ពូឃ្លាំងក្លាយជាឯក អគ្គរដ្ឋទូតសុច្ឆន្ទៈជួយកុមារ និងរកប្រាក់ឲ្យបាន$៣០ម៉ឺន
ភ្នំពេញៈ បន្ទាប់ពីស្ងាត់វត្តមានបន្តិច តារាចម្រៀង ហ៊ីបហប បែបខ្មែរវ័យ៣៤ឆ្នាំដែលភាគច្រើនរំលេចខ្លួនជាក្រុមក្នុងកម្មវិធីប្រគំតន្រ្តីមនុស្សធម៌ស្ទើរគ្រប់ស្ថាប័នអង្គការគាំពារកុមារប្រចាំនៅប្រទេសកម្ពុជាពូឃ្លាំង នៅពេលនេះ លោកបានទទួលឋានៈជា តារាចម្រៀងអគ្គរដ្ឋទូតសុច្ឆន្ទៈ សម្រាប់អង្គការស្នាមញញឹមនៃកុមារ និងត្រូវរកប្រាក់ចំនួន៣០ម៉ឺនដុល្លារសម្រាប់កុមារក្រីក្រនៅកម្ពុជាក្នុងមួយឆ្នាំ។
ផ្តល់បទសម្ភាសតាមទូរស័ព្ទជាមួយភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី២៥ខែកញ្ញាម្សិលមិញនេះ តារាចម្រៀងហ៊ីបហបបែបខ្មែរពូឃ្លាំង បានឲ្យដឹងថា៖«ខ្ញុំទើបតែមានឈ្មោះជាតារាចម្រៀងអគ្គរដ្ឋទូតសុច្ឆន្ទៈបានបីបួនថ្ងៃហ្នឹង! ខ្ញុំបានចុះកិច្ចសន្យាជាមួយអង្គការPSE និងអង្គការស្នាមញញឹមនៃកុមារ នៅមជ្ឈមណ្ឌលអង្គការPSEកាលពីថ្ងៃទី២១ខែកញ្ញា ក្នុងភូមិព្រែកទប់អតីតកន្លែងចាក់សំរាមស្ទឹងមានជ័យ»។
ប៉ុន្តែតារាចម្រៀងហ៊ីបហបវ័យជាង៣០ឆ្នាំរូបនេះអះអាងថា មិនមែនទើបតែថ្មីនេះទេ ដែលរូបលោកនិងអង្គការខាងលើនេះរួមគ្នាជួយរកថវិកាតាមរយៈមនុស្សធម៌ ជួយដល់កុមារនៅក្នុងមណ្ឌលនេះ។ លោកបានជួយការងារសង្គមមួយនេះដែលតារាចម្រៀងដទៃមើលរំលងច្រើនឆ្នាំមកហើយ។
លោកបញ្ជាក់ថា៖«ខ្ញុំមិនមានតួនាទីនិងមិនទទួលកម្រៃពីក្នុងអង្គការនេះឡើយក្រៅពីមានឈ្មោះជាតារាចម្រៀងអគ្គរដ្ឋទូតសុច្ឆន្ទៈនោះ។ ប៉ុន្តែកិច្ចការដែលខ្ញុំត្រូវធ្វើ គឺរកលុយឲ្យបានសម្រាប់បំពេញតម្រូវការ និងតួនាទីដែលអង្គការនេះផ្តល់ឲ្យហើយយើងត្រូវសន្សំៗរហូតទាល់តែគ្រប់ចំនួនក្នុងមួយឆ្នាំ៣០ម៉ឺនដុល្លារ។ គោលការណ៍ត្រូវនាំក្រុមសិល្បៈរបស់ខ្ញុំដែលធ្វើយ៉ាងណាឲ្យគេយល់ដើម្បីចូលរួមសម្តែងអត់គិតកម្រៃដើម្បីឲ្យគ្រប់តាមការគ្រោងទុកហើយការងារនេះមិនបានកំណត់ពេលវេលានោះទេ។
យ៉ាងណាក៏ដោយទឹកប្រាក់៣០ម៉ឺនដុល្លារនោះមិនបានកំណត់តែពូឃ្លាំងម្នាក់ឯងឡើយខណៈគម្រោងនេះគ្រាន់តែជាគម្រោងមួយតម្កល់សម្រាប់ចំណាយប្រចាំឆ្នាំដែលអង្គការកំណត់ជាគោលការណ៍រដ្ឋបាលជាយូរមកហើយ។ អគ្គរដ្ឋទូតសុច្ឆន្ទៈដែលទើបទទួលតំណែងថ្មី ពូឃ្លាំងអះអាងថា៖ «ប្រាក់៣០ម៉ឺនដុល្លារច្រើន តែយើងមានគម្រោងហើយហើយតាមគម្រោងនោះអាចនឹងជោគជ័យ ហើយក៏អាចរកប្រាក់បានតាមការរំពឹងនោះក៏មិនក្រោម៥០ទៅ៧០ភាគរយនោះដែរ នេះសម្រាប់ខ្ញុំ ហើយខ្ញុំនឹងប្រឹងឲ្យពេញតាមគោលការណ៍របស់អង្គការនេះដែរ»។
