គណបក្ស​សង្គ្រោះ​ជាតិ​ ទាមទារ​តំណែង​ប្រធាន​រដ្ឋសភា

9/28/2013 0 Comments A+ a-

លោក​សម ​រង្ស៊ី ​ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិបាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃនេះ​ថា ​ដើម្បី​ឲ្យ​មាន​តុល្យភាព​អំណាច​​ទាល់​តែគណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តំណែង​ប្រធាន​រដ្ឋ​សភា​ដើម្បី​ដឹក​នាំ​ស្ថាប័ន​​នេះ។​ លោក​សម ​រង្ស៊ី ​បញ្ជាក់​ថា ​បើការ​ទាម​ទារ​​នេះ​​មិន​បាន​ផល​ទេ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី៦​តុលា​នេះ។​ ប៉ុន្តែ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាន​ប្រកាស​រួច​ហើយ​ថា ​គេមិន​អាច​​ប្រគល់​​តំណែង​ប្រធាន​សភា​ទៅឲ្យ​គណបក្ស​ដែលមាន​សំឡេង​ភាគ​តិច​ឡើយ។ ​
សេចក្តីរាយកាណ៍របស់​ ប៉ែន បូណា

ការទាមទារ​តំណែង​ប្រធាន​រដ្ឋសភា​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ​គ្មានអ្វី​ជា​អាថ៌កំបាំង​ទៀត​ឡើយ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការប្រគល់​តំណែង​អនុប្រធាន​សភា​មួយ ប្រធាន​គណៈកម្មការ៤ និង​អនុប្រធាន​គណៈកម្មការ​៥ ដូច​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​នោះ​មិន​គ្រប់គ្រាន់​ទេ តែ​ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តំណែង​ប្រធាន​រដ្ឋសភា និង​តួនាទី​ភាគច្រើន​ក្នុង​គណៈអចិន្ត្រៃយ​ទើប​មាន​តុល្យភាព។
លោក​សម រង្ស៊ី​បាន​សង្កត់ធ្ងន់​ទៀត​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​ជា​អ្នកគ្រប់គ្រង​រដ្ឋាភិបាល​ផង គ្រប់​គ្រង​សភា​ផង និង​ប្រព័ន្ធ​តុលាការ​ផង​ដូច​មុន​ដដែល​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ចូល​ប្រថាប់ត្រា​ឲ្យ​គណបក្ស​នេះ​ទៀត​ឡើយ។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ជំហរ​រួចហើយ​ថា ខ្លួន​មិនអាច​ប្រគល់​តំណែង​ប្រធាន​សភា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ។
នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​កាលពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ថា គ្មាន​ប្រទេស​ណាមួយ​នៅលើ​លោក​នេះ​អាច​ប្រគល់​តំណែង​ប្រធាន​សភា​ទៅ​ឲ្យ​គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​នោះ​ឡើយ។ ម្យ៉ាងទៀត បើតាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និង​រដ្ឋាភិបាល​នឹង​ជាប់គាំង​ប្រសិនបើ​គេ​ប្រគល់​តំណែង​ប្រធាន​រដ្ឋសភា​ទៅ​ឲ្យ​គណបក្សប្រឆាំង​ពីព្រោះ​ប្រធាន​សភា​មាន​សិទ្ធិ​បដិសេធ​មិន​លើក​យក​សេចក្តី​ព្រាង​ច្បាប់​ណាមួយ​មក​ជជែក​នៅក្នុង​សភា។
ប៉ុន្តែ លោក​សម រង្ស៊ី​ មិន​បាន​ចាត់ទុក​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ដែលមាន​សំឡេង​ភាគតិច​ទេពី​ព្រោះ​លោក​ចោទ​គណបក្ស​ប្រជាជន​ថា​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត។ ការ​ទាមទារ​យក​តំណែង​ប្រធាន​សភា​ក៏​មិនមែនជា​លក្ខខណ្ឌ​តែមួយ​គត់​របស់​បក្សប្រឆាំង​ដែរ។ គណបក្ស​នេះ​ក៏​នៅតែ​រក្សា​ជំហរ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​ដដែល។ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ និង​បន្ត​ដាក់​សម្ពាធ​ទៅលើ​គណបក្ស​កាន់អំណាច​តាមរយៈ​ការប្រើប្រាស់​កម្លាំង​មហាជន។ នៅក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី ២៧​ កញ្ញា ម្សិលមិញ ​គណបក្ស​សង្គ្រោះជាតិ​បាន​សម្រេច​ថា នឹង​ធ្វើ​មហា​បាតុកម្ម ឬ​កូដកម្ម​ទូទាំង​ប្រទេស​នៅក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រសិន​បើ​ការ​ទាមទារ​របស់ខ្លួន​មិនបាន​សម្រេច​ផល​ទេ៕
(កិច្ច​សម្ភាសន៍​ទាំង​ស្រុង​ជាមួយ​លោក សម រង្ស៊ី ​នឹងមាន​ផ្សាយ​ជូន​ល្ងាច​នេះ)
_____________