នាឡិកា​តាំង​តុ

8/12/2013 0 Comments A+ a-


៦:៣០​នាទី​ព្រឹក ភ្នំពេញ
កូន​នាឡិកា​តាំង​​តុ​លើ​ក្បាល​គ្រែ​​រោទ៍​​ដាស់​ខ្ញុំ​ដូច​សព្វ​មួយ​ដង​​ ខ្ញុំ​លូក​ដៃ​ទៅ​បិទ​សំឡេង​វា ហើយ​យោង​ទៅ​ទាញ​ទូរសព្ទ​នៅ​លើ​តុ​​ខាង​ស្ដាំ​​គ្រែ​មក​ឆែក​តាម​ទម្លាប់។ ខ្ញុំ​ក្រោក​អង្គុយ​ពត់​ខ្លួន​ហើយ​ស្ងាប​តាម​របៀប​ជា​ក្មេង​ស្រី​កម្ជិល​ និង​ទម្រើស​ក្នុង​គ្រួសារ​ដែល​មាន​កូន​​​តែ​ម្នាក់​នេះ។ សំឡេង​គោះ​ទ្វារ​ក៏​ទៀង​ម៉ោង​ដែរ ស្រប​ពេល​ដែល​ខ្ញុំ​ចេញ​ពី​បន្ទប់​ទឹក​ជា​មួយ​នឹង​កន្សែង​ពោះ​គោ​នៅ​លើ​ក្បាល។
-ងូត​ទឹក​ហើយ​នៅ​? ប៉ា​ឯង​កំពុង​ចាំ​បាយ!
-ចា៎ះ​ម៉ាក់! ទៅ​ហើយៗ!!!​​
ខ្ញុំ​ចុះ​តាំងៗ​ទៅ​អង្គុយ​មិន​ទាន់​ស្រួលបួល​ផង​ឌិស​ទី​មួយ​ចាប់​ផ្ដើម​ Play ៖
-ពេល​ណា​ទើប​ឯង​ក្រោក​មក​ជួយ​ចម្អិន​អាហារ​ពេល​ព្រឹក​ម៉ាក់? ក្រោក​ពី​គេង​ឆ្អិន​ស្រាប់ មក​ដល់​ផ្ទះ​វិញ​ឆ្អិន​ស្រាប់ ឯង​រស់​នៅ​បែប​នេះ​២៤​ឆ្នាំ​ហើយ។
-បើ​កុំ​តែ​​ម៉ាក់​​និយាយ​​ខ្ញុំ​​ច្រឡំ​ថា ខ្ញុំ​នៅ​១៥​ឆ្នាំ​នៅ​ឡើយ​ទេ។
ខ្ញុំ​ឆ្លើយ​ហើយ​ងាក​ក្បាល​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ដូច​ដែល​គាត់​ធ្លាប់​ឃើញ​ខ្ញុំ​ពី​ក្មេង​មក ព្រោះ​ខ្ញុំ​​មិន​ចង់​ឱ្យ​គាត់​និយាយ​រឿង​ខ្ញុំ​ធំ​ដឹង​ក្ដី​អី​នោះ​ទេ។ ឌិស​ Play ​បន្ត​៖
-ពី​តូច​​វា​ក្រោក​មក​ញ៉ាំ​ទាន់​ទៅ​រៀន​គឺ​អរ​ហើយ ធំឡើង​ខ្លាច​វា​ក្រោក​មក​ញ៉ាំ​ទៅ​ធ្វើ​ការ​​មិន​ទាន់…..
ខ្ញុំ​និយាយ​កាត់​តាម​ទម្លាប់​ជា​កូន​រប៉ិលរប៉ូច៖
-តែ​ពី​តូច​ខ្ញុំ​​មិន​ខក​រៀន​ ហើយ​បី​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ក៏​មិន​ខក​​ម៉ោង​ការងារ​ដែរ ២​ឆ្នាំ​មុន​ទទួល​សញ្ញាប័ត្រ​​បរិញ្ញា​​​និទ្ទេស​រួម​B ព្រឹក​នេះ​ក្រុមហ៊ុន​ប្រកាស​ដំឡើង​តំណែង​ជា​ប្រធាន​ផ្នែក​លក់​ទៀត។ ម៉ាក់​ថា​ទៅ​មើល មិត្តភ័ក្ដិ​របស់​ម៉ាក់​មាន​កូន​​ស្រី​ល្អ និង​ពូកែ​ដូច​កូន​ស្រី​ម៉ាក់​ដែរ​​ទេ?
ប៉ា​សើច​ហើយ​ ជួយ​អួត​ខ្ញុំ៖
-ត្រូវ​ហើយ ឯង​គឺ​ដូច​ប៉ា​ពី​ក្មេង​អញ្ចឹង រៀន​ពូកែ​ធ្វើ​ការ​ជោគជ័យ មិន​អញ្ចឹង​មិន​បាន​ម៉ាក់​ឯង​ទេ។
-បង​ឯង​កុំ​ចេះ​តែ​ប៉ះពាល់​វា​មួយ​ម៉ាត់​​មិន​បាន​នោះ ២៤​ឆ្នាំ​ហើយ​ចៀន​ពង​ទា​វា​មិន​ចេះ​ផង​ ថ្ងៃ​ក្រោយ​មាន​ប្ដី​ទៅ​គិត​យ៉ាង​ម៉េច?
-ខ្ញុំ​ស្រលាញ់​ស្រី​មិន​ស្រលាញ់​ប្រុស​ទេ ហើយ​ស្រុក​យើង​អត់​មាន​ច្បាប់​រៀបការ​ភេទ​ដូច​គ្នា​ដូច្នេះ​ខ្ញុំ​ត្រូវ​រស់​នៅ​ជា​មួយ​​ប៉ា​និង​ម៉ាក់​​រហូត…..។
ក្លស់!​ មួយ​ក្រញរ​​ទាំង​ព្រឹក!
