ជនសង្ស័យ២នាក់ ពាក់ព័ន្ធឃាតកម្ម អ្នកគាំទ្របក្ស សង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន
ករណីឃាតកម្មចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១២ ខែសីហា បានឈានដល់ការចាប់ខ្លួនជនសង្ស័យ ២នាក់។
មន្ត្រីជាន់ខ្ពស់នៃនគរបាលជាតិ ថ្លែងនៅថ្ងៃទី១៤ ខែសីហា ថា ជនសង្ស័យ ២នាក់ បានត្រូវមន្ត្រីនគរបាលខេត្តកំពត ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែសីហា បន្ទាប់ពីមានករណីឃាតកម្មកើតឡើងចំពោះជនរងគ្រោះ ឈ្មោះ សាន់ សឿង នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១២ ខែសីហា។
ប្រធានសេនាធិការនៃអគ្គស្នងការនគរបាលជាតិ និងជាអ្នកនាំពាក្យរបស់នគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា បន្ថែមពីលើការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ ការស៊ើបអង្កេតកំពុងតែមានការជឿនលឿន។ លោកបន្តថា ភស្តុតាងដែលប៉ូលិសដកយកបានពីជនសង្ស័យទាំងពីរនាក់ គឺកាំភ្លើងខ្លីម៉ាក កា-៥៩ (K-59) ១ដើម និងគ្រាប់ចំនួន ១៤គ្រាប់។ លោក គៀត ច័ន្ទថារិទ្ធ ហៅករណីឃាតកម្មនេះថា បទល្មើសព្រហ្មទណ្ឌ។
ទាក់ទិននឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍ថា ជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះ ជួង វណ្ណៈ ហៅ ង៉ោល ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅនៅភូមិបឹងក្រពើ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀត ឈ្មោះ ទ្រី គន្ធ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទោះយ៉ាងណាក៏ដោយ លោក យន់ ផល្លី ហៅករណីឃាតកម្មនេះថា ជារឿងនយោបាយ។
ពាក់ព័ន្ធនឹងករណីសម្លាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នេះដែរ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានអញ្ជើញទៅចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព កាលពីព្រឹកថ្ងៃទី១៤ ខែសីហា អះអាងថា លោកនឹងជួយរកយុត្តិធម៌ជនរងគ្រោះ និងក្រុមគ្រួសារឲ្យខាងតែបាន។
នៅឯពិធីបុណ្យសព អ្នកជិតខាងរបស់ជនរងគ្រោះ និងប្រជាពលរដ្ឋភូមិស្បែកព្រាល ឲ្យដឹងថា លោក សាន់ សឿង ជាមនុស្សស្លូតបូតប្រកបរបរធ្វើស្រែចម្ការ និងលក់ដូរបន្តិចបន្តួចនៅផ្ទះជាមួយភរិយារបស់លោក។ លោកមិនដែលមានទំនាស់ជាមួយអ្នកណាឡើយ។ លោកចូលចិត្តធ្វើបុណ្យទាន និងជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ហើយជារឿយៗ លោកតែងនិយាយអំពីអនាគតប្រទេសជាតិ។ លោកធ្លាប់បានទៅទទួលមេដឹកនាំបក្សសង្គ្រោះជាតិ។ លោកចូលចិត្តស្ដាប់វិទ្យុ ហើយបើកឮៗ ជាពិសេស គឺវិទ្យុអាស៊ីសេរី។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានគេបញ្ជូនពីខេត្តកំពត ទៅខេត្តកំពង់ស្ពឺ ហើយ កាលពីថ្ងៃទី១៣ ខែសីហា៕
ប្រភពពី RFA