ម៉ោង​១២​ អធ្រាត្រ​នៅ​ សង្កាត់​លេខ​១ (ភាគទី១១)

7/22/2013 0 Comments A+ a-

ភាគទី១១
យប់​កាន់​តែ​ជ្រៅ ភីណា​នៅ​តែ​គេង​មិន​លក់ សេចក្ដី​ងឿង​ឆ្ងល់​ នឹង​ខ្វល់ខ្វាយ​ចេះ​តែ​កើត​មាន​ទន្ទឹម​គ្នា​ក្នុង​ចិត្ត​នាង​ក្រមុំ​មិន​ឈប់​ឈរ​ ទោះ​ជា​ប្រឹង​ធ្មេច​ភ្នែក​យ៉ាង​ណា​ក៏​នៅ​តែ​មិន​ស្កប់​ចិត្ត​សោះ។ ពេលវេលា​ចេះ​តែ​កន្លង​ទៅ​មុខ​ នាង​ក្រមុំ​នៅ​សំងំ​ក្នុង​បន្ទប់ ប៉ុន្តែ​ក៏​នៅ​ផ្ទៀង​ត្រចៀក​ស្ដាប់​ក្រែង​មាន​ឮ​សូរ​អ្វី​ប្លែក​ពី​ខាង​ក្រៅ​ទៀត​ដែរ ប៉ុន្តែ​ស្ងាត់​ច្រៀប ស្នូរ​មូស​យំ​មួយ​ក៏​គ្មាន​ផង ណា​មួយ​ថ្ងៃ​នេះ​បង​ប្រុស​ខ្លួន​ គាត់​ត្រឡប់​មក​ដល់​ផ្ទះ​តាំង​ពី​ព្រលប់​ម្ល៉េះ អញ្ចឹង​ហើយ​នាង​ក្រមុំ​មិន​សូវ​ជា​បារម្ភ​ខ្លាច​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​ប្រះ​ខ្លួន​ចុះ​ឡើង​យូរ​ទៅ​កាន់​តែ​ដឹង​ថា​ដេក​មិន​លក់​ទេ ហេតុ​នេះ​ទោះ​ប្រឹង​សម្ងំ​ក៏​ឥត​ប្រយោជន៍​ដែរ នាង​ក្រមុំ​ក្រោក​អង្គុយ​ឱប​ជង្គង់​សម្លឹង​ទ្រនិច​នាឡិកា​ដែល​ចង្អុល​ថា​ម៉ោង​មួយ​រំលង​អធ្រាត្រ​ទៅ​ហើយ នាង​នឹក​ភ្នក​ដល់​កាល​ពី​ព្រឹក​ពេល​ដែល​ខ្លួន​ឆ្លង​ទៅ​លេង​ផ្ទះ​នារី​និស្សិត​ដែល​នៅ​ជិត​ខាង នាង​បាន​មើល​របៀប​ចៀន​សាច់ ​និង​មុខ​អាហារ​ជា​ច្រើន​ទៀត កណ្ដាល​អធ្រាត្រ​សន្សើម​បែប​នេះ​នឹក​ទៅ​ក៏​ដូច​ជា​ចង់​រក​អ្វី​មក​បំពេញ​ក្រពះ​ដែរ បើ​ធ្មេច​មិន​លក់​អញ្ចឹង​ដដែល​ចុះ​ទៅ​ធ្វើ​ម្ហូប​លេង​ទៅ​មិន​ល្អ​ម្យ៉ាង​ទេ?
គិត​ឃើញ​ដូច្នោះ​ភ្លាម​តរុណី​ក្រោក​ក្រេស​បើក​ទ្វារ​បន្ទប់​ចុះ​សំដៅ​ទៅ​ជាន់​ខាង​ក្រោម​ភ្លាម។ កណ្ដាល​រាត្រី​ស្ងាត់​សូន្យ បន្ទប់​ធំ​ខាង​ក្រោម​នេះ​ស្ងាត់​ច្រៀប ទោះ​ជា​បើក​ភ្លើង​បំភ្លឺ​ឲ្យ​ភ្លឺ​ហើយ​ក៏​នៅ​តែ​មិន​គួរ​ឲ្យ​ទុក​ចិត្ត​សោះ ព្រោះ​ថា​ផ្ទៃ​បន្ទប់​ល្វឹង​ពេក​ហើយ​គ្មាន​មនុស្ស​ម្នាក់​ផង។ មាណវី​ទទួល​អារម្មណ៍​នៅ​មិន​សុខ​ចំពោះ​មុខ​បរិយាកាស​នេះ​សោះ ណ្ហើយ​ចុះ! គួរ​តែ​ត្រឡប់​ឡើង​ទៅ​លើ​វិញ​ទើប​ល្អ នាង​ប្រុង​បែរ​ខ្លួន​ត្រឡប់​ឡើង​ទៅ​កាន់​បន្ទប់​វិញ​ទៅ​ហើយ ក៏​ស្រាប់​តែ​ចុង​កន្ទុយ​ភ្នែក​ដូច​ជា​ចាប់​អារម្មណ៍​ឃើញ​ថា​ទ្វារ​បន្ទប់​បាយ​ដែល​នៅ​ឯ​ជ្រុង​ខាង​កើត​ហាក់​បី​ដូច​ជា​មាន​ជះ​ភ្លើង​អគ្គិសនី​ចេញ​មក​ព្រាលៗ​​នៅ​ឡើយ វា​មិន​ខុស​អ្វី​​ទៅ​ហ្នឹង​ពន្លឺ​ជះ​ចេញ​ពី​ទូទឹកកក​ដោយ​មាន​អ្នកណា​ម្នាក់​កំពុង​លប​បើក​វា?។ ឬមួយ​ថា​យប់​ថ្មើរ​ណេះ​ហើយ មាន​អ្នក​បម្រើ​ណា​ម្នាក់​មិន​ទាន់​ចូល​ដេក​ទៀត?
ប៉ុន្តែ​ដូច​ជា​មិន​សម​សោះ អម្បាញ់មិញ​កាល​នៅ​ខាង​លើ​ខ្លួន​បាន​ឃើញ​នាឡិកា​ចង្អុល​ដល់​ម៉ោង​មួយ​រំលង​អធ្រាត្រ​ទៅ​ហើយ ទោះ​មនុស្ស​មាន​ចិត្ត​យ៉ាង​ណា​ក៏​មិន​មែន​ក្រោក​ធ្វើ​ការ​ចោល​ដំណេក​ទាំង​យប់​អធ្រាត្រ​បែប​នេះ​ដែរ ណា​មួយ​ផ្ទះ​ក៏​ដូច​ជា​គ្មាន​ការងារ​អ្វី​ច្រើន​ដែល​ធ្វើ​រហូត​ដល់​យប់​ជ្រៅ​សោះ ចុះ​តើ​អ្នក​ណា​ចូល​ចង្ក្រាន​ធ្វើ​អ្វី? ភីណា​ដើរ​មួយៗ​សំដៅ​ទៅ​ទី​នោះ ជើង​កាន់​តែ​ចូល​ទៅ​ជិត​ត្រចៀក​កាន់​តែ​បាន​ឮ​សូរ​មនុស្ស​បើក​ទូ​ទឹកកក ដូច​ជា​កំពុង​រៀបចំ​ចម្អិន​អាហារ ភីណា​នឹក​ចម្លែក​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង ឬ​មួយ​ក៏​មាន​សមាជិក​ក្នុង​ផ្ទះ​ណា​ម្នាក់​ ក៏​កើត​រោគ​ដេក​មិន​លក់ ចុះ​មក​ធ្វើ​ម្ហូប​កែ​អផ្សុក​ផង​ដែរ?
