ឈរហៅម៉ូយ ឲ្យស្រីរកស៊ីផ្លូវភេទ បានម្នាក់ រួចឆក់ទូរស័ព្ទដៃ គេរត់មិនរួច មកជាប់ អន្ទាក់អាវុធហត្ថ ក្រុងបាត់ដំបង
បាត់ដំបងៈ បុរស់ម្នាក់ រកស៊ីឈរ ហៅម៉ូយឲ្យស្រីៗ រកស៊ីផ្លូវភេទបានម្នាក់ ដោយត្រូវរូវគ្នា ដោយពឹងឲ្យកាន់ទូរស័ព្ទ ឆួលភ្លើងមើល រាប់លុយ យកមុន ឃើញឱកាសល្អ ឆក់ទូរស័ព្ទដៃ គេរត់គេចខ្លួនភ្លាម ត្រូវម្ចាស់ស្រែកឡូឡា ផ្អើលគេទាំងយប់ ត្រូវបានកម្លាំង អាវុធហត្ថ ក្រុង បាត់ដំបងស្ទាក់ចាប់បានភ្លាមៗ កាលពីវេលាម៉ោង ១និង ១០នាទី រំលងអាធ្រាត្រថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារក្រុងបាត់ដំបង នាំយកមកសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនជន សង្ស័យ ទៅតុលាការ ខេត្តនៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ដើម្បីចាត់ការ បន្តតាមច្បាប់ ។
លោក សំ វីឡុង មេបញ្ចាការរងកង រាជអាវុធហត្ថក្រុង បាត់ដំបងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបានមានឈ្មោះ រិន ប៊ុនថា ហៅខ្វែត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះ រឿង វ៉ាន់វី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាជាងចម្លាក់ឈើ រស់នៅភូមិ សូភី១សង្កាត់រតនៈក្រុងបាត់ដំបង។
តាមសម្តីស្រីរកស៊ីផ្លូវភេទ (សាក្សី) ឈ្មោះ នៅ ធា ភេទស្រី អាយុ២២ឆ្នាំ បានបញ្ជាក់ក្នុងរបាយការណ៍ សមត្ថកិច្ចថា នៅវេលាម៉ោង ១និង១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ឈ្មោះ រិន ប៊ុនថា ហៅខ្វែត បាននាំបុរសម្នាក់ ជនជាតិ វៀតណាមមកជួបនិងព្រមព្រៀងគ្នាចង់រួមភេទជាមួយខ្លួន និងយក លុយមុន ក្នុងតម្លៃ៥០.០០០រៀល ភ្លាមៗនោះ ជនរងគ្រោះបានពឹង ឲ្យជន សង្ស័យ កាន់ទូរស័ព្ទ ម៉ាកសាំស៊ុង ដើម្បីឆួលភ្លើងមើលរាប់លុយឲ្យខ្លួន ពេលកំពុង រាប់លុយទើបតែបាន ៣០.០០០រៀល ស្រាប់តែជនសង្ស័យ បានឆក់ទូរស័ព្ទរត់ គេចបាត់តែម្តង។ភ្លាមៗនោះជន រងគ្រោះបានស្រែកឡូឡា ឲ្យគេជួយហើយក៏ ឮផ្អើលសមត្ថកិច្ច រួចសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនបានភ្លាមៗ នាំយកមកសួរចម្លើយទាំងយប់។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តឆក់ទូរស័ព្ទ គេរត់ពិតប្រាកដមែន ហើយត្រូវសមត្ថកិច្ច ឃាត់បានតែម្តង។
បច្ចុប្បន្នកម្លាំង ជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៣នេះដើម្បី ចាត់ការបន្តតាមច្បាប់ ។ ចំណែកវត្ថុតាងទូរស័ព្ទដៃ១គ្រឿង ដែលរឹបអូសបាន សមត្ថកិច្ចបានប្រគល់ ឲ្យទៅម្ចាស់ដើមវិញ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល