ក្រុមយុវជន ប្ដេជ្ញាបន្តជូន បាច់ផ្កាដល់កងទ័ព
តុលាការសម្រេចដោះលែងយុវជន ៤នាក់ ជាប់ចោទពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាលឲ្យឋិតនៅក្រៅឃុំបណ្ដោះអាសន្ន។ ប៉ុន្តែយុវជនទាំងនោះនៅជាប់បទចោទ និងត្រូវឋិតក្រោមការឃ្លាំមើលរបស់តុលាការ។
អង្គការសង្គមស៊ីវិលដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស រិះគន់ចំពោះការចាប់ខ្លួនយុវជននោះថា ជាការប៉ុនប៉ងយ៉ាងច្បាស់មួយដើម្បីគំរាមដល់យុវជនកម្ពុជា កុំឲ្យចូលធ្វើសកម្មភាពក្នុងនយោបាយ។ យ៉ាងណាក្រុមយុវជនទាំងនោះមិនបានបោះបង់ឆន្ទៈរបស់ខ្លួន និងអះអាងថាបន្តគម្រោងចែកផ្កាកុលាបទៅដល់ទាហានមន្ត្រីប៉េអឹមដើម្បីសុំសន្តិភាព ខណៈមានការចល័តទ័ពនិងរថក្រោះច្រើនគ្រឿងចូលមកក្រុងភ្នំពេញ។
បណ្ដាញក្រុមយុវជនស្ម័គ្រចិត្តនៅតែអះអាងថា បន្តគម្រោងចែកផ្កាកុលាបទៅដល់កងកម្លាំងប្រដាប់អាវុធគ្រប់ភេទក្នុងរាជធានីភ្នំពេញ ដើម្បីសុំសន្តិភាព និងឲ្យបញ្ចៀសអំពើហិង្សាណាមួយកើតឡើង ប្រសិនបើមានការផ្ទុះបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតពីប្រជាពលរដ្ឋ។
យុវតី ធី សុវណ្ណថា សិស្សថ្នាក់ទី១១ និងជាបណ្ដាញក្រុមយុវជនស្ម័គ្រចិត្តបញ្ជាក់ថា ការចែកផ្កាកុលាបទៅដល់កងកម្លាំងប្រដាប់អាវុធ ជាការបង្ហាញនូវទឹកចិត្តស្លូតបូត និងជាសារមួយស្រទន់សម្រាប់ពញ្ញាក់អារម្មណ៍កងកម្លាំងប្រដាប់អាវុធឲ្យដឹងពីទឹកចិត្តពលរដ្ឋចង់បានសន្តិភាព និងបញ្ចៀសអំពើហិង្សាបង្ហូរឈាមកើតឡើង។
គម្រោងចែកផ្កាកុលាបពណ៌លឿងរបស់ក្រុមយុវជន ដោយមានភ្ជាប់នូវពាក្យថា ប៉ូលិស ប៉េអឹម ទាហាន និងប្រជាពលរដ្ឋខ្មែរជាគ្រួសារតែរួមឈាមតែមួយ មិនទាន់ចាប់ផ្ដើមនៅឡើយទេ។ គម្រោងនេះបានផ្អាកយ៉ាងតក់ក្រហល់កាលពីថ្ងៃទី១៥ ខែសីហា នៅគ្រាដែលក្រុមយុវជន ៤នាក់ ត្រូវបានសមត្ថកិច្ចចាប់និងឃុំខ្លួន ក្រោមបទចោទប្រកាន់ថា បានញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។ អាជ្ញាធរបានភ្ជាប់សាច់រឿងរបស់យុវជនទាំង ៤នាក់នោះទៅនឹងលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលកំពុងគេចខ្លួននៅក្រៅប្រទេស។
លោក សួន សេរីរដ្ឋា ត្រូវបានតុលាការចេញដីកាចាប់ខ្លួនពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយចោទថា បានកសាងកម្លាំងប្រដាប់អាវុធខុសច្បាប់ប្រឆាំងរដ្ឋាភិបាល។
