ម៉ោង​១២​អធ្រាត្រ​ នៅ​សង្កាត់​លេខ​១ (ភាគទី១៤)

7/25/2013 0 Comments A+ a-

ភាគទី១៤
វគ្គ​ទី​៦
អាថ៌កំបាំង
ស្នូរ​​ចាប​យំ​ខ្ញៀវខ្ញារ​ខាង​ក្រៅ​បង្អួច ភីណា​អង្គុយ​លើ​គ្រែ​សម្លឹង​ទៅ​ខាង​ក្រៅ​ផ្ទះ​ដោយ​ទឹក​មុខ​ស្ងួត។ ជា​ការ​ពិត​ណាស់ ទី​នេះ​មិន​មែន​ជា​ផ្ទះ​របស់​ខ្លួន តើ​រស់​នៅ​ដោយ​សប្បាយ​ចិត្ត​យ៉ាង​ម៉េច​កើត​ទៅ? នាង​សម្លឹង​ទៅ​មីង​ម៉ាប់​ដែល​ខំ​រត់​ឡើង​រ៉ឺម៉ក​មក​តាម​​បម្រើ​នាង។ គាត់​​កំពុង​រៀប​សម្លៀកបំពាក់​ចូល​ទៅ​ក្នុង​ទូ​ នាង​ពោល​សួរ​ដោយ​សូរសព្ទ​ស្រាលៗ៖
-មីង! ​រៀប​ប៉ុណ្ណឹង​បាន​ហើយ មីង​ទៅ​ផ្ទះ​ធំ​វិញ​ទៅ​ក្រែង​អ្នកស្រី​ធំ​របស់​មីង​​​ត្រូវ​ការ​រក! ឥវ៉ាន់​ទាំង​នេះ​ទុក​ខ្ញុំ​រៀប​ខ្លួន​ឯង​ចុះ!
-ពុទ្ធោ​អ្នកនាង​តូច​របស់​មីង! ឲ្យ​មីង​ទៅ​ចោល​អ្នកនាង​ម៉េច​កើត! បាន​អ្នកណា​ថែ​ទាំ​បាយ​ម្ហូប​អី​នោះ? នៅ​ផ្ទះ​ធំ មាន​អ្នក​អួន​ហើយ! អ្នកនាង​ឃ្លាន​ទេ ចាំ​មីង​ទៅ​រក​ទិញ​ម្ហូប​សិន!
នារី​តូច​ច្រឡឹង​ហូរ​ទឹកភ្នែក​អាណិត​ខ្លួន នាង​និយាយ​ផង​ជូត​ជលនេត្រ​ផង៖
-ខ្ញុំ​អត់​ឃ្លាន​អី​ទាំងអស់​មីង! ខ្ញុំ​ចង់​នៅ​ស្ងាត់!
អ្នក​បម្រើ​រូប​នោះ​ងាក​មក​សម្លឹង​មាណវី ប្រហែល​ជា​យល់​ថា​ភីណា​មិន​ចង់​ឲ្យ​អ្នក​ណា​នៅ​រំខាន អញ្ចឹង​ហើយ​ទើប​​ម្នីម្នា​ក្រោក​ចេញ​ទៅ​ទាំង​ឆ្លៀត​បន្លឺ​ប្រាប់៖
-បើ​អញ្ចឹង​ពេល​នាង​តូច​ណា៎ ត្រូវ​ការ​អ្វី​ស្រែក​ហៅ​ខ្ញុំ​ចុះ!
ភីណា​ឆ្លើយ​តប​ទាំង​ច្រត់​ដៃ​ក្រោក​ពី​គ្រែ៖
-ដឹង​ហើយ!
អ្នក​បម្រើ​រួប​នោះ​ចាកចេញ​ពី​បន្ទប់​ទៅ ភីណា​ដើរ​មក​អង្គុយ​បត់​ជើង​រៀប​សម្ភារៈ​ប្រើប្រាស់​របស់​ខ្លួន​ទាំង​អស់​ដាក់​លើ​ទូ​សំអាង​ទាំង​ទឹក​មុខ​ក្រៀមក្រំ នាង​នឹក​ដល់​បង​ប្រុស​ខ្លួន គាត់​គឺ​ជា​បង​ប្រុស​តែ​មួយ​គត់ ហើយ​ក៏​ជា​អ្នក​ដែល​នាង​រំពឹង​តែ​មួយ​គត់​បន្ទាប់​ពី​ឪពុកម្ដាយ​ចែក​ឋាន​ទៅ ឥឡូវ​នេះ​គាត់​រវល់​តែ​លុះ​ក្រោម​ល្បិចកល​របស់​ស្រី​បិសាច សូម្បី​តែ​ប្អូន​ស្រី​របស់​ខ្លួន ក៏​លែង​គិត​ដល់​ហើយ​ដែរ មិន​ដឹង​ទ្រាំ​ដល់​ពេល​ណា​ទើប​គាត់​អាច​ភ្ញាក់​ខ្លួន​នឹង​រឿង​ពិត មុខ​មាត់​ពិត​របស់​ប្រពន្ធ​គាត់​នោះ​ទេ ឥឡូវ​នេះ​នាង​ចាក​ចេញ​ពី​ផ្ទះ​ព្រោះ​តែ​មិន​អាច​ទ្រាំ​បាន​ចំពោះ​មុខ​ហេតុការណ៍​ដ៏​តឹង​តែង​ដែល​ស្រី​បិសាច​នោះ​ជា​អ្នក​រៀបចំ​ឡើង នាង​យល់​ថា​តាម​មើល​គឺ​បង​ប្រុស​ខ្លួន​រវល់​តែ​ឈឺ​ឆ្អាល​នឹង​ភរិយា​របស់​គាត់ សូម្បី​តែ​ប្អូន​ស្រី​ខ្លួន​ចេញ​ទៅ​នៅ​ក្រៅ​ផ្ទះ​ក៏​គាត់​មិន​រវល់​ដែល​មើល​ទៅ!
