ខឹងប្រពន្ធដើម ទៅរករឿងប្រពន្ធចុង ត្រឡប់មកផ្ទះវិញ វាយស្ទើរស្លាប់ស្ទើររស់
ក្រុងប៉ោយប៉ែត ៖ ជម្លោះដោយសារភ្លើងប្រចណ្ឌរវាងប្តីប្រពន្ធមួយគូ ឈានដល់ការប្រើហិង្សាទៅលើស្ត្រីជាប្រពន្ធដើម ព្រោះបុរសជាប្តីបានខឹងប្រពន្ធទៅរករឿងផ្ទះប្រពន្ធចុង ពេលប្រពន្ធដើមត្រឡប់មកផ្ទះវិញ បុរសជាប្តីបានចាប់ចូលទៅក្នុងផ្ទះ រួចដាក់គន្លឹះទ្វារជាប់ វាយដំទាត់ធាក់ បណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសបែកសៀតផ្កាខាងស្តាំហូរឈាមជោក និងច្របាច់.កស្ទើរស្លាប់ស្ទើររស់ បន្ទាប់មកបុរសជាប្តីបានរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ សីហា ២០១៣ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ បុរសជាប្តីឈ្មោះទូន សាវ៉ាត ជាបុគ្គលិកកាស៊ីណូប៉ោយប៉ែតរីសត មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកប្រពន្ធរងគ្រោះឈ្មោះទិត ស៊ីម៉េង អាយុ៣១ឆ្នាំ ។
ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនបុរសជាប្តី ដើម្បីមកសាកសួរ ។ គួរបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះ ធ្លាប់មានរឿងជម្លោះរហូតឈានដល់ការសុំលែងលះម្តងរួចមកហើយ តែត្រូវបានបុរសជាប្តីសុំអង្វរ.កឱ្យឪពុកម្តាយក្មេកជួយដោះស្រាយឱ្យ ៕