ត្បិតយុវជនទាំង ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ប៉ុន្តែត្រូវឋិតក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយសិទ្ធិរបស់ពួកគេត្រូវដាក់ដែនកំណត់។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានទទូចសុំឲ្យតុលាការទម្លាក់ការចោទប្រកាន់ទៅលើពួកគេទាំងស្រុងដោយពន្យល់ថា ការចែកផ្កា និងទឹកសុទ្ធ ឬស្បៀងអាហារផ្សេងៗទៅដល់កម្លាំងប្រដាប់អាវុធមិនមែនជាការញុះញង់ឲ្យមានបទឧក្រិដ្ឋនោះទេ។
មន្ត្រីអង្គការសង្គមស៊ីវិលបញ្ជាក់ថា ការចោទប្រកាន់ដល់ក្រុមយុវជនទាំង ៤នាក់ ដោយមិនសមទំនងកំពុងបង្ហាញពីការប៉ុនប៉ងយ៉ាងច្បាស់មួយដើម្បីគំរាមដល់យុវជនកម្ពុជា កុំឲ្យចូលធ្វើសកម្មភាពក្នុងនយោបាយ។
យ៉ាងណាយុវតី ធី សុវណ្ណថា បណ្ដាញយុវជនស្ម័គ្រចិត្តបង្ហាញជំហរថា ក្រុមយុវជនរបស់ពួកគាត់មិនរាថយនឹងរុញរាចំពោះការគំរាមសម្លុតរបស់អាជ្ញាធរឡើយ។ ផ្ទុយទៅវិញ ការចាប់ខ្លួនយុវជន ៤នាក់នោះ កំពុងបញ្ឆេះកម្លាំងចិត្តឲ្យយុវជនឯងទៀតរួមគ្នាដើម្បីចូលរួមការងារសង្គមតាមរយៈការចែកផ្កាសុំសន្តិភាព។ យ៉ាងណាគម្រោងចែកផ្កានោះមិនទាន់បញ្ជាក់ថា ត្រូវធ្វើពេលណាឲ្យច្បាស់ ដោយត្រូវស្វែងរកអ្នកគាំទ្រឲ្យបានច្រើនជាងមុន។
យោងតាមរបាយការណ៍មួយបង្ហាញថា អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត (Internet) នៅកម្ពុជា មានចំនួនជាង ២លាននាក់ (២.៤៦៦.៣០៥) គិតត្រឹមចុងខែតុលា ឆ្នាំ២០១២ ហើយក្នុងនោះមានប្រមាណ ៦៩០.៣០៥នាក់ជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
ក្រុមយុវជនបានស្វែងរកការគាំទ្រគម្រោងនេះតាមបណ្តាញសង្គមហ្វេសប៊ុក។ ក្រុមយុវជនទាំងនោះភាគច្រើនបានចំណាយថវិកាផ្ទាល់ខ្លួនចូលមូលនិធិរបស់ពួកគេសម្រាប់ទិញផ្កា ហើយអ្នកខ្លះអំពាវនាវសុំពីសប្បុរសជនដែលចង់បានសន្តិភាព។
យុវជន កែវ សាម៉ាឌី ជាអ្នកសរសេរកំណត់ហេតុបណ្ដាញ និងគេហទំព័ររៀនដើម្បីខ្មែរ www.learn 4khmer.com យល់ឃើញថា យុវជនមានសិទ្ធិពេញលេញចូលរួមក្នុងសកម្មភាពនយោបាយ។ លោកបញ្ជាក់ថា ការចែកផ្កាដល់កងទ័ពរបស់កុ្រមយុវជនមិនមែនជាការបង្ហាញនិន្នាការនយោបាយគណបក្សណាមួយ ឬជាការប្រឆាំងនឹងរាជរដ្ឋាភិបាលឡើយ។ ប៉ុន្តែជាការងារបែបមនុស្សធម៌ និងការជួយសង្គម។
យុវជន កែវ សាម៉ាឌី បញ្ជាក់ថា យុវជនចង់បង្ហាញពីទឹកចិត្តស្និតស្នាលរវាងយុវជននិងកងទ័ព។ ម្យ៉ាងបង្ហាញពីការទាមទារដោយសន្តិវិធី និងជាសារបន្ទន់ចិត្តឲ្យរាជរដ្ឋាភិបាលដោះស្រាយជំលោះនយោបាយដោយសន្តិវិធីបញ្ចៀសអំពើហិង្សាកើតឡើង។