នាង​ស្រាប់​តែ​ចាប់​អារម្មណ៍​ថា តូច​ចិត្ត​ចំពោះ​វាសនា​ខ្លួន​ណាស់ កើត​មក​គ្មាន​ឪពុកម្ដាយ​រស់​នៅ​ជិត​កាយ​ថ្នម​ថែរក្សា​ដូច​គេ​ដទៃ មាន​តែ​បង​ប្រុស​ម្នាក់ ឥឡូវ​នេះ​គាត់​ក៏​លែង​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ទៀត ទោះ​កើត​ទុក្ខ​សោកសៅ​ក៏​មាន​តែ​អង្គុយ​ក្ដុកក្ដួល​ម្នាក់​ឯង​ប៉ុណ្ណោះ រក​អ្នក​ឈឺ​ឆ្អាល​ម្នាក់​នៅ​ក្បែរ​ខ្លួន​គ្រាន់​នឹង​រំលែក​ទុក្ខ​ក៏​មិន​បាន​ដែរ។ កាន់​តែ​គិត​ចិត្ត​រឹងរឹត​តែ​សោកសៅ​ទ្វេ​ឡើង តំណក់​ទឹក​ភ្នែក​ដែល​កើត​ចេញ​ពី​ភាព​ឯកា ​និង​ការ​អាណិត​ខ្លួន​ប្រជែង​គ្នា​ហូរ​សស្រាក់​កាត់​ផែន​ថ្ពាល់​ដែល​ស្រស់​ផូរផង់​ ល្មម​គ្នា​នោះ​ដែរ​សូរសព្ទ​ស្រាលៗ​មួយ​លាន់​ឮ​មក​ពី​ខាង​ក្រោយ​ខ្នង៖
-បើ​មិន​សប្បាយ​ចិត្ត​ដដែល ចេញ​ពី​​ផ្ទះ​មក​ធ្វើ​អី?
ភីណា​ភ្ញាក់​ដូច​គេ​កន្ត្រាក់ តាម​រយៈ​ផ្ទាំង​កញ្ចក់​ នាង​អាច​មើល​ឃើញ​រូប​អ្នក​កំលោះ​វិទូ​ដែល​កំពុង​ឈរ​ខ្ពស់​សង្ហា​ពី​ក្រោយ​ខ្នង។ ​នាង​ក៏​​ប្រញាប់ប្រញាល់​លើក​ដៃ​ជូត​ទឹក​ភ្នែក និង​ឈ្ងោក​មុខ​​ដោយ​អាការ​ស្រពាប់ស្រពោន៖
-អ្នក​ណា​ឲ្យ​បង​ចូល​បន្ទប់​​ខ្ញុំ​?
វិទូ​ដើរ​ចូល​មក​កាន់​តែ​ជិត ប៉ុន្តែ​ភ្នែក​ទាំង​គូ​នៅ​តែ​មិន​ដក​ពី​រូប​ក្រមុំ​គូ​ស្នេហ៍​នៅ​ឡើយ​ទេ អ្នក​ពោល​សួរ​ស្រាលៗ​មក​កាន់​នាង​​៖
-នៅ​ខឹង​ទៀត​?
ភីណា​ឈ្ងោក​មុខ​រៀប​សម្ភារៈ​ប្រើប្រាស់​បន្ត​ដោយ​មិន​ឆ្លើយ​តប​នឹង​អ្នក​កំលោះ​សោះ វិទូ​ដាក់​បង្គុយ​ចុះ​ជិត​នាង​ទាំង​ឈ្ងោក​មើល​មុខ​នាង​ផង​និយាយ​ផង៖
-គិត​នៅ​ហ្នឹង​ដល់​អង្កាល់? បាន​យក​របស់​មក​ច្រើន​ម្លឹងៗ?!
នាង​ក្រមុំ​ចង​ចិញ្ចើម​តែ​មិន​ខ្ចី​ឆ្លើយ​តប​សម្ដី​​បុរស​គូ​ស្នេហ៍។ ភ្លាម​នោះ​នាង​ឮ​គេ​វាចា​លួង​ចិត្ត​ស្រាលៗ​ក្បែរ​ត្រចៀក៖
-និយាយ​មក! និយាយ​រឿងរ៉ាវ​តាំង​ពី​ដើម​ដល់​ចប់​ណា៎! បង​នៅ​ចាំ​ស្ដាប់! បង​អត់​ទៅ​ណា​ទេ!
ភីណា​ដៀង​ភ្នែក​រិះ​គិត​ នាង​ងើបមុខ​សម្លឹង​បុរស​ទាំង​ទឹកភ្នែក​ព្រិចៗ​ ប៉ុន្តែ​តាមពិត​គឺ​នាង​កំពុង​មាន​ចិត្ត​ត្រេកអរ។ យ៉ាងណា​ក៏​នាង​យល់​ថា​នាង​ពិត​ជា​កំពុង​ត្រូវការ​គេ​បំផុត​ក្នុង​កាលៈទេសៈ​នេះ។ វាចា​ចុងក្រោយ​របស់​គេ​ធ្វើ​ឲ្យ​នាង​នឹក​ឃើញ​ដល់​រឿង​អកុសល​ដែល​កើត​ឡើង​លើ​រូប​ស្រី​ជា​បង​ថ្លៃ​របស់​ខ្លួន​នា​រាត្រី​ដែល​មាន​ភ្លៀង​ធ្លាក់​មិន​ឈប់ឈរ​នោះ​សាជាថ្មី។
កាល​យប់​នោះ គាត់​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ក៏​ស្រាប់​តែ​ក្រោយ​មក​បែរ​ជា​មាន​ជីវិត​រស់​ឡើង​វិញ ណា​មួយ​ថែម​ទាំង​មាន​លក្ខណៈ​​ខុស​ពី​មនុស្ស​ធម្មតា។ នាង​បាន​ឃើញ​គាត់​បរិភោគ​សាច់​ឆៅ​ផ្ទាល់​នឹង​ភ្នែក បន្ទាប់មក​ក៏​ឡើង​មក​​ប្រុង​ច្របាច់​ក​នាង​ក្នុង​បន្ទប់​រហូត​ដល់​មាន​រឿង​ធំ​ផ្ទុះ​ឡើង​ទាំង​ព្រហាម។
វិទូ​សម្លឹង​មុខ​នារី​ម្ចាស់​ចិត្ត អ្នក​កំលោះ​ឃើញ​នាង​បង្ហាញ​ភាព​ស្លេកស្លាំង​សើច​លើ​ផ្ទៃ​មុខ​ អ្នក​កំលោះក៏​កើត​ក្ដី​ងឿង​ឆ្ងល់​លាយឡំ​នឹង​ភាព​ឈឺឆ្អាល គេ​លើក​ដៃ​អង្អែល​ស្មា​នាង​ស្រាល​ទាំង​សងខាង​ ល្មម​ពេល​​ភីណា​​ពោល​ទៅ​កាន់​គេ​ដោយ​ទឹក​មុខ​ស្លេកស្លាំង៖
-វិទូ! អ្នក​បង​គួរ​ឲ្យ​សង្ស័យ​ណាស់ គាត់​គួរ​ឲ្យ​ខ្លាច​ណាស់ បង​ដឹង​ទេ​គាត់​ក៏​បាន​​ដាច់​ខ្យល់​ស្លាប់​ម្ដង​​ហើយ ក្រោយ​មក​បែរ​ជា​រស់​ឡើង​វិញ !
