គណបក្សសង្គ្រោះជាតិ នៅតែបន្តរកយុត្តិធម៌ ឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត
ភ្នំពេញ: លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយថា គណបក្សសង្គ្រោះជាតិ នៅតែបន្តរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលជាអធិបតីនៃការបោះឆ្នោត និងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រទេជាតិ ដែលកំពុងតែមានបញ្ហា។
លោក កឹម សុខា បានបន្តថា រដ្ឋាភិបាល សព្វថ្ងៃ កំពុងប្រឈមមុខជាមួយអន្តរជាតិ ហើយគេនឹងមិនជួយ។
លោក កឹម បានបន្តទៀតថា គណបក្សសង្គ្រោះជាតិ នឹងបន្តផ្លាស់ប្តូរ តាមរយៈការកែទម្រង់ ហើយគណបក្សសង្គ្រោះជាតិ នឹងចេញសៀវភៅមួយ ពាក់ព័ន្ធនឹងការកែទម្រង់។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយថា ករណីគប់គ្រាប់បែក នៅពីមុខរដ្ឋសភាចាស់ ពីឆ្នាំ១៩៩៧ មកដល់ពេលនេះ មិនទាន់រកឃាតកឃើញនៅឡើយទេ ហើយគណបក្សសង្គ្រោះជាតិ នៅតែប្តេជ្ញាចិត្តរកឃាតកពិត ឲ្យទាល់តែបាន។
មេដឹកនាំទាំងពីររូបនេះ នៃគណបក្សសង្គ្រោះជាតិ បានធ្វើឡើងនៅក្នុងពិធីបង្សុកូលឧទ្ទិសកុសលដល់អ្នកដែលស្លាប់ ក្នុងបាតុកម្មមួយ នៅខាងមុខអតីតរដ្ឋសភាជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ក្នុងការវាយប្រហារដោយគ្រាប់បែកដៃ៕