លោកបានប្រាប់ទៀតថា៖«នៅដើមឆ្នាំ២០១៤នឹងចាប់ផ្តើមពួកយើងកំពុងពិភាក្សាគ្នា ធ្វើកម្មវិធីប្រគុំតន្ត្រីតាមខេត្តក្រុងហើយនៅថ្ងៃទី២១ ខែវិច្ឆិកា យើងធ្វើឲ្យមានកម្មវិធីជិះកងភ្នំពេញកំពត ដើម្បីប្រមូលថវិកាចូលអង្គការដូចដែលយើងធ្វើកន្លងមកនៅពហុកីឡដ្ឋានជាតិអូឡាំពិកអ៊ីចឹងដែរ ដែលគម្រោងនេះក៏អាចរកប្រាក់ជួយអង្គការច្រើនគួរសមដែរ»។
ជាមួយការពន្យល់និងបង្ហាញគោលដៅជួយការងារទ្រទ្រង់មណ្ឌលជួយដល់កុមារនោះ ពូឃ្លាំង បានរៀបរាប់ពីមូលហេតុដែលអង្គការ PSE រើសយករូបលោកធ្វើជាតារាអគ្គរដ្ឋទូតសុច្ឆន្ទៈនោះថា៖«សម្រាប់ខ្ញុំមុននឹងគេជ្រើសរើសយក ប្រហែលជាគេឃើញចំណុចមួយចំនួនពាក់ព័ន្ធនឹងការងារនោះ»។ លោកប្រាប់ទៀតថា៖«ចំពោះតួនាទីខ្ញុំ ត្រូវចេះស្រឡាញ់ពួកគេឲ្យបានច្រើននឹងឲ្យពួកគេក្លាយជាមនុស្សល្អ និយាយឲ្យស្រួលស្តាប់ ដូចខ្ញុំមានកូនហើយក្នុងការចិញ្ចឹមកូនម្នាក់តើវាពិបាកប៉ុន្មាន ទម្រាំតែកើតមក និងធំពេញរូបរាង មានការហូបចុកគ្រប់គ្រាន់ បានទៅរៀនសូត្រ មានចំណេះយល់ដឹងដែលកុមារទូទៅត្រូវទទួលបាននោះ។
ពូឃ្លាំងបានបញ្ជាក់ទៀតថា៖«ឃើញមានការខុសគ្នាច្រើនរវាងកុមារក្រីក្រ កំព្រា និងកុមារដែលជាកូនអ្នកមាននោះហើយចំណុចទាំងនេះខ្ញុំគិតថាខ្ញុំត្រូវតែជួយដល់ការងារសម្រាប់កុមារជាមួយនឹងPSEជាពិសេសអាចនាំឲ្យមនុស្សយល់ថាការងារនេះជាអ្វី ហើយអ្នកមានចិត្តធម៌មួយចំនួនមិនទាន់បានជួយ»។
ជាមួយគ្នានោះដែរ លោកពិន សារពេជ្រ ជាប្រធានអង្គការPSEក៏បានឲ្យដឹងថា៖«ការដែលយើងរើសយកពូឃ្លាំងហើយសិល្បករដទៃទៀតមិនយក គឺមិនមែនយើងមិនចង់នោះទេលោកចង់បានអ្នកផ្សេងទៀតឲ្យមកចូលរួមដូចគ្នាដែរ។ បើសិនជាមានអ្នកផ្សេងទៀតចង់ចូលរួមដើម្បីធ្វើយ៉ាងណាឲ្យការអប់រំរបស់យើងមានការកើនឡើងគឺយើងក៏ទទួលពួកគាត់យ៉ាងរាក់ទាក់ដូច្នេះដែរ»។ លោកបានបន្តថា៖«ពូឃ្លាំងគាត់ជាទូតទីមួយ។ ប៉ុន្តែគាត់ក៏មិនមែនទើបតែធ្វើការជាមួយអង្គការរបស់យើងនៅពេលនេះនោះដែរគាត់បានធ្វើការជាមួយPSE យូរមកហើយ ទើបយើងសម្រេចជ្រើសរើសគាត់ជាជំនាន់ទីមួយ»។
លោកប្រធានអង្គការ PSE ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា៖«តទៅមុខទៀតអាចមានតារាផ្សេងទៀតចង់មកចូលរួមគឺយើងទទួលទាំងអស់ ហើយយើងក៏សង្ឃឹមដែរតាមរយៈពូឃ្លាំងដែលគាត់អាចទំនាក់ទំនងអ្នកសិល្បៈមករួមការងារជួយកុមារនេះ ហើយអ្នកនោះក៏អាចក្លាយជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈបន្ទាប់ពីពូឃ្លាំងក៏ថាបានឲ្យតែពួកគេស្រឡាញ់ការងារជួយក្មេងៗ»៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