ក្រសួងមហាផ្ទៃ ប្រតិកម្មចំពោះ របាយការណ៍ លោក ប្រែដ អាដាម
ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែសីហា នេះ បានសម្ដែងប្រតិកម្មបដិសេធន៍ការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) ដែលបានសរសេរក្នុងរបាយការណ៍របស់ខ្លួន អំពីភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតអាណត្តិទី៥ មានពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា លោកសូមច្រានចោលរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ ដែលបានលើកឡើងថា ការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នេះ មានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ៖ «មិនមែនដូចការលើកឡើងអ៊ីចឹងទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួងមហាផ្ទៃ គឺជាស្ថាប័នពីរដោយឡែកពីគ្នា។ ថ្វីត្បិតតែនៅបរិវេណជាមួយគ្នាមែន ក៏ប៉ុន្តែដោយសារមិនទាន់មានកន្លែងជូនគាត់ គាត់នៅជាមួយក្រសួងមហាផ្ទៃ អ៊ីចឹងទៅ។ ប៉ុន្តែ គាត់មិនស្ថិតនៅក្រោមឥទ្ធិពល ឬក៏ការគ្រប់គ្រងរបស់មហាផ្ទៃ ទេ ព្រោះស្ថាប័នពីរនេះ គឺមានច្បាប់ដោយឡែកពីគ្នា ច្បាប់បង្កើត គ.ជ.ប ច្បាប់បង្កើតក្រសួងមហាផ្ទៃ គឺបង្កើតដោយច្បាប់ទាំងអស់។ ហើយចំពោះយន្តការដឹកនាំក្តី នីតិវិធីនៃការរៀបចំបោះឆ្នោតក្តី គឺកំណត់ និងសម្រេចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយខ្លួនគាត់ទេ»។
លោក ខៀវ សុភ័គ បានចាត់ទុករបាយការណ៍របស់នាយកប្រតិបត្តិតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ លោក ប្រែដ អាដាម (Brad Adams) ថាមានលក្ខណៈញុះញង់បំបែកបំបាក់ ហើយថា លោក ប្រែដ អាដាម មិនដែលមើលមកកម្ពុជា ក្នុងផ្លូវវិជ្ជមាននោះទេ៕
ប្រភពពី RFA