ចោរជើងខ្លាំង២នាក់ឆក់ អាយកូមអ្នកកាសែត យកម៉ូតូអ្នកកាសែត ជិះគេចខ្លួនទុក បន្សល់ទុកម៉ូតូខ្លួនឯងចោល
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២ និង ២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ កញ្ញា ២០១៣ មានជនដៃដល់ ២នាក់ បានជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់យកអាយកូមអ្នកកាសែតម្នាក់ រួចជិះម៉ូតូគេចខ្លួន ពេលអ្នកកាសែតដេញតាម ម៉ូតូជនល្មើសបានជ្រុលទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋ ១គ្រឿង បណ្តាលឲ្យដួលភ្លាមៗអ្នកកាសែតចុះពីលើម៉ូតូស្រែកផ្អើលឆោឡោឲ្យគេជួយ ស្រាប់តែជនល្មើសភ័យស្លន់ស្លោពេក ក៏លើកម៉ូតូអ្នកកាសែតជិះរត់ទៅបាត់ ដោយបន្សល់ទុកម៉ូតូខ្លួនឯងនៅនឹងកន្លែងតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុង ចំណុចមុខផ្សារឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនល្មើស២នាក់ ជិះម៉ូតូឌ្រីម C125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AE-7656 ធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ធ្វើសកម្មភាពឆក់យកអាយកូមពីអ្នកកាសែតម្នាក់ ហើយត្រូវអ្នកកាសែតរូបនោះ ជិះដេញរហូតដួលម៉ូតូភ័យស្លន់ច្រឡំលើកម៉ូតូអ្នកកាសែតជិះគេច ខ្លួនទៅវិញ ។
ចំណែកឯ ម៉ូតូអ្នកកាសែតមានម៉ាកស៊ីរូស ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ Press ជនរងគ្រោះជាអ្នកកាសែត បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរ បាលរដ្ឋបាលផ្សារដើមគរឲ្យជួយដោះស្រាយ ៕
ប្រភពពី Phnom Penh Daily