-កុំ​ម៉ោ​និយាយ​បំភ័យ​ម៉ាក់​! រចនា កូន ​ឆៃ​លៀង ​​មិត្តភ័ក្ដិ​ម៉ាក់​នោះ ពេល​នេះ​វា​​ចេញ​ទៅ​​រស់​នៅ​ខាង​ក្រៅ​ជា​មួយ​មិត្ត​ស្រី​វា​​ហើយ ក្មេង​ឥឡូវ​មិន​ដឹង​ជា​កើត​រោគ​ឆ្កួត​​អី​ទេ ស្រី​ស្រលាញ់​ស្រី​ ប្រុស​ស្រលាញ់​ប្រុស​ រឿង​អី​ក៏​អាច​កើត​មាន​ដែរ​ ពិត​ជា​​គួរ​ឱ្យ​ខ្លាច​មែន។
-អូន​និយាយ​ត្រូវ​ហើយ កូន​យើង​ស្អាត រៀន​ពូកែ ធ្វើ​ការ​ក៏​ពូកែ ប៉ុន្តែ​រឿង​គូ​ស្រករ​ ឬ​ស្នេហា​ស្អី​គេ​នោះ​ដូច​ជា​មិន​ដែល​បាន​សួរ​នាំ​ទេ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​ថា កូន​អាយុ​២៤​​ឆ្នាំ​ហើយ​នោះ​ទេ។ មិត្តភ័ក្ដិ​របស់​ខ្ញុំ​ធ្វើ​ការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​កូន​ប្រុស​គេ​ទើប​តែ​រៀន​ចប់​អនុបណ្ឌិត​មក​ពី​អូស្ត្រាលី​​ គេ​ចង់​ណែនាំ​ឱ្យ​អូន​ស្គាល់​ តែ​បង​មិន​ដែល​មាន​ពេល​និយាយ…..។
-ប៉ា! ម៉ាក់! ខ្ញុំ​ដល់​ម៉ោង​ទៅ​ធ្វើ​ការ​ហើយ ថ្ងៃ​នេះ​គេ​ប្រកាស​ដំឡើង​តំណែង​ផង ខ្ញុំ​ជម្រាប​លា​ហើយ ប៉ា​ម៉ាក់​ជា​ទី​ស្រលាញ់។
ម៉ាក់​បន្ទច់​ដំណើរ​ខ្ញុំ៖
ឈប់ៗៗ មើល​វា​ចុះ​ និយាយ​សាច់ការ​អី​មិន​បាន​ទេ គេច​រហូត។
​សាច់ការ​ គូ​ស្រករ​អី នៅ​មិន​បាន​ទេ ត្រូវ​តែ​ដាក់​មេ​ប្រូច។
………………………………………………
ចេញ​ពី​បន្ទប់​ប្រជុំ​វិញ​ ខ្ញុំ​ដើរ​ញញឹម​តែ​ម្នាក់​ឯង​មក​ដល់​តុ​បើក​កុំព្យូទ័រ​រួច​ហើយ​តែ​មិន​ដឹង​ថា​បើក​ធ្វើ​អី។ ប្រធាន​​ផ្នែក​លក់​នៅ​​ក្រុមហ៊ុន​នាំ​ចូល​​គ្រឿង​អេឡិចត្រូនិក​​ធំ​មួយ​​មិន​មែន​ថា​អស្ចារ្យ​អី​នោះ​ទេ ប៉ុន្តែ​សំឡេង​ទះ​ដៃ​អបអរ​ពី​មិត្ត​រួម​ការងារ​ប្រមាណ​ជិត​១០០​នាក់​គឺ​ជា​អារម្មណ៍​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ទទួល​បាន​តាំង​ពី​ក្មេង​មក។ តាម​ពិត​ទៅ​មិន​មែន​ខ្ញុំ​​ធ្វើ​ការ​ពូកែ​ទេ តែ​អាច​ដោយ​សារ​ខ្ញុំ​ធ្វើ​ការ​នៅ​ទី​នេះ​តាំង​ពី​ខ្ញុំ​រៀន​ឆ្នាំ​ទី​៤​មក។
អង្គុយ​ញញឹម​នៅ​មុខ​កុំព្យូទ័រ​មួយ​កំណាត់​ព្រឹក​ទៅ​ហើយ​ស្ទើរ​តែ​ភ្លេច​ថា​ត្រូវ​ជួប​អ្នក​ដំឡើង​និង​ដឹកជញ្ជូន​កុំព្យូទ័រ​និង​គ្រឿង​អេឡិចត្រូនិក​ថ្មី​ម្នាក់​​ដែល​​ចូល​ធ្វើ​ការ​​នៅ​ព្រឹក​នេះ​។ ខ្ញុំ​បម្រុង​នឹង​ក្រោក​ទៅ​បន្ទប់​ដំឡើង​ទៅ​ហើយ​ស្រាប់​តែ​ កញ្ញា ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នាំ​កំលោះ​វ័យ​ម្ភៃ​ស្ដើង មាឌ​មាំ ខ្ពស់​ស្រាវ​មក​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ។ កញ្ញា ​ណែនាំ​គេ​ឱ្យ​ខ្ញុំ​ស្គាល់៖
-បង​ កា នេះ​សុធារក្ស បុគ្គលិក​ថ្មី​ផ្នែក​ដំឡើង និង​ដឹក​ជញ្ជូន​របស់​យើង សុធារក្ស គាត់​គឺ​បង​ កា ជា​ប្រធាន​ផ្នែក​លក់ ថ្ងៃ​ក្រោយ​ សុធារក្ស ត្រូវ​ធ្វើ​ការ​ជា​មួយ​គាត់​ច្រើន​។
-ជម្រាប​សួ​បង!
-អូ! ជម្រាបសួរ​អី សួស្ដី​ទៅ​បាន​ហើយ ចាស់​ខ្ញុំ​អស់​ហើយ សុធារក្ស រៀន​ចប់​​ហើយ​ហ្អែ៎?
