ពលរដ្ឋនៅកំពង់ឆ្នាំង និងពោធិ៍សាត់ព្រមាន ធ្វើមហាបាតុកម្មជាថ្មីទៀត
ក្រុមបាតុករ និងសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ព្រមានធ្វើមហាបាតុកម្មអហិង្សាជាថ្មីទៀត ដើម្បីជំទាស់ទៅនឹងការបើកសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភាអាណត្តិទី៥ នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខ។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់នៅថ្ងៃទី១៩ ខែកញ្ញា ថា ពួកគាត់នៅមិនទាន់អស់ចិត្តនឹងមហាបាតុកម្មអហិង្សារយៈពេលបីថ្ងៃពីរយប់ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះទេ។ ពួកគាត់ស្នើសុំឲ្យថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិ មិនត្រូវចូលរួមប្រជុំសភាលើកដំបូងឡើយ ប្រសិនបើការទាមទារស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ឲ្យបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត មិនទាន់ត្រូវបានដោះស្រាយទេនោះ។
តំណាងប្រជាពលរដ្ឋ និងសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ មកពីតាមបណ្ដាស្រុកផ្សេងៗនៃខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ បានស្វែងរកការជួបពិភាក្សាជាមួយនឹងប្រធានក្រុមការងារគណបក្សខេត្ត និងតំណាងរាស្ត្រប្រចាំមណ្ឌលរបស់ខ្លួន ដើម្បីឲ្យជួយពាំនាំពាក្យសម្ដី និងឆន្ទៈពិតប្រាកដរបស់ខ្លួន ទៅថ្នាក់ដឹកនាំកំពូលក្នុងការពិភាក្សារកដំណោះស្រាយ ខណៈដែលស្ថានការណ៍នយោបាយនៅកម្ពុជា នៅមានភាពចម្រូងចម្រាសខ្លាំង។
បាតុករ និងជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង លោក ម៉ូត ឆេងម៉ាង មានប្រសាសន៍ថា ប្រជាពលរដ្ឋជាង ៦០នាក់ ដែលបានទៅចូលរួមធ្វើមហាបាតុកម្មជាមួយលោក កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា កន្លងទៅ នៅតែមិនទាន់ស្ងប់ចិត្ត ដោយសារតែការទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោតមិនបានផល៖ «មេត្តាយ៉ាងណាធ្វើមហាបាតុកម្មឲ្យបានមុនថ្ងៃប្រជុំសភា រហូតដល់ក្រោយប្រជុំសភា ដើម្បីកុំឲ្យការប្រជុំនេះចេះតែអនុវត្តទៅដោយគ្មានតម្លាភាព»។
លោកបន្តថា ព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ជាប្រមុខរដ្ឋ និងមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សាជាតិ ដូច្នេះទ្រង់គួរតែមានព្រះតម្រិះឡើងវិញក្នុងការកំណត់ពេលវេលាកោះហៅតំណាងរាស្ត្រទាំង ១២៣រូប ឲ្យចូលប្រជុំសភាលើកដំបូង ពីព្រោះពលរដ្ឋម្ចាស់ឆ្នោតមិនទាន់ទទួលបានដំណោះស្រាយ ឬយុត្តិធម៌នៅឡើយទេ។
លោក ជូ សំអន ដែលជាសកម្មជនម្នាក់មកពីស្រុកកំពង់លែង ដែរនោះ បានបញ្ជាក់ថា នៅថ្ងៃធ្វើមហាបាតុកម្ម ថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្គ្រោះជាតិ រវល់នឹងរឿងការចរចា ហើយពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីឡើងបង្ហាញអំពីគោលជំហររបស់ខ្លួន ឲ្យប្រជាពលរដ្ឋគាំទ្រកាន់តែជឿទុកចិត្តឡើយ៖ «សម្រាប់ខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំធ្វើបាតុកម្មបន្តទៀត ហើយសំណូមពរលោកប្រធានទាំងពីរហ្នឹងមេត្តាពង្រឹងគោលជំហរឆន្ទៈប្រជាពលរដ្ឋ គោរពសិទ្ធិប្រជាពលរដ្ឋ ធ្វើយ៉ាងណាបន្តការធ្វើបាតុកម្មរហូតដល់មានដំណោះស្រាយចុងក្រោយ»។
ចំណែកឯសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ លោក វ៉ាន់ ចាន់រី មានប្រសាសន៍ថា លោកសោកស្ដាយយ៉ាងខ្លាំងដែលមិនបានទៅចូលរួមធ្វើមហាបាតុកម្មអហិង្សា នៅរាជធានីភ្នំពេញ ដោយសារតែលោកមានជីវភាពខ្វះខាត ក៏ប៉ុន្តែក្រោយពីបានស្ដាប់ការរៀបរាប់របស់អ្នកដែលទៅចូលរួមធ្វើមហាបាតុកម្ម លោកកាន់តែមានទឹកចិត្តខ្លាំងឡើង និងបានត្រៀមប្រាក់បន្តិចបន្តួចរបស់លោកទុកផ្គត់ផ្គង់ជីវភាពគ្រួសារ ទៅចូលរួមធ្វើមហាបាតុកម្មនឹងគេ ប្រសិនបើមានលើកក្រោយទៀត៖ «ប្រជាពលរដ្ឋលោកទាមទារដាច់ខាតឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រកយុត្តិធម៌ឲ្យបាន ហើយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមេត្តាពន្យារពេលនៃការប្រជុំសភាដំបូង»។
ព្រះមហាក្សត្រព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារមួយ អញ្ជើញតំណាងរាស្ដ្រជាប់ឆ្នោតទាំង ១២៣រូប ចូលរួមប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ ព្រះអង្គបានបញ្ជាក់ថា សមាជិកគណបក្សសង្គ្រោះជាតិ មេត្តាអញ្ជើញចូលរួមក្នុងសម័យប្រជុំសភាដំបូង ដើម្បីបង្ហាញនូវការរួបរួមជាតិ និងឯកភាពជាតិ។
អ្នកវិភាគឯករាជ្យ អ្នកស្រី ជា វណ្ណាត មានប្រសាសន៍ថា ដំណោះស្រាយនយោបាយអាចនឹងមាននៅមុនថ្ងៃប្រជុំសភាលើកដំបូង ក៏ប៉ុន្តែប្រសិនបើពុំមានទេនោះ គណបក្សសង្គ្រោះជាតិ គប្បីចូលរួមប្រជុំសភាលើកដំបូងក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ ពីព្រោះគណបក្សសង្គ្រោះជាតិ នៅមានពេលវេលាច្រើនទៀត ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់៖ «ពេលនេះត្រូវចូលទៅបើកកូរ៉ុមព្រះមហាក្សត្រ ម្ល៉ោះហើយយើងអាចទុកបញ្ហាហ្នឹងទៅដោះស្រាយក្រោយការបើក ពីព្រោះថាយើងមិនមែនមានពេលធ្វើតែប៉ុន្មានថ្ងៃហ្នឹងឯណា»។
ក្រុមបាតុករ និងសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែបដិសេធមិនព្រមបង្កើតគណៈកម្មការចម្រុះ ឬមានដំណោះស្រាយត្រឹមត្រូវណាមួយ មុននឹងបើកសម័យប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីបង្កើតក្បាលម៉ាស៊ីនរដ្ឋាភិបាលអាណត្តិទី៥ ពួកគេនឹងស្នើទៅអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងប្រទេសម្ចាស់ជំនួយជាច្រើនទៀត ឲ្យជួយពិនិត្យមើល និងដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ជាបន្ទាន់៕
ប្រភពពី វិទ្យុអាស៊ីសេរី