អ្នក​កំលោះ​វិទូ​សម្លឹង​មក​ស្រស់​ស្រី​ដោយ​ក្រសែ​ភ្នែក​ពេញ​ប្រៀប​ទៅ​ដោយ​ក្ដី​សង្ស័យ តាម​ពិត​គឺ​អ្នក​កំលោះ​មិន​យល់​សម្ដី​នាង​ដែល​បាន​និយាយ​នេះ​ឡើយ ប៉ុន្តែ​ឃើញ​ទឹក​មុខ​នាង​ជាក់ស្ដែង​ពេក​អ្នក​ក៏​ទៅ​ជា​នៅ​ស្ងៀម​រង់ចាំ​ឲ្យ​នាង​និយាយ​ទៀត។ ភីណា​ផ្ដោត​ភ្នែក​សម្លឹង​អ្នក​កំលោះ កាល​បើ​ឃើញ​គេ​មាន​អាកប្បកិរិយា​ហាក់​រង់ចាំ​ស្ដាប់​​បែប​នេះ​ នាង​បែរ​ជា​ចង​ចិញ្ចើម​ពោល​សូរ​វិញ​ដោយ​មិន​អស់​ចិត្ត៖
-បង​ជឿ​សម្ដី​ខ្ញុំ​អត់​ហ្នឹង?
វិទូ​ប្រមូល​អារម្មណ៍​ដែល​កំពុង​បែក​ខ្ញែក​ដោយ​ក្ដី​ច្របូកច្របល់​នោះ​មក​វិញ គេ​ញាក់ស្មា​តប​មក​កាន់​មាណវី៖
-បង​នៅ​មិន​ទាន់​យល់​នៅ​ឡើយ! អូន​និយាយ​ឲ្យ​ច្បាស់​មក!
ភីណា​ឈ្ងោក​មុខ​ដោយ​ចិត្ត​ច្របូកច្របល់ អារម្មណ៍​ខ្វាយខ្វល់​កំពុង​រុកកួន​ចិត្ត​ខ្លាំងក្លា​ណាស់ នាង​យល់​ថា​បើ​លាក់​ទុក​ក្នុង​ទ្រូង​ទៀត​ក៏​មាន​តែ​ធ្វើ​ឲ្យ​មិន​អស់​ចិត្ត​នៅ​មិន​សុខ​តែ​ប៉ុណ្ណោះ ដូច្នោះ​ហើយ​ទើប​នាង​សម្រេច​ចិត្ត​ដោយ​ងើប​មុខ​បន្លឺ​ប្រាប់​ទៅ​កាន់​នាយ​សាជាថ្មី៖
-មិន​មែន​អូន​មិន​ចង់​និយាយ​ទេ ប៉ុន្តែ​គឺ​គ្មាន​អ្នក​ណា​ទុក​ឱកាស​ឲ្យ​អូន​និយាយ​សោះ គឺ​យប់​ដែល​ក្នុង​ផ្ទះ​គ្មាន​អ្នក​ណា​នៅ​នោះ ក្នុង​ផ្ទះ​ធំ​​មាន​តែ​អ្នក​បង​ហើយ ​និង​ខ្ញុំ។ យប់​នោះ​នឹក​ទៅ​គួរ​ឲ្យ​ខ្លាច​ណាស់ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​តាំង​តែ​ពី​ព្រលប់​រហូត​ដល់​យប់​ជ្រៅ​ក៏​នៅ​មិន​ទាន់​រាំង​ទៀត។ ខ្ញុំ​ និង​អ្នក​បង​សុទ្ធ​តែ​គេង​មិន​លក់​ដូច​គ្នា​ក៏​​នាំ​គ្នា​អង្គុយ​នៅ​សាឡុង​ឯ​បន្ទប់​ទទួល​ភ្ញៀវ។ ឯ​យប់​ក៏​កាន់​តែ​ជ្រៅ ពេល​នោះ​ស្រាប់​តែ​ឮ​នៅ​ជាន់​ខាង​លើ​មាន​ស្នូរ​ជើង​មនុស្ស​រត់ ​ឆ្ងល់​ថា​​កណ្ដាល​យប់​អញ្ចឹង​តើ​មាន​អ្នក​ណា​ចូល​មក​រត់​ក្នុង​ផ្ទះ​យើង​បែប​នេះ ទាំង​ខ្ញុំ ទាំង​អ្នក​បង​​សុទ្ធ​សឹង​ភ័យ​តែ​ អ្នក​បង​នាំ​ខ្ញុំ​ឡើង​ទៅ​ជាន់​ខាង​លើ​រក​មើល​ទៅ​មើល៍​ថា​តើ​មាន​មនុស្ស​លួច​ចូល​មក​ឬ​ក៏​អត់ ពេល​ឡើង​ទៅ​ដល់ យើង​ទាំង​ពីរ​បាន​ឮ​សំឡេង​មនុស្ស​និយាយ​គ្នា​រអុះៗ​មែន​ឯ​ក្នុង​បន្ទប់​ដាក់​វត្ថុ​បុរាណ​ឯណោះ។
ភីណា​បង្អង់​បន្តិច ទើប​ពោល​បន្ត​ប្រាប់​ទៅ​អ្នក​កំលោះ​គូ​ស្នេហ៍៖
-កាល​ណោះ​ខ្ញុំ​ និង​អ្នក​បង​សុទ្ធ​តែ​ភិតភ័យ​ណាស់ ខ្ញុំ​នៅ​ចាំ​ថា​មុន​នឹង​ឈាន​ចូល​ទៅ​ក្នុង​បន្ទប់​វត្ថុ​បុរាណ​អ្នក​បង​បាន​កាន់​ថូ​ដែល​តាំង​មុខ​បន្ទប់​ទៅ​ជា​មួយ​ផង ប៉ុន្តែ​ពេល​ដែល​យើង​បើក​ទ្វារ​ចូល​ទៅ​ដល់​ ក៏​ស្រាប់​តែ​​ឃើញ​មាន​មនុស្ស​ប្រុស​ប្លែក​មុខ​ពីរនាក់​ កំពុង​ឈរ​នៅ​រានហាល​នៃ​បន្ទប់​វត្ថុ​បុរាណ​នោះ លើ​ដៃ​ពួក​គេ​មាន​​កាន់​ពូថៅ​មួយ​ម្នាក់​ផង កាល​យប់​នោះ​អ្នក​បង​ភិតភ័យ​រហូត​ដល់​របូត​ដៃ​ធ្វើ​ជ្រុះ​ថូ​ដែល​គាត់​កាន់​នោះ​ខ្ចាយ​ទៅ​លើ​ឥដ្ឋ រួច​បន្ទាប់​មក​ពួក​យើង​គិត​ថា មនុស្ស​កាន់​ពូថៅ​ពីរ​នាក់​នោះ​ប្រាកដ​ជា​ចោរ​ហើយ ពេល​ដែល​បែរ​ក្រោយ​ទៅ​រក​អ្នក​បង​ស្រាប់​​តែ​ឃើញ​គាត់​កំពុង​ដួល​ត្រឡប់ត្រឡិន​ចុះ​មក​ជាន់​ខាង​លើ ខ្ញុំ​ឃើញ​ផ្ទាល់​នឹង​ភ្នែក អ្នក​បង​ដួល​ធ្លាក់​​ចុះ​មក​ដល់​ជាន់​ខាង​ក្រោម រួច​ក៏​ត្រូវ​បោក​ទៅ​នឹង​ជើង​សាឡុង​យ៉ាង​ខ្លាំង​ទៀត​ ខ្ញុំ​ឃើញ​គាត់​ដេក​ស្ងៀម​នៅ​ទីនោះ លែង​កម្រើក​ទៅ​ហើយ ខ្ញុំ​ចូល​ទៅ​ជិត​គាត់​អង្រួន​គាត់​យ៉ាង​ណា​ក៏​គាត់​មិន​ដឹង​ខ្លួន​វិញ​ដែរ បន្ទាប់​មក​ខ្ញុំ​ដឹង​ថា​​​លែង​មាន​ដង្ហើម​ គាត់​ស្លាប់​បាត់​ទៅ​ហើយ! គាត់​ស្លាប់​មែន!
