ដេញ​តុងទីន ដណ្ដឹងប្រពន្ធ

9/29/2013 0 Comments A+ a-

បទពិសោធន៍​ពិត​ជា​សំខាន់​ រី​ឯ​កំហុស​គឺ​ជា​មេរៀន… គួរ​តែ​បែប​នេះ! ធំ​មក​ដល់​ប៉ុន​ហ្នឹង ខ្ញុំ​ធ្លាប់​ធ្វើ​ខុស​ច្រើន​ណាស់ (ខុស​ឥត​ល្ហែ) រៀន​ខុស​ជំនាញ រាប់​អាន​មនុស្ស​ខុស ធ្វើ​ការ​ខុស​កន្លែង មាន​សង្សារ​ខុស … ទាល់​តែ​ដេក​គិត ទើប​រៀប​រាប់​អស់ គ្រាន់​តែ​ប្រាប់​ថា​ច្រើន​ ហើយ​ដូច​មិន​ទាន់​ធ្វើ​អី​ត្រូវ​នៅ​ឡើយ​ទេ តែ​ក៏​ទទួល​បាន​មេរៀន​ច្រើន​តាម​ហ្នឹង​ដែរ អាច​ច្រើន​ជាង​​មិត្ត​អ្នក​អាន ហេហេ។
អ៊ីចឹង​បាន​ថា បើ​នៅ​តែ​ចង់​បាន​មេរៀន​ពី​កំហុស​បែប​នេះ​ទៀត ឆាក​ជីវិត​ខ្ញុំ​អាច​ខាត​ទទេ! ​ពិត​ជា​ពិបាក​មែន ព្រោះ​ខ្ញុំ​ចិត្ត​ធម៌​ពេក មិន​ចេះ​ដណ្ដើម​គេ​ ចេះ​តែ​ឱ្យ​គេ ចេះ​តែ​​គិត​ថា បើ​យើង​បាន​ គេ​នឹង​អត់ ហេតុ​នេះ​កាល​នៅ​រៀន​ក៏​សុខ​ចិត្ត​យក​អា​លេខ​ច្រើន​ៗ ធ្វើ​ការ​ក៏​រើស​តែ​ការងារ​ណា​គេ​មិន​ចូល​ចិត្ត… ហេតុ​អី​ក៏​ចិត្ត​ល្អ​បែរ​ជា​អភ័ព្វ ហិហិ។
ដូច​ជា​ឆ្អែត​ហើយ​ជីវិត ឆ្អែត​ហើយ​នឹង​ការងារ​ស្ម័គ្រ​ចិត្ត​រាប់​ឆ្នាំ​មក​នេះ ឆ្អែត​ហើយ​នឹង​ការ​លះបង់… តែ​នៅ​ឃ្លាន​បាយ! ថ្ងៃ​នេះ​មិន​ទាន់​បាន​បាយ​ចូល​ពោះ​ទេ ​ព្រឹក​គុយទាវ ថ្ងៃ​ត្រង់​នំប៉័ង ល្ងាច … ចាំ​មើល​សិន​ថា​គួរ​ញ៉ាំ​អី។
មែន​ហើយ! ខ្ញុំ​ឈ្មោះ ដេវីត គឺ… ឈ្មោះ​ដាក់​ខ្លួន​ឯង អត់​ស្រលាញ់​ឈ្មោះ​ម៉ែ​ដាក់​ឱ្យ។ ឈ្មោះ​ Facebook: David Kleung, Yahoo Chat: David 24, Skype: David Dada នៅ​មាន​ទៀត តែ​ឈប់​លេង​អស់​ហើយ! ឆ្នាំ​នេះ​ខ្ញុំ​អាយុ ២៥ឆ្នាំ រៀន​ចប់​អាយ​ធី តែ​ទឹក​កក ហាហា ធ្វើ​ការ​ជា​បុគ្គលិក​ស្ម័គ្រ​ចិត្ត​ មាន​បទ​ពិសោធន៍​ច្រើន មិន​ទាន់​មាន​ប្រាក់​ខែ តែ​សំណាង​ម៉ែ​​រក​ស៊ី​ចងការ​ប្រាក់​កាក់​កប​ដែរ។
អត់​ការងារ​ធ្វើ ខ្ញុំ​ក៏​ដើរ​លំហែ​តាម​សួន ហើយ​ដល់​ឈឺ​បត់​ជើង​តូច ក៏​ទៅ​រក​បង្គន់… បែប​នេះ​ក៏​ប្រាប់​ដែរ មែន​ទេ? ហេហេ គឺ​ព្រោះ​នៅ​ទី​នោះ​ហើយ​ដែល​ខ្ញុំ​បាន​ជួប​នាង។ នាង​គឺ​ជា​អ្នក​ចាំ​យក​លុយ​អ្នក​ចូល​បង្គន់ ហើយ​វា​ចៃដន្យ​ដូច​ក្នុង​រឿង ដែល​ពេល​នោះ​ខ្ញុំ​អត់​ជាប់​លុយ​តាម​ខ្លួន។
