Xiaomi លក់ទូរស័ព្ទ បានចំនួន ៧លានគ្រឿង នៅក្នុងឆមាសទី១ ឆ្នាំ២០១៣
Xiaomi គឺជាក្រុមហ៊ុនផលិតទូរស័ព្ទក្នុងស្រុកមួយរបស់ប្រទេសចិនដែលទទួលបានការពេញនិយមគាំទ្រយ៉ាងច្រើនពីដំណាក់ ប្រជាជនចិន ។ ដោយឡែកបន្ទាប់ពីបានចេញលក់នូវទូរស័ព្ទទំនើបអស់ជាច្រើនម៉ូដែលមកពេលនេះក្រុមហ៊ុន Xiaomi បានលក់ទូរស័ព្ទទំនើបរបស់ខ្លួនបានចំនួន ៧លានគ្រឿងហើយនៅក្នុងរយៈពេលតែឆមាសទី១ នៃឆ្នាំ២០១៣ នេះប៉ុណ្ណោះ ។
លោក Lei Jun ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Xiaomi បានផ្ដល់ព័ត៌មានថា ក្រុមហ៊ុនលោកបានលក់ទូរស័ព្ទទំនើបរបស់ខ្លួនដែលដំណើរការដោយ Android OS បានចំនួន ៧,០៣ លានគ្រឿងហើយសម្រាប់តែរយៈពេលឆមាសទី១ ថ្មីៗនេះ ។ ដោយឡែកនៅក្នុងពេលដូចគ្នានេះក្រុមហ៊ុនបានរកប្រាក់ចំណូលចំនួន $2.15 ពាន់លាន ប៉ុន្តែមិនមានព័ត៌មានប្រាប់ឲ្យដឹងពីប្រាក់ចំណេញប៉ុន្មាននោះទេ ។
យ៉ាងណាមិញបើគេធៀបទៅនឹងប្រាក់ចំណូលនៅក្នុងពេលដូចគ្នានៃឆមាសទី១ កាលពីឆ្នាំ២០១២ ដែលមានចំនួន $957.6 លាន គេសង្កេតឃើញថា ចំនួនប្រាក់ $2.15 ពាន់លាន គឺក្រុមហ៊ុន Xiaomi បានទទួលប្រាក់ចំណូលកើនទ្វេដងបើធៀបទៅនឹងឆ្នាំមុន ។
យ៉ាងណាមិញក្រុមហ៊ុន Xiaomi មានគម្រោងនឹងលក់ទូរស័ព្ទទំនើបរបស់ខ្លួនឲ្យបានចំនួនរហូតដល់ទៅ ១៥លានគ្រឿងឯណោះ ដូច្នេះនៅក្នុងឆមាសទី១ ក្រុមហ៊ុនអាចលក់បានចំនួន 7,០៣លានគ្រឿង តើរហូតដល់ចុងត្រីមាសទី២ ឬចប់ឆ្នាំ២០១៣ ក្រុមហ៊ុនអាចលក់ទូរស័ព្ទគ្រប់ចំនួន ១៥លានគ្រឿងរបស់ខ្លួនឬទេ ?
សូមបញ្ជាក់ថា បច្ចុប្បន្នទូរស័ព្ទរបស់ក្រុមហ៊ុន Xiaomi មានអ្នកប្រើជាប្រចាំចំនួន ១៤,២២លាននាក់ នៅក្នុងប្រទេសចិន និងនៅក្នុងទីផ្សារថ្មីគឺ ហុងកុង និង តៃវ៉ាន់ដែលក្រុមហ៊ុនទើបចេញលក់កាលពីខែមេសា ។ ដូច្នេះមានន័យថា ទូរស័ព្ទរបស់ក្រុមហ៊ុន Xioami កំពុងទទួលបានប្រជាប្រិយភាពយ៉ាងច្រើនពីសំណាក់ប្រជាជនចិន ៕