លោក ឈាង វុន បញ្ជាក់ពីការលាលែង បេក្ខភាពតំណាងរាស្ត្រ របស់ គណបក្ស ប្រជាជនកម្ពុជា

9/09/2013 0 Comments A+ a-

ពាក់ព័ន្ធនឹងបេក្ខជន​ជាប់ឆ្នោតជាច្រើនរូប​របស់គណប​ក្ស​​ប្រជា​ជន​​កម្ពុជា ដែល​កាន់តំណែងជា​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ បាន​លាលែងពី​តួនាទី​តំណាងរាស្ត្រនោះ ត្រូវបានមន្ត្រី​ជាន់ខ្ពស់​ គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុងធ្វើ​កំណែទម្រង់ស៊ីជម្រៅ ដើម្បីឆ្លើយតប​ទៅនឹង​ការ​ចង់បានរបស់​អ្នកបោះឆ្នោត។
បើតាម​បញ្ជីឈ្មោះនៅគណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត បានបង្ហាញថា ​បេក្ខជន​ដែលជាប់ឆ្នោត​ជាតំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​តំណាងរាស្ត្រ​ជាច្រើនរូប ​ដែល​កាន់តំណែងជា​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ បាន​លាលែងពី​តួនាទី​តំណាងរាស្ត្រនោះ រួមមាន ៖ លោក វង សូត លោក ខៀវ កាញារីទ្ធ លោកជា សុផារា លោក លឹម គានហោ លោក អ៊ិត សំហេង​ និងលោក  ចម ប្រសិទ្ឋិ ជាដើម។ លោកជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ និងជា​ប្រធាន​ព្រឹទ្ធសភា​ ក៏​បាន​លាលែងដែរ។
ប៉ុន្តែទាក់​ទឹងនឹងការលាលែងនោះ  គេ​ក៏​នៅ​មិនទាន់បានដឹងទេថា ពួកគេ​នឹង​នៅ​កាន់តំណែង​រដ្ឋមន្ត្រី​បន្តទៀត​ ឬយ៉ាងណា​នោះដែរ។
​ លោក ឈាង វុន មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​ធ្វើការបកស្រាយបញ្ជាក់ ជុំវិញនឹងការលាលែង នោះ ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុងធ្វើ​កំណែទម្រង់ស៊ីជម្រៅ ដើម្បីឆ្លើយតប​ទៅនឹង​ការ​ចង់បានរបស់​អ្នកបោះឆ្នោត។ ការ​ចង់បាន​របស់​អ្នកបោះឆ្នោត​ដែល​បាន​សំដែងចេញ​ តាម​រយៈការ​​បោះឆ្នោត​ នាថ្ងៃទី​២៨​ ខែកក្កដា​កន្លងទៅនេះ។ លោក ឈាង វុន​ក៏​បាន​បញ្ជាក់ផងដែរ​អំពី​ការ​ដាក់បញ្ចូលកម្លាំងយុវជន​ដែលទំពាំងស្នងប្ញស្សីទៅ​ក្នុង​ម៉ាស៊ីន​ការងារ​របស់​គណបក្សប្រជាជនកម្ពុជា​។
ជុំវិញបព្ហានេះលោក កែវ ផល្លា ប្រធាន​នាយកដ្ឋានសេវាកម្ម​ច្បាប់ និង​វិវាទ​កម្ម​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​អះអាង​ថា មាន​ការ​លាលែង​ច្រើន​នៃបេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មែន ហើយការ​លាលែង​នេះ​ត្រូវបាន​អនុញ្ញាតដោយនីតិវិធី ដែល​គេអាច​ធ្វើ​បាន​ នៅ​មុនការ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត៕
ប្រភពពី Free Press Magazine