និយាយ​ដល់​ត្រង់​ណេះ ភីណា​ខ្ទប់​មុខ​ទ្រហោ​យំ នាង​ពោល​បន្ត​ទាំង​អណ្ដឺតអណ្ដក៖
-ខ្ញុំ​ទូរសព្ទ​ទៅ​រក​បង ប៉ុន្តែ​ទូរសព្ទ​ក៏​ដាច់​ទៀត ខ្ញុំ​ស្លន់ស្លោ​ណាស់ ខ្ញុំ​នឹក​មិន​ឃើញ​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​សោះ ខ្ញុំ​ក៏​បើក​ឡាន​ចេញ​ពី​ផ្ទះ​ទៅ​រក​បង ប៉ុន្តែ​យប់​នោះ​ភ្លៀង​ខ្លាំង​ពេក ចិត្ត​ខ្ញុំ​ក៏​កំពុង​វង្វេងវង្វាន់​ទៀត ខ្ញុំ​ក៏​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​តែ​ម្ដង​ទៅ។
វិទូ​សម្លឹង​ទៅ​កាន់​តរុណី​ដោយ​ក្រសែ​ភ្នែក​មុត​ថ្លា ​ក្នុង​ចិត្ត​អ្នក​កំលោះ​គិត​ឃើញ​យ៉ាង​ណា​ក៏​គ្មាន​អ្នក​ណា​អាច​ដឹង​បាន​នៅ​ឡើយ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ហើប​មាត់​និយាយ​ថា​យ៉ាង​ម៉េច​ទាល់​តែ​សោះ ភ្លាម​នោះ​ភីណា​ពោល​បន្ត​ដោយ​សូរ​សព្ទ​រអាក់រអួល៖
-ពេល​ខ្ញុំ​ចេញ​ពី​ពេទ្យ​មក​វិញ ខ្ញុំ​ឆ្ងល់​ណាស់​ត្បិត​អី​ឮ​បង​បន្ទោស​ថា​ខ្ញុំ​ចេញ​ពី​ផ្ទះ​ទាំង​យប់​ទើប​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍! ណា​មួយ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​បែរ​ជា​ឃើញ​អ្នក​បង​នៅ​រស់​ជ្រងោ​ទៅ​វិញ​ បង​និយាយ​ទៅ​មើល​ថា​តើ​ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា ខ្ញុំ​ស្រងាក​ចិត្ត​ខ្លាំង​ណាស់​ ព្រោះ​តែ​មីង​អួន​ប្រាប់​ខ្ញុំ​ថា មាន​ទូរសព្ទ​ប្រាប់​ពី​មន្ទីរ​ពេទ្យ​មក ទើប​គាត់​ដឹង​ថា​ខ្ញុំ​មាន​របួស ប៉ុន្តែ​ខ្ញុំ​នៅ​ចាំ​ច្បាស់​ណាស់​ថា កាល​យប់​នោះ​ពេល​ខ្ញុំ​ទូរសព្ទ​ទៅ​រក​បង ទូរសព្ទ​​ដាច់​ប្រើ​លែង​កើត​ទៅ​ហើយ! ហេតុការណ៍​ស្រាប់​តែ​ក្រឡាប់​ចាក់​យ៉ាង​នេះ ខ្ញុំ​វិលវល់​ណាស់ ណា​មួយ​អ្នក​បង​ស្រាប់​តែ​រស់​វិញ​ហើយ​និយាយ​កុហក​គេ​ឯង​ថា​ខ្ញុំ​ខឹង​គាត់​យក​ឡាន​បើក​ចេញ​ពី​ផ្ទះ​ ទើប​រង​គ្រោះ​ថ្នាក់​ រីឯ​ថូ​ផ្កា​ដែល​គាត់​របូត​ដៃ​ធ្វើ​បែក​នោះ ក៏​គាត់​ពោល​បំផ្លើស​ថា​សត្វ​ឆ្មា​ធ្វើ​បែក​ដែរ ប៉ុន្តែ​ផ្ទះ​គ្មាន​ឆ្កែ​ឆ្មា​មួយ​សោះ បង​ថា​ទៅ​មើល៍ ម៉េច​ក៏​សុខៗ រឿងរ៉ាវ​ប្រែ​ជា​ក្រឡាប់​ចាក់​យ៉ាង​នេះ​ទៅ​វិញ!
