ប្តីវាយប្រពន្ធច្រើនដងមិនត្រូវ ប្រពន្ធទ្រាំមិនបានដាក់១កែវបែកក្បាល
ខេត្តកំពង់ឆ្នាំង ៖ អំពើហិង្សាក្នុងគ្រួសាររវាងប្តីនិងប្រពន្ធ បានបណ្តាលអោយបុរសជាប្តីរងរបួសធ្ងន់ បន្ទាប់ពីស្ត្រីជាប្រពន្ធទប់កំហឹងមិនបាន ក៏យកកែវមកវាយ ចំក្បាល ហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់ ហើយត្រូវបានដឹកមកសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ហេតុការណ៍ជម្លោះប្តីប្រពន្ធនេះបានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
បុរសរងគ្រោះដោយសារតែប្រពន្ធវាយក្បាលនឹងកែវមានឈ្មោះ ប៉ុន ពិសី អាយុ២៩ឆ្នាំ ចំណែក ប្រពន្ធមានឈ្មោះ គង់ រិន អាយុ២៩ឆ្នាំ អ្នកទាំងពីររស់នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
នៅក្នុងមន្ទីរពេទ្យ ស្ត្រីឈ្មោះ ឡាច ចាន់ឌី ត្រូវជាម្តាយរបស់ឈ្មោះ ប៉ុន ពិសី បានអោយដឹងថា នៅមុនពេលកើតហេតុ កូនប្រសាបានមកផ្ទះរបស់គាត់ ដើម្បីមកយកកូននិងមកមើលធុងទឹកអំពៅដែលគាត់ បានទិញអោយ ។ ក្នុងពេលកំពុងមើលធុងទឹកអំពៅនោះ កូនប្រសារបស់គាត់ បានប្រាប់ថា ហេតុអីក៏ទិញធុងដូច្នេះ ? ក្រោយពេលដែលម្តាយឮដូច្នេះក៏ស្តីថាបន្តិចបន្តួច និងបង្កជាជម្លោះឡើង ពេលនោះបុរសជាប្តីឃើញប្រពន្ធឈ្លោះជាមួយម្តាយរបស់ខ្លួនដូច្នេះ ក៏ស្ទុះទៅជួយម្តាយ និងវាយទៅលើប្រពន្ធជាច្រើនដងតែមិនត្រូវ ស្រាប់តែប្រពន្ធបានទាញកែវវាយក្បាលតែម្តង ។
ស្ត្រីឈ្មោះ គង់ រិន ជាប្រពន្ធបានប្រាប់ថា មូលហេតុដែលបង្កអោយមានជម្លោះរហូត រងរបួសដល់ប្តីនោះ ដោយសារតែម្តាយក្មេករបស់នាង បានដៀលត្មេះនាងគ្រប់បែបយ៉ាង ដោយសារតែនាងប្រាប់រឿងទិញធុងទឹកអំពៅមិនដូចគេឯង ហើយក៏ព្រួតវាយនាងទាំងម្តាយនិងកូនតែម្តង តែនាងគេចរួចរហូត ។ ក្នុងពេលនោះនាងបានប្រាប់ថា កុំអោយវាយនាងប្រយ័ត្ននាងវាយវិញ តែមិនព្រមឈប់ នៅតែព្យាយាមវាយនាងជាច្រើនដង ធ្វើឲ្យនាងទប់កំហឹង មិនបាន ក៏យកកែវមកវាយក្បាលប្តីបណ្តាលអោយរងរបួសតែម្តង ។
ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ស្ត្រីជាប្រពន្ធរួច សមត្ថកិច្ចបានអោយប្រពន្ធត្រឡប់ទៅផ្ទះវិញ និងណែនាំកុំអោយមានជម្លោះហិង្សាបែបនេះតទៅទៀត ៕
____________________
ប្រភពពីនគរវត្ត