នាង​ក្រមុំ​សសៀរ​ចូល​ទៅ​ជិត​មាត់​ទ្វារ​បន្ទប់​បាយ ចិត្ត​មួយ​ត្រិះរិះ​បណ្ដើរ​ថា​តិច​លោ​បង​ប្រុស​ទេ​ដឹង នាង​នៅ​ចាំ​ថា​កាល​ពី​ល្ងាច​គាត់​ពិសា​បាយ​តែ​បន្តិច​ផង ក្រែង​លោ​គាត់​នឹក​ឃ្លាន​ក៏​ក្រោក​មក​រក​អ្វី​ក្នុង​ទូ​ទឹកកក​ពិសា​ទៅ ប៉ុន្តែ​ចុះ​បើ​មិន​មែន​បង​ប្រុស?
អារម្មណ៍​មិន​ធម្មតា​មួយ​លេច​ភ្លែត​ក្នុង​ចិត្ត​នាង​ក្រមុំ នាង​នឹក​ដល់​សម្ដី​របស់​នារី​និស្សិត​កាល​ពី​ព្រឹក​ដែល​ក្រមុំ​ម្នាក់​កាល​ពី​ប្រមាណ​បួន​ឆ្នាំ​មុន តឹង​តែង​បំផុត​នោះ​គឺ​កន្លែង​ដែល​នាង​ស្លាប់ គឺ​បន្ទប់​បាយ​នេះ​ឯង។
ភីណា​ថយ​ក្រោយ​អែប​ចេញ​ទៅ​ម្ខាង​ទាំង​បេះដូង​លោត​ញាប់​ខុស​សង្វាក់ ថ្មី​ៗ​នេះ​អ្នក​ជិត​ខាង​សុទ្ធ​តែ​បង្ហើប​ឲ្យ​ដឹង​ថា​ផ្ទះ​ខ្លួន​នេះ​មិន​ស្រួល ប៉ុន្តែ​ខ្លួន​ចូល​មក​នៅ​បាន​យូរ​ដែរ​ហើយ​បែរ​ជា​មិន​មាន​ប្រទះ​ឃើញ​អ្វី​សោះ ចុះ​បើ​យប់​នេះ​​គឺ​ជា​ការ​ចាប់​ផ្ដើម? ភីណា​លើក​ដៃ​ជ្រោង​សក់​ឲ្យ​ផាត់​ទៅ​ក្រោយ​ទាំង​អស់ ណា​មួយ​ក៏​ឆ្លៀត​ពង្រឹង​ចិត្ត​ឲ្យ​បាន​រឹង​មាំ​ជាង​មុន​ផង នាង​ឆ្លៀត​កម្លា​ចិត្ត​ខ្លួន​ដោយ​រិះ​គិត​ថា៖
-ខ្លាច​ធ្វើ​អ្វី ក្នុង​ផ្ទះ​យើង​ទេ​តើ! បើ​មាន​ខ្មោច​មែន ក៏​គួរ​តែ​ឃើញ​ឲ្យ​ច្បាស់​ម្ដង​ទៅ​ចុះ!
នាង​ឈាន​សាជាថ្មី​ចូល​ទៅ​ជិត​បន្ទប់​បាយ តរុណី​យើង​អែប​ខ្លួន​ទៅ​នឹង​មាត់​ទ្វារ​អើត​សម្លឹង​ទៅ​ខាង​ក្នុង​ ក្រសែ​ភ្នែក​ដំបូង​បង្អស់​របស់​នាង​គឺ​វាត់​ទៅ​កាន់​កន្លែង​ទូ​ទឹកកក ត្បិត​អី​ខ្លួន​បាន​ឮ​សូរ​បើក​ទូ​ទឹកកក​អម្បាញ់មិញ​ច្បាស់​ណាស់។ ក្រសែ​ភ្នែក​បោះ​សម្លឹង​សំដៅ​ទៅ​ទី​នោះ​ភ្លាម​ស្ទើរ​នឹង​គាំង​ទន់​ជង្គង់​ដួល​នៅ​នឹង​កន្លែង ព្រោះ​ថា​នៅ​ចំ​ពី​មុខ​កែវ​ភ្នែក​ទាំង​គូ ភីណា​បាន​ឃើញ​រូប​បង​ស្រី​ថ្លៃ​របស់​ខ្លួន​ទាំង​សាច់​ទាំង​ឈាម វីវរ​បំផុត​នោះ​គឺ​នៅ​លើ​ដៃ​គាត់​កំពុង​កាន់​ដុំ​សាច់​គោ​ស្រស់​ឈ្ងោក​ខាំ​ហែក​ទំពា​លេច​ទាំង​ឆៅ​ ឈាម​សត្វ​ពណ៌​ក្រហម​ក្រមៅ​ប្រតាក​ជុំ​វិញ​មាត់​គាត់​ដែល​កំពុង​ឱន​បរិភោគ​ដោយ​អាការ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំងក្លា។
ភីណា​បើក​ភ្នែក​ធំៗ​ព្រោះ​មិន​ដឹង​ថា​នេះ​គឺ​ជា​ការ​ពិត​ឬ​ក៏​ស្រមៃ​ទេ ប៉ុន្តែ​នាង​នៅ​តែ​មិន​អាច​កុហក​ខ្លួន​ឯង​បាន​ដដែល ការ​ពិត​វា​នៅ​តែ​ជា​ការ​ពិត បង​ថ្លៃ​ដែល​នាង​កំពុង​ឃើញ​នេះ​គឺ​គាត់​លែង​ជា​មនុស្ស​ទៀត​ហើយ! គាត់​មិន​មែន​ជា​មនុស្ស​ទៀត​ឡើយ! គាត់​បរិភោគ​សាច់​ឆៅ ស្និទ្ធ​ជា​មួយ​នឹង​គ្រឿង​ចម្អាប​កខ្វក់​បែប​នេះ តាម​ពិត​គឺ​ជា​ព្រាយ​បិសាច​ទើប​ត្រូវ​ជាង។ នឹក​ដល់​ត្រង់​ណេះ​ភ្លាម នាង​ក្រមុំ​រន្ធត់​ចិត្ត​ស្ទើរ​ដួល​សន្លប់ នាង​ហា​មាត់​ស្រែក​យ៉ាង​អស់​ទំហឹង ប៉ុន្តែ​សូរ​សំឡេង​ស្រែក​របស់​នាង​មិន​បាន​ធ្លាយ​ចេញ​ផុត​ពី​ក្រអូមមាត់​នៅ​ឡើយ​ទេ ព្រោះ​ថា​មាន​បាត​ដៃ​មួយ​កំពុង​គ្រប​ជាប់​លើ​ប្រអប់​មាត់​ទៅ​ហើយ។