-នៅ​ទេ​បង ឆ្នាំ​ទី​៤ ឆមាស​ទី​២​
អូយ! គេ​ហៅ​ខ្ញុំ​បង​ពេញ​មាត់​ម៉េះ? តែ​ក៏​ត្រូវ​ដែរ​គេ​រៀន​ឆ្នាំ​ទី​៤ ចំណែក​ខ្ញុំ​ចប់​២​ឆ្នាំ​ហើយ​បើ​មិន​បង​គេ​២​ក៏​៣​ឆ្នាំ​ដែរ ប៉ុន្តែ​បើ​​មើល​មុខ​ដូច​ជា​ខ្ញុំ​ក្មេង​ជាង​ទេ ហេសហេ!! និយាយ​គ្នា​បាន​តែ​ប៉ុណ្ណឹង កញ្ញា​ ក៏​នាំ​គេ​ទៅ​កន្លែង​បុគ្គលិក​ផ្សេង​ទៀត។ ខ្ញុំ​មិន​ដែល​ចេះ​មាន​ស្នេហា​អី​នោះ​ទេ ប៉ុន្តែ​ប្រុស​ស្អាត​យ៉ាង​នេះ​បើ​និយាយ​គ្នា​ហើយ​មិន​លួច​គិត​ខ្លះ​ក៏​មិន​សម​ជា​នារី​បេះដូង​ស​ស្អាត​ដែរ “មិន​ដឹង​ថា​គេ​មាន​មិត្ត​ស្រី​ហើយ​ឬ​នៅ​ណ៎? តែ​សង្ហា​យ៉ាង​នេះ​មិន​មាន​ទើប​ចម្លែក! អីយ៉ា! អាកា? ឯង​កំពុង​តែ​គិត​ឆ្កួត​អី​ហ្នឹង ទើប​តែ​ឃើញ​គេ​ចេះ​ទៅ​ស្រមៃ​ដល់​សំណួរ​អីចឹង​កើត​ដែរ គេ​ជា​ក្មេង​ឆ្នាំ​ទី​បួន​ទេ”។ កំពុង​តែ​មមើមមាយ​ម្នាក់​ឯង​ទូរសព្ទ​រោទ៍​ឡើង​គឺ​អតិថិជន​ដែល​កុម្ម៉ង់​កុំព្យូទ័រ​៥​គ្រឿង​កាល​ពី​ម្សិល​មិញ។ អីយ៉ា! អ្នក​ដំឡើង​ថ្មី​ទើប​តែ​ចូល​គួរ​តែ​ចាប់​ផ្ដើម​ធ្វើ​ការ​ជា​មួយ​គ្នា​ហើយ។ ខ្ញុំ​ដើរ​ទៅ​ចាំ​គេ​នៅ​ក្នុង​បន្ទប់​ដំឡើង គេ​ត្រឡប់​មក​ពី​ណែនាំ​ខ្លួន​វិញ​យើង​ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​ជា​មួយ​គ្នា​ពេញ​មួយ​ព្រឹក ហើយ​ចេញ​ទៅ​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ជា​មួយ​អ្នក​រួម​ការងារ​ដទៃ​ទៀត​តាម​ទម្លាប់។
………………………………………
៣​ខែ​ក្រោយ​មក​គេ​បាន​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ ការងារ​និង​ទំនាក់ទំនង​របស់​ខ្ញុំ​និង​គេ​គឺ​ស្និទ្ធស្នាល​បែប​ជា​អ្នក​រួម​ការងារ​មួយ​ថ្ងៃ​៨​ម៉ោង។ យូរ​ៗ​ម្ដង​គេ​បន្លំ​ហៅ​ខ្ញុំ​អូន ឬ​និយាយ​ថា លួច​ស្រលាញ់​ខ្ញុំ។ ខ្ញុំ​ហៅ​គេ​ឯង ឬ​ឈ្មោះ​ចំ​ៗ​តាម​របៀប​ជា​មនុស្ស​វ័យ​ច្រើន​ជាង​ឬ​ចាស់​ទុំ​ក្នុង​ការងារ​ជាង។ បើ​ទោះ​ជា​ការ​ស្និទ្ធស្នាល​បែប​នេះ​ខ្ញុំ​មិន​ធ្លាប់​មាន​ជា​មួយ​បុរស​ណា​ពី​មុន​មក​ ក៏​ខ្ញុំ​មិន​ចាត់​ទុក​ថា​នេះ​ជា​ស្នេហា​ទេ​គឺ​មិត្ត​រួម​ការងារ ហើយ​គេ​ជា​សិស្ស​ប្អូន​។
ការ​បន្លំ​ហៅ​អូន​របស់​គេ​យូរ​ៗ​ទៅ​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​គឺ​ហៅ​ខ្ញុំ​អូន​ជាប់​មាត់​សូម្បី​នៅ​ចំពោះ​មុខ​អ្នក​ធ្វើ​រួម​គ្នា​ក៏​ដោយ ទោះ​ខ្ញុំ​ថា​ឱ្យ​យ៉ាង​ម៉េច​ក៏​គេ​មិន​ព្រម​ប្ដូរ រហូត​ពេល​ខ្លះ​ខ្ញុំ​ព្រមាន​មិន​និយាយ​រក​គេ ហើយ​ការ​និយាយ​លេង​បន្លំ​មែន​ថា​លួច​ស្រលាញ់​ខ្ញុំ​នោះ​​បាន​ប្ដូរ​មក​ជា​និយាយ​មែន​ទែន​គឺ​សុំ​ស្រលាញ់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចាត់​ទុក​ថា ជា​ការ​និយាយ​លេង​នឹង​គ្នា​ឱ្យ​តែ​បាន​សើច​ទេ “ក្មេង​រៀន​មិន​ទាន់​ចប់​កុំ​មក​ចង់​សុំ​ស្នេហ៍​មនុស្ស​ចាស់”។
