កិច្ចប្រជុំសភាលើក ដំបូងនីតិកាលទី៥ បានដំណើរការជាផ្លូវការ ដោយគ្មានវត្តមាន ចូលរួមពីខាងគណបក្សសង្គ្រោះជាតិ
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក ការបើកកិច្ចប្រជុំសភាលើកដំបូងសម្រាប់នីតិកាលទី៥ ឆ្នាំ២០១៣ ត្រូវបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងវិមានរដ្ឋសភាជាតិ ក្រោមព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់របស់ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះទីនាំងរបស់ព្រះបាទ បរមនាថ នរោត្តម សីហមុនី បានយាងមកដល់ពីមុខវិមានរដ្ឋសភាជាតិ នៅវេលាម៉ោង ៨និង១៥នាទី ដោយមានការឈរចាំទទួលព្រះរាជដំណើរដោយសម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន សម្តេច ហេង សំរិន និងមន្ត្រីជាច្រើនរូបទៀត។
នៅព្រឹកថ្ងៃបើកកិច្ចសម័យប្រជុំនេះដែរ គេសង្កេតឃើញមានវត្តមានតំណាងអង្គទូតជាច្រើនប្រចាំប្រទេសកម្ពុជា បានចូលរួមធ្វើជាអធិបតីភាព និងវត្តមានរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ទាំង៦៨រូប ដោយពុំមានការចូលរួមពីភាគីខាងគណបក្សសង្គ្រោះជាតិនោះទេ។
នៅក្នុងពិធីបើកកិច្ចប្រជុំដំបូង គេសង្កេតឃើញសម្តេច ហេង សំរិន ដែលមានអាយុច្រើនជាងគេនៅក្នុងរដ្ឋសភា បានឡើងថ្លែងទៅកាន់ព្រះមហាក្សត្រ ដើម្បីយាងព្រះអង្គអានព្រះរាជសារ ដើម្បីចាប់ផ្តើមបើកកិច្ចប្រជុំជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃបើកប្រជុំសភាលើកដំបូងនេះផងដែរ គឺមានតែវត្តមានរបស់អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនចំនួន៦៨រូបចូលរួមប៉ុណ្ណោះ ព្រោះខាងភាគីគណបក្សសង្គ្រោះជាតិ បានប្តេជ្ញាមិនចូលខ្លួនប្រជុំសភា ដរាបណាពុំមានដំណោះស្រាយ ទៅតាមអ្វីដែលពួកគេចង់បាន
សម័យប្រជុំសភាលើកដំបូង ចាប់ផ្តើមជាផ្លូវការនៅវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ បន្ទាប់ពីព្រះបរមនាថ នរោត្តម សីហមុនី បានថ្លែងនូវព្រះរាជសារចប់ ព្រះអង្គក៏បានយាងទៅខាងមុខវិមានរដ្ឋសភា ដើម្បីថតរូបអនុស្សាវរីយ៍ ជាមួយអ្នកតំណាងរាស្រ្តទាំង៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា៕
__________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ
Read more: http://www.cambodiapage.info/?p=16203#ixzz2fhBwJkLs