មាត់​មិន​អាច​ស្រែក​បាន​ប៉ុន្តែ​ភ្នែក​នៅ​តែ​មើល​ឃើញ​ដដែល​នូវ​ហេតុការណ៍​គួរ​ឲ្យ​ព្រឺ​សាច់ ស្រី​ម្នាក់​ដែល​នៅ​ក្នុង​បន្ទប់​បាយ​នោះ​កំពុង​ឈ្ងោក​ហែក​ទំពា​សាច់​គោ​យ៉ាង​ស្រេក​ឃ្លាន​នៅ​ចំពោះ​មុខ​ភីណា​ស្រស់ៗ​មែន។ នាង​ក្រមុំ​ទប់​ស្កាត់​ការ​រំជួល​ចិត្ត​លែង​បាន​ទៀត​ហើយ នាង​ដឹង​ថា​ចង្វាក់​បេះដូង​ហាក់​ដូច​ជា​លែង​ចង់​លោត​តទៅ​ទៀត​ រីឯ​ដៃ​ជើង​ក៏​រសេះរសោះ​ក្បាល​វិល​ខ្ញាល់ ភ្នែក​ក៏​ស្រវាំង​ទៅៗ បន្ទាប់​មក​គឺ​ខ្លួន​ប្រាណ​ទាំង​មូល​កំពុង​ទន់​ក្ងៀក​ដួល​ទៅ​ក្នុង​រង្វង់​ដៃ​អ្នក​ណា​ម្នាក់​ដែល​នាង​ក្រមុំ​មិន​បាន​ស្គាល់​មុខ​នៅ​ឡើយ។
វគ្គ​ទី​៥
កំហឹង​ឆាប​ឆេះ
សំឡេង​ស្រែក​ហៅ​តិចៗ​លាន់​ឮ​មិន​ឈប់​ឈរ​ក្បែរ​ត្រចៀក​ភីណា​ ដឹង​ថា​មាន​គេ​កំពុង​ព្យាយាម​ស្រែក​ហៅ​ខ្លួន​ប៉ុន្តែ​នាង​ចង់​បើក​ភ្នែក​ឲ្យ​ឃើញ​មុខ​គេ​គឺ​លំបាក​ណាស់ ព្រោះ​ថា​ភ្នែក​ទាំង​គូ​កំពុង​ធ្ងន់​ត្របក​ដូច​បាន​ផ្ទុក​ទម្ងន់​រាប់​ពាន់​គីឡូ​ដូច្នោះ​ដែរ បបូរ​មាត់​វិញ​ចង់​ហើប​ឆ្លើយ​តប​នឹង​អ្នក​ហៅ​ក៏​ប៉ុន្តែ​ហើប​មាត់​មិន​រួច​សោះ​ រាង​កាយ​ទាំង​មូល​ប្រៀប​បី​ដូច​ជា​កំពុង​គាំង​ចលនា មាន​តែ​ត្រចៀក​ប៉ុណ្ណោះ​ទេ​ដែល​អាច​ប្រើ​ការ​ការ​បាន​ច្បាស់​ជាង​គេ។​ សម្លឹង​ហៅ​នៅ​តែ​បន្ត​មិន​ឈប់ឈរ​ក្បែរ​ត្រចៀក ភីណា​ជ្រួញ​ចិញ្ចើម​ប្រឹង​ហើប​មាត់​ឆ្លើយ​តប​យ៉ាង​លំបាក៖
-ចា៎!
សូរសព្ទ​នាង​ក្រមុំ​លាន់​ឡើង​ខ្សោយ​យ៉ាង​ណា​ក៏​ដោយ ក៏​ល្មម​ធ្វើ​ឲ្យ​ក្រមុំ​ម្នាក់​ទៀត​ដែល​កំពុង​អង្គុយ​ក្បែរ​ស្រែក​ហៅ​ឈ្មោះ​នាង​មិន​ឈប់​ឈរ​នោះ​ត្រេកអរ​ក្នុង​ចិត្ត​បន្តិច​ដែរ នាង​ប្រឹង​លូក​ដៃ​អង្រួន​ភីណា​ទាំង​មាត់​ស្រែក​ហៅ​មិន​ឈប់​៖
-ភីណា! ភីណា! ភីណា! ៗ
នាង​ក្រមុំ​ភីណា​ជ្រួញ​ចិញ្ចើម​ប្រែ​ខ្លួន​តិចៗ​ពី​ក្រោម​សូរ​សំឡេង​ស្រែក​ហៅ​របស់​ក្រមុំ​និស្សិត។ នេត្រ​នាង​មាន​សង្ឃឹម​ក្នុង​ចិត្ត​ច្រើន​ជាង​មុន​កាល​បើ​ឃើញ​ភីណា​រើ​ខ្លួន​យ៉ាង​ដូច្នេះ នាង​នៅ​បន្ត​ឱន​ឈ្មោះ​ភីណា​តិចៗ​មិន​ឈប់ឈរ៖
-ភីណា ដឹង​ខ្លួន​ឡើង ដឹង​ខ្លួន​ឡើង​ភីណា! ភីណា!
ក្រមុំ​រូប​ស្រស់​បើក​ភ្នែក​ព្រឹមៗ សន្សឹមៗ​សម្លឹង​ម្ចាស់​សំឡេង​ហៅ​នាង​ហើប​មាត់​ពោល​សួរ​ខ្សាវ​ៗ៖
-នេត្រ? ឯង​ទេ? ខ្ញុំ​កំពុង​តែ​យ៉ាង​ម៉េច​ហ្នឹង?
ក្រមុំ​ឈ្មោះ​នេត្រ​ញញឹម​សម្លឹង​ភីណា​ដោយ​អាការ​ឈឺ​ឆ្អាល​យក​ចិត្ត​ទុក​ដាក់៖
-ដឹង​ខ្លួន​ហើយ​អ្ហេស៎?