«ខ្ញុំ​អត់​មាន​លុយ​ផង​ធ្វើ​ម៉េច​ទៅ?» ខ្ញុំ​និយាយ​ទៅ​នាង។
«ពូ​ឯង​និយាយ​លេង​ទេ​អ្ហេះ?» នាង​ឆ្លើយ ហើយ​ហៅ​ខ្ញុំ​ថា​ពូ គឺ​អ៊ីចឹង​ឯង នារី​ខ្មែរ​យើង ចូល​ចិត្ត​ហៅ​មនុស្ស​ប្រុស​ថា​ពូ។
«និយាយ​មែន​ណា៎! ចាំ​ថ្ងៃ​ក្រោយ​បាន​ទេ ចាំ​ខ្ញុំ​ឧស្សាហ៍​មក​បត់​ជើង​តូច​នៅ​ទី​នេះ… ធ្វើ​ម៉ូយ​តែ​ម្ដង!»
នាង​ញញឹម ងក់​ក្បាល ហាហា មើល​កាន់​តែ​យូរ​កាន់​តែ​ស្អាត! អូយ! ព្រះ​ពុទ្ធ​អើយ ខ្ញុំ​ចង់​បាន​ប្រពន្ធ!!!!!
ចាប់​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​ក៏​គោរព​សន្យា ឧស្សាហ៍​ទៅ​បង្គន់​នោះ​ណាស់ ពេល​ខ្លះ​មិន​ឈឺ​បត់​ជើង​សោះ​ក៏​ទៅ ទៅ​ចុះ​ឡើង​ ទាល់​តែ​ដឹង​ថា​នាង​​ឈ្មោះ​មេត្តា មិន​ទាន់​មាន​សង្សារ ចាំ​អង្កាល់​ខ្ញុំ​ក៏​សារភាព​ថា ខ្ញុំ​ក៏​មិន​ទាន់​មាន​សង្សារ​ដែរ។
បាន​ប្រមាណ​មួយ​ខែ​ក្រោយ​មក ពួក​យើង​ក៏​ព្រម​ស្រលាញ់​គ្នា ហើយ​ណាត់​គ្នា​ទៅ​មើល​កុន​រឿង​ខ្មោច។ គូស្នេហ៍​ខ្ញុំ​ខុស​គេ មិន​មើល​ទេ​រឿង​ស្នេហា បែរ​ជា​នាំ​គ្នា​មើល​រឿង​ខ្មោច​វិញ។
«អូន​អ្ហា៎!» ខ្ញុំ​ហៅ​នាង​បន្ទាប់​ពី​ចេញ​ពី​រោង​កុន។
«ចា៎!»
«យើង​គិត​ទៅ​ណា​ទៀត?»
«មិន​ដឹង​ទេ! ស្រេច​តែ​បង​ឯង​ទៅ!»
«ស្រេច​តែ​បង តិច​នាំ​ចូល​ផ្ទះ​សំណាក់​ឥឡូវ!»
នាង​ខោក​ក្បាល​ខ្ញុំ​ផស «យ៉ាប់!»
ហាហា ខ្ញុំ​ចូល​ចិត្ត​និយាយ​លេង​ជាមួយ​នាង​តែ​អ៊ីចឹង ឡើង​នាង​ដឹង​ចិត្ត​ខ្ញុំ​អស់​ហើយ ថា​ខ្ញុំ​មិន​ហ៊ាន​ធ្វើ​អី​នាង​ទេ។ ពួក​យើង​ក៏​ជិះ​ម៉ូតូ​លេង​តាម​មាត់​ទន្លេ ហើយ​ចង្រៃ​ចៃដន្យ​អី ស្រាប់​តែ​ម៉ែ​នាង​ឃើញ។ គឺ​មក​ដល់​ផ្ទះ​ហើយ បាន​ដឹង​រឿង។
នាង​និយាយ​តាម​ទូរសព្ទ «ម៉ែ​ដឹង​រឿង​ពួក​យើង​ហើយ! ល្ងាច​មិញ​នេះ គាត់​ដើរ​ហាត់​ប្រាណ​នៅ​មាត់​ទន្លេ ឃើញ​យើង​ជិះ​ម៉ូតូ​កាត់​គាត់…»
«អ៊ីចឹង?» ខ្ញុំ​តប​ធម្មតា មិន​ដឹង​ថា បើ​គាត់​ដឹង​រឿង តើ​មាន​រឿង​អី​ឬ​អត់​ទេ។
«គាត់​ថា ហាម​មិន​ឱ្យ​ខ្ញុំ​យក​សង្សារ​ក្រ!»
