វិទ្យុABCរបស់ អាចារ្យអេប្រកាស បិទនៅព្រឹកម៉ិញនេះ
វិទ្យុABCប្រកាសបិទការផ្សាយព័ត៌មានប្រតិកម្មបន្ទាន់របស់ខ្លួនចាប់ពីព្រឹកម៉ិញនេះ បន្ទាប់ពីមានការព្រមានបិទពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប។
លោកសេង ប៊ុនវ៉េង ហៅអាចារ្យអេ បានប្រកាសកាលពីព្រឹកម៉ោងប្រមាណជាង៧និង៤០នាទីថា វិទ្យុរបស់លោកនឹងឈប់ផ្សាយដោយខ្លួនឯង បើទោះបីជាក្រសួងព័ត៌មានមិនទាន់ ប្រកាសអោយបិទក៍ដោយ។
ការប្រកាសបិទនេះបានធ្វើឡើងក្រោយពី លោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប កាលពីថ្ងៃម្សិលម៉ិញនេះបានសរសេរលិខិតមួយច្បាប់អោយម្ចាស់ស្ថានីយ៍វិទ្យុរូបនេះ ឈប់ផ្សព្វផ្សាយព័ត៌មានណាដែលធ្វើអោយប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។
លោកអ៊ឹម សួស្តី បានបញ្ជាក់ថា ប្រសិនបើម្ចាស់ស្ថានីយ៍វិទ្យុនេះមិនគោរពតាមច្បាប់របស់គ.ជ.ប.ទេនោះ គ.ជ.ប នឹងស្នើទៅក្រសួងព័ត៌មានអោយបិទការផ្សាយរបស់វិទ្យុនេះទាំងស្រុងតែម្តង។
ប៉ុន្តែយ៉ាងណាក៍ដោយ នៅព្រឹកម៉ិញនេះលោកសេង ប៊ុនវ៉េង ហៅអាចារ្យអេ បានប្រកាសបិទដោយខ្លួនឯងតែម្តង ដោយមិនចាំបាច់ក្រសួងព័ត៌មានចេញសេចក្តីប្រកាសបិទនោះទេ។ ចាប់តាំងពីម៉ោង ៧និងជាង ៤០នាទីមកវិទ្យុនេះ បានចាក់តែពានិជ្ជកម្ម និងបទចំរៀងតែប៉ុណ្ណោះ។
ប្រភពពី - វាយោ