ម៉ោង១២អធ្រាត្រ នៅសង្កាត់លេខ១ (ភាគទី៥)
ភាគទី៥
វគ្គទី៣
រឿងរ៉ាវខុសប្រក្រតី
ព្រឹកព្រហាមភីណាភ្ញាក់ដឹងខ្លួន ប៉ុន្តែក្បាលរាងធ្ងន់បន្តិច នាងដឹងថាបណ្ដាលមកពីឥទ្ធិពលជាតិងងុយដែលលាយឡំក្នុងថ្នាំកាលពីយប់។ នាងដើរមករកបន្ទប់ទឹក លុបមុខផង ដឹងផងថាពោះឃ្លានណាស់ នាងរៀបចំផ្លាស់សម្លៀកបំពាក់ ល្មមពេលអ្នកបម្រើចំណាស់ឡើងមករ៉ាយរ៉ាប់៖
-នាងតូច! លោកប្រុសឲ្យចុះទៅក្រោមពិសាបបរ!
នាងក្រមុំតបទាំងសិតសក់បណ្ដើរ៖
-ខ្ញុំចុះទៅឥឡូវហើយមីង!
អ្នកបម្រើសម្លឹងមុខមាណវី ដោយពោលទាំងញញឹម៖
-នាងតូចផុនមីងដូចជាស្រឡះមុខជាងពីម្សិល!
ភីណាមិនរវល់ពាក្យសរសើររបស់គាត់ តែនាងសួរពីរឿងផ្សេងវិញ៖
-មីងអ្ហា៎ ស្រីម្នាក់នោះមានចុះហូបអាហារទេ?
អ្នកបម្រើជ្រួញចិញ្ចើមដោយមិនយល់សម្ដី គាត់ពោលសួរវិញ៖
-ស្រីម្នាក់ណានាងតូច?
ភីណាតបដោយមុខក្រញូវ៖
-នៅមានស្រីណាច្រើនទៀតនោះ?
អ្នកបម្រើចំណាស់ទំនងជានឹកឃើញ ទើបគាត់ពោលដោយអល់អែក៖
-នាងតូច! និយាយពីអ្នកស្រីមែនទេ អ្នកស្រីអត់ទាន់ចុះទៅទេ ប៉ុន្មានថ្ងៃនេះអ្នកស្រីមិនសូវពិសាទេ តាមមើលគាត់មានជំងឺអីក៏មិនដឹង។
ភីណានៅស្ងៀមសញ្ជឹងគិត ម៉េចក៏ស្រីម្នាក់នោះមានរឿងចម្លែកៗច្រើនយ៉ាងនេះ ទោះជាយ៉ាងណាក៏អារម្មណ៍មាណវីបានផ្អៀងទៅលើរឿងអប្បិយជំនឿថាបងថ្លៃខ្លួន កាលបើស្លាប់ហើយរស់ឡើងវិញ បែបនេះគាត់ប្រាកដជាខុសប្លែកពីមនុស្សធម្មតាហើយ នាងពោលទៅកាន់អ្នកបម្រើ៖
-មីងកុំអាលចុះទៅ ចាំពេលខ្ញុំរៀបចំខ្លួនរួចហើយ ចុះទៅទាំងអស់គ្នា!
