សមាសភាពគូ ប្រកួតប្រដាល់ នៅលើរេញTV3 ថ្ងៃសៅរ៍ចុង សប្តាហ៍នេះ
រាជធានីភ្នំពេញ ៖ កីឡាករហ៊ុន ឈុនហេង មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន បានណាត់ឈិត ង៉ុយ មកពីក្លិបអប្សរាក្បាច់គុនខ្មែរ ប្រកួតសាកកម្លាំងគ្នានៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថ្ងៃសៅរ៍ទី២០ កក្កដា ស្អែក នេះ ខណៈសារឹម ង៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ក៏បានណាត់ជួបប្រកួតជាមួយឆាយ មាស មកពីក្លិបសំរោងកោងខេត្តបាត់ដំបងដូចគ្នា ។
រវាងហ៊ុន ឈុនហេង និងឈិត ង៉ុយ មិនធ្លាប់ជួបគ្នាពីមុនមកទេ ។ ឈុន ហេង បើនិយាយពីស្នៀតកែង និងជង្គង់របស់គេគឺអាចវាយចេញបានល្អខ្លាំងណាស់ គ្រាន់តែចិត្តរបស់គេមិនសូវសឿងប៉ុណ្ណោះ ប៉ុន្តែគេមិនចេះកោតញញើតនរណាម្នាក់ផ្តាសឡើយ ។ សម្រាប់ការប្រកួតលើកនេះគេក៏មិនហា៊នមើលស្រាលលើគូប្រកួតដែរ ព្រោះអីឈិត ង៉ុយ ល្អទាំងព្រមទាំងស្នៀតកែង -ជង្គង់ កណ្តាប់ដៃ និងស្នៀតជើង គឺអាចប្រើការបានល្អទាំងអស់ បើដៃគូហ៊ានតែប្រហែសបន្តិចច្បាស់ជាដួលដេកលើសង្វៀនមិនខាន ។
សារឹម ង៉ា និងឆាយ មាស សុទ្ធតែជាអ្នកប្រដាល់ដែលមានល្បិចប្រយុទ្ធនៅលើសង្វៀនក្រាស់ឃ្មឹកដូចគ្នា និងមានចិត្តសឿងទៀតផងសារឹម ង៉ា មានភាពរហ័សរហួនខ្លាំងណាស់ ជាពិសេសស្នៀតកណ្តាប់ដៃ និងស្នៀតជើងរបស់គេតែម្តងអាចទាត់និងវាយចេញចំគោលដៅបានល្អខ្លាំងណាស់ ។ ម្យា៉ងវិញទៀតកីឡាកររូបនេះ មិនចេះបន្ធូរដៃឱ្យគូប្រកួតណាម្នាក់ឡើយ និយាយរួមគេចូលចិត្តវាយអស់ពីសមត្ថភាពមិនឱ្យនរណាម្នាក់រិះគន់ថា គេជាកីឡាករមិនល្អនោះទេ ។
រីឯឆាយ មាស វិញ បើនិយាយពីស្នៀតកែងនិងជង្គង់របស់គេគឺល្អគួរសមអាចយកមកទប់ទល់ជាមួយសារឹម ង៉ា បានដោយមិនលំបាក ឯចិត្តក៏សឿងគ្រាន់បើណាស់ដែរ ប៉ុន្តែគេមិនចេះមើលស្រាលលើគូប្រកួតឡើយ ។ រវាងគូនេះបើតាមការវាយតម្លៃពីអ្នកធ្លាប់តាមដានការប្រកួតភាគច្រើនគឺអាចស៊ីសងគ្នាបានគ្រាន់តែមិនដឹងថា សំណាងធ្លាក់ទៅលើនរណាប៉ុណ្ណោះ ។ នៅលើសង្វៀនដដែលកីឡាករសុខ វិស័យ មកពីក្លិបសំរោងកោងខេត្តបាត់ដំបង ជួបជាមួយកីឡាករ សល់ ពិសិដ្ឋ មកពីក្លិបអាស៊ីកីឡា ។
កីឡាករថុល មករា មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ជួបជាមួយកីឡាករអ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានឫទ្ធិ ។ កីឡាករម៉ន លីហួរ មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯង ជួបជាមួយកីឡាករលី ជីនហឺរ មកពីក្លិបសិង្ហកីឡា ៕ប្រភព kohsantepheap