ចប្រជុំ​សភា​ដំបូង​ត្រូវ​ធ្វើ​ឡើង​ ៦០​ ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​បោះឆ្នោត​តាម​ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ។​
ប៉ុន្តែ ​គណបក្ស​ប្រឆាំង ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​បកស្រាយ​ខ្លឹមសារ​មាត្រា​នេះ​ថា​ ៦០​ថ្ងៃ​ក្រោយ​ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ទៅ​វិញ។ ​នេះ​ជា​ហេតុផល​ដែល​ពួកគេ​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​ពន្យារ​ពេល។​ ប៉ុន្តែ​ បើ​យោង​តាម​ការបកស្រាយ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ព្រះមហាក្សត្រ​គ្មាន​ពេល​ដែល​ត្រូវ​ពន្យារ​ឡើយ​ដោយ​រាប់​ ៦០​ ថ្ងៃ​ចាប់​ពី​ថ្ងៃ​បោះឆ្នោត​ ២៨​ កក្កដា៕
ប្រភពពី RFI