របាយការណ៍៖ កម្មករ​កាត់ដេរ​នៅ​កម្ពុជា ត្រូវ​ទទួល​ប្រាក់ ខែ​យ៉ាងតិច ១៥០ ដុល្លារ ទើប​មាន​ជីវភាព​ រស់នៅ​សមរម្យ

9/21/2013 0 Comments A+ a-

របាយការណ៍​ថ្មី ចុងក្រោយ រៀបចំ​ដោយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ នៅ​កម្ពុជា CLEC សហការ​ជាមួយ​អង្គ​ការតស៊ូ​មតិ​ខាង​ការងារ របស់​ចក្រភព​អង់គ្លេស Labor Behind the Label ( LBL ) បង្ហាញថា កម្មករ​កាត់ដេរ នៅ​កម្ពុជា ត្រូវ​ទទួលបាន​ប្រាក់ខែ​យ៉ាងតិច ១៥០ ដុល្លារ​អាមេរិក ទើប​កម្មករ​កាត់ដេរ មាន​ជីវភាព​រស់នៅ​សមរម្យ។ កម្មករ​កាត់ដេរ សព្វថ្ងៃ ទទួលបាន​ប្រាក់ខែ ៨០ ដុល្លារ។ ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ នឹងត្រូវ​ធ្វើឡើង នៅ​ខែមករា​ឆ្នាំ២០១៤ ខណៈដែល​ពេលនេះ រដ្ឋាភិបាល សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ និង​សហជីព​កម្មករ បាន​បង្កើត​ក្រុមការងារ​ចម្រុះ​ត្រីភាគី ដើម្បី​ស្រាវជ្រាវ​ពី​តម្រូវការ​ជាក់ស្តែង​រប​ស់កម្មករ។
ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ អំពី​ជីវភាព​រស់នៅ​របស់​ក​ម្មករ​កាត់ដេរ នៅ​កម្ពុជា ត្រូវបាន​ធ្វើឡើង ចាប់តាំងពី​ខែកញ្ញា ឆ្នាំ២០១។  តាម​របាយការណ៍ កម្មករ​កាត់ដេរ​នៅ​កម្ពុជា យ៉ាងហោច​ណាស់ ត្រូវ​ទទួលបាន​ប្រាក់ខែ​ទាប​បំផុត ១៥០,០៦ ដុល្លារ​អាមេរិក ក្នុង​មួយខែ ទើប​កម្មករ​កាត់ដេរ មាន​ជីវភាព​រស់នៅ​សមរម្យ។
លោក មឿ​ន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ របស់​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​លើកឡើងថា របាយការណ៍​ស្តីពី​ប្រាក់ខែ​កម្មករ ដែល​បានប្រកាស​ចេញផ្សាយ នៅ​ថ្ងៃទី១៩កញ្ញា បានមកពី​ការសាកសួរ​កម្មករ​តាម​បណ្តា​រោងចក្រ​គោលដៅ ការ​ថ្លឹង​ទម្ងន់​ និង​វាស់កម្ពស់​កម្មករ ព្រមទាំង​ការត្រួតពិនិត្យ​លើ​ចំណីអាហារ​ ដែលកម្មករ​​ទទួលទាន​រាល់ថ្ងៃ។
របាយការណ៍​បង្ហាញថា កម្មករ​កាត់ដេរ​ម្នាក់ យ៉ាងហោចណាស់ ត្រូវ​ចំណាយ​លើ​ចំណីអាហារ ជាង ៧៥ ដុល្លារ ក្នុង​មួយខែ។ រីឯ​ការចំណាយផ្សេងៗទៀត ក្រៅពី​អាហារ រួមមាន ថ្លៃ​ផ្ទះជួល ទឹក​ភ្លើង និង​សម្ភារៈប្រើប្រាស់​ដទៃទៀត មាន​ប្រមាណ ៧៥ ដុល្លារ ក្នុង​មួយខែ។
លោក មឿ​ន តុលា បញ្ជាក់ថា របាយការណ៍​រកឃើញ​ថ្មី​នោះ ត្រូវបញ្ជូន​ទៅកាន់​រដ្ឋា​ភិ​បាល អ្នកបញ្ជា​ទិញ សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ និង​សហជីព​កម្មករ សម្រាប់​ធ្វើជា​មូលដ្ឋាន ក្នុង​ការចរចា​ដំឡើង​​ប្រាក់ខែ​ដល់​កម្មករ​កាត់ដេរ។
របាយការណ៍​ថ្មី​ខាងលើនេះ ត្រូវបាន​តំណាង​រដ្ឋាភិបាល ទទួល​យកមក​ពិនិត្យ។ ប៉ុន្តែ​ការចរចា​លើ​ការ​ដំឡើង​​ប្រាក់ខែ​កម្មករ​កាត់ដេរ ត្រូវធ្វើឡើង​តាម​គណៈកម្មការ​ចម្រុះ​ត្រីភាគី ដែលមាន​ក្រសួង​សង្គមកិច្ច ក្រសួង​ការងារ សមាគម​រោងចក្រ​កាត់ដេរ និង​សហជីព​កម្មករ។ គណៈកម្មការ​​ចម្រុះ​ត្រីភាគី​នោះ ត្រូវបាន​បង្កើតឡើង ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​កាត់ដេ​រ។ គណៈកម្មការ​ចម្រុះ បាន​បើក​កិច្ចប្រជុំ លើក​ទី១ កាលពី​ថ្ងៃទី១៣កញ្ញា។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរង នៃ​គណៈកម្មការ​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅ​គ្រប់​មុខសញ្ញា របស់​ក្រសួង​សង្គមកិច្ច បាន​លើកឡើងថា អនុគណៈកម្មការ​ចំនួន ៤ ត្រូវបាន​បង្កើតឡើង ដើម្បី​ស្រាវជ្រាវ​ជីវភាព​រស់នៅ​របស់​កម្មករ ក៏ដូចជា​លទ្ធភាព​រប​ស់​និយោជក​ថៅកែ​រោងចក្រ ក្នុងការ​តម្លើង​ប្រាក់ខែ​ដល់ក​ម្មករ។ កិច្ចប្រជុំ​ត្រីភាគី ដើម្បី​ដំឡើង​​ប្រាក់ខែ​កម្មករ​កាត់ដេរ នឹងត្រូវ​ធ្វើឡើង នៅ​ខែមករា ឆ្នាំ២០១៤។ កម្មករ​កាត់ដេរ​សព្វ​ថ្ងៃ ទទួលបាន​ប្រាក់ខែ ៨០ ដុល្លារ ក្នុង​មួយខែ។
របាយការណ៍​របស់​ក្រសួង​ការងារ បង្ហាញថា គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ២០១៣ នៅ​ទូទាំងប្រទេស មាន​រោងចក្រ​សហគ្រាស ចំនួន ៥.៣៧១ និង​មាន​កម្មករ​សរុប​ប្រមាណ ៨០៦.៩១៦ នាក់។ រីឯ​ការនាំចេញ​ផលិតផល​កាត់ដេរ កាលពី​ឆ្នាំ២០១២ មានតម្លៃ​ជាង ៤០០០ លាន​ដុល្លារ៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