ភីណា​ជ្រួញ​ចិញ្ចើម​ដៀង​ភ្នែក​សម្លឹង​ជុំ​វិញ​ខ្លួន នាង​មើល​ស្គាល់​ថា​នេះ​គឺ​ជា​បន្ទប់​ដេក​របស់​ខ្លួន នាង​​កំពុង​ស្ថិត​នៅ​លើ​គ្រែ​របស់​ខ្លួន ដូច​ជា​គ្មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​សោះ ប៉ុន្តែ​មិន​មែន​ធម្មតា​អញ្ចឹង​ឯ​ណា រឿង​ហេតុ​ដ៏​គួរ​ឲ្យ​ព្រឺ​សាច់​នោះ បាន​ផុស​ឡើង​ក្នុង​អារម្មណ៍​សាជាថ្មី ភីណា​បើក​ភ្នែក​ធំៗ​ស្ទុះ​ក្រោក​អង្គុយ​យ៉ាង​រហ័ស នាង​ងាក​មក​រក​នារី​និស្សិត​ដោយ​ពោល​ប្រាប់​ញាប់​មាត់​ស្មេរ៖
-នេត្រ ខ្មោច​ណា៎! ខ្ញុំ​ឃើញ​ខ្មោច! ខ្មោច​នៅ​បន្ទប់​ចង្ក្រាន ខ្មោច​មែន! គួរ​ឲ្យ​ខ្លាច​ណាស់!
សម្លឹង​ទ្រនិច​នាឡិកា​ដែល​ចង្អុល​ដល់​ម៉ោង​៤ទៀប​ភ្លឺ​ទៅ​ហើយ នាង​ងាក​មក​រក​នារី​និស្សិត​ដែល​កំពុង​អង្គុយ​ក្បែរ​​ខ្លួន នាង​ពោល​សួរ​ដោយ​មិន​អស់​ចិត្ត៖
-នេត្រ​អ្ហា៎! មិន​ទាន់​ភ្លឺ​ទេ? អ្ហះ?
នេត្រ​ងើប​មុខ​សម្លឹង​ទៅ​នាង​ក្រមុំ​ម្ចាស់​បន្ទប់​ដែល​ប្រកប​ដោយ​អាការ​ដូច​ជា​មិន​នឹងន​សោះ នាង​ពោល​តប​តិចៗ​ស្រាល​ៗ៖
-មិន​ទាន់​ភ្លឺ​ទេ! អម្បាញ់មិញ​ឯង​សន្លប់ ​ខ្ញុំ​​និង​អូន​សំណាង​គ្រា​ឯង​ឡើង​មក​!
ភីណា​បង្ហាញ​ភាព​ភ័យ​ខ្លាច​លើ​ផ្ទៃ​មុខ​ខ្លាំង​ជាង​មុន នាង​ពោល​ដោយ​រញីរញ័រ៖
-ស្រី…..ស្រី​នោះ…..មិន​មែន​មនុស្ស​ទេ…..ខ្មោច…..គឺ​ខ្មោច​ពិត​មែន! គួរ​ឲ្យ​ខ្លាច​ណាស់!
នេត្រ​ងក់​ក្បាល​ដោយ​ទឹក​មុខ​ខ្វល់ខ្វាយ នាង​ពោល​មក​កាន់​ភីណា​វិញ​ដែរ៖
-ខ្ញុំ​ឃើញ​ហើយ! អម្បាញ់មិញ​ឯង​ស្ទើរ​តែ​ភ្លាត់​មាត់​ស្រែក​ឲ្យ​ស្រី​ខ្មោច​នោះ​ដឹង​ខ្លួន​ទៀត​ផង បើ​ខ្ញុំ​មិន​ខ្ទប់​មាត់​ឯង​ទាន់​ទេ​ស្រី​នោះ​វា​មុខ​តែ​លង​ឯង​មិន​ខាន!
ភីណា​បើក​ភ្នែក​ធំៗ​ដោយ​សញ្ជឹង​គិត នាង​នឹក​ឃើញ​ហេតុការណ៍​កាល​ពី​យប់​ដែល​មាន​ភ្លៀង​ធំ​នោះ​សាជាថ្មី ថ្ងៃ​នោះ​ខ្លួន​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា​បង​ថ្លៃ​ខ្លួន​ធ្លាក់​ពី​ជាន់​ខាង​លើ​មក​ប៉ះ​នឹង​ជើង​សាឡុង​យ៉ាង​ដំណំ គឺ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ថ្ងៃ​នេះ​គាត់​ក្លាយ​ទៅ​ជា​ព្រាយ​បិសាច​គឺ​មិន​ចម្លែក​ទេ ប៉ុន្តែ​ឲ្យ​នាង​ធ្វើ​ម៉េច​ទៅ​ចំពោះ​មុខ​ហេតុការណ៍​របៀប​នេះ តើ​អាច​រស់​នៅ​កើត​ទេ​បើ​នៅ​ក្នុង​ផ្ទះ​មាន​ព្រាយ​បិសាច​នៅ​ជា​មួយ​យ៉ាង​ដូច្នេះ?
ភីណា​ងាក​មក​រក​នេត្រ​ដោយ​ទឹក​មុខ​ច្របូកច្របល់​អាការ​ប្រៀប​បី​ដូច​ជា​មិន​នឹងន​សោះ៖
-បង​ថ្លៃ​ខ្ញុំ​គាត់​ស្លាប់ ខ្ញុំ​ដឹង​តាំង​ពី​ដំបូង​មក​ម្ល៉េះ ប៉ុន្តែ​ពេល​និយាយ​ទៅ​អ្នក​ក្នុង​ផ្ទះ​គ្មាន​អ្នក​ណា​ជឿ​សោះ ឥឡូវ​នេះ​មាន​រឿង​ធំ​ហើយ​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៅ? ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៅ ជួយ​គិត​ខ្ញុំ​ផង! នេត្រ! ឯង​និយាយ​ប្រាប់​ខ្ញុំ​មក! ខ្ញុំ​ខ្លាច​ណាស់! ខ្ញុំ​ខ្លាច​មែន!
ភីណា​ទ្រេត​ក្បាល​លើ​ស្មា​នាង​ក្រមុំ​និស្សិត​ទាំង​យំ​ខ្សឹកខ្សួល​ នារី​និស្សិត​ប្រកប​ដោយ​ទឹក​មុខ​ខ្វល់ខ្វាយ នាង​ពោល​តប៖
-ខ្ញុំ​ក៏​ខ្លាច​ដែរ ឯង​ឈប់​យំ​សិន​ទៅ ឯង​យំ​អញ្ចឹង​ដោះស្រាយ​អី​កើត?