ភីណារៀបចំខ្លួនរួចរាល់ នាងដើរចេញពីបន្ទប់ជាមួយអ្នកបម្រើសំដៅចុះជណ្ដើរទៅជាន់ខាងក្រោម ដើរកាត់តាមបន្ទប់បងប្រុសខ្លួន ស្រស់ស្រីប្រឹងដើរញាប់ជើងស្មេរ សូម្បីតែដៀងភ្នែកមើលបន្តិចក៏មិនហ៊ានផង។
ពិតដូចពាក្យអ្នកបម្រើនិយាយប្រាប់មែន ចុះមកដល់ខាងក្រោម នាងឃើញបងប្រុសខ្លួននៅបរិភោគម្នាក់ឯង ឯបងថ្លៃគួរឲ្យសង្ស័យរបស់នាងគឺមិនបានចុះមកទេ។ មាណវីដើរទៅអង្គុយក្បែរតុទាំងពោះឃ្លានតាំងតែពីយប់មកម្ល៉េះ នាងនៅរង់ចាំអ្នកបម្រើលើកម្ហូបមកដោយមិនរវល់ចេញស្ដីនិយាយរកបងប្រុសមួយម៉ាត់ ឯលោកកុសលក៏គិតតែពីញ៉ាំដោយមិនរវល់សួរនាំប្អូនដែរ ទំនងមកពីគាត់នៅមិនសប្បាយចិត្តចំពោះកាយវិការភីណាដែលដេញបងថ្លៃនាងកាលពីយប់មិញ។
អ្នកបម្រើលើកថាសម្ហូបមកដល់ តរុណីសម្លឹងម្ហូបលើថាស នាងពោលសួរភ្លាមដោយមិនសប្បាយចិត្ត៖
-យី! មីងអួន! លើកនេះខ្ញុំខាននៅផ្ទះប៉ុន្មានថ្ងៃមីងភ្លេចថាខ្ញុំចូលចិត្តអីហើយមែនអត់??
អ្នកបម្រើចំណាស់តបវិញភ្លាម៖
-ទេអត់នាងតូច! សាច់គោមានអត់ដាច់ទេ ទុកសម្រាប់បាយលុកឡាក់របស់អ្នកនាងតូច តែព្រឹកមិញរកមិនឃើញសោះ សង្ស័យតែមានឆ្មាចូលទេ!
-ផ្ទះយើងមានឆ្កែឆ្មាដែរ? នៅមិននៅមកបាត់សាច់ឆៅ? ស្អែកកុំអញ្ចឹងទៀតណា៎!
នាងនិយាយដោយរញ៉ាំរញ៉ូវហើយក្រោកពីចោលតុដើរមកអង្គុយលើសាឡុង អ្នកបម្រើពោលសួរ៖
-នាងតូចមិនត្រូវការពិសាអ្វីផ្សេងទេ?
ភីណាតបវិញដោយទឹកមុខមិនរីករាយ៖
-ខ្ញុំទៅញ៉ាំខាងក្រៅវិញ!
លោកកុសលដែលនៅស្ងៀមមិនចេញស្ដីយូរហើយនោះលូកមាត់ពោលភ្លាម៖
-ខ្លួនទើបតែជាទេ កុំប្រញាប់ដើរទៅក្រៅអី! បើឃ្លានហើយ មានអីចេះតែញ៉ាំសិនទៅ!
ភីណាតបវិញដោយមិនសប្បាយចិត្ត៖
-បើបងមិនឲ្យខ្ញុំទៅទេ មិនបាច់ញ៉ាំក៏មិនបាច់ទៅចុះ!
លោកកុសលសម្លឹងមុខប្អូនដោយអាការមិនពេញចិត្ត គាត់ពោលសួរដោយជ្រួញចិញ្ចើម៖
-ភីណា?
ភីណានៅស្ងៀមទាំងមួហ្មង។ នាងក្រឡេកទៅឃើញទូរសព្ទដោយចៃដន្យនៅលើកូនតុក្បែរដៃ ក៏ប្រញាប់លើកមកចុចស្ដាប់សាកមើលទូរសព្ទនៅប្រើការបានដូចប្រក្រតី???? ចុះម៉េចក៏យប់នោះ ពេលនាងស្លន់ស្លោស្រវាទូរសព្ទរកជំនួយ ទូរសព្ទបែរជាដាច់ប្រើមិនកើតទៅវិញ? ភាពមិនសមហេតុផលចេះតែគាស់កកាយចិត្តនាងឲ្យនឹកមិនអស់ចិត្តទាល់តែសោះ តើពីក្នុងនេះមានអាថ៌កំបាំងអ្វីទេដឹង?