ខ្ញុំ​ឃើញ​គាត់​ស្លាប់​ផ្ទាល់​នឹង​ភ្នែក ប៉ុន្តែ​គាត់​បែរ​ជា​នៅ​រស់​ជ្រងោ ខ្ញុំ​មិន​ដឹង​ថា​មក​ពី​មូល​ហេតុ​អ្វី​ទេ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ខ្ញុំ​ចាំ​មិន​ច្រឡំ​ឡើយ បង​ថ្លៃ​ខ្ញុំ​បាន​ស្លាប់​បាត់​ទៅ​ហើយ គាត់​ស្លាប់​នៅ​ចំពោះ​មុខ​ខ្ញុំ ​គឺ​ដៃ​ខ្ញុំ​ស្ទាប​ដង្ហើម​គាត់​ច្បាស់​ណាស់!
កំលោះ​​លើកដៃ​រា​កាត់ ដោយ​ស៊ក​សំណួរ៖
-ឈប់​ភីណា! យប់​នោះ​ពួក​អ្នក​បម្រើ​ទៅ​ណា​អស់!
ភីណា​តប​វិញ​ភ្លាម៖
-គឺ​ពួកគេ​គេង​ដូច​ស្លាប់! ខ្ញុំ​គោះ​ទ្វារ​ផង ស្រែក​ហៅ​ផង អត់​មាន​អ្នក​កម្រើក​ទេ! ពូ សួស​វិញ​ខ្ញុំ​ដើរ​ទៅ​បន្ទប់​គាត់​យក​សោ​ឡាន​ក៏​គាត់​មិន​ទាំង​ដឹង​ខ្លួន​ផង!
ក្រសែ​ភ្នែក​វិទូ​រេ​រិះ​គិត​ខ្វាច់។ នាង​ក្រមុំ​នៅ​បង្អង់​ស្ងៀម​លែង​និយាយ ប៉ុន្តែ​នាង​មិន​មាន​ឮ​អ្នក​កំលោះ​គូ​ដណ្ដឹង​តប​មក​វិញ​មួយ​ម៉ាត់​ណា​ទាល់​សោះ នាង​ងើប​មុខ​សម្លឹង​គេ​យ៉ាង​មុត ហាក់​ដូច​ជា​ចង់​មើល​ឲ្យ​ធ្លុះ​ដល់​អ្វី​ដែល​គេ​កំពុង​តែ​គិត ភ្លាម​នោះ​នាង​ពោល​សួរ​ទៅ​កាន់​វិទូ​ដោយ​ក្ដី​សង្ស័យ៖
-ឬ​មួយ​បង​ក៏​មិន​ជឿ​សម្ដី​ខ្ញុំ​ទេ? ឬ​មួយ​បង​គិត​ថា​សរសៃ​ប្រសាទ​ខ្ញុំ​មាន​បញ្ហា​វង្វេងវង្វាន់ និយាយ​ផ្ដេសផ្ដាស?
ពាក្យ សរសៃ​ប្រសាទ​ ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ប្រអប់​ថ្នាំ​ក្នុង​ដៃ។ គេ​លើក​បង្ហាញ​ស្រី ដោយ​សួរ​មួយៗ៖
-ថ្នាំ​នេះ​អូន​លេប​រហូត​មក​មែន​អ្ហេះ​ភីណា?
ធីតា​លូក​ដៃ​ទទួល​ហើយ​ងក់​ក្បាលៗ​ផ្ងក់ៗ។​
វិទូ​សម្លឹង​មក​នាង​ក្រមុំ​ភីណា​មិន​ដក​ភ្នែក តាម​ពិត​ពាក្យ​សម្ដី​នាង​ទាំង​ប៉ុន្មាន​ហួស​វិស័យ​នឹង​ជឿ​កើត​ក៏​ពិត​មែន​ ប៉ុន្តែ​សម្លឹង​មើល​ទឹក​មុខ​របស់​នាង មិន​សម​ថា​និយាយ​ផ្ដេសផ្ដាស​សោះ ឬ​មួយ​ថា​រឿង​ជាក់​ស្ដែង​នៅ​ខាង​ក្រៅ​ក៏​ដូច​ក្នុង​ខ្សែ​ភាពយន្ត​ដែរ? មនុស្ស​ស្លាប់​ហើយ​អាច​រស់​ឡើង​វិញ​កើត​ដែរ​អ្ហេស៎? អ្នក​​កំលោះ​លូក​មាត់​ពោល​សួរ​ទៅ​កាន់​ភីណា​វិញ​៖
-ម៉េច​ក៏​រឿង​ធ្លាក់​ជណ្ដើរ​កាល​ពី​យប់​នោះ មិន​ដែល​ឮ​អ្នក​បង​និយាយ?
ភីណា​ងាក​មុខ​ចេញ​ដោយ​អាការ​ហួស​ចិត្ត នាង​ឧទាន៖
-គាត់​ស្លាប់​ហើយ​បែរ​ជា​រស់​ឡើង​វិញ គឺ​លែង​ជា​មនុស្ស​ធម្មតា​ទៀត​ហើយ បង​ទៅ​ដែល​បាន​ជួប​គាត់​ប៉ុន្មាន​ដង​ដែរ? គាត់​មិន​ដែល​ចុះ​ពី​បន្ទប់​មក​ក្រោម​ទេ សូម្បី​តែ​ពេល​បាយ! តាម​ពិត​គឺ​អ្នក​បង​ក្លាយ​ជា​ខ្មោច​ទៅ​ហើយ ខ្ញុំ​បាន​ឃើញ​គាត់​លួច​សាច់​ឆៅ​ក្នុង​ទូទឹកកក​ផ្ទាល់​នឹង​ភ្នែក អញ្ចឹង​ហើយ​ទើប​មីង​ម៉ាប់​រអ៊ូ​ថា​បាត់​សាច់​ឆៅ​រាល់តែ​ថ្ងៃ!​ ហើយ​កាល​ពី​ព្រលឹម​នេះ គាត់​ប្រុង​ច្របាច់​ក​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​និយាយ​ទៅ​បែរ​ជា​គ្មាន​អ្នក​ព្រម​ជឿ​សោះ បង​ប្រុស​ក៏​អញ្ចឹង! បង​ឯង​ក៏​មិន​ជឿ​ខ្ញុំ​ដែរ!
វិទូ​ចម្លែក​ក្នុង​ចិត្ត ​តែ​ទឹកមុខ​គេ​នៅ​ស្មើ​ធេង គេ​ងាក​មក​រក​នាង​ក្រមុំ​ភីណា​ ទាំង​ពោល​ប្រាប់​មួយៗ៖
-ភីណា! បង​មាន​ការ​ទៅ​មន្ទីរ​ពេទ្យ​បន្តិច! ល្ងាច​នេះ​បង​មក​វិញ! នៅ​ផ្ទះ​បិទ​ទ្វារ​ចាក់សោ​ឲ្យ​ស្រួល​សិន​ ហើយ​កុំ​ដេញ​មីង​ម៉ាប់​ទៅ​ណា!ដឹង​អត់! ចាំ​បង​មក​វិញ​សិន​ចាំ​គិត​ទៀត!
