សុគន្ធ នីសា អ្នកគាំទ្រ ព្រួយបារម្ភ ពីកេរ្តិ៍ឈ្មោះ

7/16/2013 0 Comments A+ a-

ភ្នំពេញៈ តារាចម្រៀងចាស់វស្សា ធ្លាប់មានភាពលេចធ្លោ ក្នុងស្រទាប់យុវវ័យ សុគន្ធ នីសា ពិតជាស្ថិតក្នុងដួងចិត្ត របស់មនុស្សគ្រប់វ័យ អស់រយៈពេលជិត ១០ ឆ្នាំកន្លងមកហើយ ចាប់តាំងពីនាងបានលេចមុខដំបូង ក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ហើយកេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញនេះ បានធ្វើឲ្យខ្សែជីវិតរបស់នាង វិវឌ្ឍន៍ទៅមុខទាំងខាងវិស័យសិល្បៈ រហូតដល់ក្លាយខ្លួន ជាថៅកែស្រី បើកហាងរកស៊ីដល់ទៅ ៣ក្នុងពេលតែមួយថែមទៀតផង។
ក្នុងមួយរយៈពេលនេះ គេសង្កេតឃើញថា សន្ទុះកេរ្តិ៍ឈ្មោះរបស់នារី ស្រគត់ស្រគំបែបខ្មែរ និងជាលំអងផ្ការសាត់អណ្ដែត មកពីខេត្តក្រចេះ សុគន្ធ នីសា ហាក់មិនសូវមានភាព លេចធ្លោខ្លាំងដូចមុនទេ ។ ដោយនាងមិនសូវមាន បទចម្រៀងល្បី លេចធ្លោខ្លាំង។ មិនតែប៉ុណ្ណោះនាងហាក់ដូចជា មិនសូវអើពើ និងការងារក្នុងស្រុកចេញមុខមាត់ បទចម្រៀងថ្មីប៉ុន្មានទេ ដោយគេឃើញ នាងហាក់ដូចជា មមាញឹកក្នុងការកើបលុយ នៅក្រៅប្រទេស មិនខ្វល់ខ្វាយពីកេរ្តិ៍ឈ្មោះទាល់តែសោះ។
បន្ទាប់ពី សុគន្ធ នីសា បានផ្លាស់ពីទ្រនំចាស់ ទៅជ្រកក្នុងទ្រនំថ្មី ម្ចាស់បទ "បងនឹកគេដល់ថ្នាក់ចង់ឈឺ" គេសង្កេតឃើញថា ប្រជាប្រិយភាព សន្ទុះនៃការគាំទ្រហាក់ដូចជា ធ្លាក់ចុះជាលំដាប់ រហូតធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន បានសម្តែងនូវការស្តាយកេរ្តិ៍ឈ្មោះ ដែលនាងខិតខំប្រឹងយកមក ដោយការលំបាកអស់រយៈពេលជាច្រើនឆ្នាំ ។ តែនាងបែរជាធ្វេស ប្រហែស លែងខ្វល់ខ្វាយ ថែរក្សាឈ្មោះឲ្យល្បីទាល់តែសោះ។
បើតាមសំដីរបស់អ្នកគាំទ្រ នីសា បានប្រាប់ LookingTODAY ឲ្យដឹងថា "ពួកគេមានការបារម្ភ ចំពោះកេរ្តិ៍ឈ្មោះរបស់នាងខ្លាំង នៅពេលដែលគេ មិនសូវឃើញបទចម្រៀងថ្មីៗ របស់នាងចេញលក់នៅ លើទីផ្សារ ។ មួយវិញទៀតរាល់បទចម្រៀង របស់នាងហាក់មិនសូវទាក់ទាញ ការចាប់អារម្មណ៍ដូចបទ ចម្រៀងមុនៗប៉ុន្មានទេ" ។ ផ្ទុយទៅវិញ នាងបែរជា ងាកទៅចាប់ យកមុខរបររកស៊ី បើកហាងដល់ទៅ៣ក្នុងពេលតែមួយ យកពេលទៅមើលការ ខុសត្រូវហាង ធ្វើឲ្យនាងបែងចែកពេលវេលាជាពីរ មិនដូចមុននោះទេ។
ក្រុមអ្នកគាំទ្រខ្លាំង លើ សុគន្ធ នីសា ព្រមជាមួយនឹងមហាជន មួយចំនួនទៀត បានចោទជាសំណួរថា តើ សុគន្ធ នីសា សុខចិត្តលះបង់ការស្រលាញ់ របស់ក្រុមអ្នកគាំទ្ររូបនាង រួចទៅចាប់យកអាជីពរកស៊ី ដោយគ្មានស្ដាយកេរ្តិ៍ឈ្មោះអ្វីសោះឬយ៉ាងណា?។
អ្នកគាំទ្របានបន្ថែមទៀតថា បើគ្រាន់តែជាតារាចម្រៀង កំដរឆាកធម្មតា វាមិនជាអ្វីនោះទេ តែ សុគន្ធ នីសា ត្រូវបាន គ្រប់គ្នាចាត់ទុក ជាកំពូលតារាចម្រៀង ដែលមានសមត្ថភាពខ្ពស់ ទាំងទឹកដមសំឡេង អាចច្រៀងបានគ្រប់បទចម្រៀង (សម័យ និង ពីដើម) ជាពិសេសរូប សម្បត្តិ ដែលស្រស់ស្អាតរបៀបនារីខ្មែរ ។ ដូច្នេះវាគួរឲ្យសោកស្តាយប៉ុណ្ណា ប្រសិន បើនាង បាត់បង់ភាពល្បីល្បាញ ដោយសារតែរវល់រឿងរកស៊ីនោះ។
ជាការពិតណាស់ សុគន្ធ នីសា បានចេញបទចម្រៀង ជារឿយៗនៅ ផលិតកម្ម ថោន ដែលជាទ្រនំថ្មីរបស់នាងតាំងពីចុងឆ្នាំ ២០១១ មកនោះ ប៉ុន្តែរហូតដល់ពាក់កណ្តាលឆ្នាំ ២០១៣ នេះសំឡេងដ៏ក្រអួនក្រអៅរបស់នាង មិនត្រូវបានគេ ឮច្រើននៅតាមបណ្តាទូរទស្សន៍ វិទ្យុទៀតឡើយ ក៏ព្រោះតែផលិតកម្មមិនសូវលើកតម្កើង ឬ មួយយ៉ាងណានោះ? ក៏គ្មាននរណា អាចសន្និដ្ឋានបានដែរ?









ដោយ៖ lookingTODAY