ភីណាដៀងភ្នែកសម្លឹងទៅជើងសាឡុងដែលនាងនៅចាំច្បាស់ថាបងថ្លៃខ្លួនកាលយប់នោះ បានដួលទង្គិចយ៉ាងដំណំប៉ះនឹងជើងសាឡុងនេះ នាងក្រោកយឺតៗដើរមកដាក់បង្គុយក្បែរជើងសាឡុង លូកដៃស្ទាបមើលដោយពិនិត្យពិច័យ ទីនេះពិតជាមានបន្សល់នូវស្នាមរបកមែន បញ្ជាក់ថាកាលបងថ្លៃខ្លួនដួលមកបោកទង្គិចនោះ កម្លាំងទង្គិចពិតជាខ្លាំងក្លាណាស់ គាត់ដាច់ខ្យល់ស្លាប់មិនមែនជាការចម្លែកឡើយ នាងរឹតតែជឿជាក់ថាបងថ្លៃខ្លួនដាច់ដង្ហើមស្លាប់គឺជាការពិត កាលដែលមានបងថ្លៃរស់ជ្រងោម្នាក់ទៀតនេះ គឺប្រាកដជាមានអាថ៌កំបាំង។
ភីណាដៀងភ្នែកសម្លឹងទៅជើងសាឡុងដែលនាងនៅចាំច្បាស់ថាបងថ្លៃខ្លួនកាលយប់នោះ បានដួលទង្គិចយ៉ាងដំណំប៉ះនឹងជើងសាឡុងនេះ នាងក្រោកយឺតៗដើរមកដាក់បង្គុយក្បែរជើងសាឡុង លូកដៃស្ទាបមើលដោយពិនិត្យពិច័យ ទីនេះពិតជាមានបន្សល់នូវស្នាមរបកមែន បញ្ជាក់ថាកាលបងថ្លៃខ្លួនដួលមកបោកទង្គិចនោះ កម្លាំងទង្គិចពិតជាខ្លាំងក្លាណាស់ គាត់ដាច់ខ្យល់ស្លាប់មិនមែនជាការចម្លែកឡើយ នាងរឹតតែជឿជាក់ថាបងថ្លៃខ្លួនដាច់ដង្ហើមស្លាប់គឺជាការពិត កាលដែលមានបងថ្លៃរស់ជ្រងោម្នាក់ទៀតនេះ គឺប្រាកដជាមានអាថ៌កំបាំង។
នាងចាកចោលការត្រិះរិះ ព្រោះស្នូរម៉ូតូធំរបស់គូដណ្ដឹងលាន់ឮមក។ គឺវិទូមកទទួលនាងទៅញ៉ាំចំណីពេលព្រឹកឯក្រៅផ្ទះ នាងក្រមុំបរិភោគបណ្ដើរត្រិះរិះពីរឿងក្នុងផ្ទះបណ្ដើរ នាងចាប់អារម្មណ៍ឃើញរឿងកាលពីយប់មានភ្លៀងនោះបានត្រូវបំបិទចោលយ៉ាងស្ងាត់បំផុត បងប្រុសខ្លួន អ្នកបម្រើទាំងអស់ គ្មានអ្នកណាមួយដឹងថាកាលយប់នោះ ដែលក្នុងផ្ទះសល់តែភីណា និងបងថ្លៃ បានកើតឡើងនូវរឿងគួរឲ្យរន្ធត់ លុះដល់នាងត្រូវគ្រោះថ្នាក់ចរាចរណ៍ចូលមន្ទីរពេទ្យ។ ពេលត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែដឹងថាគេទាំងអស់គ្នាយល់ថាខ្លួនចចេសចាកចេញពីផ្ទះទៅផ្ទះមិត្តភ័ក្ដិទើបបានមានរឿងគ្រោះថ្នាក់ទៅវិញ ឯរឿងដែលមានចោរចូលផ្ទះ និងរឿងដែលបងថ្លៃត្រូវស្លាប់នោះ ទោះជាប្រឹងនិយាយប្រាប់គេក៏គ្មានអ្នកណាព្រមជឿសោះឡើយ ព្រោះថាពេលនេះបងថ្លៃខ្លួនបែរជានៅមានជីវិតរស់ជ្រងោទៅវិញ។ នាងដឹងថាមានតែវិទូទេជាមនុស្សជិតស្និទ្ធរបស់ខ្លួន នាងចង់រៀបរាប់រឿងហេតុទាំងអស់ពីដើមដល់ចប់កាលពីយប់នោះប្រាប់នាយដែរ ប៉ុន្តែនាងដឹងថាបងថ្លៃខ្លួននៅរស់ជ្រងោបែបនេះ បើនិយាយប្រាប់វិទូថាបងថ្លៃខ្លួនស្លាប់នៅយប់នោះ តើធ្វើម៉េចគេអាចជឿសម្ដីនាងកើតទៅ? មធ្យោបាយល្អបំផុតចំពោះមុខ គឺត្រូវតាមឃ្លាំមើលសកម្មភាពរបស់បងថ្លៃខ្លួនបន្តទៀត ហេតុអ្វីបានជាគាត់បែរជានៅរស់ ហើយបានពោលខុសពីការពិតមិននិយាយចេញមកនូវរឿងទាំងប៉ុន្មានកាលពីយប់នោះចេញមកឲ្យគេឯងបានដឹង?
ប្រហែលជាមកពីនាងក្រមុំកំពុងសញ្ជឹងគិតវែងឆ្ងាយភ្លេចនិយាយពីនេះពីនោះជាមួយវិទូ សញ្ជឹងគិតហើយទើបភ្លាមនោះនាងឮអ្នកកំលោះហើបមាត់សួរ៖
-គិតអី? ស្ងាត់ស្ងៀមខុសពីចរិតដើមម្ល៉េះ? សុំស្ទាបថ្ងាសមើល៍! ក្ដៅខ្លួនអត់?
នាងក្រមុំភ្ញាក់ហើយគេចខ្លួនពីបាតដៃនាយធ្វើឲ្យបុរសប៉ូលិសញញឹមបញ្ចេញកំណួចស្នេហ៍។ ភីណាខ្លួនប្រមូលអារម្មណ៍មកវិញ និយាយជាមួយអ្នកកំលោះស្រាលៗ៖
- ខ្ញុំស្វាងល្អណាស់! បងឯងទេដែលក្ដៅខ្លួន!
ភីណាបម្រុងងាករកអ្នករត់តុនឹងអាលសួររកភេសជ្ជៈ ស្រាប់តែជ្រុលកែងដៃទៅប៉ះក្មេងស្រីជំទង់ម្នាក់ដែលដើរមកជាមួយនឹងសៀវភៅមួយសំណុំធ្វើឲ្យជ្រុះខ្ចាយទៅនឹងដីទាំងអស់។ ធីតាអភិជនប្រញាប់ប្រញាល់ចេញពីកៅអីមកឱនប្រមូលសៀវភៅជាមួយពាក្យសុំទោសញាប់ស្អេក។ ពេលនាងក្រោកមកវិញ ក្មេងជំទង់មិនត្រឹមឈរញញឹមពេញចិត្តជាមួយនឹងកាយវិការគួរសមរបស់ភីណាទេ គឺថែមទាំងបង្ហាញក្រសែភ្នែកស្ងើចសរសើរចំពោះរូបសម្រស់របស់នាងផង។ តរុណីយើងកំពុងថយចូលតុអាហារវិញ ស្រាប់តែឮក្មេងស្រីនោះពោលសួររួសរាយ៖
“បងស្រីស្អាតដល់ហើយ! ដូចជាធ្លាប់ឃើញបងនៅម្ដុំនេះ!”
“គឺផ្ទះបងនៅម្ដុំនេះដែរ!” នាងបន្តទាំងញញឹមស្រស់ស្រាយ។ វាជាស្នាមញញឹមដែលវិទូខានឃើញជាងមួយសប្ដាហ៍មកហើយ។
“តាមពិតស្រីៗចូលចិត្តបានគេសរសើរណាស់ហ្ន៎” វិទូគិតផងលើកកែវកាហ្វេក្រេបស្រូបក្លិនដ៏ឈ្ងុយរបស់វាបណ្ដើរផង។ សំឡេងក្មេងស្រីជំទង់លាន់មកវិញ៖
-ផ្ទះណាមួយទៅ! ផ្ទះខ្ញុំនៅកាច់ជ្រុងនោះ បងដែលឃើញខ្ញុំអត់ ផ្ទះលេខ១៥ដែលមានបើក Mart នោះ?
-អ្ហូ! បងចូលទិញស្ករកៅស៊ូតែញឹក!
-អញ្ចឹងបានខ្ញុំឃើញបងដូចប្រហែលមុខ!
-ចា៎គឺផ្ទះបងនៅរំលងនេះមួយផ្លូវ គឺផ្ទះលេខ៨Dនៅកែងផ្លូវ៣០៣!
ស្រីក្មេងរុះរោយស្នាមញញឹមសន្សឹមៗ។ នាងនិយាយតតាក់តតុប៖
-ផ្ទះលេខ៨Dដែល….ដែល….ដែលនៅជាប់ផ្ទះសម្បូរដើមផ្កាកុលាបសហ្នឹងមែន?
ភីណាបើកភ្នែកគ្រលួង នាងនិយាយដោយត្រេកអរ៖
-មែន! ប្អូនស្រីស្គាល់ច្បាស់មែនហ្ន៎?
វិទូឈ្ងោកមើលទូរសព្ទទុកឲ្យនារីទាំងពីរជជែកគ្នាបន្តដែលនាយយល់ថាជាសកម្មភាពស្រីៗពេញទំហឹងហើយ។ ប៉ុន្តែសភាពមិនប្រក្រតីបានផុសឡើងក្នុងកែវភ្នែករបស់ក្មេងស្រីជំទង់។ ភីណាដែលផ្ដោតភ្នែកសម្លឹងគូសន្ទនានាង មានអារម្មណ៍ថាសភាពភ័យបារម្ភមួយបានលេចឡើងលើរង្វង់មុខក្មេងខ្ចីរបស់នារីនោះ បន្ទាប់មកស្ត្រីវ័យក្មេងពោលមួយៗមកកាន់ភីណា៖
-ផ្ទះនោះធំណាស់ បងអត់ខ្លាចទេអ្ហេស៎?
ភីណាងឿងឆ្ងល់ក្នុងចិត្ត ប៉ុន្តែនាងនៅតែបូញមាត់ញញឹមធ្វើហី៖
-អត់ផង! ធម្មតា!
ក្មេងស្រីនៅតែបង្ហាញក្ដីសង្ស័យលើផ្ទៃមុខ នាងពោលតបមកកាន់ភីណាភ្លាម៖
-តែ! ខ្ញុំ….ខ្ញុំ…ធ្លាប់ឮម៉ែប្រាប់ថា ផ្ទះនោះមាន…មាន…
នាងកាន់តែនិយាយ សភាពមិនប្រក្រតីកាន់តែកើតមានឡើងលើផ្ទៃមុខក្មេងស្រីជំទង់។ នាងប្ដូរចិត្តមិនព្រមនិយាយបញ្ចប់ប្រយោគដែលនោះវិញ ដោយនៅទ្រឹងកណ្ដាលទី។ ក្នុងខណៈដែលក្មេងនោះហាក់អល់អែក នាងក្រមុំភីណាបន្លឺសួរភ្លាម៖
-មានអី? ម្ដាយប្អូនគាត់ប្រាប់ថាម៉េចខ្លះ?
ក្មេងស្រីតបភ្លាមលែងបង្អង់៖
-ម៉ែថាផ្ទះនោះមានខ្មោច!