ភីណា​ដឹង​ថា​ទោះ​ជា​ចង់​ឃាត់​ឲ្យ​គេ​នៅ​ស្ដាប់​សម្ដី​ខ្លួន​ក៏​ឥត​ប្រយោជន៍​ដែរ នាង​ងក់​ក្បាល​យឺតៗ​ដោយ​គ្មាន​ចេញ​ស្ដី​មួយ​ម៉ាត់ អ្នក​កំលោះ​ក្រោក​ឈរ​ពោល​មក​កាន់​នាង​ជា​លើក​ចុង​ក្រោយ៖
-សម្រាក​សិន​ទៅ! បង​ទៅ​សិន​ហើយ!
នាង​ក្រមុំ​ក្រោក​ឈរ​ជា​កិច្ច​ជូន​ដំណើរ​អ្នក​កំលោះ​គូ​ស្នេហ៍ ប៉ុន្តែ​នាង​មិន​មាន​ហើប​មាត់​និយាយ​មួយ​ម៉ាត់​ទៀត​ទេ។ វិទូ​សម្លឹង​នាង​បន្តិច​ទើប​ស្រវា​ឱប​រាងកាយ​តូចតន់​ក្នុង​រង្វង់​ដៃ​ ធ្វើ​ឲ្យ​នាង​យំ​សសិត។មុន​ឈាន​ជើង​ចាក​ចេញ​ទៅ​ គេ​ខ្សឹបៗ​តិចៗ​កាត់​កែវភ្នែក​​ភីណា​ដែល​សែន​​ស្រងូតស្រងាត់​។
-បង​នឹង​រក​យុត្តិធម៌​ឲ្យ​អូន! អត់ធ្មត់​….ឮ​អត់!?
គេ​ចាកចេញ​ទៅ​ជាមួយ​ប្រអប់​ថ្នាំ​ក្នុង​ដៃ។ ទោះ​យ៉ាងណា​សម្ដី​ចុងក្រោយ​របស់​គេ​ធ្វើ​ឲ្យ​ធីតា​ញញឹម​ទាំង​ទឹក​ភ្នែក។ ប្រិយមិត្ត​ធ្លាប់​ឃើញ​ស្នាដៃ​បំបែក​សំណុំ​រឿង​របស់​ប៉ូលិស​វិទូ​ក្នុង​រឿង​ស្ទូឌីយោ​លេខ៧​ហើយ​ តើ​ជឿ​ជាក់​ថា​គេ​អាច​មានលទ្ធភាព​បំបែក​សំណុំ​រឿង​ម៉ោង១២​អាធ្រាត្រ​កាល​ពី​យប់​ភ្លៀង​ធំ​នោះ​ជូន​គូ​ដណ្ដឹង​ខ្លួន​បាន​ដែរ​ឬ​យ៉ាងណា?
វគ្គ​ទី​៧
សំណុំ​រឿង ម៉ោង១២អធ្រាត្រ
-នេះ​ជា​ថ្នាំ​បំពុល​សរសៃប្រសាទ! លោក​បាន​វា​ពីណា​មក!
បុរស​មជ្ឈិម​វ័យ​ដែល​គ្រង​ដោយ​អាវ​វែង​សក្បុស​គ្រប​ពី​លើ​សម្លៀកបំពាក់​របស់​គាត់។ ទឹក​មុខ​ស្លូតបូត​តែ​ម៉ឺងម៉ាត់ ហើយ​គាត់​បង្ហាញ​ភាព​ងឿងឆ្ងល់​លើ​ផ្ទៃមុខ​ដោយ​មាន​គ្រាប់​ថ្នាំ​បី​បួន​ក្នុង​ដៃ​ផង។វិទូ​ដាក់​បង្គុយ​​ទៅ​លើ​សាឡុង តែ​មាត់​និយាយ៖
-ក្រែង​លោក​ជា​អ្នក​ឲ្យ​ថ្នាំ​នេះ​ទៅ​ភីណា?
​លោក​វេជ្ជបណ្ឌិត​ពិនិត្យ​ប្រអប់​ រួច​ងាក​មក​រក​គ្រាប់​ថ្នាំ​ម្ដង​បន្តិច​មក ក៏​ដោយ​ឆ្លើយ​ច្បាស់​ៗ៖
-ប្រអប់​នេះ​គឺ​មែន! តែ​ថ្នាំ​នេះ​អត់​ទេ!
វិទូ​​មិន​និយាយ​មួយ​ម៉ាត់​សោះ​ តែ​គេ​រេ​ភ្នែក​រិះគិត។
“អញ្ចឹង​ភីណា​បាន​ថ្នាំ​នេះ​ពីណា​មក? “អ្នក​សួរ​ស្ងាត់ៗ​ក្នុង​ចិត្ត។ លោក​វេជ្ជ​បណ្ឌិត​ងើប​មុខ​សម្លឹង​មក​កាន់​ភ្ញៀវ​គាត់​ដៀង​ភ្នែក​សម្លឹង​គ្រាប់​ថ្នាំ​លើ​ដៃ​បន្តិច ទើប​ពោល​មក​កាន់​ភ្ញៀវ​យឺតៗ៖
-ថ្នាំ​នេះ​ត្រូវ​បាន​ហាមប្រាម​ក្នុង​វិស័យ​វេជ្ជសាស្ត្រ! វា​បណ្ដាល​ឲ្យ​មហន្តរាយ​ដល់​សុខភាព​អ្នក​ជំងឺ​ ពិសេស​ប្រព័ន្ធ​ខួរក្បាល! គេ​អាច​រក​ទិញ​វា​បាន​តែ​ក្នុង​ផ្សារ​ងងឹត វា​ជា​សារធាតុ​ញៀន​សំយោគ​ផ្សំ​រួម​ពី​សារធាតុ​គីមី​លាយឡំ​នឹង​ជាតិ​មេតំហ្វេតាមីន​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រមើស្រមៃ​ និង​បំភ្លេច​ទុក្ខ​ព្រួយ! នៅ​ស្រុក​ខ្មែរ​យើង ការ​ប្រើប្រាស់ និង​ការ​លក់​ដូរ​សារជាតិ​នេះ​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់! មន្ទីរពេទ្យ​យើង​អត់​មាន​រឿង​អី​ត្រូវ​ប្រើ​របស់​អស់​នេះ​ទៅ​កាន់​អ្នក​ជំងឺ​ទេ! ខ្ញុំ​សូម​បដិសេធ​ដាច់ខាត!