ស៊ាំ​ត្រចៀក៖
យូរ​ៗ​ទៅ​ទោះ​​ខ្ញុំ​មិន​ហៅ​គេ​បង​តែ​ស្ដាប់​គេ​ហៅ​ខ្ញុំ​​អូន​ក៏​ដូច​ជា​មិន​ចម្លែក​ត្រចៀក​ដែរ។ ខ្ញុំ​មិន​ទទួល​ក្ដី​ស្នេហា​របស់​គេ តែ​ខ្ញុំ​​ក៏​មិន​បដិសេធ​អំពើ​​ល្អ​របស់​គេ​ដូច​គ្នា​ ចាត់​ទុក​ថា​ខ្ញុំ​ទុក​ផ្លូវ​មួយ​សម្រាប់​គេ​ក៏​សម្រាប់​ខ្លួន​ឯង​ដែរ ព្រោះ​ទុក​បើ​គេ​ប្អូន​ខ្ញុំ​ពីរ​បី​ឆ្នាំ​ក៏​មិន​ទាស់​អី​ដែរ​បើ​គេ​ពិត​ជា​ស្រលាញ់​ខ្ញុំ​មែន​ ហើយ​ថ្ងៃ​ណា​មួយ​ខ្ញុំ​ទន់​ចិត្ត​នឹង​គេ។ ៣​ថ្ងៃ​មុន​ថ្ងៃ​គេ​ប្រលង​បញ្ចប់​ឆ្នាំ​ទី​៤​​គេ​បាន​មក​រក​ខ្ញុំ​ដើម្បី​និយាយ​ពី​រឿង​សុំ​ច្បាប់​សម្រាក​ដើម្បី​​រៀន​ត្រៀម​ប្រលង៖
-អាកា ៣​ថ្ងៃ​ទៀត​បង​ត្រូវ​ប្រលង​ចេញ ទាំង​មុន​និង​ថ្ងៃ​ប្រលង​ខ្ញុំ​ត្រូវ​សុំ​ច្បាប់​៥​ថ្ងៃ​តើ​បាន​ទេ?
-ហ៊ឹម! នេះ​ជា​ករណី​ពិសេស​ហើយ ឯង​សរសេរ​ច្បាប់​មក​ចាំ​ខ្ញុំ​ទៅ​និយាយ​ជា​មួយ HR ឱ្យ។
-អរគុណ​ហើយ អូន​ប្រធាន​ចិត្ត​ល្អ! ពេល​បង​មិន​មក​ធ្វើ​ការ​បើ​ទោះ​ជា​នឹក​បង​ក៏​មិន​ត្រូវ​ខល​ទៅ​រំខាន​ម៉ោង​បង​រៀន​ត្រៀម​ដែរ​ឮ​អត់?
-ឱ្យ​តែ​សុំ​ច្បាប់​ហើយ​មិន​មក​អើត​ក្រុមហ៊ុន​លួច​មើល​គេ​ទៅ​បាន​ហើយ មែន​ហើយ​ឯង​ល្មម​ហៅ​ខ្ញុំ​បង​ដូច​ពី​មុន​វិញ​ទៅ កុំ​អូន​ជាប់​មាត់​យូរ​ពេក​ បង​មិន​ចង់​ឱ្យ​គេ​បង្អាប់​បង​ទេ។
-គឺ​អូន​ទេ​ដែរ​គួរ​ដូរ​មក​ហៅ​បង​ថា​បង​វិញ​នោះ​ ព្រោះ​អាទិត្យ​ក្រោយ​បង​​ចប់​បរិញ្ញា​​ដែរ​​ហើយ​ ការងារ​ក៏​ក្នុង​ក្រុមហ៊ុន​តែ​មួយ​​ដែរ ថា​មិន​បាន​ខែ​ក្រោយ​គេ​ដំឡើង​បង​ជា​ប្រធាន​ផ្នែក​ផង​ក៏​ថា​បាន។ តែ​តំណែង​អី​ក៏​មិន​សំខាន់​ដែរ សំខាន់​គឺ​បង​ស្រលាញ់​​អូន​ពី​ចិត្ត។
-បាន​ហើយ​ព្រឺ​សម្បុរ​ណាស់​ឈប់​ស្ដាប់​ហើយ ខំ​រៀន​ទៅ​ប្រយ័ត្ន​ប្រលង​ចេញ​ធ្លាក់។
៥​​ថ្ងៃ​ដែល​គ្មាន​គេ​ខ្ញុំ​រក​និយាយ​ពី​អារម្មណ៍​របស់​ខ្ញុំ​មិន​ចេញ​ទេ វា​ដូច​ជា​មនុស្ស​ធ្លាប់​ប្រើ​ទូរសព្ទ​ច្រើន​ឆ្នាំ​ហើយ​ត្រូវ​គេ​ដក​ហូត​ឈប់​ឱ្យ​ប្រើ​អីចឹង​ដែរ គឺ​ចេះ​តែ​ច្រឡំ​លូក​ហោ​ប៉ៅ​រក​ទូរសព្ទ​មក​ឆែក។
តិច​ស្រលាញ់​អា​ក្មេង​ឆ្នាំ​ទី​៤​ហ្នឹង​ទៅ​ខ្ញុំ? ចុះ​បើ​គេ​គ្រាន់​តែ​និយាយ​លេង​នឹង​ខ្ញុំ​ដូច​ដែល​ខ្ញុំ​គិត​តាំង​ពី​ដើម​មក​នោះ​គិត​យ៉ាង​ម៉េច​ទៅ? អត់​ទេ​ខ្ញុំ​មិន​ស្រលាញ់​គេ​ទេ គឺ​អារម្មណ៍​អផ្សុក​ពេល​គ្មាន​មនុស្ស​រប៉ិលរប៉ូច​មក​និយាយ​លេង​ប៉ុណ្ណោះ។
