Sony ​ទទួលស្គាល់ថា​ ទូរស័ព្ទ​របស់ខ្លួន​ មិនអាច​ទៅរួច​ ជាមួយ​ផលិតផល Apple & Samsung បានទេ​

7/08/2013 0 Comments A+ a-

 ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​Sony Mobile លោក Dennis Van Schie​ បាន​មាន ប្រសាសន៍​ថា សូ​នី  នឹង​បញ្ចេញ​ទូរស័ព្ទ​ថ្មី​មួយ​ដើម្បី​ប្រកួត​ដោយផ្ទាល់​ជាមួយ​iPhone 5​និង Samsung Galaxy S3​ ។​
​   លោក Van Schie បានទទួល​ស្គាល់​ជា​ចំហ​ថា គ្មាន​ផលិតផល​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ជប៉ុន​ណា ដែល​អាច​ងើប​តទល់​ជាមួយ​ទូរស័ព្ទ​ដែលជា​ផលិតផល​ចម្បង​គេ​របស់​ក្រុមហ៊ុន​Apple និង Samsung បានទេ​។​
​   លោក​បាន​ប្រាប់​ទៅ​សារព័ត៌មាន​អាល្លឺម៉ង់​ថា​«​យើង​នឹង​ផលិត ក្នុងពេល​អនាគត​ដ៏​ខ្លី នូវ​ម៉ូ​ឌែ​ល​ចម្បង​មួយ​ដែល​អាច​ប្រកួតប្រជែង​ជាមួយ iPhone របស់ Apple​ និង Galaxy S3 របស់​Samsung​ បាន​»​ហើយ​អ្នកតំណាង​នៃ​ក្រុមហ៊ុន​សូ​នី​ម្នាក់នេះ​ក៏បាន​អះអាង​បន្តថា  គូប្រជែង​នឹងមាន​វត្ត​មាននៅ​CES និង ស​និ្ន​បាត​ទូរស័ព្ទ​ពិភពលោក​( Mobile World Congress)​ នា​រដូវ​ស្លឹកឈើ​លាស់​ឆ្នាំ ២០១៣​។​
 
​   ទោះបី​នេះ​ជា​ព័ត៌មាន​ដ៏​ល្អ​សម្រាប់​អ្នកគាំទ្រ​របស់ខ្លួន​មែនពិត ប៉ុន្តែ​ sony​ ក៏​គួរ​ណាស់​តែ​បង្វែរ​​ការយកចិត្តទុកដាក់​របស់ខ្លួន​ចំពោះ​ម៉ូ​ឌែ​ល​ជំនាន់​ក្រោយ​របស់​ស្មា​ត​ហ្វូ​ន ប្រសើរ​ជាង​ព្យា​យាម​​​តាម​គេ​ពីក្រោយ​ពីព្រោះ​ទាំង​ Apple និង​ Samsung​ ក៏​នឹង​ចេញ​ម៉ូ​ឌែ​ល​បន្ទាប់​របស់​ពួកគេ​ដែល​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​លក់ដាច់​ខ្ពស់បំផុត​លើ​ទីផ្សារ​នៅ​ឆ្នាំក្រោយ​ដូចគ្នា ដែល​មើល​ទៅ​ Sony មិនមែនជា​គូប្រជែង​របស់​ពួកគេ​ទេ​។​
 
​   មាន​ព័ត៌មាន​ល្ហេ​ច​ល្ហៀ​ង​លេចឮ​ដែរ​ថា iPhone 5S នឹង​ចាប់​ដំណើរ​ផលិតកម្ម​នៅ​ខែក្រោយ​នេះហើយ​ដែល​បញ្ហា​នោះ​ជា​សារ​មិនល្អ​មួយ​សម្រាប់​លោក Van Schie និង​ក្រុម​របស់គាត់​ផងដែរ​។​
 
   Sony បាន​ខិតខំ​យ៉ាង​សម្បើម​ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ផលិតផល​ថ្មី​របស់ខ្លួន ហើយ​ថ្វីបើ​ខ្លួន​ធ្លាប់បាន​ទទួលបាន​ជោគជ័យ​ខ្លះៗ​នាពេល​កន្លងមក​រួច​ហើយក៏​ដោយ ប៉ុន្តែ​បើ​និយាយ​​ឲ្យ​ចំ​ទៅ​សម្រាប់​បច្ចុប្បន្ននេះ​ពួកគេ​មានសង្ឃឹម​មិន​ច្រើន​ឡើយ​ក្នុងការ​បញ្ចុះបញ្ចូល​អ្នក​ប្រើប្រាស់​ឲ្យ​ងាក​មក​គាំទ្រ​ផលិតផល​ចុងក្រោយ​របស់ខ្លួន​នោះ​៕