ស្រវឹងស្រាជេរប្រមាថ និងច្រានម្តាយបង្កើត ធ្លាក់ពីលើគ្រែបាក់ជើងម្ខាង
ខេត្តកណ្តាល ៖ បុរសម្នាក់បន្ទាប់ពីត្រឡប់មកពីផឹកស៊ីស្រវឹង បានស្រែកជេរប្រមាថ និងច្រានម្តាយទម្លាក់ពីលើគ្រែ បណ្តាលឲ្យបាក់ជើងឆ្វេងម្ខាង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
បើទោះបីជាបែបណា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកអន្តរាគមន៍ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាព រួចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ចាត់ការបន្តតាមនីតិវិធីច្បាប់ ។ មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡេង សារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មានប្រពន្ធជាជនពិការប្រកបរបរដើរសុំទាន តែគ្មានកូនទេ បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយម្តាយ ។ ចំណែកឯជនរងគ្រោះដែលត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យនោះមានឈ្មោះ អ៊ួន សារ៉ន អាយុ៥៤ឆ្នាំ មុខរបរជាកសិករ មានទីលំនៅស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
លោក កង ចន្ថា អធិការរងនគរបាលស្រុកលើកដែក បានឲ្យដឹងថា កន្លងមកជនសង្ស័យតែងតែដើរផឹកស្រាស្រវឹងជោកជាំស្ទើររាល់ថ្ងៃ ពុំសូវលោះថ្ងៃនោះទេ ដោយជននេះពុំគិតគូររឿងរកស៊ីអ្វីឡើយ ខណៈដែលមានប្រពន្ធជាជនពិការជើងទាំងសងខាង ជិះរទះដើរសុំទាននៅក្នុងភូមិ ។ លោកអធិការរងបានបន្តថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោងប្រមាណ៩ព្រឹក ជនសង្ស័យបានត្រឡប់មកពីផឹកស៊ីស្រវឹងជោកជាំ ហើយបានស្រែកជេរប្រមាថទៅលើជនរងគ្រោះដែលជាម្តាយបង្កើត ។
មិនតែប៉ុណ្ណោះជនសង្ស័យបានយកសម្ភារៈប្រើប្រាស់ក្នុងផ្ទះវាយបំផ្លិចបំផ្លាញចោលគ្មានសល់ បន្ទាប់ពីឃើញ
ទង្វើរបស់កូនប្រុសយ៉ាងដូច្នេះស្ត្រីរងគ្រោះ ក៍បានស្ទុះចូលទៅឃាត់ ខណៈនោះជនសង្ស័យបានធាត់មកលើជនរងគ្រោះមួយជើង បណ្តាលឲ្យធ្លាក់ពីលើគ្រែរងរបួសបាក់ជើងឆ្វេងម្ខាងតែម្តង ។ លោក កង ចន្ថា បានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង ។ចំណែកឯជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងស្រុកលើកដែក ។ ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចនគរបាលថា រូបគេពិតជាបានប្រើអំពើហិង្សាទៅលើម្តាយបង្កើតប្រាកដមែន ខណៈដែលរូបគេស្រវឹងបាត់បង់ស្មារតីទៅហើយនោះ ៕
_______________________
ប្រភពពីនគរវត្ត