ភីណា​ទ្រោប​ក្បាល​ដដែល​ទាំង​ច្របូកច្របល់​ចិត្ត ខណៈ​នោះ​សំណាង​បើក​ទ្វារ​បន្ទប់​ទឹក​ដើរ​ចេញ​មក ដោយ​ពោល​មក​កាន់​បង​ស្រី​តិចៗ៖
-បង! ជិត​ភ្លឺ​ហើយ តិច​ប៉ា​គាត់​ជ្រាប​ថា​យើង​ចេញ​ពី​ផ្ទះ យើង​ទៅ​វិញ​សិន​ទៅ​អ្ហី​បង?
នេត្រ​ងើប​មុខ​សម្លឹង​នាឡិកា​ប៉ោល​លើ​ជញ្ជាំង​ដោយ​ទឹក​មុខ​បារម្ភ ក៏​ស្រាប់​តែ​ភ្លាម​នោះ ភីណា​លូក​ដៃ​តោង​នេត្រ​យ៉ាង​ជាប់​ដោយ​មាត់​ពោល​ឃាត់​ញាប់​ស្មេរ៖
-កុំ​ទៅ ឯង​កុំ​ទៅ​ណា៎​នេត្រ កុំ…..ទៅ​ចោល​ខ្ញុំ ខ្ញុំ​មិន​នៅ​ម្នាក់​ឯង​ទេ ខ្ញុំ​ខ្លាច ខ្ញុំ​ខ្លាច​ណាស់ ខ្ញុំ​ខ្លាច​ខ្លាំង​ណាស់ ផ្ទះ​នេះ​មាន​ខ្មោច! ខ្ញុំ​មុខ​តែ​មិន​បាន​សុខ​ទេ ឯង​កុំ​ទៅ​ណា៎ កុំ​ទៅ​ចោល​ខ្ញុំ!
នេត្រ​ដក​ដង្ហើម​ធំ ថ្វី​ត្បិត​នាង​កំពុង​ត្រូវ​ភាព​ភ័យ​ខ្លាច​សង្កត់​សង្កិន​ក្នុង​ចិត្ត​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ចំពោះ​មុខ​ស្ថានភាព​បែប​នេះ​បើ​មិន​ប្រឹង​ទប់​លំនឹង​ចិត្ត​ទេ តើ​ធ្វើ​ម៉េច​អាច​ទប់ទល់​បាន នាង​ពោល​ពន្យល់​ភីណា៖
-លែង​អី​ហើយ! បើ​ស្រី​ព្រាយ​នោះ​វា​ចង់​ធ្វើ​បាប​ឯង វា​ច្បាស់​ជា​ធ្វើ​យូរ​ណាស់​មក​ហើយ ឯង​សម្ងំ​ធ្វើ​ដូច​ធម្មតា​មិន​ដឹង​រឿង​អី​សោះ​ទៅ!
ភីណា​ងើប​មុខ​សម្លឹង​នេត្រ​ដោយ​ទឹក​មុខ​របៀប​អង្វរករ៖
-តែ​ឯង ឯង​កុំ​ទៅ​ចោល​ខ្ញុំ​អី​នេត្រ! ខ្ញុំ​មិន​ទុក​ចិត្ត​ទេ​ ខ្ញុំ​ខ្លាច​ ខ្ញុំ​ខ្លាច​ណាស់ ខ្ញុំ​មុខ​ជា​ទ្រាំ​មិន​បាន​ទេ!
នេត្រ​មិន​ទាន់​បាន​ឆ្លើយ​ថា​យ៉ាង​ណា​តប​មក​កាន់​តរុណី​ម្ចាស់​បន្ទប់​នៅ​ឡើយ​ទេ! ជិត​ដល់​ពេល​ប៉ា​ក្រោក​ហើយ គាត់​មិន​ឃើញ​បង​នេត្រ​និង​ខ្ញុំ​នៅ​ផ្ទះ​ទេ មុខ​ជា​មាន​រឿង​ធំ​ហើយ!
ភីណា​ចង​ចិញ្ចើម​ដោយ​ខ្វល់ខ្វាយ ខណៈ​ដែល​នេត្រ​ឧទាន​បន្ត​បន្ថែម​លើ​សម្ដី​ប្អូន៖
-មែន​ហើយ​ភីណា​អ្ហា៎ ខ្ញុំ​ថា​លប​ចូល​មក​មើល​ម្ដង​ទៀត​នេះ​នឹង​ត្រឡប់​ទៅ​វិញ​ភ្លាម ប៉ុន្តែ​​ឃើញ​ឯង​សន្លប់​ ខ្ញុំ​គ្រា​ឯង​ឡើង​មក​នេះ ហើយ​ចាំ​ឯង​ដឹង​ខ្លួន​ទើប​បាន​ហួស​ដល់​ថ្មើរ​ណេះ បើ​ខ្ញុំ​មិន​ត្រឡប់​ទៅ​វិញ​ទេ​មុខ​ជា​វីវរ​ហើយ!
ភីណា​កាន់​តែ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​មុន នាង​ពោល​សួរ​វិញ​ភ្លាម​ទាំង​អន្ទះសា៖
-ចុះ​ខ្ញុំ ខ្ញុំ​គិត​យ៉ាង​ម៉េច?
នេត្រ​ប្រឹង​លួង​ចិត្ត​ភីណា​ទាំង​ខ្វល់ខ្វាយ៖
-មិន​អី​ទេ! សម្ងំ​គេង​ទៅ​អត់​អី​ទេ! ជឿ​ខ្ញុំ​ចុះ គេង​ទៅ​ណា៎!
នេត្រ​បង្ហាញ​ក្ដី​ស្មុគស្មាញ​លើ​ផ្ទៃ​មុខ នាង​ពោល​មក​កាន់​ភីណា៖
-កុំ​អ៊ីចឹង​អី​ភីណា! ទប់​ចិត្ត​ទៅ​បាន​ទេ? ណា​មួយ​បន្ទប់​បង​ប្រុស​ឯង​នៅ​ក្បែរ​នេះ​ស្រាប់​ វា​មិន​ហ៊ាន​ធ្វើ​អី​ឯង​ទេ! ស្ដាប់​ខ្ញុំ​ណា៎! មាន​ការ​អី​ក៏​ដោយ​ស្អែក​យើង​ពិគ្រោះ​គ្នា ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​វិញ​សិន​ហើយ ទប់​ចិត្ត​ឲ្យ​ល្អ​ណា!
នេត្រ​ក្រោក​សន្សឹមៗ​ចេញ​ពី​គ្រែ ភីណា​តាម​សម្លឹង​​នេត្រ​ដោយ​ទឹក​មុខ​មិន​ស្កប់​ចិត្ត នាង​ឧទាន​សួរ​តិចៗ​ទាំង​សូរសព្ទ​នៅ​ញ័រ​រន្ធត់​មិន​ទាន់​​នឹងន​នៅ​ឡើយ៖
-នេត្រ នេត្រ ឯង​ទៅ​មែន​អ្ហេស៎? ឯង​ទៅ​ចោល​ខ្ញុំ​មែន​អ្ហេស៎?