រយៈ​ពេល​គេ​ឈប់​គេ​មិន​ខល​ឬ​ផ្ញើ​សារ​មក​ខ្ញុំ​សោះ មិន​ដូច​ជា​ចរិត​របស់​គេ​​គឺ​​ភ្ញាក់​ពី​គេង​ផ្ញើ​សារ​មក​ម្ដង រៀប​គេង​ផ្ញើ​មក​ម្ដង​ ខ្ញុំ​មើល​សារ​មួយ​ថ្ងៃ​ពីរ​ដង​ដូច​ជា​មនុស្ស​ទម្លាប់​មើល​កាសែត​ពេល​ព្រឹក​និង​មើល​រឿង​ភាគ​ទូរទស្សន៍​ពេល​យប់​ទៅ​ហើយ។ ប៉ុន្តែ​ហេតុ​អី​ពេល​សុំ​ច្បាប់​សម្រាក​គេ​មិន​ផ្ញើ​មក? ខ្ញុំ​មិន​ទម្លាប់​ផ្ញើ​ទៅ​គេ​មុន​ទោះ​បើ​ឆ្លើយ​សារ​ក៏​មិន​ទាំង​អស់​ផង ដូច្នេះ​ខ្ញុំ​​ក៏​មិន​ប្ដូរ​ទម្លាប់​ដែរ ប៉ុន្តែ​ខ្ញុំ​បែរ​ជា​ទៅ​សាលា​គេ​​ចាំ​លួច​មើល​ពេល​គេ​ដើរ​ចូល​ប្រលង​ទៅ​វិញ​។ ​ខ្ញុំ​មិន​ច្បាស់​ថា ខ្ញុំ​ស្រលាញ់​គេ​ឬ​អត់​នោះ​ទេ តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹក​គេ​រហូត​ទ្រាំ​មិន​ឃើញ​មុខ​គេ​មិន​បាន។
ថ្ងៃ​គេ​មក​ធ្វើ​ការ​វិញ៖
ភ្ញាក់​ពី​គេង​នៅ​ព្រឹក​ដែល​ខ្ញុំ​ដឹង​ថា គេ​នឹង​ទៅ​ធ្វើ​ការ​វិញ​ខ្ញុំ​ដូច​ជា​មាន​អារម្មណ៍​ភ័យ​អរ​គឺ​ដូច​ជា​ថ្ងៃ​ចូល​ធ្វើ​ការ​ដំបូង​អីចឹង​ដែរ។ ខ្ញុំ​គិត​ថា គេ​ប្រលង​ចប់​ហើយ​ប្រាកដ​ជា​ចាប់​ផ្ដើម​ផ្ញើ​សារ​ឱ្យ​ខ្ញុំ​តាម​ទម្លាប់​វិញ មិន​ទាន់​ក្រោក​ពី​គ្រែ​ខ្ញុំ​លូក​ដៃ​ទៅ​ទាញ​ទូរសព្ទ​មក​ដោយ​ខ្ទប់​អេក្រង់​ជាប់ ខ្ញុំ​អូស​ដៃ​ចេញ​បន្តិច​ម្ដងៗ​ក៏​ឃើញ​សញ្ញា​ទទួល​បាន​សារ​មួយ ខ្ញុំ​អរ​ផើត​ពោះ​ហើយ​ក៏​ប្រញាប់​ចុច​អាន “sister, I’m sick and can’t go to work, please help me to inform HR” គឺ​សារ​របស់​ប្អូន​ស្រី​ផ្នែក​លក់​ដែល​ទើប​ចូល​ធ្វើ​ការ​បាន​២​ខែ។
ខ្ញុំ​ទីទើរ​ៗ​ក៏​ទៅ​ធ្វើ​ការ​យឺត​ម៉ោង មិន​មែន​ថា​ទៅ​មិន​ទាន់​ទេ​គឺ​ខ្ញុំ​ចង់​ទៅ​យឺត។ ទៅ​ដល់​ក្រុមហ៊ុន​ខ្ញុំ​ដើរកាត់​កន្លែង​ដំឡើង​កុំព្យូទ័រ​ឃើញ​គេ​កំពុង​ធ្វើ​ការ​ដូច​ធម្មតា ខ្ញុំ​ដើរ​បង្ហួស​​​ទៅ​តុ​របស់​ខ្ញុំ​​សំឡេង​​បន្លឺ​មក​​ពី​ក្រោយ​ខ្នង​ខ្ញុំ៖
-អូន​! បង​មាន​របស់​​ផ្ញើ។
ដើម​ឡើយ​ឃ្លា​បែប​នេះ​​នៅ​ចំពោះ​មុខ​អ្នក​ធ្វើ​ការ​ ខ្ញុំ​ថា​​ឱ្យ​គេ​ឬ​និយាយ​បន្លំ ក្រោយ​មក​ខ្ញុំ​ទុក​ជា​រឿង​ធម្មតា ឥឡូវ​ខ្ញុំ​អរ​ឡើង​ស្រាល​ខ្លួន​ ហើយ​ញញឹម​ងាក​ទៅ​រក​ម្ចាស់​សំឡេង​ល្មម​ពេល​គេ​មក​កៀក​​រួច​ហុច​ប្រអប់​​មួយ​មក​ខ្ញុំ។ ខ្ញុំ​នឹក​គេ​រហូត​មិន​ហ៊ាន​មើល​មុខ​គេ​ទៅ​ហើយ។​ ល្ងង់​មែន។
-បែក​គ្នា​ច្រើន​ថ្ងៃ​មិន​មើល​មុខ​បង​បន្តិច​ទេ​ហ្អេ៎?
