ទេព កុលាប ប្តឹង កុក អាន ទារជំងឺចិត្ត $៣៥ លាន
លោក ច័ន្ទ បូរ៉ា សាច់ញាតិជិតស្និទ្ធម្នាក់ របស់គ្រួសារលោក ស្រី ទេព កុលាប បានឲ្យដឹងកាលពីម្សិលមិញថា លោកស្រី ទេព កុលាប កាលពីថ្ងៃអង្គារ បានដាក់ពាក្យបណ្តឹង ប្តឹងលោក ឧកញ៉ា កុក អាន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
លោកបានថ្លែងថា៖«លោកស្រី ទេព កុលាប បានប្តឹងលោក ឧកញ៉ា កុក អាន ពីបទ «បរិហារបង្កាច់កេរ្តិ៍» តាមមាត្រា ៣១១ និង មាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ដោយទាមទារជំងឺចិត្ត សរុប ចំនួន ៣៥ លានដុល្លារ និងសុំឲ្យតុលាការផ្តន្ទាទោសលោកឧកញ៉ា កុក អាន តាមច្បាប់»។ លោកបញ្ជាក់ថា ពាក្យបណ្តឹងខាងលើនេះ មានភ័ស្តុតាងគ្រប់គ្រាន់ គឺរួមមានសាលដីកា របស់តុលាការកំពូល ដែលបានសម្រេចទម្លាក់ការចោទប្រកាន់ និងដោះលែងលោកស្រី កុលាប ពីពន្ធនាគារ និងលិខិតធ្វើសារណាឆ្លើយតប ជូនតុលាការកំពូល របស់លោក កុក អាន ចុះថ្ងៃទី ១២ កក្កដា ២០១២។ល។ លោកស្រី កុលាប ធ្លាប់បានជាប់ពន្ធនាគារអស់រយៈពេល ជាង ១៥ ខែ ដោយសារការប្តឹងរបស់លោក កុក អាន។
លោក ច័ន្ទ បូរ៉ា បានអះអាងថា យោងតាមមាត្រា ៣១១ និង មាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ជនណា ដែលប្តឹងចោទប្រកាន់គេ ទាំងបំពាន និងចាប់គេដាក់គុក ហើយតុលាការ មិនបានរកឃើញពិរុទ្ធភាព ជនដែលរងការចោទប្រកាន់ មានសិទ្ធិ ប្តឹងបក ប្រឆាំងនឹងជននោះវិញ។ លោកគូសបញ្ជាក់ថា៖ «យោងតាមភ័ស្តុតាងគ្រប់គ្រាន់ និងដ៏រឹងមាំខាងលើនេះ ខ្ញុំសង្ឃឹមថា តុលាការនឹងចាត់ការ លើបណ្តឹងរបស់លោកស្រី ទេព កុលាប និងរកយុត្តិធម៌ជូនគាត់ តាមផ្លូវច្បាប់ ជាមិនខាន»។ លោកបន្ថែមថា ចាប់តាំងពីលោកស្រី កុលាប ត្រូវបានជាប់ពន្ធនាគារអស់រយៈជាង ១៥ ខែ មក លោកស្រីត្រូវបានខាតបង់ប្រាក់កាស និងទ្រព្យសម្បតិ្តអស់ប្រមាណជាង ១៥ លានដុល្លារ មិនត្រឹមតែប៉ុណ្ណោះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរព្រមទាំងធ្វើឲ្យមានបញ្ហាសុខភាពទាំងផ្លូវ កាយនិងផ្លូវចិត្តទៀតផង។
លោក កុក អាន មិនអាចទាក់ទង សុំការបំភ្លឺបានទេ កាលពីម្សិលមិញ ហើយលោក ឡុង ដារ៉ា មេធាវី លោក កុក អាន បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ដោយមានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងនេះទេ «តែខ្ញុំយល់ថា ករណីនេះ យើងអាចសម្រុះសម្រួលគ្នាបាន»៕
_______________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