នេត្រ​ដក​ដង្ហើម​ធំ ជ្រួញ​ចិញ្ចើម ពោល​សួរ​ដោយ​អាការ​មិន​សប្បាយ​ចិត្ត៖
-ខ្ញុំ​មិន​ខ្លាច​ផង ឯង​ខ្លាច​ធ្វើ​អី? ជិត​ភ្លឺ​ហើយ​ណា៎! ស្រី​ព្រាយ​នោះ​វា​ខ្លាច​ឯង​ជាង​ឯង​ខ្លាច​វា​ផង​ក៏​មិន​ដឹង ឯង​ប្រឹង​ទប់​ចិត្ត​ឲ្យ​ល្អ​បន្តិច​ទៅ​ណា៎!​ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​វិញ​សិន​ហើយ ព្រឹក​នេះ​ប៉ា​ចេញ​ទៅ​ធ្វើ​ការ​បាត់ ខ្ញុំ​មុខ​ជា​ឆ្លង​មក​រក​ឯង​មិន​ខាន​ទេ!
ភីណា​ងក់​ក្បាល​ផ្ងក់ៗ​ទាំង​ភាព​ភ័យ​ខ្លាច​មិន​ទាន់​រលាយ​បាត់​ពី​ផ្ទៃ​មុខ​នៅ​ឡើយ នាង​ពោល​សួរ​ដាច់ៗ​ដោយ​ចិត្ត​មិន​ទាន់​ទប់​បាន​នឹងន​ស្រួលបួល​នៅ​ឡើយ៖
-ឯង​ថា​មែន​អ្ហេស! ឯង​មក​រក​ខ្ញុំ​ឆាប់ៗ​ណា៎!
នេត្រ​ងក់​ក្បាល​ឈោង​យក​ភួយ​ដណ្ដប់​ឲ្យ​ភីណា​ ដោយ​មាត់​ពោល៖
-ដណ្ដប់​ភួយ​ទៅ ហើយ​សម្ងំ​គេង​ដូច​គ្មាន​រឿង​អី​ទៅ​ចុះ​ណា៎!
ភីណា​ធ្មេច​ភ្នែក​ឱប​ដៃ​ក្នុង​ភួយ​ដោយ​អារម្មណ៍​ភ័យ​ខ្លាច​នៅ​មិន​ទាន់​រសាយ​បាន​បន្តិច​ណា​នៅ​ឡើយ​ទេ នេត្រ​ប្អូន​ប្រញាប់ប្រញាល់​ដើរ​ចេញ​ទៅ ទាំង​ទាញ​ទ្វារ​បន្ទប់​បិទ​មក​ឲ្យ​ភីណា​វិញ​ដោយ​ស្រួលបួល​ផង។
នាង​ក្រមុំ​ភីណា​ឱប​ដៃ​សម្ងំ​ស្ងៀម​កណ្ដាល​បរិយាកាស​ស្ងាត់​ច្រៀប​ នាង​ចេះ​តែ​មាន​អារម្មណ៍​ព្រឺ​សម្បុរ​ខ្ញាកៗ ដោយ​ចេះ​តែ​ស្រមៃ​ថា​ស្រី​ព្រាយ​នោះ​កំពុង​ដើរ​ចូល​មក​ជិត​ខ្លួន។ ពេលវេលា​បាន​អូស​បន្លាយ​ទៅ​មុខ​យ៉ាង​យឺត​យ៉ាវ​ណាស់ ទម្រាំ​ដល់​នាឡិកា​ប៉ោល​វាយ​សាជាថ្មី​ជា​សញ្ញា​ថា​ម៉ោង​៥​ឈាន​ចូល​មក​ដល់​​ហើយ ភីណា​ដឹង​អស់​ហើយ ម៉្លោះ​ហើយ​មាណវី​ស្ទុះ​ក្រោក​ពី​គ្រែ​យ៉ាង​រហ័ស បម្រុង​ដើរ​មក​បើក​ទ្វារ​នឹង​អាល​រត់​ចុះ​ទៅ​ខាង​ក្រោម ប៉ុន្តែ​ជើង​ហៀប​នឹង​ឈាន​មក​ដល់​មាត់​ទ្វារ​បន្ទប់ ស្រាប់​តែ​ពី​ក្នុង​ចិត្ត​ផុស​ចេញ​មក​ភ្លាម​នូវ​អារម្មណ៍​មិន​ទុក​ចិត្ត​មួយ នាង​នឹក​ដល់​ស្ថានភាព​ស្ងាត់​ជ្រងំ​ឯ​ក្រៅ​បន្ទប់ ពី​នេះ​ទៅ​ដល់​មាត់​ជណ្ដើរ ពី​ជណ្ដើរ​ចុះ​ទៅ​ដល់​ជាន់​ក្រោម​​គឺ​មិន​មែន​ជិត​ត្រឹម​តែ​ពីរ​បី​ជំហាន​តែ​ប៉ុណ្ណោះ​នោះ​ទេ ចុះ​បើ​ចេញ​ខ្មោច​នោះ​បង្ហាញ​ខ្លួន នឹង​ត្រូវ​គិត​យ៉ាង​ម៉េច​ទៅ?
គិត​ឃើញ​យ៉ាង​នោះ​ភ្លាម នាង​ក្រមុំ​ភីណា​ថយ​ក្រោយ​ក្រាកៗ មក​លើ​គ្រែ​វិញ​ភ្លាម​មួយ​រំពេច នាង​ឈរ​ផ្អែក​ជញ្ជាំង​ដោយ​ជ្រួល​ច្រាល​ក្នុង​ចិត្ត នាង​នឹក​ដល់​ឈាម​សាច់​ក្នុង​ខណៈ​ដែល​វា​កំពុង​ឈ្ងោក​មុខ​បរិភោគ​សាច់​ឆៅ​នោះ នាង​ត្រិះរិះ​ដោយ​ព្រឺ​សាច់ ស្រី​បិសាច​នោះ វា​យក​សាច់​ឆៅ​ជា​អាហារ នរណា​ហ៊ាន​ធានា​ថា​វា​មិន​បរិភោគ​សាច់​មនុស្ស​នោះ? ចុះ​បើ​វា​បញ្ចេញ​ចង្កូម​ដូច​ក្នុង​ភាពយន្ត​បរទេស តើ​គិត​យ៉ាង​ម៉េច​ទៅ? មិន​ជឿ​ក៏​មិន​កើត​ដែរ​បើ​ខ្លួន​បាន​ឃើញ​ស្រី​បិសាច​នោះ​បរិភោគ​សាច់​ស្រស់​ដោយ​ផ្ទាល់​ភ្នែក​ទៅ​ហើយ​នោះ! កាន់​តែ​គិត​ រឹត​តែ​បារម្ភ នាង​ងាក​ឆ្វេង​ស្ដាំ​ដោយ​អន្ទះសា មិន​ដឹង​ថា​ស្រី​បិសាច​នោះ​វា​ដឹង​ខ្លួន​ថា​នាង​បាន​ឃើញ​អាថ៌កំបាំង​របស់​វា​ដែរ​ឬ​​អត់?
