លោក ប៉ែន សុវណ្ណ អតីត​នាយក​​ រដ្ឋមន្ត្រី​ឈានទៅ​ កាន់តំណែង​ជា​ អ្នកតំណាងរាស្ត្រ

8/05/2013 0 Comments A+ a-

លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​រយៈពេល​ខ្លី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នឹង​ទទួលបាន​កៅអី​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី៥នៃ​រដ្ឋសភា បើទោះបីជា​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក​បានប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ក្តី។
យោងតាម​លទ្ធផល​ក្រៅផ្លូវការ​ដែល​ផ្សាយ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​អង្គការ​ខុមហ្វ្រែល​នោះគណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​អាសនៈ​ចំនួនរៀងៗខ្លួន​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ។ ដូច្នេះ​វា​ជាការ​បើកផ្លូវ​ឲ្យ លោក ប៉ែន សុវណ្ណ អ្នកនយោបាយ​ជើងចាស់ វិលត្រឡប់​ចូលក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​របស់​កម្ពុជា ដោយសារ​លោក​ឈរ​នៅ​លេង​រៀង​ទីមួយ ខណៈ​លោក នុត រំដួល និង លោក សុខ អ៊ុំ​ស៊ា ដែលជា​សហការី​របស់​លោក​ឈរ​នៅ​លំដាប់​ទី​ពីរ និង​ទី​បី។
គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាលពី​អាណត្តិ​ទី៤ បាន​គ្រប់គ្រង​អាសនៈ​រហូតដល់​ទៅ៥ក្នុងចំណោម៦នោះ ប៉ុន្តែ​ពេលនេះ​ត្រូវ​បាត់បង់​ចំនួន២អាសនៈ។ យោងតាម​លទ្ធផល​ក្រៅផ្លូវការ​នោះ បេក្ខជន​ដែល​បាន​ជាប់ឆ្នោត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​កំពង់ស្ពឺ គឺ​លោក សាយ ឈុំ អគ្គលេខាធិការ​បក្ស លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​លោក កង ហ៊ាង អតីត​អភិបាលខេត្ត​កំពង់ស្ពឺ​ផ្ទាល់​តែម្តង ខណៈ​លោក ហ៊ុន ម៉ា​នី កូនប្រុស​សម្តេច ហ៊ុន សែន មិនបាន​ទទួល​កៅអី​ឡើយ។
លោក ប៉ែន សុវណ្ណ គឺជា​អតីត​នាយករដ្ឋមន្ត្រី​ដំបូង​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរក្រហម ប៉ុន្តែ​លោក​បាន​កាន់កាប់​តំណែង​នេះ​តែ​ក្នុង​រយៈពេល​ប្រមាណ៦ខែ​ប៉ុណ្ណោះ ពីថ្ងៃ​ទី២៧ ខែមិថុនា ដល់​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៨១ ។ លោក​ក៏​លេខា​នៃ​បក្ស​បដិវត្តន៍​ប្រជាជន​កម្ពុជា ចាប់ពី​ឆ្នាំ១៩៧៩ ដល់ ថ្ងៃ ៥ ធ្នូ ១៩៨១ ។
យោងតាម​ឯកសារ​នានា តំណែង​នាយករដ្ឋមន្ត្រី​ត្រូវបាន​ជំនួស​ដោយ​លោក ចាន់ ស៊ី ខណៈ​លោក ហេង សំរិន កាន់កាប់​តំណែង​លេខា​បក្ស បន្ទាប់ពី​លោក ប៉ែន សុវណ្ណ ត្រូវបាន​ប៉ូលិស​ពិសេស​វៀតណាម​ចាប់ខ្លួន​យកទៅដាក់​គុក​នៅ​ទីក្រុង​ហាណូយ។ លោក​ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩២ បន្ទាប់​ជាប់ឃុំ​ឃាំង​អស់​រយៈពេល​ប្រមាណ១០ឆ្នាំ។
ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី លោក ប៉ែន សុវណ្ណ ដែល​បាន​អះអាង​ខ្លួនឯង​ថា ជា​អ្នកបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ២ធ្នូ  ឆ្នាំ១៩៧៨ និង​ជា​មេដឹកនាំ​រំដោះ​ជីវិត​ប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍​នា​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នោះ បាន​ត្រឡប់​ទៅធ្វើ​កសិកម្ម​វិញ​នៅ​ខេត្តតាកែវ ដែល​ជាទី​កំណើត។
កាលពី​ឆ្នាំ១៩៩៨ លោក​បាន​បង្កើត​គណបក្ស​ទ្រទ្រង់​ជាតិ​ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​អាណត្តិ​ទី២ ប៉ុន្តែ​មិន​ទទួលបាន​អាសនៈ​អ្វី​ឡើយ។ ក្នុង​ឆ្នាំ២០០៧ លោក​បាន​បញ្ចូល​គណបក្ស​របស់លោក​ក្នុង​គណបក្ស​សិទ្ធិមនុស្ស​របស់លោក កឹម សុខា ដែល​ក្រោយមក លោក​ទទួលបាន​តំណែង​ជា​ប្រធាន​គណកម្មាធិការ​វិន័យ​របស់​គណបក្ស​សិទ្ធិមនុស្ស។
ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត​ខេ​ម​បូ​ឌា​ដេលី លោក ប៉ែន សុវណ្ណ បាន​និយាយថា លោក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​សង្គ្រោះ​ជាតិ​សារជាថ្មី ដែល​អាច​ឲ្យ​លោក​មានឱកាស​ក្លាយជា​អ្នកតំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​កំពង់ស្ពឺ ឬ​ជា​អភិបាលខេត្ត​កំពង់ស្ពឺ ក្នុងករណី​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់គ្រង​តំណែង​រដ្ឋាភិបាល៕
ប្រភពពី ថ្មីៗ