គណបក្សសង្គ្រោះជាតិ បន្តរៀបចំមីទីងមហាជន ទាមទារយុតិ្តធម៌ជូនម្ចាស់ឆ្នោត ទ្រង់ទ្រាយធំនៅថ្ងៃទី ០៦-២៣ ខែតុលា
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី ប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នេះ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំ មីទីងមហាជន នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី០៦ និងទី២៣ខែតុលា ឆ្នាំ២០១៣ ដើម្បីបញ្ជាក់ពីគោលជំហ របស់គណបក្សសង្គ្រោះជាតិ ជូនមហាជនខ្មែរជា ម្ចាស់ឆ្នោត
ការរៀបចំ មីទីងមហាជននេះ ធ្វើឡើងដើម្បីអបអរសាទរ ក៏ដូចជាការទាមទារ ឲ្យមានការគោរព សន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា១៩៩១ ផងដែរ។ ដោយឡែកគណបក្ស សង្គ្រោះជាតិ នឹងធ្វើរៀបចំពិធីដាក់បិណ្ឌ នៅខេត្តកណ្តាល និងខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ទី២៩ ខែកញ្ញា ស្អែកនេះ បន្ទាប់មកនៅថ្ងៃចន្ទទី៣០ ខែកញ្ញា នឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូលជូនជនរងគ្រោះ ដែលបានស្លាប់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភាចាស់។
បន្ទាប់ពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃអាទិត្យទី០៦ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៣រសៀល គណបក្សសង្គ្រោះជាតិ នឹងធ្វើមីទីងមហាជន នៅទីលានប្រជាធិបតេយ្យ ដើម្បីបញ្ជាក់ពីគោលជំហរ របស់គណបក្ស សង្គ្រោះជាតិ ជូនមហាជនខ្មែរជា ម្ចាស់ឆ្នោត ហើយនៅថ្ងៃអាទិត្យទី២៣ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៣រសៀល នឹងធ្វើមីទីង នៅទីលានប្រជាធិបតេយ្យ ម្តងទៀត ដើម្បីអបអរសាទរ និងទាមទារឲ្យមានការគោរព សន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
គណបក្សសង្គ្រោះជាតិ ក៏នឹងប្រមូលមតិយោបល់អ្នកគាំទ្រ ដើម្បីរកយុទ្ធសាស្ត្រតស៊ូមតិ ពីលទ្ធផលបោះឆ្នោត សម្រាប់នីតិកាលទី៥ ព្រមទាំងទាមទារ ឲ្យរដ្ឋាភិបាលថ្មី រៀបចំកំណែទម្រង់ស៊ីជម្រៅ ប្រកបដោយតម្លាភាព ទៅថ្ងៃអនាគត ។ ចំពោះការជួបជុំនៅថ្ងៃទី២៣ តុលា នឹងមានការពិភាក្សា ដាក់ញត្តិស្វែងរកអន្តរាគមន៍ ពីអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី នៃសន្ធិសញ្ញានៃទីក្រុងប៉ារីស ទាមទារឲ្យជួយរកយុតិ្តធម៌ ជូនម្ចាស់ឆ្នោត និងគ្រោងដាក់ញត្តិ ទៅស្ថាប័នអន្តរជាតិ មួយចំនួនផងដែរ៕
_________________________
see more at : watphnom-news.com