ភីណាភ្ញាក់ព្រើត នាងសម្លឹងផ្ដោតលើផ្ទៃមុខក្មេងជំទង់ ហាក់ដូចជាមានបំណងចង់បញ្ជាក់ឲ្យច្បាស់ក្នុងចិត្តថាក្មេងនេះកំពុងនិយាយលេងឬមិនមែន? ប៉ុន្តែគ្រាន់តែសម្លឹងទឹកមុខព្រួញបារម្ភរបស់នាង ក៏អាចស្មានដឹងបានថាពាក្យសម្ដីដែលនាងនិយាយមិនមែនជាការភូតកុហកឡើយ។ ទោះបីមានអារម្មណ៍ថាស្រៀវឆ្អឹងខ្នង តែក្រមុំអភិជនប្រឹងសម្រួលទៅមុខ ធ្វើយ៉ាងណាដូចគ្មានការភ្ញាក់ផ្អើលជាពិសេសទេ ហើយដៀងភ្នែកទៅរកគូដណ្ដឹងដែលឱនលេងទូរសព្ទធ្វើដូចជាមិនបានឮអ្វីទាំងអស់។ ពោលសួរវិញទៅកាន់ក្មេងស្រី៖
-ម្ដាយប្អូន គាត់ថាអញ្ចឹងមែនអ្ហេស៎?
ក្មេងនោះតបវិញទាំងបើកភ្នែកមូលក្លុំសម្លឹងមកភីណា៖
-ចា៎! គាត់ប្រាប់តាំងតែពីបងមិនទាន់រើមកនៅផ្ទះនេះម៉េ្លះ ណាមួយអ្នកម្ដុំនេះបងចាំមើលចុះ ឲ្យតែព្រលប់ឡើងគ្មានអ្នកណាហ៊ានដើរកាត់មុខផ្ទះនោះទេ ចង់ដឹងបងសួរចាស់ៗម្តុំហ្នឹងទៅ….ខ្ញុំដល់ម៉ោងទៅរៀន…ខ្ញុំលាសិនហើយ!
នារីវ័យក្មេងតូចមិនទាន់ពោលបញ្ចប់នូវអ្វីដែលខ្លួនចង់និយាយផង ស្រាប់តែរួសរាន់ចាកចេញធ្វើឲ្យធីតាយើងកាន់តែមានអារម្មណ៍ធ្ងន់ពាប់នឹងសកម្មភាពនោះ។ នាងឈ្ងោកសម្លឹងពែងតែក្ដៅទាំងកែវភ្នែកអណ្ដែតអណ្ដូង។ សំឡេងវិទូលាន់មកតិចៗកាត់ផ្ដាច់ការលង់ជ្រៅរបស់នាង៖
-គិតលុយ!
កំលោះប៉ូលិសដឹងថាទោះយ៉ាងណាក៏ពាក្យសម្ដីប៉ុន្មានម៉ាត់របស់ក្មេងស្រីនោះបានបង្កនូវអារម្មណ៍សង្ស័យមួយក្នុងចិត្តភីណាស្រេចទៅហើយ ម៉្លោះហើយគ្មានប្រយោជន៍អ្វីដែលត្រូវចំណាយពេលនៅទីនេះទៀតទេ មធ្យោបាយល្អគឺនាំនាងជាមួយបរិយាកាសផ្សេងវិញ។
អង្គុយលើម៉ូតូពីក្រោយវិទូ ស្រីស្អាតនៅតែបន្តសញ្ជឹងគិតពីសម្ដីក្មេងជំទង់ម្ដងហើយម្ដងទៀត នាងមិនយល់ថា ហេតុអ្វីបានជាក្មេងនោះហ៊ាននិយាយសម្ដីរបៀបនោះប្រាប់មកខ្លួន? ខ្មោច? គ្រួសារខ្លួនរើមកនៅប្រមាណជាមួយខែហើយ ម៉េចក៏មិនដែលនឹកនាដល់រឿងទាំងអស់នេះ? ក្មេងនោះស្ដាប់ឮមកពីណាមកឬក៏មានចិត្តចង់និយាយបន្លាចលលេង? ក៏ភីណាមិនហ៊ានស្មានដែរ ប៉ុន្តែតាំងតែពីបានឮសម្ដីក្មេងនេះកាលណា នាងចេះតែមានអារម្មណ៍ចម្លែកមិនស្កប់ចិត្តសោះ។ ខណៈនោះដែរនាងឮសូរវិទូសើចស្រាលៗ នាងងើបមុខសម្លឹងគេ ក៏ឮគេពោល៖
-កំពុងគិតពីសម្ដីក្មេងស្រីនោះនិយាយ?