យុវជន ទត់ ចាន់បញ្ញា ឲ្យដឹងក្រោយចេញពីពន្ធនាគារថា ខ្លួននិងដៃគូ គឺកញ្ញា សុខ ដាលីស ក៏មិនខុសពីយុវជនឯទៀតដែរ គឺចង់បានសន្តិភាព ហើយបញ្ជាក់ថា ពួកគេពុំមានជាប់ពាក់ព័ន្ធនឹងការចែកខិត្តប័ណ្ណឡើយ។ តាមគម្រោងដែលពួកគេចង់ធ្វើនោះ គឺការចែកជូនផ្កាមួយពាន់ទងទៅដល់កម្លាំងប្រដាប់អាវុធក្នុងក្រុងភ្នំពេញ។
ប្រធានគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ឲ្យដឹងថា តាមការស៊ើបអង្កេត លោក ទត់ ចាន់បញ្ញា និងកញ្ញា សុខ ដាលីស មិនបានពាក់ព័ន្ធនឹងការចែកខិត្តប័ណ្ណអ្វីទេ។ ប៉ុន្តែក្រុមយុវជនស្ម័គ្រចិត្តមានគម្រោងចែកផ្កាកុលាបដល់កម្លាំងប៉ូលិស ទាហាន និងប៉េអឹម ដោយស្នើសុំឲ្យមានការប្រើប្រាស់ដោយសន្តិវិធី អហិង្សា ធ្វើយ៉ាងណាឲ្យមានសន្តិភាព ដោយយកផ្កាជាតំណាង។
លោក អំ សំអាត បញ្ជាក់ថា លោក ទត់ ចាន់បញ្ញា និងដៃគូ គឺកញ្ញា សុខ ដាលីស មិនគួរជាប់ទោសដោយសារគម្រោងជូនផ្កាបែបនេះទេ។ ម្យ៉ាងអ្នកទាំងពីរមិនបានស្គាល់យុវជន ២នាក់ទៀត គឺលោក ហ៊ើយ បូរិន បុគ្គលិកក្រុមហ៊ុន អាតូម៉ិច និងកញ្ញា ឡុង លីផេង ជាម្ចាស់រោងពុម្ពមួយកន្លែង ទំនងថា បានពាក់ព័ន្ធដល់ការបោះពុម្ភខិត្តប័ណ្ណ ហើយអ្នកទាំងពីរនោះ ក៏មិនបានស្គាល់ ទត់ ចាន់បញ្ញា និងកញ្ញា សុខ ដាលីស ដូចគ្នា។
យុវវ័យទាំង ៤នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាលតាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើតុលាការរកឃើញពិរុទ្ធភាពនោះ ពួកគេអាចនឹងជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យប្រាក់ពី ១លាន (១.០០០.០០០) ទៅ ៤លានរៀល (៤.០០០.០០០)។
អ្នកស្រី ណាលី ពីឡូក (Naly Pilorge) នាយិកានៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួនយុវជទាំងនេះកើតឡើងស្របពេលដែលយុវជនងើបឡើងចូលរួមក្នុងនយោបាយ។
នេះជាលើកទី១ហើយ ក្នុងអំឡុងពេល ៣០ឆ្នាំចុងក្រោយដែលឃើញសន្ទុះយុវជន ហ៊ានប្រឡូកក្នុងរឿងនយោបាយដោយជំហរ។
គម្រោងចែកផ្កានិងទឹកសុទ្ធដល់កងទ័ពធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានចល័តទ័ព និងរថក្រោះ ចូលមករាជធានីភ្នំពេញ ដើម្បីត្រៀមបង្ក្រាបក្រុមបាតុករពលរដ្ឋដែលបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
យុវជនខ្លាចក្រែងការបង្ក្រាបមានការផ្ទុះហិង្សាកើតឡើង ដូចបាតុកម្មតវ៉ាលទ្ធផលបោះឆ្នោតកាលពីឆ្នាំ១៩៩៨។ បាតុកម្មពេលនោះមានការបង្ក្រាបយ៉ាងខ្លាំងពីសំណាក់កងកម្លាំងប្រដាប់អាវុធ បណ្ដាលឲ្យមនុស្សជាច្រើនបានរងរបួសនិងបាត់ខ្លួន។ ការបង្ក្រាបបាតុករនៅពេលនោះ មានប្រើទាំងឡានទឹក ការបាញ់កាំភ្លើងគំរាម និងការចាប់ខ្លួនមនុស្សនៅកន្លែងកើតហេតុតែម្តង៕
ប្រភពពី RFA