ភ្លាម​នោះ​ភ្នែក​វាត់​ប្រទះ​ទៅ​នឹង​ទូរសព្ទ​ដៃ​ដែល​បញ្ឈរ​ចោល​លើ​កូន​តុ​ក្បែរ​ដំណេក​ស្រស់​ស្រី​ស្ទុះ​វឹង​លូក​យក​ទូរសព្ទ​មក​ចុច​ទៅ​រក​អ្នក​កំលោះ​ម្ចាស់​ចិត្ត​ទាំង​អារម្មណ៍​មិន​នឹងន៖
-អាឡូ! វិទូ? បង​កំពុង​ធ្វើ​អ្វី?
សំឡេង​អ្នក​កំលោះ​គូ​ដណ្ដឹង​តប​មក​វិញ​ពី​ចុង​ម្ខាង​​ដោយ​អាការ​ភ្ញាក់ផ្អើល៖
-ភីណា? មាន​រឿង​អ្វី?
តាម​មើល​បណ្ដាល​មក​ពី​នាង​ក្រមុំ​ទូរសព្ទ​ទៅ​រក​គេ​ក្នុង​ពេល​ថ្មើរ​ណេះ ចម្លែក​ខុស​ពី​ធម្មតា​អញ្ចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​វិទូ​ឆ្លើយ​តប​មក​វិញ​ក្នុង​អាការ​ភ្ញាក់ផ្អើល​យ៉ាង​នេះ នាង​ក្រមុំ​អស់​ពី​ស្លន់​ស្លោ នាង​ទៅ​ជា​យំ​អណ្ដឺតអណ្ដក​ នាង​តប​ទៅ​កាន់​អ្នក​កំលោះ​ដែល​កំពុង​ស្ដាប់​ឯ​ចុង​ម្ខាង​ដោយ​សូរសព្ទ​ខ្សឹកខ្សួល៖
-វិទូ​អ្ហា! បង​មក​ភ្លាម​បាន​ទេ? អូន​ អូន​ ខ្លាច​ណាស់ អូន​ខ្លាច​ណាស់!
សូរសព្ទ​អ្នក​កំលោះ​គូ​ស្នេហ៍​លាន់​មក​ពី​ចុង​ម្ខាង​វិញ​ដោយ​អាការ​ងឿង​ឆ្ងល់ ​និង​ខ្វល់ខ្វាយ៖
-ភីណា! មាន​រឿង​អី​កើត​ឡើង? កុំ​យំ​ និយាយ​ប្រាប់​ឲ្យ​ស្រួល​មក ប្រាប់​បង​មក! ផ្ទះ​មាន​រឿង​អី​មែន​ទេ​? ភីណា!
ស្រស់​ស្រី​ខំ​ទប់​ចិត្ត​កុំ​ឲ្យ​ជ្រួល​ច្របល់​ពេក ប៉ុន្តែ​សូរសព្ទ​របស់​នាង​ដែល​ឮ​ទៅ​ដល់​វិទូ​គឺ​នៅ​តែ​ខ្សឹកខ្សួល​រអាក់រអួល​ដដែល៖
-បង​មក​ភ្លាម​ណា៎! អូន​នៅ​ចាំ!
វិទូ​ទំនង​ជា​នឹក​គិត​ដល់​រឿង​អកុសល​ណា​មួយ​ថា​អាច​នឹង​កើត​មាន​ចំពោះ​ស្រី​ស្រស់​របស់​ខ្លួនហើយ​បាន​ជា​នាង​មាន​អាការ​បែប​នេះ ​ប្រញាប់ប្រញាល់​ពី​ចុង​ម្ខាង​មក​កាន់​ភីណា៖
-បាន!…..ចាំ​បង​ណា៎! បង​ទៅ​ភ្លាម ទប់​ចិត្ត​ឲ្យ​បាន​ស្រួល! ​បង​ទៅ​ដល់​ឥឡូវ​​ហើយ!
នាង​ក្រមុំ​បិទ​ទូរសព្ទ​ដោយ​ថយ​មក​អង្គុយ​លើ​គ្រែ​វិញ ប៉ុន្តែ​ភ្នែក​ក្រឡេក​ឆ្វេង​ស្ដាំ​ ឯ​បេះដូង​ក៏​កំពុង​លោត​ញាប់​មិន​ទាន់​បាត់​នៅ​ឡើយ​ទេ។ ភីណា​ឱន​សម្លឹង​សំលៀកបំពាក់​ខ្លួន​ឯង នាង​ស្ទុះ​ក្រោក​បើក​ទូ​សំលៀកបំពាក់​ខោអាវ​មក​ផ្លាស់ លុប​លាង​មុខ​មាត់​ក្នុង​បន្ទប់​ទឹក ចិត្ត​មួយ​បន់​យ៉ាង​ណា​ឲ្យ​តែ​វិទូ​មក​ដល់​ឲ្យ​បាន​ឆាប់​ប៉ុណ្ណោះ។
កំពុង​ឈរ​សិត​សក់​មុខ​កញ្ចក់​ទាំង​អារម្មណ៍​ព្រួយ​បារម្ភ ក៏​ស្រាប់​តែ​ត្រចៀក​ឮ​សូរ​គោះ​ទ្វារ​បន្ទប់​លាន់​តុកៗ ភីណា​ស្រវា​ដើរ​តម្រង់​ទៅ​កាន់​ទ្វារ​ដោយ​ចិត្ត​រីករាយ ព្រោះ​នឹក​ថា​ប្រហែល​ជា​វិទូ​មក​ដល់​នៅ​ខាង​ក្រោម​ហើយ​អ្នក​បម្រើ​ឡើង​មក​គោះ​ទ្វារ​ប្រាប់​ហើយ​មើល​ទៅ ប៉ុន្តែ​ទ្វារ​ទើប​តែ​របើក​កាល​ណា ភីណា​ត្រូវ​ភ្ញាក់​ស្ទើរ​តែ​គាំង​បេះដូង​ដួល​សន្លប់ ត្បិត​អី​ពី​ក្រោយ​ទ្វារ​ដែល​កំពុង​របើក​សន្សឹមៗ​នោះ​ពុំ​មាន​ស្រមោល​អ្នក​ណា​ម្នាក់​សោះ ក្នុង​គ្រា​ប្រថុចញ៉ុច​បែប​នេះ​វិធី​ដំបូង​បង្អស់​ដែល​តរុណី​យើង​រើស​យក​មក​ប្រើ​គឺ​ស្ទុះ​ចេញ​ទៅ​ក្រៅ​អើត​មើល​ឆ្វេង​ស្ដាំ​យ៉ាង​រហ័ស​បំផុត ប៉ុន្តែ​ពិត​ជា​ផ្ទុយ​ស្រលះ​ពី​ការ​គិត​ឃើញ​របស់​នាង​មែន ខាង​ក្រៅ​បន្ទប់​ពិត​ជា​មិន​ឃើញ​មាន​ស្រមោល​មនុស្ស​ម្នាក់​ទាល់តែ​សោះ។ ភីណា​ធ្លាក់​ថ្លើម​ក្ដុក​កណ្ដាល​បរិយាកាស​ស្ងាត់​ច្រៀប ដែល​ទ្វារ​បន្ទប់​នានា​ជុំ​វិញ​នេះ​សុទ្ធ​សឹង​បិទ​ជិត​សូន្យ​ទាំង​អស់ នាង​ក្រមុំ​ទទួល​អារម្មណ៍​ថា​ភ័យ​រន្ធត់​ណាស់ នាង​ស្ទុះ​ចូល​មក​ក្នុង​បន្ទប់​វិញ​យ៉ាង​រហ័ស។