-ឈប់​ច្រើន​ថ្ងៃ​ហើយ កុំ​និយាយ​លេង​ឥត​ប្រយោជន៍​ច្រើន​ពេក​ឆាប់​ទៅ​ធ្វើ​ការ​ឯង​ទៅ។
ខ្ញុំ​និយាយ​ដើម្បី​បាន​លេស​ងើយ​មើល​មុខ​គេ​ទេ បើ​មិន​និយាយ​នរណា​ហ៊ាន​មើល​មុខ​គេ​បើ​ភ័យ​ផង​អរ​ផង​រក​ស្មាន​មិន​ត្រូវ​អីចឹង​នោះ?
-ពេល​ញ៉ាំ​នឹក​ដល់​អ្នក​ទិញ​ផ្ញើ​ផង! គេ​ស្រែក​ពី​ក្រោយ​ពេល​ខ្ញុំ​ដើរ​ចេញ​ទៅ​តុ​របស់​ខ្ញុំ។
មក​ដល់​តុ​ខ្ញុំ​បើក​ប្រអប់​បាញ់ហ្ស៊ុង​ហើយ​ចាប់​ផ្ដើម​ញ៉ាំ​ញញឹម​ម្នាក់​ឯង ​នៅ​សល់​ពីរ​បី​ម៉ាត់​ចុង​ក្រោយ​ខ្ញុំ​ដូច​ជា​មាន​អារម្មណ៍​ថា ឆ្អល់​ពោះ​យ៉ាង​ម៉េច​មិន​ដឹង ពុទ្ធោ!!! ខ្ញុំ​ទើប​តែ​ញ៉ាំ​បាយ​ព្រឹក​​​និង​ទឹកដោះ​គោ​មួយ​កែវ​ជា​មួយ​ម៉ាក់​កាល​ពី​ព្រឹក ខ្ញុំ​អង្គុយ​អស់​សំណើច​ម្នាក់​ឯង​តែ​ខំ​ញ៉ាំ​បង្ហើយ​​។
ម៉ា​កំណាត់​ព្រឹក​ទៅ​ហើយ​ខ្ញុំ​មិន​ទាន់​ដឹង​ថា ហេតុ​អី​៥​ថ្ងៃ​នេះ​គេ​មិន​ផ្ញើ​សារ​មក​ខ្ញុំ​ ខ្ញុំ​ដូច​ជា​នៅ​មិន​សុខ​តែ​ក៏​គ្មាន​លេស​អី​ទៅ​សួរ​គេ​ដែរ ប៉ុន្តែ​មាន​លេស​មួយ​ទៅ​ជួប​គេ គឺ​កុំព្យូទ័រ​៣​គ្រឿង​ដែល​គេ​ត្រូវ​ដំឡើង​ឱ្យ​ភ្ញៀវ​របស់​ខ្ញុំ។
-សុធារក្ស ថ្ងៃ​នេះ​យើង​ត្រូវ​បញ្ជូន​កុំព្យូទ័រ​៣​គ្រឿង​ឱ្យ​ភ្ញៀវ​ គ្នា​យើង​ដំឡើង​ហើយ​នៅ?
-រួច​ហើយ សារ​ក៏​ផ្ញើ​រួច​ហើយ​ដែរ។
-សួរ​​ពី​កុំព្យូទ័រ​ឆ្លើយ​តែ​ពី​កុំព្យូទ័រ​មក​បាន​ហើយ មិន​ផ្ញើ​៥​ថ្ងៃ​មាន​អី​ចម្លែក​ទៅ ទុក​បើ​៥​ឆ្នាំ​ក៏​គ្មាន​នរណា​សួរ​ដែរ។
-អូ​! បង​មិន​ផ្ញើ​ទៅ​៥​ថ្ងៃ​ហើយ? ស្មាន​ថា​ទើប​តែ​៣​ថ្ងៃ​ទេ អូន​រាប់​ហើយ​ចាំ​ច្បាស់​ជាង​បង​ទៅ​ទៀត។
ពិបាក​រក​ពាក្យ​ត​គេ​ ខ្ញុំ​បន្លំ​ធ្វើ​មិន​ខ្វល់​ហើយ​ក៏​ដើរ​មក​តុ​វិញ​ទាំង​មុខ​ក្រហម ព្រោះ​ទូរសព្ទ​ទុក​នៅ​ឯ​តុ។ មក​ដល់​តុ​ភ្លាម​ខ្ញុំ​ទាញ​ទូរសព្ទ​មក​ឆែក គឺ​ពិត​ជា​ទទួល​បាន​សារ​មួយ​មែន៖ “សុំទោស​ដែល​មិន​បាន​ខល​និង​ផ្ញើ​សារ​ទៅ​យូរ​យ៉ាង​នេះ ខ្ញុំ​ចង់​និយាយ​ដោយ​ផ្ទាល់​មាត់​ប៉ុន្តែ​ដូច​ជា​មិន​ស្រណុក​ក្នុង​ចិត្ត​ យប់​នេះ​ខ្ញុំ​នឹង​សរសេរ​អ៊ីមែល​ទៅ​ជា​ភាសា​ខ្មែរ​សង្ឃឹម​ថា អាច​សរសេរ​រៀបរាប់​អស់​ពី​ក្នុង​ចិត្ត”។
…………………………….
