គេចោទថា CPP បញ្ចុះបញ្ចូល សមាជិក CNRP មិនឲ្យទៅបោះឆ្នោត
កំពតៈ សកម្មជនគណបក្សប្រជាជន(CPP) ត្រូវបានគេចោទប្រកាន់ថា បានទៅបញ្ចុះបញ្ចូលគ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិ (CNRP) ដែលមានសមាជិក ៥នាក់ នៅភូមិត្រពាំងខ្យុង ឃុំអង្គរភ្នំតូច ស្រុកអង្គរជ័យ មិនឲ្យទៅបោះឆ្នោតជាថ្នូរនឹងការដោះលែងកូនប្រុសម្នាក់របស់ គ្រួសារនេះដែលកំពុងជាប់ឃុំនៅពន្ធនាគារ។
លោកយុន ផល្លី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ខេត្តកំពត បានឲ្យដឹងថា អ្នកស្រី អ៊ុក សុទ្ធ វ័យ ៤០ឆ្នាំ ត្រូវជាម្តាយក្មេករបស់សកម្មជន CNRP ឈ្មោះហុង វីរ៉ាវុទ្ធ បានរាយការណ៍មកការិយាល័យលីកាដូ ថា សមាជិកគ្រួសារ ៥នាក់របស់អ្នកស្រី ត្រូវបានគេស្នើឲ្យចុះចូលជាមួយគណបក្សប្រជាជន និងសន្យាកុំឲ្យទៅបោះឆ្នោតជាថ្នូរនឹងការដោះលែងកូនប្រុសរបស់អ្នកស្រីពីពន្ធនាគារ។
លោក វីរ៉ាវុទ្ធ វ័យ៤១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់ក្រុមមេដឹកនាំគណបក្ស ប្រជាជនហើយត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពត កាលពីថ្ងៃទី២៧ ខែមិថុនា។ លោក វីរ៉ាវុទ្ធ បានអះអាងថា នៅក្នុងអំឡុងពេលដែលគេចោទប្រកាន់ថា មានការគំរាមសម្លាប់នោះ ទូរស័ព្ទរបស់លោក ត្រូវបានមិត្តភក្តិម្នាក់ខ្ចី។
លោក ផល្លី បានថ្លែងថា៖«អ្នកស្រីសុទ្ធ បានបញ្ជាក់ប្រាប់សកម្មជន CPP ថា ប្រសិនបើកូនប្រុសរបស់គាត់ ត្រូវគេដោះលែងមុនការបោះឆ្នោតនោះសមាជិកគ្រួសាររបស់គាត់ទាំងអស់ នឹងមិនទៅបោះឆ្នោតទេ។ ប៉ុន្តែគាត់នឹងមិនធ្វើទេ ពីព្រោះសកម្មជន CPP សន្យាដោះលែងកូនរបស់គាត់នៅក្រោយការបោះឆ្នោត»។
លោក ផល្លី បន្តថា តាមអ្នកស្រីសុទ្ធ បានប្រាប់ថា លោកជុំ ប៊ុនថាន់ ដែលមានទំនាក់ទំនងស្និទ្ធជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន លោក ប៉ែន ស៊ីម៉ន អគ្គនាយក នៃនាយកដ្ឋានគយ និងរដ្ឋាករបានសុំឲ្យសកម្មជនរបស់គាត់មកបញ្ចុះបញ្ចូល ហើយបានទៅដល់ផ្ទះរបស់អ្នកស្រីដើម្បីស្រង់លេខកាត។ លោកផល្លី បានបន្ថែមថា៖«ខ្ញុំគិតថា សកម្មភាពទាំងនេះ ជាការបំភិតបំភ័យដល់សិទ្ធិអ្នកបោះឆ្នោតហើយអ្នកបោះឆ្នោត មិនអាចបោះឆ្នោតតាមឆន្ទៈរបស់ពួកគេបានទេ»។
ទាំងលោកប៊ុនថន និងលោក សុទ្ធមិនអាចទាក់ទងបានទេ កាលពីថ្ងៃម្សិលមិញ។
លោក ឱ ចាន់ថន ដែលត្រូវជាប្អូនលោក វីរ៉ាវុទ្ធ បានបញ្ជាក់អំពីការគំរាមកំហែង មកលើសមាជិកគ្រួសាររបស់លោក។ លោក ចាន់ថន ថ្លែងថា៖ «សកម្មជន CPP ឈ្មោះ វីរៈ អតីតសមាជិកគណបក្សសម រង្ស៊ី បានចុះមកផ្ទះរបស់ខ្ញុំ ស្រង់យកលេខកាតរបស់ខ្ញុំហើយបានសុំឲ្យខ្ញុំចុះចូលជាមួយ CPP និងសន្យាថា មិនទៅបោះឆ្នោត ហើយក្រោយការបោះឆ្នោត បងប្រុសរបស់ខ្ញុំ នឹងត្រូវគេដោះលែងប៉ុន្តែយើងមិនជឿទេ។ ប្រសិនបើបងប្រុសខ្ញុំត្រូវគេដោះលែងមុនបោះឆ្នោត យើងនឹងទទួលយកសំណើរបស់ពួកគេ»។
ប៉ុន្តែ អភិបាលខេត្តកំពតលោក ឃួយ ឃុនហួរ កាលពីថ្ងៃម្សិលមិញ បានច្រានចោលការចោទប្រកាន់នេះ ហើយថា លោកនឹងស៊ើបអង្កេតលើរឿងនេះមុនពេលចាត់វិធានការតាមផ្លូវច្បាប់។ លោក ឃុនហួរ ដែលក៏ជាប្រធានយុទ្ធនាការ CPP ប្រចាំខេត្តនេះផងដែរបញ្ជាក់ថា៖«ខ្ញុំនឹងរកឲ្យឃើញការចោទប្រកាន់នេះពីព្រោះវាប៉ះពាល់ដល់កិត្យានុភាពរបស់បក្សកាន់អំណាចហើយខ្ញុំបានបញ្ជាយ៉ាងតឹងរ៉ឹងកុំឲ្យសកម្មជន CPP ធ្វើរឿងឆ្កួតៗបែបនោះ»។
លោក ជា ប៉ូច បេក្ខជនតំណាងរាស្ត្រ CNRP ខេត្តកំពត បានថ្លែងថា៖«ខ្ញុំកំពុងរៀបចំពាក្យបណ្តឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ នៅថ្ងៃស្អែក (ថ្ងៃទី១២ ខែកក្កដា)។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