៣នាក់ម្តាយនិងកូន ត្រូវទឹកហូរកួចបណ្តាល ឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តរតនគិរី ៖ រឿងហេតុដ៏គួរឲ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ដោយសារតែមានគ្រួសារមួយក្រុមត្រូវបានទឹកហូរកួចបណ្តាលឲ្យលង់ស្លាប់ម្តាយនិង កូន២នាក់ នៅត្រង់ចំណុចស្ពានអូរចេង ភូមិអូរចេង ឃុំតាអង ស្រុកកូនមុំ ចំណែកបុរសជាប្តីសំណាងបានរួចខ្លួន ។
បើតាមប្រភពព័ត៌មានពីខេត្តរតនគិរីបានឲ្យដឹងថា ជនរងគ្រោះជាម្តាយឈ្មោះ ស្រី ណយ អាយុ២៤ឆ្នាំ ជាជនជាតិឡាវ ចំណែកកូនប្រុសទាំងពីរមានឈ្មោះ ហួត បារមី អាយុ ៤ឆ្នាំ និង ហួត ភក្តី អាយុ២ឆ្នាំ ពួកគេទាំង៣នាក់ត្រូវស្លាប់បាត់បង់ជីវិត ចំណែកបុរសប្តីឈ្មោះ ហួត វាសនា អាយុ ៣៣ឆ្នាំ បានរួចខ្លួន ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុក្រុមគ្រួសារដែលមានសមាជិក៤នាក់នេះ បានជិះម៉ូតូឌុបគ្នាពីក្រុងបានលុង ក្នុងបំណងឆ្ពោះទៅកាន់ស្រុកកំណើតនៅស្រុកលំផាត់។ ប៉ុន្តែខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ទឹកជំនន់បានហូរកួចខ្លាំងកាត់ផ្លូវធ្វើឲ្យប្តីជាអ្នកឌុបទប់ចង្កូតមិនជាប់បណ្តាលឲ្យដួល ហើយពេលនោះប្តីបានស្រវេស្រវាចាប់ទាំងម្តាយនិងកូនទាំងពីរ ខណៈខ្លួនទប់ជំហរមិនជាប់ដែរនោះ ក៏បានរបូតជនរងគ្រោះទាំង៣នាក់ម្តាយនិងកូន ហើយក៏ត្រូវទឹកហូរកួចស្លាប់ភ្លាមៗគួរឲ្យរន្ឋត់ជាទីបំផុត ។
បន្ទាប់ពីកើតហេតុ សាកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានគេបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ច រួមជាមួយប្រជាពលរដ្ឋបាននាំគ្នាជួយស្រង់យកចេញពីទឹក៕