ស្ត្រី​អូស្ត្រាលី​ ធ្លាក់​ក្នុង​អន្លង់​ ស្នេហ៍​ជា​មួ​យ​ ស្ពាន​បុរាណ​ ចំណាស់​៦០០ឆ្នាំ

7/19/2013 0 Comments A+ a-

មាន​រឿង​រ៉ាវ​​មិន​គួរ​ឱ្យ​ជឿ​ថ្មី​មួយ​ទៀត​​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​​​ផ្អើល​យ៉ាង​ខ្លាំង​ គឺ​ស្ត្រី​ជន​ជាតិ​អូ​ស្ត្រា​លី​ម្នាក់​បាន​សម្រេច​ចិត្ត​រៀប​អា​ពាហ៍​ពិ​ពាហ៍​ជាមួយ​​ស្ពាន​បុរាណ​មួយ​ដែល​មាន​អាយុ​កាល​៦០០​ឆ្នាំ​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​ ។តាម​ប្រភព​ព័ត៌​មាន​ពី​កាសែត​អង់​គ្លេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៧​ កក្កដា​ ២០១៣​ បាន​ឱ្យ​ដឹង​ថា​ ស្ត្រី​ជន​ជាតិ​អូ​ស្ត្រា​លី​ដែល​រៀប​ការ​ជាមួយ​​ស្ពាន​​ មាន​ឈ្មោះ​ថា​ ជូ​ឌី​ រ៉ូស​ មាន​មុខ​របរ​ជា​អ្នក​ចម្រៀង​មិន​សូវ​ល្បី​ឈ្មោះ​ម្នាក់​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​យ៉ាង​ជ្រៅ​ជាមួយ​​ស្ពាន​ Le Pont du Diable រឺ​ហៅ​ថា​​ស្ពាន​ ​The Devil’s Bridge ។
កញ្ញា​ ជូ​ឌី​ រ៉ូស​ បាន​សរ​សេរ​នៅ​លើ​គេហ​ទំព័រ​របស់​នាង​​ឱ្យ​ដឹង​ពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​នាង​ធ្លាក់​ចូល​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​ស្តាន​បុរាណ​នេះ​ថា​ ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ដំណើរ​មក​កាន់​​ស្ពាន​នេះ​ កាល​ពី​១០​ឆ្នាំ​មុន​ ភាព​រំញ័រ​នៃ​ស្ពាន​​ សំឡេង​ខ្យល់​បក់​, ភាព​សង្ហា​របស់​​ស្ពាន​ ភាព​រឹង​មាំ​ ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ត្រេក​ត្រអាល ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ ហើយ​ចង់​រៀប​ការ​ជាមួយ​ស្ពាន​នេះ​តែ​ម្តង​ ។
ដោយ​សារ​តែ​មិន​អាច​ទប់​ចិត្ត​បាន​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​​ស្ពាន​​នេះ​ដោយ​មាន​មិត្ត​ជិត​ស្និទ្ធ​ចំនួន​១៤​នាក់​​ ព្រម​ទាំង​មាន​អាជ្ញា​ធរ​ក្នុង​តំបន់​ចូល​រួម​ ហើយ​ខ្ញុំ​ក៏​បាន​ស្លៀក​ពាក់​ឈុត​កូន​ក្រមុំ​មាន​បាច់​ផ្កា​ និង​ចិញ្ជៀន​ដែល​មាន​រង្វង់​មូល​១​ម៉ែត្រ​ត្រៀម​បំពាក់​ឱ្យ​ស្ពាន​នោះ​។ ទោះ​បី​ជា​មាន​ការ​រៀប​ការ​បែប​នេះ​ក្តី​ក៏​រដ្ឋា​ភិបាល​បារាំង​មិន​ទទួល​ស្គាល់​និង​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ឱ្យ​នាង​ ជូឌី​​ រ៉ូស​​ ជា​ផ្លូវ​ការ​ដែរ បើ​ទោះ​ជា​ថ្មី​ៗ​នេះ​ប្រទេស​បារាំង​ទើប​តែ​ទទួល​ស្គាល់​​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​ក៏​ដោយ​ ។
ចំណែក​កូន​ក្រមុំ​ចម្លែក​រូប​នេះ​នៅតែ​ទទូចទាម​ទារ​ដោយ​​​លើក​ឡើង​ថា​​ អាពាហ៍​ពិពាហ៍​របស់​នាង​ត្រូវ​តែ​មាន​ភាព​ស្រប​ច្បាប់​ដូច​គេ​ឯង​​ដែរ​ ។ ទាក់​ទង​ទៅ​នឹង​រា​ត្រី​ទឹក​ឃ្មុំ​ កញ្ញា​ ជូ​ឌី​ រ៉ូស​ បាន​ឱ្យ​ដឹង​ថា​ ខ្ញុំ​ពុំ​បាន​ស្នាក់​នៅ​ជាមួយ​ស្ពាន​នោះ​ទេ​នៅ​ពេល​យប់​ តែ​ខ្ញុំ​បាន​ថើប​លា​ស្ពាន​​មុន​នឹង​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ​ ៕