ភីណាក៏បារម្ភខ្លាចក្រែងអ្នកកំលោះរិះគន់ថានាងមានគំនិតចាស់គំរឹល តែនាងក៏នៅតែចង់សួរ៖
-ចុះបងយល់ថាចម្លែកអត់ដែលនៅសុខៗក្មេងៗមកនិយាយអញ្ចឹងដាក់យើងជាម្ចាស់ផ្ទះ?
វិទូតបមកកាន់នាងក្រមុំវិញដោយទឹកមុខញញឹម៖
-ក្មេងនិយាយក៏និយាយទៅ ប៉ុន្តែផ្ទះអូនមានខ្មោចឬក៏អត់ អូនទេតើដែលជាអ្នកដឹងការពិតនោះ មិនមែនទើបរើមកនៅបានមួយថ្ងៃឯណា?
ភីណាលែងញញឹម ភ្លាមនោះនាងរិះគិតដល់រឿងមិនប្រក្រតីដែលកើតក្នុងរង្វង់គ្រួសារនាពេលថ្មីៗនេះ ពិសេសគឺរឿងបងថ្លៃស្រីរបស់ខ្លួន ស្រស់ស្រីលើកដៃផាត់សក់បណ្ដើរពោលតបបណ្ដើរ៖
-ជួនកាលក៏មានរឿងខ្លះដែលកើតឡើងដោយពិបាកពន្យល់ដែរ! រឿងខ្លះនិយាយទៅពិបាកឲ្យគេជឿណាស់ ប៉ុន្តែវាជាការពិត ដូចយ៉ាងរឿងអ្នកបង….!
ភីណាហៀបនឹងនិយាយចូលដល់រឿងបងថ្លៃរបស់ខ្លួនទៅហើយ នាងស្រាប់តែឈប់មាត់មកវិញព្រោះយល់ថាមិនសមនឹងនិយាយទៀត។ កាយវិការវិទូ និងចរិតរបស់គេគឺមិនចូលចិត្តឲ្យនាងនិយាយផ្ដេសផ្ដាសទេណាមួយកាលពីម្សិលពេលនាងនិយាយរឿងនេះនៅបន្ទប់ធំក្នុងផ្ទះ គេក៏នៅទីនោះដែរ។ តើបានប្រយោជន៍អីនឹងនិយាយជាលើកទី២ បើគេគង់តែមិនជឿដដែល? ម៉ូតូដល់មុខផ្ទះល្មមពេលតរុណីសម្រួលសំឡេងនិយាយ៖
-បងទៅចុះ! ខ្ញុំចូលផ្ទះខ្លួនឯងបានហើយ កុំឲ្យជ្រុលម៉ោងធ្វើការ!
វិទូតបវិញដោយអាការប្រញាប់ប្រញាល់៖
-អញ្ចឹងចូលទៅសម្រាកឲ្យស្រួលណា៎! កុំគិតអីច្រើនពេក! ចាំបងទូរសព្ទមក!
ភីណាតបដោយទឹកមុខស្ងួត៖
-ចា៎!
