ស្រីខ្ទើយពង្រត់ ក្មេងស្រីទៅរួមភេទ នៅទឺកដីថៃម្តាយ ប្តឹងនគរបាលឃាត់ខ្លួន
ខេត្តបាត់ដំបង ៖ ស្រីខ្ទើយម្នាក់បានពង្រត់ក្មេងស្រីម្នាក់ទៅរួមភេទ នៅទឺកដីថៃ ក្រោយពីម្តាយក្មេងស្រីរងគ្រោះទៅតាមយកមកទឹកដីកម្ពុជាវិញ បានដាក់បណ្តឹង ហើយឃាត់ខ្លួនកាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិថ្នល់បត់ ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ហេតុការណ៍នាំក្មេងស្រីរងគ្រោះចេញដោយមិនស្របច្បាប់ទៅប្រទេសថៃ បានប្រព្រឹត្តកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ នៅភូមិថ្នល់បត់ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក ឈិត សេង អធិការរងស្រុកសំពៅលូន បានអោយដឹងថា ស្រីខ្ទើយ(ស្រីធ្វើប្រុស)ដែលនាំក្មេងចេញដោយមិនស្របច្បាប់ មានឈ្មោះ ជៀម សុឃីម អាយុ២៩ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ម.ហ អាយុ១៣ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុជាមួយគ្នា ។
ស្ត្រីឈ្មោះ ម៉ៅ រិនឌឿន អាយុ៤៩ឆ្នាំ ជាម្តាយក្មេងស្រីរងគ្រោះ បានដាក់បណ្តឹងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ នៅអធិការរដ្ឋាននគរបាលស្រុកសំពៅលូន។ស្ត្រីឈ្មោះម៉ៅរិនឌឿនបានប្រាប់សមត្ថកិច្ចថា ក្រោយពីតាមរកកូនស្រីឃើញនៅជាមួយឈ្មោះ ជៀម សុឃីម នៅប្រទេសថៃក៏នាំមកទឹកដីកម្ពុជាវិញ និងបានដាក់បណ្តឹងតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ស្រីខ្ទើយ ជៀម សុឃីម បានសារភាពថា ខ្លួនបាន រួមភេទជាមួយក្មេងស្រីរងគ្រោះចំនួន១០ដងនៅប្រទេសថៃ។
លោក ឈិត សេង បានបញ្ជាក់ថា នេះជាលើកទី២ហើយដែលស្រីខ្ទើយសង្ស័យឈ្មោះ ជៀម សុឃីម បានពង្រត់នាំមនុស្សស្រីដូចគ្នាទៅប្រទេសថៃ ដោយលើកទី១ស្ត្រីរងគ្រោះជាមនុស្សធំ ហើយអាណាព្យាបាលមិនប្តឹង ទើបជនបង្កមានសេរីភាព តែលើកទី២នេះ ជនរងគ្រោះជាអនិតិជន ដូច្នេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះត្រូវនាំទៅស្នងការនគរបាលខេត្តដើម្បីធ្វើកោសលវិច័យ និងប្រគល់ជូនទៅអង្គការដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈ ៕
_______________________
ប្រភពពីនគរវត្ត