រាត្រី​កាល​បាន​ចូល​មក​ដល់ ខ្ញុំ​អនឡាញ​ហើយ​រីហ្រ្វេស​មែល​រហូត​គឺ​រង់ចាំ​សារ​របស់​គេ ខ្ញុំ​ខ្វល់​ពី​ពាក្យ​របស់​គេ​យ៉ាង​នេះ រង់ចាំ​សារ​គេ​ដោយ​អន្ទះសា​ ទឹក​មុខ​និង​សំឡេង​គេ​និយាយ​ពី​ថ្ងៃ​មិន​ដូច​ទម្លាប់​គេ​និយាយ​ជា​មួយ​ខ្ញុំ​ទេ គឺ​ដូច​ជា​ស្រាល​ មួយៗ តែ​ហ្មត់ចត់​ ប្រៀប​បាន​នឹង​មនុស្ស​ផ្ដាំផ្ញើ​គ្នា​ពី​រឿង​អ្វី​មួយ។ ខ្ញុំ​សួរ​​បញ្ជាក់​ខ្លួន​ឯង “អាកា​ឯង​ស្រលាញ់​សុធារក្ស​មែន​ទេ?” ត្រូវ​ហើយ​គឺ​ខ្ញុំ​ស្រលាញ់​គេ មិន​ខ្វល់​ថា​គេ​ក្មេង​ជាង​ ឬ​មាន​ចរិត​រប៉ិលរប៉ូច​អី​នោះ​ទេ ខ្ញុំ​កើត​មក​គឺ​​សម្រាប់​ស្រលាញ់​បុរស​យ៉ាង​នេះ​ឯង ព្រោះ​ខ្ញុំ​ត្រូវ​ប៉ាម៉ាក់​ថែទាំ​ពេក ទម្លាប់​ខ្លួន​ដូច​ជា​ក្មេង​មិន​ពេញ​វ័យ មិន​ខ្វល់​​ពី​រឿង​ស្នេហា មនោសញ្ចេតនា អណ្ដែតអណ្ដូង​អ្វី​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​ពាក្យ​លេង​សើច​របស់​គេ ពាក្យ​អូន​បង ទង្វើ​យក​ចិត្ត​ទុកដាក់​របស់​គេ រឹត​តែ​ចង់​បាន​គេ​នៅ​មើល​ថែ​ខ្ញុំ​សម្រាប់​មួយ​កំណាត់​ផ្លូវ​ចុង​ក្រោយ​នេះ។
ខ្ញុំ​គិត​រវើរវាយ​ម្នាក់​ឯង​ បើ​ទើសទាល់​នឹង​ការងារ​អីចឹង​ខ្ញុំ​អាច​លាឈប់​ទៅ​ធ្វើ​នៅ​ក្រុមហ៊ុន​ផ្សេង​ទុក​ឱ្យ​គេ​អាច​យក​ចិត្ត​ទុក​ដាក់​នឹង​ការងារ​នៅ​ក្រុមហ៊ុន​នេះ ហើយ​ខំ​ធ្វើ​ការ​ដើម្បី​បាន​មុខ​តំណែង​សម​នឹង​បរិញ្ញាបត្រ​ព័ត៌មាន​វិទ្យា​របស់​គេ។ ពេល​គេ​មាន​ការងារ​ដ៏​សមរម្យ​ហើយ​ខ្ញុំ​អាច​ណែនាំ​គេ​​ឱ្យ​ប៉ាម៉ាក់​ស្គាល់​បាន​​ មិន​ឱ្យ​គាត់​ថា​ខ្ញុំ​បាន​តែ​រៀន​និង​ធ្វើ​ការ​ទៀត​ទេ។ កំពុង​តែ​លង់​នឹង​អារម្មណ៍​ដ៏​អណ្ដែត​អណ្ដូង​នេះ Inbox របស់​ខ្ញុំ​លោត​សញ្ញា​ទទួល​សារ​​មួយ។
“កា! បង​ដឹង​ថា​ក្នុង​ភ្នែក​អូន​ពី​ដើម​មក​បង​ជា​ក្មេង​រប៉ិលរប៉ូច​និយាយ​លេង​សើច​ច្រើន។ បង​គឺ​ក្មេង​មក​ពី​ខេត្ត​រៀន​សូត្រ​និង​ការងារ​សុទ្ធ​តែ​មិន​មាន​អ្វី​ដុំកំភួន​ទេ​សម្រាប់​អូន។ ពន្លឺ​ព្រះអាទិត្យ​ក៏​ឃើញ​ក្រោយ​អូន​ដែរ រឹត​តែ​មិន​បាច់​និយាយ​ពី​គ្រួសារ​គ្រូ​បង្រៀន​នៅ​ខេត្ត​មួយ​ក៏​កម្សត់​នេះ​ទៅ​ទៀត​។ អ្វី​ក៏​បង​មិន​មាន​សម្រាប់​ឱ្យ​អូន​ជ្រើសរើស​បង​ដែរ ប៉ុន្តែ​បង​ពី​ដើម​មក​ នឹង​ទៅ​ថ្ងៃ​ក្រោយ​មិន​ប្ដូរ​ឃ្លា​ថា “បង​ស្រលាញ់​អូន​” ទេ។ បង​ស្រលាញ់​អូន​មិន​មែន​ពាក្យ​និយាយ​ដើម្បី​ឱ្យ​ពួក​យើង​បាន​សប្បាយ​ចិត្ត​ ឬ​សើច​ទេ តែ​បង​និយាយ​វា​ចេញ​ពី​បេះ​ដូង ទោះ​រៀន​មិន​ពូកែ ធ្វើ​ការ​មិន​ច្បាស់លាស់ តែ​បង​ប្រាកដ​ច្បាស់​រឿង​មួយ​នេះ​គឺ បង​ស្រលាញ់​អូន​ ស្រលាញ់​ដល់​ទ្រាំ​ឃើញ​អូន​មិន​ស្រលាញ់​បង​មិន​បាន​។ ពេល​នេះ​បង​រៀន​ចប់​ហើយ ការ​នៅ​រំខាន​អូន​ក៏​មិន​គួរ​អូស​បន្លាយ​ទៀត​ដែរ អូន​ល្អ​គ្រប់​យ៉ាង បង​ថ្ងៃ​នេះ​មិន​អាច​ជា​ជម្រើស​របស់​អូន​ ថ្ងៃ​ក្រោយ​ក៏​មិន​អាច​ដែរ ថ្ងៃ​នេះ​មិន​​អាច​ឃើញ​អូន​មិន​ទទួល​ក្ដី​ស្រលាញ់​របស់​បង ថ្ងៃ​ក្រោយ​រឹត​តែ​មិន​អាច​ទ្រាំ​មើល​បាន ព្រោះ​បង​ដឹង​ថា បេះ​ដូង​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺ​រឹត​តែ​នឹក​រឹត​តែ​ស្រលាញ់​អូន​ទ្វេ​ដង ដូច្នេះ​ដើម្បី​កុំ​​ឱ្យ​ស្នាម​ស្នេហ៍​ដែល​បង​លង់​ក្នុង​សុបិន​តែ​ម្នាក់​ឯង​រាប់​ខែ​មក​នេះ​ទៅ​ជា​ស្នាម​របួស បង​សម្រេច​ចាក​ចេញ​ដោយ​នាំ​យក​ក្ដី​ស្រលាញ់​នេះ​​ទៅ​ជា​មួយ ហើយ​រក្សា​បេះដូង​មួយ​ចំណែក​ថែរក្សា​ស្នាម​ស្នេហ៍​នេះ​មិន​ឱ្យ​រលប់​ជា​ដាច់​ខាត។ កា! បង​បាន​ដាក់​ពាក្យ​លាឈប់​ មិន​មែន​ច្បាប់​ឈប់​សម្រាក​ទេ​តែ​បង​សុំ​កុំ​ឱ្យ​គេ​ប្រាប់​អូន ថ្ងៃ​មិញ​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​បង​ធ្វើ​ការ​ជា​មួយ​អូន ឃើញ​មុខ​អូន​ និយាយ​ជា​មួយ​អូន។ បង​សម្រេច​ចិត្ត​ធ្វើ​តាម​សំណូមពរ​របស់​ប៉ា​ម៉ាក់​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ខេត្ត ហើយ​រៀបការ​ជា​មួយ​អ្នក​គ្រូ​បង្រៀន​​បឋម​ម្នាក់​ជា​កូន​ស្រី​មិត្តភ័ក្ដិ​របស់​ម៉ាក់​។ ទោះ​បី​ស្រលាញ់​អូន​តែ​ម្ខាង មិន​បាន​រួមរស់ មិន​បាន​ចិត្ត ប៉ុន្តែ​បង​សប្បាយ​ចិត្ត​ដែល​អាច​ឱ្យ​អូន​ដឹង​ថា បង​​ស្រលាញ់​អូន ហើយ​ស្រលាញ់​ជា​រៀង​រហូត។ ជូន​ពរ​អូន​ឱ្យ​ជួប​បុរស​ល្អ និង​មាន​សុភមង្គល​​​ជា​រៀង​រហូត។
ក្មេង​រប៉ិលរប៉ូច​ដែល​ស្រលាញ់​អូន!”
អ្វី​ដែល​ចង់​ដឹង​គឺ​ដឹង​អស់​ហើយ អ្វី​ដែល​ត្រូវ​សួរ​ក៏​គេ​ឆ្លើយ​អស់​ហើយ​ដែរ គឺ​ខ្ញុំ​មិន​ចេះ​ចាប់​ឱកាស​ឱ្យ​ខ្លួន​ឯង។ ខ្ញុំ​មិន​ស្គាល់​ពី​ចិត្ត​ខ្លួន​ឯង ២៤​ឆ្នាំ​ហើយ​​នេះ​គឺ​ជា​ស្នេហា​លើក​ដំបូង​ ជីវិត​ស្នេហា​​ខ្ញុំ​ប្រហែល​មិន​ដូច​នារី​ដទៃ​ទេ ខ្ញុំ​ជា​ក្មេង​ស្រី​ក្រមិចក្រមើម គ្មាន​មនោសញ្ចេតនា មិន​យល់​ពី​អារម្មណ៍​ស្នេហា។ ខ្ញុំ​អាន​មែល​៣​ដង ហើយ​គេង​សម្លឹង​អេក្រង់​លេបថប់​យ៉ាង​យូរ មិន​មែន​ពន្លឺ​លេបថប់​ចាំង​ភ្នែក​ធ្វើ​ឱ្យ​ខ្ញុំ​ហូរ​ទឹក​នេត្រា​​នោះ​ទេ ប៉ុន្តែ​អក្សរ​ក្នុង​មែល​ហាក់​លោត​មក​រក​ខ្ញុំ​ដូច​ជា​គេ​កំពុង​និយាយ​រៀបរាប់​ប្រាប់​ខ្ញុំ​ដោយ​ផ្ទាល់​ធ្វើ​ឱ្យ​ខ្ញុំ​ទប់​ទឹក​ភ្នែក​មិន​ជាប់។ “សុធារក្ស បង​សប្បាយ​ចិត្ត​ដែល​បង​បាន​ប្រាប់​ឱ្យ​អូន​ដឹង​ថា​បង​​ស្រលាញ់​អូន តែ​អូន​មិន​ត្រឹម​តែ​មិន​អាច​​ឱ្យ​បង​ដឹង​ថា​អូន​ស្រលាញ់​បង​ទេ សូម្បី​ពាក្យ​បង​អូន​មួយ​ម៉ាត់​​ក៏​មិន​ធ្លាប់​បាន​និយាយ​ជា​មួយ​បង​ដែរ ហេតុ​អី​បង​ទុក​ឱកាស​ឱ្យ​អូន​ខ្លី​យ៉ាង​នេះ?”
ខ្ញុំ​គេង​សម្លឹង​មែល​រហូត​គេង​លក់។ នាឡិកា​តាំង​តុ​រោទ៍​ដាស់​ខ្ញុំ​ទៀង​ម៉ោង​ដដែល​ សំឡេង​គោះ​ទ្វារ​ក៏​ទៀង​ម៉ោង​ដែរ ប៉ុន្តែ​ការ​ចេញ​ទៅ​ញ៉ាំ​អាហារ​ពេល​ព្រឹក​មិន​ទៀង​ម៉ោង​ទេ ព្រោះ​នាឡិកា​មិន​អាច​ដាស់​ខ្ញុំ​ឱ្យ​ចូល​ងូត​ទឹក​បាន៕
ដោយ៖ សាធ វាសនា

ប្រភព សប្បាយ