ក្រុមហ៊ុន​ LG នឹង​ប្រកាស​ចេញ​​​ ទូរស័ព្ទ Optimus G2 នៅ​ថ្ងៃទី០៧ ខែសីហា

7/08/2013 0 Comments A+ a-

Optimus G 2 ជា​ខ្សែស្រឡាយ​ចុង​ក្រោយ​​នៃ​ Optimus ជា​ទូរស័ព្ទទំនើប​​​របស់ក្រុមហ៊ុន​ LG ដែល​ទទួល​បាន​ការ​ពេញ​និយមខ្លាំង​ពី​​សំណាក់​អ្នក​ប្រើប្រាស់​ ។ កាល​ពី​​​ខែមិថុនា​កន្លង​ទៅ​ធ្លាប់​មាន​​ព័ត៌មាន​​មួយ​ចំនួន​​បាន​និយាយ​ទាក់ទង​នឹង​ផលិត​របស់​ក្រុមហ៊ុន​ LG មួយ​ម៉ូដែល​នេះ ដូច​ជា​ប្រភព​ពី​គេហទំព័រ UnwiredView បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ LG បាន​បញ្ជាក់យ៉ាង​ច្បាស់​ហើយ​​ថា​នឹង​បំពាក់ CPU Snapdragon 800 ដែល​ជា​បច្ចេកវិទ្យា​ CPU ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ Qualcomm ទៅ​លើ​​ទូរស័ព្ទទំនើប​​ Optimus G2 ។
កាល​ពី​នោះ​គ្មាន​ប្រភព​ណា​អាច​បញ្ជាក់​ថា​ក្រុមហ៊ុន​ LG ​​នឹង​ធ្វើ​ការ​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ Optimus G2 នៅ​កាល​បរិច្ឆេទ​ជាក់លាក់​ណា​មូយ​នៅ​ឡើយ​ទេ ប៉ុន្តែ​ដោយឡែក​សម្រាប់​​ពេល​នេះ​ប្រភព​ពី​គេហទំព័រ Gsmarena បាន​ឲ្យ​ដឹង​ថា​​​ពួក​គេ​បាន​ទទួល​លិខិត​អញ្ជើញ​ពី​ក្រុមហ៊ុន​ LG សម្រាប់​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ពិសេស​មួយ​​ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី០៧ខែសីហា​​ក្នុង​ទីក្រុង​ញូវយ៉ក ។ បើយោង​តាម​ប្រភព​ចចាមអារ៉ាម​​ដែល​ធ្លាប់​ចេញ​ពី​មុន​​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ លក្ខណសម្បត្តិបច្ចេកទេស​ខ្លះៗ​របស់ Optimus G2 ដែល​មានដូច​ជា៖ អេក្រង់ទំហំ 5-inch កម្រិតភាព​ច្បាស់ 1,080p Full HD កាមេរ៉ា​ទំហំ 13 MP, RAM 2GB និង CPU Snapdragon 800 (បញ្ជាក់ដោយ​ក្រុមហ៊ុន​) ។
ចំពោះ​ព័ត៌មាន​លម្អិត​​ដែល​ទាក់ទង​នឹង​លក្ខណសម្បត្តិបច្ចេកទេស​របស់​​ទូរស័ព្ទទំនើប Optimus G2​ ប្រិយមិត្ត​នឹង​បាន​ជ្រាប​បន្ទាប់​ពី​ក្រុមហ៊ុន LG ធ្វើ​ការ​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅថ្ងៃទី០៧ សីហា ប៉ុន្តែបើ​គិត​​តាម​ពេល​វេលា​នៅ​កម្ពុជា​យើង​គឹ​​ឈាន​ដល់ទី០៨ ខែ​សីហា ។ សូម​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ​គ្មាន​ប្រភព​ណា​អាច​បង្ហាញ​ពី​រូបភាព​របស់​ទូរស័ព្ទទំនើប Optimus G2 នៅ​ឡើយ​ទេ ៕
យើង​ខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​រូបភាព​ Optimus G Pro