ស្រស់ស្រីឈរមាត់ទ្វាររបងសម្លឹងកំលោះគូដណ្ដឹងដែលកំពុងបញ្ជាជំនិះចេញទៅ គេចេញទៅផុតនាងលើកដៃផាត់សក់ទាំងខ្វល់ខ្វាយហើយដើរយឺតៗចូលទៅក្នុងគេហដ្ឋាន។
ព្រោះតែរំលឹកដល់សម្ដីក្មេងជំទង់នៅឯហាងអាហារ ភីណាងើបមុខសម្លឹងគេហដ្ឋានដែលឈរចង្ក្រង់យ៉ាងធំស្កឹមស្កៃ។ ផ្ទះនេះអាចមានរឿងមិនធម្មតាដូចពាក្យគេនិយាយមែនឬក៏មិនមែន? ភីណាឈ្ងោកមុខដើរយឺតៗចូលទៅក្នុងផ្ទះ ភ្លាមនោះមីងម៉ាប់អ្នកបម្រើរបស់នាងយួរកន្ត្រកដើរចេញមកដែរ ឃើញភីណាភ្លាមគាត់ក៏ពោលសួរភ្លាម៖
-នាងតូចត្រឡប់មកវិញហើយ? លោកប្រុសផ្ដាំថាបន្តិចទៀតពេទ្យមកចាក់ថ្នាំជូននាងតូចហើយ!
ភីណាដឹងថាបងប្រុសខ្លួនចេញទៅធ្វើការបាត់ហើយ នាងពោលសួរទៅកាន់អ្នកបម្រើ៖
-មីងទៅផ្សារហើយមែនទេ? កុំភ្លេចទិញសាច់គោណា៎!
-ចា៎! នាងតូចមានត្រូវការទិញអ្វីទៀតទេ?
ភីណាតបដោយគ្រវីក្បាល៖
-អត់ទេ! មីងទៅចុះ!
ស្រស់ស្រីដើរសំដៅទៅបន្ទប់ទទួលភ្ញៀវ នាងអង្គុយនៅលើសាឡុងផ្ដេកក្បាលទៅនឹងបង្អែកដោយអារម្មណ៍មិនសូវល្អ នាងរេភ្នែកសម្លឹងផ្ទៃបន្ទប់ដែលធំល្វឹងស្ងាត់ស្ងៀម មិនបានស្ដាប់ឮសម្ដីក្មេងតូចនោះគឺមិនអីទេ ប៉ុន្តែពេលនេះ មានអារម្មណ៍សង្ស័យ និងភ័យខ្លាចលាយឡំគ្នាក្នុងចិត្តមាណវី ផ្ទះធំយ៉ាងនេះមនុស្សក៏តិចគ្នាទៀត បើមិនខ្លាចក៏មិនសមដែរ។
អ្នកអួនដើរចេញពីបន្ទប់បាយដោយមានកាន់ចានផ្លែឈើមកជាមួយផង គាត់ដាក់ផ្លែឈើលើតុពីមុនភីណាទាំងបន្លឺ៖
-នាងតូចពិសាផ្លែឈើសិនទៅ ពិសាច្រើនបន្តិចក៏ល្អដែរនឹងអាលបានឆាប់ជាសះស្បើយ!
ភីណាឆ្លៀតឱកាសនោះពោលសួរតិចៗទៅកាន់អ្នកបម្រើចំណាស់ភ្លាម៖
-មីងអ្ហា៎! ស្រីនោះមិនទាន់ចុះមកទេមែនទេ?
កាលបើឮនាងក្រមុំពោលសួរដូច្នេះ គាត់ពោលខ្សឹបៗតបភ្លាម៖
-នាងតូច មិនដឹងទេ! ប៉ុន្មានថ្ងៃមកនេះ អ្នកស្រីចម្លែកអញ្ចឹង មិនសូវចុះមកខាងក្រោមទេ! គាត់សម្ងំតែនៅខាងលើបន្ទប់ សូម្បីតែទឹកដោះគោឆៅដែលគាត់ធ្លាប់ចូលចិត្តពិសាពេលព្រឹកនោះ ខ្ញុំយកឡើងទៅជូនដល់បន្ទប់ ក៏គាត់ឆ្លើយមកថាមិនត្រូវការដែរ ខ្ញុំខ្លាចក្រែងអ្នកស្រីមានជំងឺអ្វីទេដឹង?
សូមរង់ចាំតាមដានអានភាគបន្តនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ....