គំរាមសង្សារ លេបថ្នាំអស់ ៣០គ្រាប់ គ្រូពេទ្យជួយ សង្គ្រោះ ខ្លាចស្លាប់ នាំគ្នាទៅផ្ទះវិញ
ប្រភព អង្គរធំមេឌា
រាជធានីភ្នំពេញ ៖ កម្មការិនីកាត់ដេរម្នាក់ ត្រូវមិត្តភក្តិអះអាងថា លេបថ្នាំអស់ ៣០គ្រាប់ បានបញ្ជូនទៅមន្ទីរពេទ្យ គ្រូពេទ្យសុងទុយោ លាងក្រពះជម្រះជាតិពុលពិបាកទ្រាំពេក សុំពេទ្យត្រឡប់ទៅវិញ មិនចាំបាច់លាងក្រពះទេ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ១រំលងអធាត្រឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ នៅបន្ទប់ជួលម្តុំផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក ។
នារីដែលលេបថ្នាំដើម្បីគំរាមសង្សារនេះមានឈ្មោះ យឹម ផេង អាយុ២៥ឆ្នាំ មុខរបរកម្មការិនីកាត់ដេរ ស្នាក់នៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក ត្រូវមិត្តស្រីម្នាក់ និងយុវជនជាសង្សារជូនទៅ មន្ទីរពេទ្យព្រះកុសុមៈ ដោយប្រាប់ថា នាងលេបថ្នាំប៉ារាសេ តាមលអស់ ៣០គ្រាប់ សុំឲ្យគ្រូពេទ្យ ជួយសង្គ្រោះផង ។ ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យរៀបចំលាងក្រពះជម្រះជាតិពុល ដោយសុងទុយោតាមច្រមុះ មិនទាន់ទាំងសុងទុយោរួចផង ដោយសារតែពិបាកទ្រាំខ្លាំងពេក នាងខ្លាចស្លាប់ បានឲ្យសង្សារទៅគិតលុយថ្លៃថ្នាំឲ្យគ្រូពេទ្យ ហើយមិនឲ្យគ្រូពេទ្យលាងក្រពះទេ បាននាំគ្នាដើរត្រឡប់ទៅផ្ទះវិញអស់ ។
ប្រភពព័ត៌មានពីមិត្តភក្តិបានឲ្យដឹងថា បានជានាងលេបថ្នាំ ដោយសារតែមានទំនាស់ជាមួយសង្សារ ហើយមិនចង់ស្លាប់ទេ គ្រាន់តែលេបថ្នាំគំរាមសង្សាររបស់គេតែប៉ុណ្ណោះ លុះពេលដឹងថា លេបថ្នាំហើយយុវជនជាសង្សារ បាននាំនាងទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ។
បើតាមសន្និដ្ឋានរបស់គ្រូពេទ្យនារីខាងលើ មិនបានលេបថ្នាំអស់ទៅ ៣០គ្រាប់ទេ លេបតិចតួច តែប៉ុណ្ណោះ បើសិនជាលេបថ្នាំច្រើន គ្រាប់មែននោះមិនបានដើរដោយស្រស់ស្រាយបែបនេះទេ គឺដើរមិនរួចទេ ។ ទោះបីជាយ៉ាងណា យុវជនយុវនារីសម័យហ្វេសបុកទាំងអស់គ្នា គួរតែកុំយកវិធី លេបថ្នាំសម្លាប់ធ្វើជាល្បែងលេងសើចឲ្យសោះ ការស្លាប់មិនអាចវិលត្រឡប់ក្រោយវិញបានទេ ហើយជីវិតមនុស្ស ក៏មិនមានដាក់លក់នៅតាមផ្សារដែរ ៕