«អ្ហះ?»
«គាត់​ថា បើ​គេ​ស្រលាញ់​ពិត គេ​នឹង​ចូល​ដណ្ដឹង មិន​មែន​បណ្ដើរ​គ្នា ឱ្យ​ញាតិ​មិត្ត​និន្ទា​ទេ!»
«ញាតិ​មិត្ត​ណា​អី​ក៏​ទំនេរ​ម៉េះ មិន​ធ្វើ​ការ​អី​ទេ​អ្ហេះ ចាំ​តែ​និន្ទា​គេ​ហ្នឹង?» ខ្ញុំ​តប​បែប​លេង​សើច​ទៅ​នាង។
«បង​ឯង​នេះ​ហ៍ និយាយ​ដូច​គ្មាន​ខ្វល់​អី​សោះ!»
«ហើយ​មាន​អី​ត្រូវ​ខ្វល់? តែ​បង​ឆ្ងល់ ម៉េច​ក៏​ម៉ែ​អូន​ដឹង​ថា​បង​ក្រ? អូន​ប្រាប់​គាត់​អ្ហ?»
«ទេ! តែ​ឃើញ​បង​ជិះ​ម៉ូតូ​កញ្ចាស់ គាត់​ក៏​ដឹង​ខ្លួន​ឯង!»
ខ្ញុំ​នៅ​ស្ងៀម នាង​ក៏​ស្រែក​ឱ្យ​ខ្ញុំ «ម៉េច​ហើយ? គ​ហើយ​អ្ហេះ បាន​បាត់​មាត់​បាត់​ក?»
«មិន​មែន​ទេ តែ​គ្រាន់​តែ​ក្រ​ហ្នឹង​ខុស​ដែរ?»
«មិន​ខុស​ទេ តែ​គាត់​ខ្លាច​ចិញ្ចឹម​កូន​គាត់​មិន​រស់!»
«កុំ​ភ័យ​អី បង​ចិញ្ចឹម​អូន​រស់​ បង​ធានា!»
«មិន​ដឹង​ទេ! តែ​ស្អែក​នេះ​គាត់​ឱ្យ​បង​មក​ជួប​គាត់!»
«អ៊ឹះ!»
ម៉ែ​នាង​លក់​ចាប់ហួយ​នៅ​មុខ​ផ្ទះ ឃើញ​ខ្ញុំ​ទៅ​ដល់ គាត់​បញ្ឈរ​ភ្នែក​មើល​ខ្ញុំ​មួយ​ស្របក់ ទើប​ដាច់​ចិត្ត​និយាយ «ឯង​ធ្វើ​ការ​អី? ប្រាក់​ខែ​ប៉ុន្មាន?»
ឆ្ងល់​ដល់​ហើយ ឱ្យ​តែ​សួរ​គឺ​សួរ​បែប​នេះ។ ចង់​ត​មាត់​គាត់​វិញ​ណាស់​ថា តើ​មនុស្ស​រាប់​អាន​គ្នា​ដោយ​ប្រើ​ចិត្ត ឬ​ក៏​ប្រើ​លុយ? តែ​មិន​ហ៊ាន ខ្លាច​គាត់​លែង​ឱ្យ​ជួប​មេត្តា សង្សារ​ជា​ទី​ស្រលាញ់​របស់​ខ្ញុំ។
«ខ្ញុំ​… រាល់​ថ្ងៃ​ផ្អាក​ការងារ​មួយ​រយៈ តែ​កាល​ពី​មុន គឺ​ធ្វើ​បុគ្គលិក​ស្ម័គ្រ​ចិត្ត​ឱ្យ​គេ​ច្រើន​កន្លែង​ដែរ…» ខ្ញុំ​ឆ្លើយ​ដោយ​សុភាព​ទៅ​គាត់។
«សរុប​មក​គ្មាន​ការងារ​ធ្វើ ជា​អ្នក​ក្រ!» គាត់​ស្រាប់​តែ​និយាយ​បែប​នេះ។
«គាត់​ក្រ តែ​ស្អាត!» មេត្តា​ សង្សារ​ខ្ញុំ​និយាយ​តិចៗ ប្រាប់​ម៉ែ​នាង។
«ស្អាត​ហ្នឹង​ស៊ី​បាន​ហ្អី?» អូយ! ម៉ែ​សង្សារ​ខ្ញុំ​កាច​ដូច… ដូច​អ្នកណា​អ៊ីចេះ…? អូហ៍ ដូច​ម៉ែ​នាង​ទាវ!
«តែ​ផ្ទះ​ខ្ញុំ​ធូរ​ធារ​ដែរ មិន​ខ្វះ​បាយ​ហូប​ទេ មីង!» ខ្ញុំ​ក៏​ត​មាត់​គាត់។
គាត់​សម្លក់​ខ្ញុំ ហើយ​សួរ​ថា «ម៉ែឪ​រក​ស៊ី​អី?»
«ម៉ែ​រក​ស៊ី​រាប់​លុយ​ ចង​ការ​ប្រាក់កាក់​កប​គ្រាន់​បើ…»
ឮ​ខ្ញុំ​និយាយ​បែប​នេះ គាត់​រាង​ស្រាយ​ទឹក​មុខ​បន្តិច ហើយ​សួរ​ខ្ញុំ​បន្ត «ចុះ​ប៉ា?»
«ប៉ា​គាត់​ធ្វើ​ប៉ូលិស!»
«អ៊ីចឹង​អ្ហ? ប៉ូលិស​ខាង​អី?»
«ប៉ូលិស​ចរាចរណ៍!»
ឮ​ភ្លាម គាត់​ភ្ញាក់​ក្រញាង ហើយ​ស្រែក​ខ្លាំង​ៗ «អញ​ស្អប់​បំផុត​ប៉ូលិស​ចរាចរណ៍ ធ្វើ​ល្អ​មិន​ចេះ​ទេ ឈរ​ចាំ​តែ​ស្ទាក់ ​ទារ​លុយ​គេ!»
ឮ​បែប​នេះ ខ្ញុំ​រាង​ខឹង​ដែរ ក៏​ត​ភ្លាម «មីង ប៉ូលិស​ចរាចរណ៍​មាន​ល្អ​មាន​អាក្រក់! ប៉ា​ខ្ញុំ​គាត់​ជួយ​សម្រួល​ចរាចរណ៍​គេ​ហត់​ណាស់ មិន​មែន​ដូច​អ្នក​ខ្លះ ចាំ​តែ​ស្ទាក់​ទារ​លុយ​គេ​ចាយ​នោះ​ទេ!»
«បង កុំ​ត​មាត់​គាត់​អ៊ីចឹង ប្រយ័ត្ន​គាត់…»
មេត្តា មិន​ទាន់​និយាយ​ផុត​ពី​មាត់​ផង ម្ដាយ​នាង​ក៏​ថា «មិន​អី​ទេ អញ​ជា​មនុស្ស​ដឹង​ខុស​ដឹង​ត្រូវ ហើយ​បើ​ប៉ា​ឯង​នេះ​ជា​ប៉ូលិស​ល្អ​មែន អញ​ពេញ​ចិត្ត​នឹង​លើក​កូន​អញ​ឱ្យ​ជា​កូន​ប្រសា​គាត់!»
ខ្ញុំ​និង​មេត្តា ឮ​ហើយ ញញឹម​ដាក់​គ្នា តែ​គាត់​ក៏​និយាយ​ទៀត​ថា «កុំ​អាល​អរ ការ​គង់​តែ​បាន​ការ​ទេ បើ​ស្នេហា​ពួក​ឯង​ស្មោះ​ តែ​អញ​មិន​លើក​កូន​ឱ្យ​ឯង​ទទេ​ៗ​ទេ គឺ​ត្រូវ​តែ​ចូល​ដណ្ដឹង មាន​លុយ​ថ្លៃ​ទឹក​ដោះ​ត្រឹម​ត្រូវ ឮ​ទេ?»