នាង​លើក​ដៃ​ស្ទាប​ទ្រូង​​ដែល​កំពុង​លោត​ស្ទើរ​ធ្លាយ​បេះដូង​ចេញ​មក​ក្រៅ ដោយ​បែរ​មុខ​ដើរ​ចូល​ពី​ការ​គិត​ស្មាន​មួយ​បាន​ប្រាកដ​ឡើង​នៅ​ចំពោះ​នាង​ក្រមុំ​តែ​ម្ដង ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ​នាង​ទន់​ជង្គង់​ដួល។
ភីណា​បើក​ភ្នែក​ក្រឡោត​ទៅ​រូប​រាង​នារី​បង​ថ្លៃ​ខ្លួន​ដែល​កំពុង​ឈរ​ធ្មឹង​កណ្ដាល​បន្ទប់ សើច​ពព្រាយ​សម្លឹង​មក ​គឺ​បបូរ​មាត់​ដែល​គាត់​កំពុង​ញញឹម​នេះ​ហើយ កាល​ពី​យប់​ខ្លួន​បាន​ឃើញ​គាត់​ប្រឡាក់​ទៅ​ដោយ​ឈាម​សត្វ​ប្រតាក​ពេញ​គួរ​ឲ្យ​តក់ស្លុត។ ភីណា​អស់​ពី​សម្លឹង​ទៅ​ស្នាម​ញញឹម​ដែល​គួរ​ឲ្យ​ព្រឺព្រួច​នោះ​ហើយ នាង​បែរ​ជា​ងាក​ក្រោយ​ស្ទុះ​រត់​យ៉ាង​លឿន​តម្រង់​ទ្វារ​នឹង​អាល​ចាក​ចេញ​ទៅ​ក្រៅ​បន្ទប់​ឲ្យ​បាន​ឆាប់ ប៉ុន្តែ​ខណៈ​នោះ​មិន​ដឹង​ជា​មាន​កម្លាំង​ខ្យល់​បក់​មក​ពី​ណា​ទេ រុញ​ទ្វារ​បន្ទប់​នាង​ក្រមុំ​ឲ្យ​បិទ​គ្រឹប​ជាប់​ទៅ​វិញ​យ៉ាង​រហ័ស​ជាង​កាយ​វិការ​របស់​ភីណា​ទៅ​ទៀត ទោះ​បី​ជា​នាង​ក្រមុំ​ប្រឹង​ទាញ​បើក​យ៉ាង​ណា​ក៏​ទ្វារ​នៅ​តែ​ជាប់​ម៉ឺង​ដដែល។
សភាព​រន្ធត់​ញាប់ញ័រ​កំពុង​គ្រប់​ដណ្ដប់​លើ​ដួង​ព្រលឹង​មាណវី​យើង ក៏​ក្នុង​ពេល​នោះ​ដែរ​ដែល​សោតា​ទាំង​គូ​បាន​ឮ​សូរ​សំណើច​គួរ​ឲ្យ​តក់​ស្លុត​លាន់​ខ្ទរ​ផ្ទៃ​បន្ទប់ ភីណា​បែរ​មក​វិញ​ផ្ដោត​ភ្នែក​សម្លឹង​ទៅ​លើ​ផ្ទៃ​មុខ​ជាំ​ខ្មៅ​របស់​នារី មិន​មែន​មនុស្ស​ដែល​កំពុង​សើច​លាន់​ខ្ទរ​ផ្ទៃ​បន្ទប់ បង្កើត​ជា​សូរសព្ទ​គួរ​ឲ្យ​ព្រឺ​ក្បាល ភីណា​ផ្អែក​ខ្នង​ជាប់​ទៅ​នឹង​ទ្វារ​បន្ទប់ ដោយ​ទឹក​មុខ​ស្លេកស្លាំង​គ្មាន​ឈាម​មួយ​តំណក់ នាង​ពោល​ទម្រាំ​នឹង​ចេញ​សំឡេង​បាន​មួយ​ម៉ាត់​ៗ៖
-ស្រី​បិសាច!….. ឯង!….. ឯង​ចង់​ធ្វើ​អី​យើង?
ខ្មោច​ឆៅ​នេះ​មិន​មាន​ចេញ​ស្ដី​អ្វី​តប​មក​វិញ​សោះ ប៉ុន្តែ​ដៃ​ទាំង​ពីរ​របស់​គេ​ដែល​កំពុង​លូក​វែង​សំដៅ​មក​ភីណា ក៏​ល្មម​ឲ្យ​មាណវី​យើង​ភិត​ភ័យ​ស្ទើរ​លោះ​ព្រលឹង​ដែរ នាង​ក្រមុំ​សែន​តក់ស្លុត នាង​ស្ទុះ​គេច​ចេញ​ដួល​ទ្រោប​ទៅ​លើ​កូន​តុ​សរសេរ​ដែល​នៅ​ក្បែរ​នោះ ចាន​ផ្លែ​ឈើ​កំពុង​នៅ​ជ្រងោ​ទី​នោះ​ដែរ ឥត​គិត​ច្រើន​នាង​ក្រមុំ​លូក​ដៃ​ចាប់​យក​កាំបិត​មក​ក្ដាប់​យ៉ាង​ណែន​បែរ​ក្រោយ​យ៉ាង​រហ័ស ចាក់​សំដៅ​ទៅ​កាន់​ដៃ​ទាំង​គូ​របស់ “ជន​មិន​មែន​មនុស្ស”​ ដែល​កំពុង​លូក​សំដៅ​មក។
សូម​រង់ចាំ​តាម​ដាន​អាន​ភាគ​បន្ត​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ....

ប្រភព : សប្បាយ