វិទូ​បើក​ភ្នែក​មូលក្លុំ​សម្លឹង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​កាន់​លោក​វេជ្ជបណ្ឌិត​ ក្នុង​ខណៈ​ដែល​ដៃ​គាត់​កំពុង​ហុច​គ្រាប់​ថ្នាំ​អ្នក​វិញ ខណៈ​អ្នក​ឮ​គាត់​បន្ត​វាចា៖
-អាការៈ​ប្រែប្រួល​របស់​គូ​ដណ្ដឹង​លោក​ប្រាកដ​ជា​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ថ្នាំ​នេះ!
-តើ​នាង​ប្រើ​វា​តាំង​ពី​មុន​មក​ ឬ​មួយ​ទើប​តែ​ប្រើ​ក្រោយ​ពេល​ចេញ​ពី​ពេទ្យ?
លោក​វេជ្ជ​បណ្ឌិត​ជ្រួញ​ចិញ្ចើម​បង្ហាញ​អាការៈ​អល់អែក​គាត់​ពោល​យឺតៗ​ដោយ​សម្លឹង​ផ្ដោត​មក​កាន់​នាយ​ប៉ូលិស​វ័យ​ក្មេង​ដែល​កំពុង​រង់ចាំ​ស្ដាប់​ចម្លើយ៖
-តាម​ពិត​យើង​មាន​វិធី​វិភាគ​រឿង​នេះ​ដោយ​បូម​ឈាម​នាង​យក​ទៅ​ ប៉ុន្តែ​ខ្ញុំ​សំណូមពរ​ថា​គួរ​តែ​ទៅ​ទាក់ទង​នឹង​អ្នក​ជំនាញ​សារធាតុ​ញៀន​ល្អ​ជាង​ដោយសារ​គេ​មាន​ឯកទេស​ច្បាស់​អាច​ធ្វើ​ការ​វិភាគ​បាន​ត្រឹមត្រូវ​ជាង! ហើយ​គេ​ក៏​មាន​វិធីសាស្ត្រ​បន្សាប​មាន​ប្រសិទ្ធភាព​ជាង​ខាង​ពួក​ខ្ញុំ!
វិទូ​ផ្អែក​ខ្នង​ទៅ​នឹង​បង្អែក​ដោយ​ឱប​ជាប់​ទៅ​ដោយ​ក្ដី​សង្ស័យ​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត។ ម៉េច​ក៏​ទៅ​ជា​អញ្ចឹង? ការ​ប្រើ​ប្រាស់​គ្រឿងញៀន​ក្នុង​ចំណោម​យុវវ័យ​អភិជន​អត់​មាន​អ្វី​គួរ​ឲ្យ​ចម្លែក​ទេ​ក្នុង​ពេល​បច្ចុប្បន្ន ​តែ​បើ​ឲ្យ​ជឿ​ថា​ភីណា​ក្នុង​ចំណោម​យុវជន​ភ្លើតភ្លើន​ទាំង​នោះ​ ដូចជា​ឆ្ងាយ​ពី​ការ​ពិត​ខ្លាំង​ពេក? ភ្លាម​នោះ​អ្នក​ឮ​​លោក​វេជ្ជបណ្ឌិត​ពោល​សួរ​វិញ៖
-ចុះ​ហេតុអ្វី​បានជា​ពេលនេះ​ទើប​លោក​យក​ថ្នាំ​នេះ​មក​សួរ? ចុះ​ថ្នាំ​ដែល​ខ្ញុំ​ឲ្យ​នាង​លេប ​ទៅ​ឯណា​អស់?
វិទូ​​សម្លឹង​មក​ម្ចាស់​សំឡេង​សន្ទនា នាយ​​ពោល​តប​វិញ​មួយ​ៗ​ដោយ​ទឹក​មុខ​នឹងន៖
-ត្រង់​នេះ​ហើយ​ដែល​ខ្ញុំ​មក​រក​​ការ​ពន្យល់​មួយ! ព្រឹកមិញ​ខ្ញុំ​យក​ថ្នាំ​ទៅ​ឲ្យ​នាង​ព្រោះ​នាង​ភ្លេច តាម​ផ្លូវ​ខ្ញុំ​ជួប​មិត្ត​ម្នាក់​ ក៏​អង្គុយ​ហូប​កាហ្វេ​ជជែក​គ្នា​លេង គេ​ជា​ឱសថ​បណ្ឌិត​ដែរ ខ្ញុំ​ក៏​ចាក់​គ្រាប់​ថ្នាំ​នេះ​សួរ​គេ ព្រោះ​មួយ​រយៈ​នេះ​គូ​ដណ្តឹង​ខ្ញុំ​ប្រែប្រួល​ខុស​ពី​មុន​ពេក​! ចម្លែក​ត្រង់​ថា​គេ​មិន​វិភាគ​ថ្នាំ​នេះ​ចេញ បាន​ន័យ​ថា​សូម្បី​មិត្ត​ខ្ញុំ​ក៏​មិន​ដែល​បាន​ឃើញ​វា​ពី​មុន​មក​ដែរ អញ្ចឹង​ហើយ​ខ្ញុំ​ក៏​ឆៀង​មក​សួរ​លោក! ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ចម្លើយ​ថា​តើ​នេះ​ជា​ថ្នាំ​មន្ទីរពេទ្យ​ចេញ​ឲ្យ​នាង​ ឬ​ក៏​នាង​បាន​ពី​កន្លែង​ផ្សេង​ណា​មក!
លោក​វេជ្ជបណ្ឌិត​​គ្រវី​ក្បាល​យឺត​ៗ​បង្ហាញ​នូវ​ភាព​ងឿង​ឆ្ងល់​និង​មិន​អស់​ចិត្ត គាត់​ពោល​រអ៊ូ៖
-ចុះ​ថ្នាំ​ដែល​ខ្ញុំ​ឲ្យ​ទៅ​ណា​វិញ?
វិទូ​ក៏​បង្ហាញ​នូវ​អាការ​ទញ់​ទាល់​ដែរ។ គេ​នៅ​ស្ងៀម​ដក​ដង្ហើម​ធំ​មួយ​ខណៈ​ ទើប​និយាយ​ឡើង​ថា៖
-ជម្រាប​តាម​ត្រង់​ទៅ​ចុះ​ថា​ពួក​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា​ភីណា​បាន​ថ្នាំ​នេះ​ពី​ណា​មក​ដែរ​ហើយ​នាង​ប្រើ​វា​តំាង​ពី​ពេល​ណា​មក! ប៉ុន្តែ​សំខាន់​ពេល​នេះ​ខ្ញុំ​សូម​លោក​មេត្តា​ធ្វើ​យ៉ាងណា​លាក់​រឿង​នេះ​ឲ្យ​បាន​ល្អ​ដឹង​ត្រឹម​លោក​និង​ខ្ញុំ​ដោយ​យោគយល់​ដល់​ការ​រាប់អាន​រវាង​បង​កុសល​និង​លោក! ពួក​ខ្ញុំ​និង​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់!
