ឆក់​កាបូប​បានសម្រេច រួច​បាញ់​មួយ​គ្រាប់ របួស​ជនបរទេស​ម្នាក់

9/29/2013 0 Comments A+ a-

ភ្នំពេញ: ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស និង​បាញ់​១​គ្រាប់ បណ្តាល​ឲ្យ​របួស​នារី​ម្នាក់ របួស​ចំ​ភ្លៅ​ឆ្វេង ត្រូវបាន​រថយន្ត​សង​គ្រោះ​ដឹក​ទៅ​គ្លីនិក ឃឹម រ៉ានី នៅ​ចំណុច​ជិត​ផ្សារ​ចាស់ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ ឈ្មោះ សា​គី​កូ សា​កាយា ណា​ជី អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​ប៉ាស៊ីហ្វិក​។ ជនរងគ្រោះ​ចូលមក​កម្ពុជា ចំនួន ៥​ថ្ងៃ ជា​ភ្ញៀវទេសចរ ហើយ​ថ្ងៃនេះ​ជា​ថ្ងៃទី​១​។​
​បើតាម​សម្តី​អ្នកបកប្រែ​ភាសា​និយាយថា នៅ​មុនពេល​កើតហេតុ​រូបគាត់ និង​ប្អូនស្រី បាន​ដើរ​តាមផ្លូវ​លេខ​១៣ ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​ជនសង្ស័យ ២​នាក់​ជិះ​ម៉ូតូ​សង់​សេ ១២៥​ពណ៌​ខ្មៅ មក​ឆក់​កាបូប​របស់គាត់ ហើយ​មានការ​ប្រទាញប្រទង់​គ្នា​នោះ​ក្រុម​ជនសង្ស័យ បាន​ដក​កាំភ្លើង បាញ់​ចំ​ភ្លៅ​ខាងឆ្វេង របស់​ជនរងគ្រោះ រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ទៅ​។​
​ក្រោយ​កើតហេតុ​ស្ត្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន ឃឹម រ៉ានី​៕