សកម្មជនបក្ស ប្រឆាំង៦នាក់នៅ បន្ទាយមានជ័យ រងការគំរាមសម្លាប់
ក្រោយពេលដែលសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាច្រើនម៉ឺននាក់ បានចូលរួមធ្វើបាតុកម្មជាមួយគណបក្សនេះ ដើម្បីទាមទាររកយុត្តិធម៌ចំពោះលទ្ធផលបោះឆ្នោតនៅទីក្រុងភ្នំពេញរួចមក គេសង្កេតឃើញថា សកម្មភាពនៃការគំរាមកំហែងខាងផ្នែកនយោបាយកំពុងកើតមាននៅតាមខេត្តមួយចំនួន។ បញ្ហានេះបានធ្វើអោយក្រុមអ្នកគាំទ្រគណបក្សប្រឆាំងមានការព្រួយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន។
សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៦នាក់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវជនមិនស្គាល់មុខសរសេរលិខិតអនាមិកមួយច្បាប់គំរាមសម្លាប់។ ការគំរាមសម្លាប់នេះ កើតមានឡើងដោយសារតែអ្នកទាំង ៦នាក់ បានចូលរួមធ្វើសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិ។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែកញ្ញា លោក ឃួន បាន់ឌុង រស់នៅឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ជនមិនស្គាល់មុខបានយកលិខិតអនាមិកមួយច្បាប់ទៅប្លុងចោលនៅខាងក្រោយតូបរបស់អាជីវករលក់ផ្លែក្រូច ស្ថិតនៅខាងមុខផ្សារមង្គលបុរី៖ «គេសរសេរលិខិតហ្នឹងដាក់ឈ្មោះ អាឌុង អាផាត អាថា អាម៉ៅ អាសូនី អាយន់ ថាអ្ហែងកុំជ្រុលនិយមពេក ប្រយ័ត្នស្លាប់ចោលកូន បន្ទាប់គេដាក់ចុចៗ គេគំរាមពួកខ្ញុំអ៊ីចឹងជាការគំរាមបិទសិទ្ធិសេរីភាពការបញ្ចេញមតិរឿងនយោបាយ ព្រោះខ្ញុំជួបជុំគ្នា តែងតែនិយាយពីរឿងនយោបាយបោះឆ្នោតមិនប្រក្រតី ដំណើរគណបក្សមានអំណាចគំរាមយើងមិនចង់ឲ្យយើងនិយាយរឿងនយោបាយ»។
អាជីវករលក់ផ្លែក្រូចនៅផ្សារមង្គលបុរី ប្រទះឃើញលិខិតអនាមិកនោះ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា មួយថ្ងៃក្រោយពីគណបក្សសង្គ្រោះជាតិ បញ្ចប់ការធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ។ ជនដែលរងការគំរាមសម្លាប់នោះ បច្ចុប្បន្នមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយបានរាយការណ៍ករណីនេះទៅគណបក្សសង្គ្រោះជាតិ ឲ្យជួយអន្តរាគមន៍។
សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ លោក កែ សម្ផស្ស ចាត់ទុកថា ជាការគំរាមខាងផ្នែកនយោបាយ ដើម្បីបំបាក់ស្មារតីសកម្មជនគណបក្សសង្គ្រោះជាតិ។ សកម្មភាពនេះមានជាប់ពាក់ព័ន្ធទៅនឹងលទ្ធផលបោះឆ្នោតកន្លងទៅថ្មីៗនេះ។ លោកថា សំឡេងគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តបន្ទាយមានជ័យ ជាពិសេសនៅស្រុកមង្គលបុរី មានការកើនឡើង៖ «អ៊ីចឹងហើយជនមិនស្គាល់មុនហ្នឹង គេធ្វើដើម្បីបំបាក់ទឹកចិត្តកុំឲ្យសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ នៅកន្លែងហ្នឹង កាន់តែមានសិទ្ធិ កាន់តែខ្លាំងជាងហ្នឹងទៀត ហើយយើងឃើញថា បន្ទាប់ពីមានការផ្លាស់ប្ដូរអភិបាលខេត្តថ្មីនៅក្នុងខេត្តបន្ទាយមានជ័យ រាល់ចំណាត់ការភាពអនាធិបតេយ្យនៃការទទួលខុសត្រូវរបស់សមត្ថកិច្ច និងអំពើខុសច្បាប់មានច្រើនពាក់ព័ន្ធលើគណបក្សសង្គ្រោះជាតិ»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចសុំប្រតិកម្មពីមន្ត្រីគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ជុំវិញការចោទប្រកាន់របស់មន្ត្រីគណបក្សប្រឆាំងនេះបានទេ។
ទាក់ទិនករណីគំរាមសម្លាប់សកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ៦នាក់នេះ លោក កែ សម្ផស្ស បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានរាយការណ៍បញ្ហានេះទៅអង្គការសិទ្ធិមនុស្សក្នុងស្រុក និងគ្រោងរៀបចំពាក្យបណ្ដឹងដាក់ទៅអាជ្ញាធរមូលដ្ឋាន។
មន្ត្រីសមាគមអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ សម្ដែងការព្រួយបារម្ភជុំវិញករណីគំរាមកំហែងដល់អាយុជីវិតលើសកម្មជនគណបក្សប្រឆាំង។ ករណីនេះ កើតមានឡើងស្របពេលដែលប្រទេសកម្ពុជា កំពុងជាប់គាំងខាងផ្នែកនយោបាយ។ លោកបានអំពាវនាវសុំកងកម្លាំងសមត្ថកិច្ចរក្សាជំហរអព្យាក្រឹត្យ តាមចាប់ជនប្រព្រឹត្តិយកទៅផ្ដន្ទាទោសតាមច្បាប់៖ «យើងបានទាក់ទងពីបញ្ហាហ្នឹងហើយ សុំឲ្យភ្នាក់ងារផ្សេងៗជួយអន្តរាគមន៍ពីបញ្ហានេះ ចាប់ជនប្រព្រឹត្តិយកមកផ្ដន្ទាទោសតាមច្បាប់»។
រយៈកាលកន្លងទៅ មានករណីជាច្រើនកើតមានឡើងចំពោះគណបក្សសង្គ្រោះជាតិ។ ក្នុងនោះដូចជាការធ្វើឲ្យខូចស្លាកសញ្ញាគណបក្ស ការគំរាមសម្លាប់សកម្មជននៅឃុំសំរោង នៅស្រុកស្វាយចេក និងនៅឃុំសំបួរ ស្រុកមង្គលបុរី ជាដើម។
មន្ត្រីគណបក្សប្រឆាំងអះអាងថា គណបក្សសង្គ្រោះជាតិ បានប្ដឹងករណីទាំងនេះទៅអាជ្ញាធរមូលដ្ឋាន ប៉ុន្តែពួកគេពុំដែលចាប់បានជនប្រព្រឹត្តិយកមកផ្ដន្ទាទោសនោះឡើយ។
មន្ត្រីសិទ្ធិមនុស្សកត់សម្គាល់ថា នៅក្នុងបរិបទសង្គមកម្ពុជា បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរមានការយល់ដឹងច្រើនពីសិទ្ធិធ្វើនយោបាយ ប៉ុន្តែករណីគំរាមកំហែងនយោបាយកើតមានឡើង ដោយសារក្រុមមនុស្សមាននិន្នាការគណបក្សនយោបាយ ហើយរបត់នេះកំពុងកើតមានឡើងស្របពេលដែលប្រទេសកម្ពុជា កំពុងជាប់គាំងខាងផ្នែកនយោបាយរកច្រកចេញពុំទាន់ឃើញ៕
ប្រភពពី វិទ្យុអាស៊ីសេរី