លោក​វេជ្ជបណ្ឌិត​ងក់​ក្បាល​ផ្ងក់ៗ ជា​សញ្ញា​ថា​មិន​បដិសេធ​នូវ​សម្ដី​របស់​អ្នក​កំលោះ​ទេ គាត់​បន្លឺ​តប៖
-បាទ! លោក​ទុកចិត្ត​ចុះ!
វិទូ​ផ្ដោត​ភ្នែក​សម្លឹង​ទៅ​កាន់​លោក​វេជ្ជបណ្ឌិត ប៉ុន្តែ​ការ​ពិត​គឺ​អ្នក​កំលោះ​កំពុង​អញ្ចឹង​គិត ឬ​មួយ​ថា​ពាក្យ​សម្ដី​ចម្លែក​ៗ​​របស់​ភីណា ជា​មួយ​រឿង​ខុស​ប្រក្រតី​នៃ​ទំនាក់ទំនង​រវាង​នាង និង​​អ្នកស្រី​វ័យ​ក្មេង មាន​ទាក់ទង​គ្នា​នឹង​ថ្នាំ​នេះ។
កាល​ពី​នៅ​ផ្ទះ​អម្បាញ់មិញ​នាង​បាន​រៀបរាប់​ប្រាប់​អ្នក​ថា កាល​ពី​យប់​នោះ​ដែល​ក្នុង​ផ្ទះ​គ្មាន​អ្នក​ណា​នៅ មាន​តែ​នាង​និង​បង​ថ្លៃ​ប៉ុណ្ណោះ បង​ថ្លៃ​នាង​បាន​ទាក់​ជើង​ដួល​ពី​លើ​ជណ្ដើរ​ ព្រោះ​តែ​រត់​គេច​ពី​មនុស្ស​ចម្លែក​ពីរ​នាក់​ដែល​លួច​ចូល​ក្នុង​បន្ទប់​វត្ថុ​បុរាណ ហើយ​កាល​ដែល​គាត់​ទាក់​ជើង​ដួល​នោះ បាន​ធ្លាក់​មក​ជាន់​ខាង​ក្រោម ណា​មួយ​នាង​បាន​បញ្ជាក់​ថា គាត់​បាន​បោក​ទង្គិច​ទៅ​នឹង​ជើង​សាឡុង​យ៉ាង​ដំណំ រហូត​ទាល់តែ​ដាច់​ដង្ហើម​ភ្លាម​ទៀត​ផង តើ​នេះ​ជា​ការ​ពិត​ដែល​ភីណា​បាន​ឃើញ​ព្រោះ​តែ​ភាព​រវើរវាយ​ក្រោម​ឥទ្ធិពល​ថ្នាំ? តើ​នាង​ពិត​ជា​លេង​ថ្នាំ​ញៀន​សំយោគ​ប្រភេទ​ថ្មី​នេះ​រហូត​ដល់​សរសៃ​ប្រសាទ​មាន​បញ្ហា? ប៉ុន្តែ​ចុះ​ហេតុអ្វី​បាន​ជា​មុន​នេះ​នៅ Apartment​ ពេល​ខ្លួន​លើក​ថ្នាំ​នេះ​បង្ហាញ​នាង នារី​អភិជន​ដូចជា​គ្មាន​រអៀស​ខ្លួន​ភិតភ័យ​ឬ​ភ្ញាក់​ផ្អើល​អ្វី​សោះ?
វិទូ​លា​ពេទ្យ​​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​តាម​ផ្លូវ​អ្នក​កំលោះ​​ត្រិះរិះ​ពី​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត។ នោះ​ជា​ពេល​រសៀល គាប់​ជួន​ត្រូវ​ជិះ​កាត់​ផ្ទះ​​ភីណា​ផង ​កំសួល​ចិត្ត​មួយ​ផ្ទុះ​ឡើង​ភ្លាម​ក្នុង​អារម្មណ៍​អ្នក​កំលោះ​វិទូ អ្នក​កំលោះ​ស្រាប់​តែ​នឹក​ឃើញ​ថា​ចង់​ទៅ​ជួប​អ្នកស្រី​កុលាប​ដើម្បី​សាកសួរ​ពី​ព្រឹត្តិការណ៍​នានា​ទាក់ទង​នឹង​របួស​របស់​គូ​ដណ្តឹង។
​មក​ដល់​គោលដៅ ឈប់​នៅ​ពី​មុខ​ភូមិគ្រឹះ​ដែល​ឈរ​ស្កឹមស្កៃ តែ​ស្ងាត់​ជ្រងំ​កណ្ដាល​ក្រោម​ស្រមោល​ថ្ងៃ​អស្ដង្គត។​
វិទូ​ចុះ​ពី​ជំនិះ​ចុច​កណ្ដឹង មួយ​ខណៈ​ក្រោយ​ទើប​ឃើញ​រូប​ពូ​សួស​ដែល​ជា​អ្នក​នៅ​យាម​ផ្ទះ​ចេញ​មក​បើក​ទ្វារ។
យល់​វត្តមាន​អ្នក​កំលោះ​ភ្លាម គាត់​បង្ហាញ​អាការ​ត្រេកអរ​ពោល​អរ​កខិបកខុប៖
-លោក​ក្មួយ?
វិទូ​យល់​ថា​តាម​មើល គឺ​អ្នក​បម្រើ​រួប​នេះ​កំពុង​បារម្ភ​និង​ចង់​បាន​ដំណឹង​ពី​ភីណា​អ្នក​នាង​តូច​របស់​គ្រប់​គ្នា​បាន​ជា​គាត់​អរ​ភើត​ពេល​ឃើញ​វត្តមាន​អ្នក​កំលោះ។​ អ្នក​កំលោះ​ពោល​តប​ទៅ​កាន់​គាត់​ដោយ​ទឹក​មុខ​ស្មើ៖
-ខ្ញុំ​សុំ​ជួប​អ្នក​បង! ពូ​ជួយ​ជម្រាប​អ្នក​បង​ផង!
សូម​រង់ចាំ​តាម​ដាន​អាន​ភាគ​បន្ត​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