ពេល​ចេញ​ពី​ជួប​​អនាគត​​ម្ដាយ​ក្មេក​ហើយ ខ្ញុំ​ព្រួយ​រហូត មិន​ដឹង​រក​លុយ​ឯណា​ទៅ​ដណ្ដឹង​មេត្តា​ទេ។ មក​ដល់​ផ្ទះ​ក៏​ប្រាប់​រឿង​នេះ​ដល់​ម៉ែ​ខ្ញុំ ស្រាប់​តែ​ «ចង់​បាន​ប្រពន្ធ​ផង អា​ក្លឹង! អញ​គ្មាន​លុយ​ទៅ​ដណ្ដឹង​ឱ្យ​ទេ បើ​ឯង​គ្មាន​ការងារ​ចិញ្ចឹម​កូន​គេ​ផង​នោះ!»
នៅ​ផ្ទះ ខ្ញុំ​ឈ្មោះ​អា​ក្លឹង។ ខ្ញុំ​ដក​ដង្ហើម​ធំ ដើរ​ចេញ​ពី​ម៉ែ ទៅ​ដេក​គិត​ គិត​ៗ ក៏​នឹក​ឃើញ «ដេញ​តុងទីន​ដណ្ដឹង​ប្រពន្ធ»
ខ្ញុំ​រត់​ទៅ​និយាយ​នឹង​ម៉ែ​ខ្ញុំ «ម៉ែ! កាលណា​ចាប់​ផ្ដើម​ក្បាល​តុងទីន​ថ្មី ខ្ញុំ​ចូល​លេង​ដែរ ហើយ​ចាំ​ខ្ញុំ​រក​ការងារ​ធ្វើ បាន​ប្រាក់​ខែ​មក​បង់!»
ម៉ែ​ខ្ញុំ បើក​ភ្នែក​មើល​មុខ​ខ្ញុំ និយាយ​អី​លែង​ចេញ ហេហេ។
បន្ទាប់​មក​ខ្ញុំ​ក៏​ដើរ​ដាក់​ពាក្យ​ធ្វើ​ការ ហើយ​សម្ភាស​ជាប់​មួយ​កន្លែង បាន​ប្រាក់​ខែ​ក្បែរ​១០០​ដុល្លារ ធ្វើ​ការ​មួយ​ថ្ងៃ​៨​ម៉ោង​ ដឹង​ការ​ងារ​អី​ទេ គឺ​អ្នក​រត់​តុ​នៅ​សណ្ឋាគារ។ បរិញ្ញា​ខ្ញុំ​ដូច​ជា​មិន​បាន​ការ​សោះ តែ​បាន​រូប​សង្ហារ​ពី​កំណើត ទើប​គេ​ព្រម​ទទួល​ខ្ញុំ។
បន្ត​ទៀត ជឿ​ថា​មិន​បាច់​ប្រាប់​ក៏​ដឹង​ គឺ​ខ្ញុំ​ដេញ​តុងទីន​ដណ្ដឹង​មេត្តា រៀប​ការ​ផ្អើល​អស់​មួយ​ភូមិ។ អ្វី​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​គេ គឺ​ពេល​បាន​ប្រពន្ធ​នេះ​ហើយ ព្រោះ​​ថ្ងៃ​ក្រោយ​មាន​មនុស្ស​ម្នាក់ ​ជា​កម្លាំង​ចិត្ត​ខ្ញុំ ទោះ​ធ្វើ​ការ​អី​ក៏​ដោយ ឱ្យ​តែ​ខ្ញុំ​អាច​ចិញ្ចឹម​ប្រពន្ធ​ខ្ញុំ​រស់ ប៉ុន្តែ​ប្រពន្ធ​ខ្ញុំ​នាង​មិន​មែន​គល់​ឈើ ដើរ​ទៅ​ណា​មិន​រួច​ឯណា នាង​ក៏​ទៅ​ធ្វើ​ការ​ដែរ គឺ​ពួក​យើង​ខិត​ខំ​រក​លុយ សន្សំ​សំចៃ​ធ្វើ​ឱ្យ​ម៉ែ​ឪ​ទាំង​សង​ខាង​អាណិត ហើយ​ជីវិត​ពួក​យើង​ក៏​មាន​សុភមង្គល ព្រោះ​គ្មាន​អ្វី​ល្អ​ជាង​ប្ដី​ប្រពន្ធ​ចេះ​ស្រលាញ់​គ្នា​ទេ ជឿ​ខ្ញុំ​ទៅ!
ដោយ៖ សុខ ចាន់​ផល